លោក Juan Guaido ប្រធានគណបក្សប្រឆាំងនៃប្រទេសវេណេស៊ុយអេឡា និងជាអ្នកប្រកាសអះអាងខ្លួនឯងថាជាប្រធានាធិបតីនៃប្រទេសនេះបានអំពាវនាវឲ្យមានការធ្វើបាតុកម្មតាមដងផ្លូវទ្រង់ទ្រាយធំមួយថ្ងៃទៀតនៅថ្ងៃពុធនេះ ដើម្បីព្យាយាមបញ្ចុះបញ្ចូលលោកប្រធានាធិបតី Nicolas Maduro ឲ្យចុះចេញពីតំណែង។
លោក Guaido បាននិយាយកាលពីយប់ថ្ងៃអង្គារម្សិលមិញថា ការអះអាងរបស់លោក Maduro ដែលថា លោក Maduro ខ្លួនឯងនៅមានការគោរព និងគាំទ្រពីយោធាវ៉េណេស៊ុយអេឡាគឺជា រឿងមិនត្រឹមត្រូវ។
លោក Guaido បានបញ្ជាក់ថា ការតវ៉ាប្រឆាំងនឹងលោក Maduro ទទួលបានការចាប់អារម្មណ៍ពីពិភពលោក ហើយប្រជាពលរដ្ឋត្រូវតែបន្តដាក់សម្ពាធលើរបបដឹកនាំរបស់លោក Maduro បន្តទៀត។
លោក Maduro បានបង្ហាញខ្លួនតាមកញ្ចក់ទូរទស្សន៍ដោយនិយាយថា គណបក្សប្រឆាំងកំពុងព្យាយាមឲ្យមានការទទួលស្គាល់នូវ «រដ្ឋាភិបាលមិនស្របច្បាប់» មួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងប្រទេសកូឡុំប៊ី។ លោកបានបន្ថែមថា ប្រទេសវេណេហ្ស៊ុយអេឡាគឺជាជនរងគ្រោះនៃការឈ្លានពានគ្រប់រូបភាពទាំងអស់។
កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមប្រទេសគុយបាថា នឹងទទួលរងនូវ «ការហាមឃាត់ពេញទំហឹង» និង «ការដាក់ទណ្ឌកម្មកម្រិតខ្ពស់បំផុត» ប្រសិនបើប្រទេសនេះមិនឈប់ផ្ដល់ការគាំទ្រភ្លាមៗទាំងផ្នែកយោធា និងផ្នែកផ្សេងៗទៀតដល់ប្រទេសវ៉េណេស៊ុយអេឡា។
ភ្លាមៗបន្ទាប់លោក Trump បានបញ្ជាក់ដូច្នេះនៅលើ Twitter មក រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ថា លោក Maduro បានត្រៀមខ្លួនគេចចេញពីប្រទេសវេណេហ្ស៊ុយអេឡានៅព្រឹកថ្ងៃអង្គារម្សិលមិញ ប៉ុន្តែត្រូវបានប្រទេសរុស្ស៊ីបញ្ចុះបញ្ចូលកុំឲ្យចាកចេញ៕