ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនសង្ស័យ​ប្រឈម​ការចោទ​ប្រកាន់​ពីបទ​ភេរវកម្ម​ជុំវិញ​ការបាញ់​ប្រហារ​នៅ​ស្ថានីយ​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង New York


ប៉ូលិសក្រុង New York និងមន្ត្រីអនុវត្តច្បាប់​ផ្សេងទៀត​នាំខ្លួន​លោក Frank R. James អាយុ៦២ឆ្នាំ (ពាក់អាវពណ៌ខៀវ) ដែល​ត្រូវបានគេ​សង្ស័យ​ថា ជា​អ្នកបំផ្ទុះ​កំប៉ុង​ផ្សែង​២ និងបានបាញ់រះទៅលើអ្នកដំណើរ​នៅ​ស្ថានីយ​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង New York។ រូបនេះថត​នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២។
ប៉ូលិសក្រុង New York និងមន្ត្រីអនុវត្តច្បាប់​ផ្សេងទៀត​នាំខ្លួន​លោក Frank R. James អាយុ៦២ឆ្នាំ (ពាក់អាវពណ៌ខៀវ) ដែល​ត្រូវបានគេ​សង្ស័យ​ថា ជា​អ្នកបំផ្ទុះ​កំប៉ុង​ផ្សែង​២ និងបានបាញ់រះទៅលើអ្នកដំណើរ​នៅ​ស្ថានីយ​រថភ្លើង​ក្រោមដី​ក្នុង​ទីក្រុង New York។ រូបនេះថត​នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២២។

បុរស​វ័យ៦២ឆ្នាំ​ម្នាក់​ដែល​ត្រូវ​បាន​រងការចោទ​ប្រកាន់​ថា បាន​បាញ់ប្រហារ​ទៅ​លើ​មនុស្ស​១០​នាក់​ នៅ​ក្នុង​ស្ថានីយរថភ្លើង​ក្រោម​ដី​ក្នុង​ទីក្រុង​ New York ​នោះ​ ត្រូវ​បាន​ចាប់ឃុំ​នៅថ្ងៃ​ពុធ​ម្សិល​មិញ​ ​ហើយកំពុង​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទភេរវកម្មមួយ​ បន្ទាប់ពី​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​តាម​ចាប់​ខ្លួន​អស់​រយៈ​ពេល​មួយ​ថ្ងៃ​មក។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Frank James ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​អ្នក​បំផ្ទុះកំប៉ុង​ផ្សែង២នៅ​ពេល​ដែល​រថភ្លើង​ក្រោម​ដី​នៅស្ថានីយ Brooklyn ក្រុង​ទីក្រុង New York បាន​បើក​មក​ដល់​ ហើយ​បានបើក​ការបាញ់រះទៅ​លើអ្នក​ដំណើរតែ​ម្តង។ បុរស​រូប​នេះ​ ត្រូវ​បាន​ចាប់​ខ្លួន​ដោយមន្ត្រី​ប៉ូលិសនៅ​លើ​ផ្លូវ​ក្នុងសង្កាត់ Manhattan ក្នុង​ទីក្រុង New York​ ដោយ​ពុំ​មាន​ការតដៃ​នោះ​ឡើយ។

អភិបាល​ក្រុង New York ​លោក Eric Adams បាន​ប្រាប់​សន្និសីទ​កាសែត​ថា «ពលរដ្ឋក្នុង​ទីក្រុង​ New York ​ទាំង​អស់សូម​ជា្រប! យើងចាប់​បាន​បុរស​ដែលជា​ជន​សង្ស័យ​នេះ​ហើយ»។

ដោយ​ឡែក​ប្រធាន​ស្នងការ​បូលិស​ក្រុង​ New York ​លោក Keechant Sewell បាន​និយាយ​ថា «បុរស​រូប​នេះ​អស់​កន្លែង​ត្រូវ​រត់​ទៀត​ហើយ»។ មន្ត្រី​ប៉ូលិស​បាន​ចាប់​ខ្លួន​បុរស​រូបនេះ​ ក្រោយពី​មាន​ការខ្សុច​ប្រាប់​មួយ។

ដោយ​ប្រកាស​ពី​បទ​ចោទប្រកាន់​លើ​ជនសង្ស័យ​នេះ មេធាវី​អាមេរិក​ក្នុងទីក្រុង​ New York ​លោក Breon Peace បាន​និយាយ​ថា ជនសង្ស័យ​រូប​នេះ​ អាចប្រឈម​នឹង​ការជាប់​ទោស​មួយ​ជីវិត ប្រសិន​បើ​មាន​ទោស​ពី​ការបំពាន​បម្រាម​របស់​រដ្ឋាភិបាល​សហព័ន្ធ​ស្តីពីអំពើ​ភេរវកម្ម​ និងការវាយ​ប្រហារ​ដោយ​ហិង្សាលើ​ប្រព័ន្ធដឹក​ជញ្ជូន​សាធារណៈនោះ។

ដោយ​ឡែក​លោក Michael J. Driscoll ដែល​ជា​ជំនួយការនាយកទទួល​បន្ទុកការិយាល័យ​ស៊ើប​អង្គេត​សហព័ន្ធ FBI ក្នុង​ទីក្រុង​ New York ​ក៏​បាន​ចាត់​ទុកការបាញ់​ប្រហារ​នោះ​ថា ជា«ការវាយ​ប្រហារ​ភេរវកម្ម​មួយទៅ​លើ​ការ​ដឹក​ជញ្ជូន​សាធារណៈ»។

ការបាញ់​ប្រហារកាល​ពី​ថ្ងៃ​អង្គារកន្លង​ទៅ​នេះ មិន​បណ្តាល​ឲ្យ​នរណា​ម្នាក់​បាន​ស្លាប់​នោះ​ឡើយ​ ប៉ុន្តែមនុស្ស១៣នាក់បាន​រង​របួស ខណៈ​ពេល​ដែល​ពួក​គេកំពុង​រត់​ចេញពី​ស្ថានីយ​រថភ្លើង​នោះ។

បើតាមកំណត់​ហេតុប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​នេះបាន​ពាក់ម៉ាស់​ការពារ​ផ្សែង​មុនពេល​រថភ្លើង​មក​ដល់​កាល​ពីព្រឹក​ថ្ងៃ​អង្គារ គឺ​ចំ​ម៉ោង​ដែល​កំពុង​មាន​មនុស្ស​ច្រើន​ ហើយ​ក៏​បានបើក​កំប៉ុងផ្សែង​ដែល​ខ្លួនមាន​ និង​បាន​បាញ់ចំនួន៣៣គ្រាប់​ទៅ​លើ​ក្រុម​អ្នក​ដំណើរ​ដែល​កំពុង​រៀប​ចេញ​ពី​រថ​ភ្លើង​នោះ៕

XS
SM
MD
LG