ការ​ភ័យខ្លាច​កើន​ឡើង​ពាក់ព័ន្ធ​នឹង​ផលវិបាក​នៃ​ការ​បង្ក្រាប​អំពើ​ពុករលួយ​នៅ​អារ៉ាប៊ីសាអ៊ូឌីត

  • Henry Ridgwell

ព្រះ​ឆាយាលក្ខណ៍​របស់​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman ត្រូវ​បាន​គេ​ដាក់​នៅ​តាម​ផ្លូវ​មួយ​នៅ​ក្នុង​ក្នុង​ក្រុង Tripoli ប្រទេស​លីបង់ កាលពី​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នក​វិនិយោគ​ជុំវិញ​ពិភពលោក​បាន​សម្រុក​ទៅ​សណ្ឋាគារ Ritz Carlton នៅ​ក្នុង​រដ្ឋធានី​រីយ៉ាដ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដើម្បី​ស្ដាប់​អំពី​គម្រោង​ទីក្រុង​មហិមា​ថ្មី​មួយ​ក្នុង​ទំហំ​ទឹក​ប្រាក់ ៥០០ ពាន់​លាន​ដុល្លារ​អាមេរិក របស់​ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Mohammed bin Salman។

វីដេអូ​ដែល​ថត​តាម​ទូរស័ព្ទ​ដៃ​មួយ​បាន​បង្ហាញ​ពី​ការណ៍​ដែល​សណ្ឋាគារ​នេះ​ត្រូវ​បាន​គេ​ប្រើ​ជា​អន្ទាក់​ដើម្បី​ចាប់​ខ្លួន​សមាជិក​រាជវង្សានុវង្ស និង​អ្នក​ជំនួញ​មួយ​ចំនួន។

ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នោះ គឺ​ព្រះអង្គ​ម្ចាស់ Alwaleed bin Talal ដែល​ជា​មហា​សេដ្ឋី​មាន​ទ្រព្យ​ធន​ច្រើន​ជាង​គេ​បង្អស់​មួយ​រូប​នៅ​លើ​ពិភពលោក។

ព្រះអង្គ​ម្ចាស់ Alwaleed bin Talal គឺ​ជា​ម្ចាស់​សណ្ឋាគារ Savoy ដែល​ជា​សណ្ឋាគារ​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស និង​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​មួយ​នៃ​ក្រុមហ៊ុន​ធំៗ​មួយ​ចំនួន ដូច​ជា​ក្រុមហ៊ុន Twitter ក្រុមហ៊ុន Apple និង​ក្រុមហ៊ុន Citigroup ជា​ដើម។ ការ​ចាប់​ខ្លួន​ព្រះអង្គ​ទំនងជា​បង្ក​ការ​ព្រួយបារម្ភ​ដល់​ដៃគូ​ជំនួញ​នានា​នៅ​បស្ចិម​លោក។

អ្នកស្រី Jane Kinnimont នៃ​វិទ្យាស្ថាន​សិក្សា​គោលនយោបាយ​ឯករាជ្យ Chatham House បាន​និយាយ​ថា៖ «... អ្នក​វិនិយោគ​នៅ​បស្ចិម​លោក​បាន​ចាត់​ទុក​ព្រះអង្គ​ម្ចាស់ Alwaleed ថា​ជា​បុគ្គល​ម្នាក់ ដែល​ពួកគេ​អាច​ជឿ​ទុក​ចិត្ត និង​ជា​បុគ្គល​ម្នាក់​ដែល​ពួកគេ​អាច​ធ្វើ​អាជីវកម្ម​ជាមួយ​ដោយ​មាន​សុវត្ថិភាព។ ដូចនេះ ការ​ចាប់​ខ្លួន​ព្រះអង្គ​នឹង​នាំ​ឲ្យ​មនុស្ស​មួយ​ចំនួន​ឆ្ងល់​ថា តើ​ដៃគូ​ជំនួញ​របស់​ពួកគេ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​មាន​សុវត្ថិភាព​ដែរ​ឬ​ទេ?»

