ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​ទំនង​ជា​មិន​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដូ​ចប្រទេស​ហ្គ្រិកទេ


វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​ហ្គ្រិក ​ដែល​កើត​ចេញ​ពី​ការ​គ្មាន​លទ្ធ​ភាព​សង​បំណុល​ ទំនង​ជា​មិន​អាច​កើត​មាន​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ។ ​ប៉ុន្តែ​ វិបត្តិ​នេះ​គឺ​ជា​មេរៀន​មួយ​សម្រាប់​កម្ពុជា​ដើម្បី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថាន​ភាព​ហិរញ្ញ​វត្ថុ​របស់​ខ្លួន។

ក្រុម​អ្នក​សេដ្ឋ​កិច្ច​ជាតិ ​និងអ​ន្តរ​ជាតិ ​បាន​ប៉ាន់​ប្រមាណ​ថា ​ ប្រទេស​កម្ពុជា​ប្រហែល​ជា​មិន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញ​វត្ថុ​ដ៏​អាក្រក់​ដូច​ប្រទេស​ហ្គ្រិក​នោះ​ទេ។​ វិបត្តិ​ហិរញ្ញ​វត្ថុ​ប្រទេស​ហ្គ្រិច​ដែល​បាន​ផ្ទុះ​ឡើង​សុះ​សាយ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១០​នេះ​ ដោយ​សារ​តែ​ប្រទេស​ដែល​ធ្លាប់​មាន​ការ​អភិ​វឌ្ឈន៍​យ៉ាង​ខ្លាំង​មួយ​នេះ​ជំពាក់​បំណុល​បរទេស​រុំកោះ ​រើ​ខ្លួន​ពី​បំណុល​នោះ​មិន​រួច។

ក្រុម​អ្នក​សេដ្ឋ​កិច្ច​ដដែល​លើក​ឡើង​ថា ​ប្រទេស​កម្ពុជា ​និង​ប្រទេស​ហ្រ្គិច​ មាន​មូល​ដ្ឋាន​សេដ្ឋ​កិច្ច​ខុស​គ្នា។​ ប៉ុន្តែ​ឆ្លង​កាត់​បទពិសោធន៍ដែល​ប្រទេស​នេះ​កំពុង​ជួប​ប្រទះ​ កម្ពុជា​ដែល​កំពុង​ជំពាក់​បំណុល​បរទេស​វ័ន្ដ​ក​ជា​ច្រើន​ដែរ​ទៅ​ហើយ​នោះ​ ត្រូវ​តែ​បង្កើន​ការ​ប្រមូល​ចំណូល​ក្នុង​ស្រុក​ដើម្បី​កាត់​បន្ថយ​ការ​ខ្ចី​បុល​ពី​បរទេស។

ប្រទេស​ហ្គ្រិក​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញ​វត្ថុ ​ដោយ​សារ​តែ​ឱន​ភាព​ថវិកា​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត​ ពោល​គឺ​ការ​ចំណាយ​របស់​ប្រទេស​នេះ​ខ្ពស់​ជាង​ចំណូល​រហូត​ដល់​ទៅ ១២,៧%។​ មូល​ហេតុ​ ដោយ​សារ​តែ​ចំណូល​មួយ​ផ្នែក​ធំ​របស់​ប្រទេស​នេះ​ ដែល​ត្រូវ​ពឹង​ផ្អែក​លើ​សារ​ពើ​ពន្ធ​ បាន​បាត់​បង់​ដោយ​សារ​ការ​គេច​វេស​មិន​បង់​ពន្ធ​ និង​ដោយ​សារ​អំពើ​ពុក​រលួយ។ ​ដើម្បី​បំពេញ​បង្គ្រប់​ការ​ចំណាយ​ទូទៅ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ​រដ្ឋា​ភិបាល​ហ្គ្រិក​បាន​ខ្ចី​បុល​ពី​បរទេស​ដែល​ធ្វើ​ឲ្យ​ប្រាក់​បំណុល​កើន​ដល់​ ៤០០​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១០​នេះ។ ​ប្រទេស​ហ្គ្រិក​ត្រូវ​សង​ត្រឡប់​ទៅ​ម្ចាស់​បំណុល​វិញ​នូវ​មួយ​ផ្នែក​នៃ​បំណុល​សរុប​នៅ​ខែ​ឧសភា​នេះ។​ ក៏​ប៉ុន្តែ​ចំពេល​ ដែល​ពិភព​លោក​មាន​វិបត្តិ​សេដ្ឋ​កិច្ច​ដែល​ធ្វើ​ឲ្យ​ចំណូល​ពី​សារ​ពើ​ពន្ធ​កាន់​តែ​ធ្លាក់​ចុះ​មួយ​កម្រិត​ទៀត​នោះ ​ប្រទេស​ហ្គ្រិក​មិន​មាន​លទ្ធភាពសង​បំណុល​ដែល​ខ្លួន​ជំពាក់​គេ​នោះ​ទេ។

