ក្ដី​បារម្ភ​កើនឡើង ខណៈ​កូវីដ១៩​វាយលុក​ពន្ធនាគារ​មួយ​ទៀត​នៅ​ខេត្ត​កណ្ដាល

រូបឯកសារ៖ មណ្ឌលអប់រំកែប្រែទី១ ស្ថិត​ក្នុង​ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០។ (ទុំ ម្លិះ/វីអូអេ)

ក្ដីបារម្ភ​មាន​ការ​កើន​ឡើង​ចំពោះ​ការ​គ្រប់​គ្រង​ទប់ទល់​នឹង​កូវីដ​១៩​ក្នុង​ចំណោម​ បណ្ដា​ពន្ធនាគារ​ដ៏​ចង្អៀត​ណែន​របស់​កម្ពុជា ​ក្រោយ​ពី​ពន្ធនាគារ​ខេត្ត​កណ្ដាល​បាន​ក្លាយ​ជា​មន្ទីរ​ឃុំឃាំង​ចុង​ក្រោយ​បង្អស់មួយ​ទៀត​ ដែល​មាន​ករណី​ផ្ទុះ​ឆ្លង​ជំងឺ​រលាក​សួត​មួយ​នេះ។

កាល​ពី​ថ្ងៃ​អង្គារ ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​អំពី​ករណី​ឆ្លង​កូវីដ​១៩​ក្នុង​ចំណោម​អ្នក​ជាប់​ឃុំ​១០៣​នាក់ និង​អនុរក្ស​ពន្ធនាគារ​៣​នាក់​ក្នុង​ពន្ធនាគារ​ខេត្ត ដែល​មាន​ទីតាំង​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។

លោក ចាត ស៊ីនាង ប្រធាន​ពន្ធនាគារ​ខេត្ត បាន​ប្រាប់​វីអូអេ​ថា បច្ចុប្បន្ន​ទីតាំង​ពន្ធនាគារ​ដែល​នៅ​ ក្បែរ​មាត់​ស្ទឹង​ព្រែកត្នោត​នេះ ​ត្រូវ​បាន​យក​ធ្វើ​ជា​កន្លែង​ព្យាបាល​សម្រាប់​អ្នក​ជាប់​ឃុំ​ទាំង​នោះ​តែ​ម្ដង។

«ព័ត៌មាន​ហ្នឹង​វា​ ​ខ្ញុំ​មិន​ដឹង​ មិន​ដឹង​ទេ​ មិន​ដឹង​គេ​បាន​ពី​ណា​ទេ​១០៦​នាក់​ហ្នឹង​នោះ​ ប៉ុន្តែ​ជុំវិញ​បញ្ហា​នេះ​ ខ្ញុំ​បាន​រាយការណ៍​ជូន​ឯកឧត្តម​អភិបាល​ខេត្ត​ហើយ។ អីចឹង​លោក​ចង់​សួរ​អី​ លោក​តេទៅ​ជួប​អភិបាល​ខេត្ត​ទៅ ពីព្រោះ​ខាង​ពេទ្យ​ គេហ្នឹង​រាយការណ៍​ផ្ទាល់​អំពី​អ្នក​កើត​មិន​កើត​ទៅ​ឯកឧត្តម​អភិបាល​ខេត្ត»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អភិបាល​ខេត្ត​កណ្តាល​លោក ​គង់ សោភ័ណ្ឌ​ និង​ឧត្ដម​សេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​បាន​នៅ​ឡើយ​ គិត​ត្រឹម​រសៀល​ថ្ងៃ​ពុធ​នេះ​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា បដិសេធ​មិន​ផ្តល់ការ​អធិប្បាយ​លើ​តួលេខ​នៃ​អ្នក​ជាប់​ឃុំ​ដែល​ត្រូវ​គេរាយការណ៍​ថា​ បានឆ្លង​ជំងឺ​កូវីដ​១៩​ ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​ ដោយ​ថា​ ឲ្យ​អ្នក​យក​ព័ត៌មាន​យោង​ទៅ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​កណ្តាល។

