ប៉ូលិសនៅក្នុងទីក្រុង Philadelphia នៃរដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានចាប់ខ្លួនជនសង្ស័យម្នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយនឹងប៉ូលិស ដែលបានបណ្ដាលឲ្យមន្ត្រីប៉ូលិស ៦នាក់រងរបួសដោយសារគ្រាប់កាំភ្លើង ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។
អ្នកនាំពាក្យម្នាក់បាននិយាយថា បន្ទាប់ពីប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ប៉ូលិសបាននាំគ្នាធ្វើការបោសសម្អាតនៅផ្ទះដែលស្ថិតនៅក្នុងតំបន់ Nicetown នៃទីក្រុងនេះ ទីដែលខ្មាន់កាំភ្លើងបានលាក់ខ្លួនឯង។
ស្ថានការណ៍នេះបានចាប់ផ្ដើមកើនឡើងកាលពីថ្ងៃពុធ នៅពេលដែលមន្ត្រីប៉ូលិសម្នាក់បានទៅកាន់អាសយដ្ឋានផ្ទះនោះជាមួយនឹងដីកាចាប់ខ្លួនមួយនៅក្នុងដៃ។
មន្ត្រីប៉ូលិសពីរនាក់បានជាប់នៅក្នុងផ្ទះនោះជាមួយនឹងខ្មាន់កាំភ្លើងអស់រយៈពេលជាង ៤ម៉ោង មុនពេលដែលពួកគេត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។
អាជ្ញាធរបានព្យាយាមនិយាយទាក់ទងជាមួយនឹងខ្មាន់ភ្លើង ដោយរួមទាំងព្យាយាមទូរសព្ទទៅជនសង្ស័យផងដែរ ប៉ុន្តែជនសង្ស័យមិនបាននិយាយអ្វីទេ ក្រោយពីលើកទូរស័ព្ទ។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិសទាំង៦នាក់ដែលបានរងរបួសដោយសារគ្រាប់កាំភ្លើង បានចេញពីមន្ទីរពេទ្យវិញហើយកាលពីល្ងាចថ្ងៃពុធ។ ការបាញ់ប្រហារនេះបានធ្វើឲ្យមានការបិទសាកលវិទ្យាល័យ Temple University Health Sciences Center ដែលនៅក្បែរនោះផងដែរ៕