នៅ​ពេល​នេះ​ ប្រទេស​ព័រទុយហ្កាល់ ​អេស្ប៉ាញ ​និង​អ៊ីតាលី ​ក៏​កំពុង​ឆ្ពោះ​ទៅ​រក​វិបត្តិ​ដូច​ប្រទេស​ហ្គ្រិកដែរ​ ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​ វិបត្តិ​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​ទំាង​នេះ​ នឹង​រីក​រាល​ដាល​ទ្វីប​អឺរ៉ុប​ទំាង​មូល។

ដើម្បី​ជួយ​ស្តារ​សេដ្ឋ​កិច្ច​របស់​ប្រទេស​ហ្គ្រិក​ ​កាល​ពី​ដើម​សប្តាហ៍​នេះ​ ប្រទេស​ជា​សមាជិក​នៃ​សហ​ភាព​អឺរ៉ុប ​និង​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ ​IMF​ បាន​បញ្ចេញ​កញ្ចប់​ប្រាក់​ជំនួយ​សរុប​ជាង​១៤៦​ពាន់​លាន​ដុល្លារ​សម្រាប់​ប្រើ​ប្រាស់​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​ ដោយ​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្រទេស​ហ្គ្រិច​កាត់​បន្ថយ​ចំណាយ ​និង​រឹត​បន្តឹងការ​ប្រមូល​ពន្ធ​ឡើង​វិញ។

ដោយ​ឡែក ​ដំណើរ​វិវត្តន៍​នៃ​សេដ្ឋ​កិច្ច​របស់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដូច​ជា​ប្រទេស​កម្ពុជា​ ត្រូវ​គេ​មើល​ឃើញ​ថា​ មាន​លំនាំ​មួយ​ចំនួន​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ហ្គ្រិក​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ ដូច​ជា​ការ​ជំពាក់​បំណុល ​ការ​គេច​វេស​មិន​បង់​ពន្ធ​ និង​អំពើ​ពុក​រលួយ​ធ្ងន់​ធ្ងរ​ជាដើម។

យ៉ាង​ណា​ក៏​ដោយ ​លោក​សាស្ត្រា​ចារ្យ​ សម ​ឃង្ទី ​អ្នក​វិភាគ​ហិញ្ញ​វត្ថុ​ និង​ជា​សមាជិក​នៃ​គណៈ​កម្មាធិ​ការ​មូល​ប័ត្រ​កម្ពុជា ​បាន​វាយ​តម្លៃ​ថា ​កម្ពុជា​នឹង​មិន​ជួប​វាសនាដូច​ប្រទេស​ហ្រ្គិក​ទេ ត្បិតកម្ពុជា​មិន​ទាន់​បាន​ពឹង​ផ្អែក​ទៅ​លើ​កម្ចី​បរទេសសម្រាប់​ការ​ចំណាយ​ទូទៅ​ឡើយ​ ដូច​ជា​ការ​ចំណាយ​លើ​ប្រាក់​ឈ្នួល​ក្នុង​វិស័យ​សាធារណៈ​ជា​ដើម។ ​ប៉ុន្តែ​កម្ចី​ភាគ​ច្រើន​ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ជា​កម្ចី​មាន​រយៈ​កាល​វែង ​និង​មាន​អត្រា​ការ​ប្រាក់​ទាប។