«ទាក់​ទង​នឹង​ចំនួន​អ្នក​ឆ្លង​ជា​ផ្លូវការ​ ខ្ញុំ​សុំ​ឲ្យ​ពិនិត្យ​មើល​របាយការណ៍​របស់​ ឬ​ក៏​សេចក្តី​ប្រកាស​ជា​សាធារណៈ​របស់​រដ្ឋបាល​ខេត្ត​ រដ្ឋបាល​ខេត្ត​គាត់​សរសេរ​ថា ប៉ុន្មាន​ គឺ​ប៉ុណ្ណឹង​ទៅ​ ខ្ញុំ​អត់​មាន​សមត្ថកិច្ច​នឹង​ប្រកាស​ថា​ អ្នក​ឆ្លង​កូវីដ​មាន​ប៉ុន្មាន​ទេណា ព្រោះ​ថា បើ​ខ្ញុំ​និយាយ​ថា​ មាន​ប៉ុន្មាន​ ហើយ​ខាង​ខេត្ត​គាត់​ វាយ​តម្លៃ​ទៅ​មាន​ប៉ុន្មាន​អី​ ប៉ុន្មាន​ ជា​ផ្លូវ​ការ​ជាមួយ​សមត្ថកិច្ច​សុខាភិបាល​ ខុស​ពី​អ្វី​ដែល​ខ្ញុំ​លើកឡើង ​អាហ្នឹង​ ខ្ញុំ​អាច​មាន​បញ្ហា​ដែរ»។

រូបឯកសារ៖ ក្រុមមន្ត្រីសុខាភិបាលស្ថិតក្នុងឯកសណ្ឋានការពារពីការឆ្លងជំងឺកូវីដ១៩ បញ្ជូនអ្នកជំងឺកូវីដ១៩ មកទទួលការព្យាបាលនៅមណ្ឌលព្យាបាល នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

បើ​តាម​តួលេខ​ផ្លូវការ​ដែល​អាជ្ញាធរ​ធ្លាប់​បាន​បង្ហាញ​ឱ្យ​ដឹង ​មាន​ពន្ធនាគារ​បី​ហើយ​ដែល​រង​គ្រោះ​ពី​កូវីដ១៩ រួម​មាន​ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មណ្ឌល​អប់រំ​កែប្រែ​ទី១​(ម១) និង​ចុងក្រោយ​បង្អស់​នេះ​ពន្ធនាគារ​ខេត្ត​កណ្ដាល និង​មាន​ទណ្ឌិត​និង​អ្នក​ជាប់​ឃុំ​សរុប​ ១៥៨​នាក់ ​ឆ្លង។

ប៉ុន្តែ​របាយការណ៍​រួម​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ពីរ​គឺ Amnesty International និង Human Rights Watch ​បាន​ដាក់​ការ​សង្ស័យនិង​អះអាង​ថា អ្នក​ទោស​និង​អ្នក​ជាប់​ឃុំ​រាប់​រយ​នាក់​ផ្សេង​ទៀត​នៅ​ពន្ធនាគារ​ខេត្ត​ព្រះ​សីហនុ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) បាន​ធ្វើ​តេស្ដ​វិជ្ជមាន​ឃើញ​មាន​វីរុស​កូវីដ​១៩។ ក៏​ប៉ុន្តែ​អង្គការ​ទាំង​ពីរ​នេះ​ មិន​ផ្តល់​តួលេខ​ជាក់​លាក់​នៃ​ករណី​ឆ្លង​ក្នុង​ពន្ធនាគារ​ទាំង​ពីរ​នេះ​ទេ។​

លោក នុត សវនា អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ បាន​ច្រាន​ចោល​ការ​អះអាង​របស់​អង្គការ ​Amnesty International និង​អង្គការ​ Human Rights Watch ​ដោយ​ថា​អង្គការ​ទាំង​ពីរ​មិន​បាន​ផ្តល់​ភស្តុតាង ដែល​អាច​ជឿ​បាន។

យ៉ាងណា​ក៏​ដោយ​មន្ត្រី​រូប​នេះ​មិន​បាន​ផ្ដល់​តួលេខ​ប្រែប្រួល​ចុង​ក្រោយ​នៃ​ចំនួន​ពន្ធនាគារ​និង​អ្នក​ជាប់​ទោស​ដែល​ឆ្លង​កូវីដ​១៩​នោះ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ​ មិន​ទាន់​មាន​ករណី​ស្លាប់​នៃ​អ្នក​ជាប់​ឃុំ​ដែល​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ១៩​នោះ​ទេ។