កាល​ពី​ឆ្នាំ ២០១០ ក្រុមហ៊ុន BAE Systems ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្រាប់​វិស័យ​ការពារ​ប្រទេស​របស់​ចក្រភព​អង់គ្លេស បាន​សារភាព​កំហុស​ក្នុង​តុលាការ​មួយ​នៅ​សហរដ្ឋអាមេរិក ទាក់ទិន​នឹង​ការ​ធ្វើ​កិច្ច​សន្យា​ក្លែងក្លាយ​មួយ​អំពី​យន្តហោះ​ចម្បាំង​ជាមួយ​នឹង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ កិច្ចសន្យា​នេះ​ត្រូវ​បាន​ស្គាល់​ថា​កិច្ច​សន្យា Al Yamamah។ ប៉ុន្តែ​ការ​ស៊ើបអង្កេត​មួយ​ដែល​បាន​ធ្វើ​ឡើង​ដោយ​ការិយាល័យ​ទទួល​បន្ទុក​បទ​ក្លែង​បន្លំ​ធ្ងន់ធ្ងរ​របស់​ចក្រភព​អង់គ្លេស ត្រូវ​បាន​លុបចោល​ក្រោម​សម្ពាធ​នយោបាយ​ពី​រដ្ឋាភិបាល​ក្រុង​ឡុងដ៍ និង​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ។

អ្នក​ស្រី Jane Kinnimont បាន​មាន​ប្រសាសន៍​ថា៖ «តើ​ករណី​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​កាល​ពី​លើក​មុនៗ​ ដូចជា​ករណី​កិច្ចសន្យា Al Yamamah នេះ​ជា​ឧទាហរណ៍​ស្រាប់ នឹង​ត្រូវ​គេ​សើរើ​ឡើង​វិញ និង​បង្ក​ឲ្យ​មាន​ការ​អាម៉ាស់​ទៅ​ដល់​ក្រុមហ៊ុន​ល្បីៗ​នៅ​បស្ចិមប្រទេស​ដែរ​ឬ​ទេ?»។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា ព្រះ​អង្គ​ម្ចាស់ Miteb bin Abdullah ដែល​ជា​អតីត​មេដឹកនាំ​កង​ទ័ព​ឆ្មាំ​ជាតិ (National Guard) របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ក៏​ត្រូវ​បាន​ចាប់​ខ្លួន និង​បណ្ដេញ​ចេញ​ពី​តំណែង​ផង​ដែរ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​របស់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ដើម្បី​ពង្រឹង​អំណាច។

លោក Graham Griffiths នៃ​អង្គការ Control Risks បាន​និយាយ​ថា៖ «ព្រះអង្គម្ចាស់ Mohammed bin Salman បាន​ក្ដោបក្ដាប់​ការ​គ្រប់គ្រង​ដំបូង​លើ​ក្រសួង​ការពារ​ជាតិ បន្ទាប់​មក​នា​ពេល​ថ្មីៗ​នេះ​លើ អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម និង​អង្គភាព​ស៊ើបការណ៍​សម្ងាត់​ក្នុង​ប្រទេស ហើយ​កង​ទ័ព​ឆ្មាំ​ជាតិ​គឺ​ជា​ អង្គភាព​មួយ​ដែល​ព្រះ​អង្គ​មិន​ទាន់​ក្ដោបក្ដាប់​គ្រប់គ្រង​នៅ​ឡើយ​ទេ»។

ព្រះអង្គម្ចាស់​រជ្ជទាយាទ​កំពុង​តែ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច និង​សង្គម​នៅ​ក្រោម​គោល​នយោបាយ «ទស្សនវិស័យ ឆ្នាំ ២០៣០»។ តម្លៃ​ប្រេង​ទាប​បាន​ជំរុញ​ឲ្យ​មាន​ឱនភាព​ថវិកា​ឆ្នាំ ២០១៧ ដែល​ត្រូវ​បាន​ព្យាករណ៍​ទុក​រួច​មក​ហើយ​ចំនួន ៥២ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ស្មើ​នឹង​ចំនួន​ប្រហែល ៨ ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប GDP។

