រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ក្រិក៖ ប្រទេស​ម្ចាស់​បំណុល​ប្រព្រឹត្ត​ភេរវកម្ម

រដ្ឋ​មន្រ្តី​ហិរញ្ញវត្ថុ​ក្រិក Yanis Varoufakis ធ្វើ​សន្និសីទ​កាសែត​មួយ​កំឡុង​ពេល​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​ នៅ​ក្នុង​ក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាលពី​ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥។

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ក្រិក​ចោទ​ប្រកាន់ប្រទេស​ និង​អង្គការ​ផ្តល់​ឥណទាន​ឱ្យ​រដ្ឋាភិបាល​ក្រុង​អាថែន​ ថា​ប្រព្រឹត្ត​ «ភេរវកម្ម»។

លោក Yanis Varoufakis ​បាន​និយាយ​ប្រាប់​កាសែត​ El Mundo ​នៃ​ប្រទេស​អេស្ប៉ាញ​ថា​ អ្វី​ដែល​ម្ចាស់​ឥណទាន​កំពុង​ធ្វើ​ជាមួយ​ប្រទេសក្រិក «មាន​ឈ្មោះ​ថា​ភេរវកម្ម»។ លោក​បាន​និយាយ​ថា​ «អ្វី​ដែលព្រុចសែល និង​ក្រុម​ប្រទេស​ទាំង​នោះ​ចង់​បាន​នៅ​ថ្ងៃ​នេះ​គឺ​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ជ័យជំនះ​ដើម្បី​ឱ្យ​ពួកគេ​អាច​ធ្វើ​ឱ្យ​ប្រជារាស្ត្រ​ក្រិក​មាន​ការ​អាម៉ាស់មុខ»។

ក៏ប៉ុន្តែ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏លោក Varoufakis បាន​និយាយ​ថា​ លោក​មាន​ការ​ប្រាកដប្រជា​ថា​កិច្ច​ព្រមព្រៀង​មួយ​ជាមួយ​ម្ចាស់​ឥណទាន​នឹង​អាច​សម្រេច​បាន​ពីព្រោះ «ការ​មិន​យល់ស្រប​គ្នា​អាច​នាំ​ឱ្យ​មាន​ការ​ខាត​បង់ច្រើន​ដល់​ភាគី​ទាំង​ពីរ។ ប្រសិន​ប្រទេស​ក្រិក​រលំ​ ប្រាក់​១លាន​លាន​អឺរ៉ូ​នឹង​បាត់បង់។ ​នេះ​ជា​ទឹក​ប្រាក់​ច្រើន​ណាស់​ ហើយ​ខ្ញុំ​មិន​ជឿ​ថា​អឺរ៉ុប​អាច​អនុញ្ញាត​ឱ្យ​ការណ៍​នេះ​កើត​មាន​បាន​ទេ»។

បទ​សម្ភាសន៍​នេះ​បាន​ត្រូវ​បោះពុម្ព​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ មួយ​ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រជាមតិ​ក្នុងប្រទេស​ក្រិក​អំពី​លក្ខខណ្ឌនៃ​ជំនួយ​សង្គ្រោះ​សេដ្ឋកិច្ច​របស់​អឺរ៉ុប​ដល់​ប្រទេស​ក្រិក៕