អ្នកស្រី ​សេង​ ចាន់ថន​ ភរិយា​លោក​ ស៊ុន ធន់​ អតីត​សមាជិក​ក្រុមប្រឹក្សា​ថ្នាក់​ស្រុក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​កំពង់​ធំ​ ទទូច​សុំ​ឲ្យ​អាជ្ញាធរ​ពន្ធនាគារ​ និង​អាជ្ញាធរ​ពាក់​ព័ន្ធ​បង្ហាញ​អត្ត​សញ្ញាណ​នៃ​អ្នក​ជាប់​ឃុំ​ ដែល​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ​១៩​ ពីព្រោះ​គិត​ចាប់​តាំង​ពី​ព្រឹត្តការណ៍​ឆ្លង​សហគមន៍​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃទី​២០​ខែ កុម្ភៈ​មក​នោះ​ សាច់​ញាតិ​ក្រុម​គ្រួសារ​បាន​ដាច់​ការ​ទាក់​ទង​គ្នា​ជាមួយ​អតីត​សកម្មជន​ និង​មន្ត្រី​បក្ស​ជំទាស់​ជាង​៤០​នាក់​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ។

«មិនមែន​ព្រួយ​បារម្ភ​ទើប​ព្រួយ​ ​គឺ​ព្រួយ​យូរ​ហើយ​ ខ្លាច​តែ​ក្នុង​ហ្នឹង​ផ្ទុះ​កូវីដ​ទេ​ តែ​ឥឡូវ​វា​ផ្ទុះ​មែន​ ដូច​ការ​ព្រួយ​បារម្ភ​របស់​ពួក​យើង​ហើយ​ អីចឹង​ខ្ញុំ​ចង់​ឲ្យ​ព័ត៌មាន​ហ្នឹង​ចេញ​ឲ្យ​ច្បាស់ៗ​ ឥឡូវ​ៗ​ហ្នឹង​ ឲ្យ​ទាន់​មក​ ដើម្បី​ឲ្យ​ពួក​ខ្ញុំបាន​ដឹង​ផង​ ​កុំ​ឲ្យ​ពួក​ខ្ញុំ​នៅ​តែ​ព្រួយ​បារម្ភ​ ហើយ​មិន​ដឹង​ពី​រឿង​ខាង​ក្នុង​ហ្នឹង​ ថាតើ​ពួកគាត់យ៉ាង​ម៉េច​ទៀត»។​

អ្នកស្រី​បន្ថែម​ថា​ តុលាការ​គួរ​ពិចារណា​ឲ្យ​អ្នកជាប់​ឃុំ​ដោយសារ​ហេតុផល​នយោបាយ​ទាំង​អស់​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ ក្នុង​កាលៈទេសៈ​ដែល​ជំងឺកូវីដ​១៩​កំពុង​ឆ្លង​រាត​ត្បាត​ក្នុង​ពន្ធនាគារ។

មេធាវី​ការពារ​ក្តី​ឲ្យ​អតីត​សកម្មជន​ និង​មន្ត្រី​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​រំលាយ​ លោក​ សំ សុគង់ ​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មិន​មាន​ដំណឹង​ផ្លូវការ​ណាមួយចេញ​ពី​ពន្ធនាគារ​ បញ្ជាក់​ពី​ស្ថានភាព​នៃ​កូន​ក្តី​លោក​នោះ​ទេ។ ​

លោក​យល់​ថា​ មន្ត្រី​គ្រប់គ្រងពន្ធនាគារ​ គួរ​តែ​បញ្ចេញ​អត្តសញ្ញាណ​នៃ​អ្នក​ជាប់​ឃុំ​ ដែល​រក​ឃើញ​ថាមាន​ជំងឺ​កូវីដ​១៩​នោះ​ ដើម្បី​ឱ្យ​សាច់​ញាតិ​ស្ងប់​អារម្មណ៍​ និង​ឲ្យ​សាធារណជន​ទូទៅ​បាន​ដឹង​ពី​ស្ថានភាព​ឆ្លង​ជំងឺកូវីដ​១៩នេះ​ នៅ​ក្នុង​ពន្ធនាគារ។​