អ្នក​វិភាគ​សេដ្ឋកិច្ច​លោក Ghazi Wazni បាន​និយាយ​ថា៖ «កំណើន​សេដ្ឋកិច្ច​គឺ​មាន​លក្ខណៈ​ខ្សោយ​ខ្លាំង​ណាស់ ហើយ​មាន​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស ពី​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ប្រេង​ទៅ​ជា​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​វិនិយោគ។ ហើយ​គោលការណ៍​ចម្បង​មួយ​ចំនួន​នៃ​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ការ​វិនិយោគ គឺ​តម្លាភាព ភាព​ច្បាស់​លាស់ អភិបាល​កិច្ច​ល្អ និង​ការ​ប្រឆាំង​អំពើពុករលួយ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​កោត​សរសើរ​ការ​បង្ក្រាប​អំពើ​ពុករលួយ​នេះ​នៅ​លើ​បណ្ដាញ​សង្គម Twitter។

អ្នក​ស្រី​ Jane Kinnimont នៃ​វិទ្យាស្ថាន Chatham House បាន​និយាយ​ថា៖ «វា​ហាក់​ដូចជា​លោក​ប្រធានាធិបតី Donald Trump ជឿ​ទុក​ចិត្ត​ព្រះ​អង្គ​ម្ចាស់ Mohammed bin Salman ថា​ជា​បុគ្គល​ម្នាក់​ ដែល​ផ្ដោត​លើ​ការ​ធ្វើ​ជំនួញ ដែល​ប្រឆាំង​នឹង​អំពើ​ជ្រុលនិយម និង​ជា​បុគ្គល​ម្នាក់​ដែល​នឹង​ជួយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ឲ្យ​ក្លាយ​ទៅ​ជា​ពិភព​ទំនើប​ជាង​មុន​មួយ។ ប៉ុន្តែ​ប្រាកដ​ណាស់ នឹង​មាន​ការ​ព្រួយបារម្ភ​ជា​ច្រើន​នៅ​ក្នុង​ជួរ​បណ្ដាញ​ការបរទេស​អាមេរិក និង​យោធា​អំពី​ភាព​មិន​អាច​ទាយ​ទុក​ជា​មុន​បាន ដែល​កំពុងតែ​កើត​មាន​នា​ពេល​បច្ចុប្បន្ន​នេះ»។

នោះ​គឺ​ភាព​មិន​អាច​ព្យាករណ៍​ទុក​ជា​មុន​បាន ដែល​កំពុង​តែ​គ្រប​ដណ្ដប់​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា។ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ Sunni នៅ​តែ​ធ្វើ​សង្គ្រាម​ជាមួយ​នឹង​ពួក​ឧទ្ទាម Houthi ដែល​កាន់​សាសនា​ឥស្លាម​និកាយ Shi'ite នៅ​ក្នុង​ប្រទេស​យេម៉ែន ដែល​ប្រទេស​យេម៉ែន​នេះ បាន​បាញ់​គ្រាប់​ផ្លោង​មីស៊ីល​មួយ​គ្រាប់​ដែល​ស្ទើរ​តែ​ហោះ​ទៅ​ដល់​ប្រលាន​យន្តហោះ​ក្រុង​រីយ៉ាដ នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គេ​នៅ​មិន​ទាន់​ច្បាស់​ថា​តើ​សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ អ្នក​វិភាគ​នានា​ព្រួយ​បារម្ភ​ថា អស្ថិរភាព​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់ និង​រដ្ឋាភិបាល​អារ៉ាប៊ីសាអ៊ូឌីត នឹង​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​យ៉ាប់យ៉ឺន​បន្ថែម​ទៀត​ចំពោះ​ភាព​ជា​សត្រូវ​ដ៏​យូរយារ​ណាស់​មក​ហើយ​របស់​ប្រទេស​ទាំង​ពីរ៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្ត្របញ្ញា