សភា​​ក្រិក​ត្រៀម​បោះ​ឆ្នោត​លើ​ផែន​ការ​កែ​ទម្រង់​នៅ​ថ្ងៃ​ពុធ​នេះ

នាយករដ្ឋមន្រ្តី​ក្រិក​លោក Alexis Tsipras និយាយ​ជាមួយនឹង​ក្រុម​អ្នកសារព័ត៌មាន​ បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយនឹង​ប្រមុខ​បណ្តាប្រទេស​ប្រើប្រាក់​អឺរ៉ូនៅ​ក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក។ សភាក្រិក​ត្រៀម​បោះឆ្នោត​លើ​ផែន​ការ​កែ​ទម្រង់​នៅ​ថ្ងៃ​ពុធ​នេះ។

សភា​នៃ​ប្រទេស​ក្រិក​ត្រៀមខ្លួន​បោះ​ឆ្នោត​លើ​សេចក្តី​ព្រាង​ច្បាប់​កាត់​បន្ថយ​ការ​ចាយ​វាយ​ដើម្បី​សង​បំណុល​យ៉ាង​ច្រើន​មួយ ខណៈ​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី Alexis Tsipras ​បាន​អំពាវនាវ​ឲ្យ​សមាជិក​សភា​គាំ​ទ្រ​ការ​កែ​ទម្រង់​ធំៗ​ ដែល​បណ្តា​ប្រទេស​ផ្តល់​ប្រាក់​កម្ចី​បាន​ទាម​ទារ​ជា​ថ្នូរ​នឹង​ការ​ឲ្យ​ខ្ចី​ប្រាក់ ដែល​ប្រទេស​ក្រិក​ត្រូវការ​ជា​បន្ទាន់​នោះ។

សមាជិក​សភាក្រិក​ត្រូវ​គេ​រំពឹង​ថា​ នឹង​ចំណាយ​ពេល​កន្លះ​ថ្ងៃ​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ ហើយ​កន្លះ​ថ្ងៃ​ទៀត​ដើម្បី​បោះ​ឆ្នោត។

​សេចក្តី​ព្រាង​ច្បាប់​ ដែលបញ្ជូន​ទៅ​សភា​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ ចែង​យ៉ាង​ច្បាស់លាស់ នូវ​ការ​កែ​ទម្រង់​ប្រាក់​ចូល​និវត្តន៍ ព្រម​ទាំង​ការ​ត្រួតពិនិត្យ​យ៉ាង​តឹង​រឹង​លើ​ថវិកា​របស់​រដ្ឋាភិបាល។ បណ្តា​ប្រទេស​អឺរ៉ុប​ដែល​ឲ្យ​ក្រិក​ខ្ចី​ប្រាក់​នោះ បាន​ទាមទារ​ឲ្យ​សភា​ក្រិក​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់នេះ​មិន​ហួសពីថ្ងៃ​ពុធ ដើម្បី​ចាប់​ផ្តើម​ការ​ចរចា​ថ្មី​លើ​កញ្ចប់​ប្រាក់​កម្ចី​សង​បំណុល​មួយ​ទៀត ដែល​មាន​ទឹក​ប្រាក់​ជិត ៩៥​ពាន់​លាន​ដុល្លារ។

សហជីព​កម្មករ​ក្រិក​ខ្លះ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ។

បណ្តា​ប្រទេស​ម្ចាស់​បំណុល​អឺរ៉ុប បាន​ប្រកាស​អំពី​កិច្ច​ព្រម​ព្រៀងលើ​ការទាម​ទារ​ថ្មី កាល​ពី​ថ្ងៃ​ច័ន្ទ ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹង​ប្រែង​ដើម្បី​ផ្តល់​ប្រាក់​កម្ចី​ជា​បន្ទាន់​ភ្លាមៗ​ឲ្យ​ធនាគារ​ក្រិក​ដែល​ត្រូវការ​ប្រាក់​យ៉ា​ង​ចាំ​បាច់ ដើម្បី​អនុញ្ញាត​ឲ្យ​សាធារណជន​អាច​ដក​ហូត​យក​ប្រាក់​ប្រចាំ​ថ្ងៃ​តិចតួច​មួយ​ចំនួន៕