«បើ​សិន​ជា​អាជ្ញាធរ​ចេញ​អត្តសញ្ញាណ​ ឬ​ចេញ​ឈ្មោះ​អ្នក​ដែល​ឆ្លង​ហ្នឹង​ទៅ​ ធ្វើ​ឲ្យ​ពួក​គាត់​ហ្នឹង​ មាន​អារម្មណ៍​មួយ​គិតថា​ បើសិន​ជា​មិន​ឆ្លង​ដល់​ក្រុម​គ្រួសារ​គាត់​ទេ​ ក៏​គាត់​មាន​អារម្មណ៍​មួយ​ថា​ធូរ​ស្បើយ​ ឬក៏​សប្បាយ​ចិត្ត។ បើសិន​បើ​មាន​មែន​ ​ក៏គាត់​មាន​ការ​បារម្ភ ឬ​ក៏​អាច​ថាមាន​ការ​លើក​ទឹក​ចិត្ត​តាម​បែប​ណាមួយ​ទៅ​តាម​អ្វី​ដែល​ខាងអាជ្ញាធរ​គាត់​អនុញ្ញាត​ ដូច​ជា​តាមរយៈ​ធ្វើ​ទំនាក់​ទំនង​តាម​ទូរសព្ទ សួរ​សុខ​ទុក្ខ​តាម​ទូរសព្ទ​ ឬ​ក៏​អាច​ឲ្យ​ពួកគាត់​ហ្នឹង​មាន​ទំនាក់​ទំនង តាម​រយៈគេ​ហៅថា​មន្ត្រី​ពន្ធនាគារ​អី​ផ្សេងៗ»។

ទាក់ទិន​ការ​បញ្ចេញ​អត្តសញ្ញាណ​នៃ​អ្នក​ជាប់​ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ លោក នុត សវនា​លើកឡើង​ថា​ មិន​ទាន់​មាន​គោលការណ៍​ពី​ថ្នាក់​លើ​ឲ្យ​ធ្វើ​ដូច្នេះ​បាន​ទេ។ លោក​បន្ថែម​ថា​មន្ត្រី​ពន្ធនាគារ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ «កំពុង​តែ​ដុត​ដៃ​ដុត​ជើង​» ក្នុង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាតត្បាត​ជំងឺ​១៩​នេះ​ទៅ​ពន្ធនាគារ​ផ្សេង​ទៀត​ ហើយ​មន្ត្រី​ជំនាញ​ក៏​កំពុង​តាម​រក​ប្រភព​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ទៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល។​

រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ ជិន ម៉ាលីន​ មាន​ប្រសាសន៍​ថា​ ការ​សម្រេច​បញ្ចេញ​ឈ្មោះ​ អ្នក​ជាប់​ឃុំ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ ទាល់​តែ​មាន​លក្ខណៈ​ចាំ​បាច់​ខ្លាំង ព្រោះ​អ្នក​ជាប់​ឃុំ​មិន​មាន​ការ​ជួប​ប្រាស្រ័យ​ទាក់​ទង​មនុស្សម្នា​ច្រើន​ដូច​ពលរដ្ឋ​ទូទៅ​នោះ​ទេ។

«ក៏​ប៉ុន្តែ​អ្នក​ជាប់ឃុំ​ គាត់​អត់​មាន​ទៅ​ណា​ទេ​ គាត់​នៅ​តែ​ក្នុង​ឃុំ​ហ្នឹង​ទេ អីចឹង​វា​អាស្រ័យ​ទៅ​លើ​ខាង​សមត្ថកិច្ច​ទេ គាត់​នឹង​ធ្វើ​ការ​សិក្សា​មើល​ថា​ តើ​វាចាំបាច់​ ឬ​ក៏​អត់»។ ​

កាល​ពី​ថ្ងៃ​អាទិត្យ អង្គការ​ Amnesty International និង​អង្គការ​ Human Rights Watch បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​នូវ​តួលេខ​ពិត​ប្រាកដ​នៃ​អ្នក​ជាប់ឃុំ​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ជំងឺ​កូវីដ​១៩។

អង្គការ​ទាំង​ពីរ​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​ដោះលែង​ជា​បន្ទាន់​អ្នក​ជាប់​ឃុំ​រង់ចាំ​ការ​កាត់​ទោស​ទាំងអស់​ទូទាំង​ប្រទេស​ សម្រាប់​អ្នក​ដែល​អាច​មាន​សិទ្ធិ​ទទួលបាន​ការ​ដោះ​លែង​ឲ្យ​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ ក៏​ដូចជា​អ្នក​ជាប់​ឃុំ​ទាំង​ឡាយ​ណា​ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩។

បើ​តាម​តួលេខ​ដែល​បង្ហាញ​ដោយ​អង្គការ​សហ​ប្រជាជាតិ​កាល​ពី​ខែ​ធ្នូ​ កម្ពុជា​មាន​ទណ្ឌិត​និង​អ្នក​ជាប់​ឃុំ​សរុប​ជិត​៤​ម៉ឺន​នាក់ តាម​បណ្ដា​ពន្ធនាគារ​ទូទាំង​ប្រទេស​ ដែល​ភាគ​ច្រើន​មាន​សភាព​លើស​ចំណុះ និង​ចង្អៀត​ណែន៕