«ប្រទេស​ហ្គ្រិកប្រើ​រូបិយ​វត្ថុ​រួម​មួយ​តែ​ម្តង​ ម្ល៉ោះ​ហើយ​គេ​សម្លឹង​មើល​ខ្លាំង​ណាស់​ ថា​តើ​នៅ​ក្នុង​សហ​ព័ន្ធ​អឺរ៉ុបហ្នឹង ​គេ​អនុញ្ញាត​ឲ្យ​យើង​ឱន​ភាព​ថវិកា​ប៉ុន្មាន។​ កម្ពុជា​យើង​អត់​មាន​ចូល​ដល់​គន្លាក់​ហ្នឹង​ទេ ​ថ្វី​បើ​យើង​ប្រើ​លុយ​ដុល្លារ​ក៏​ដោយ។ ​រួច​ហើយ​បំណុល​បរទេស​របស់​កម្ពុជា​យើង​មាន​រយៈ​ពេល​វេលា​វែង​ សម្រាប់​យក​មក​ប្រើ​ហេដ្ឋា​រចនា​សម្ព័ន្ធ»។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ លោក​សម ​ឃង្ទី ​មាន​ប្រសាសន៍​ថា ​បទ​ពិសោធន៍​នៅ​ប្រទេស​ហ្គ្រិក​នេះបាន​បង្ហាញ​ថា ​កម្ពុជា​ចាំ​បាច់​ត្រូវ​បង្កើន​ចំណូល​ពី​ពន្ធដារ​ ដើម្បី​កាត់​បន្ថយ​អតុល្យ​ភាព​ចំណូល​ចំណាយ​ និង​ការ​ខ្ចី​បុល​ពី​បរទេស។

របាយ​ការណ៍​ឆ្នាំ​២០០៩​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​បាន​បង្ហាញ​ថា ​នៅ​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ មានឱន​ភាព​ថវិកា​ចំនួន​៦%​ នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ដែល​មាន​តម្លៃ​ជិត​១០​ពាន់​លាន​ដុល្លារ។​ មាន​ន័យ​ថា ​ប្រទេស​កម្ពុជា​បាន​ចំណាយ​ច្រើន​ជាង​ចំណូល​របស់​ខ្លួន​ដែល​ភាគ​ច្រើន​ជា​ចំណូល​សារ​ពើ​ពន្ធ​នោះ​ចំនួន​ជិត​៦០០​លាន​ដុល្លារ។ ​តួលេខ​នេះ​បាន​កើន​ទ្វេ​ដង ​បើ​ធៀប​នឹង​ឆ្នាំ​២០០៨។​ ដើម្បី​បំពេញ​បង្គ្រប់​ការ​ចំណាយ​សម្រាប់​ការ​អភិវឌ្ឍន៍​នេះ ​ប្រទេស​កម្ពុជា​ត្រូវ​ពឹង​ផ្អែក​លើ​ជំនួយ​ និង​កម្ចី​ហិរញ្ញ​វត្ថុ​ពី​អ្នក​ផ្ដល់​អំណោយ​ទាន​បរទេស​ ដែល​ភាគ​ច្រើន​មក​ពី​ប្រទេស​ចិន​ ប្រទេស​ជប៉ុន ​និង​ដៃ​គូ ​អភិវឌ្ឍន៍។ ​ជាក់​ស្តែង ​កាល​ពី​ឆ្នាំ​២០០៩​ ប្រទេស​កម្ពុជា​ទទួល​បាន​ហិរញ្ញ​ទាន​កម្ចី​ និង​ជំនួយ​ឥត​សំណង​សរុប​ជិត​១០០០​លាន​ដុល្លារ​អាមេរិក។

ភ្នាក់​ងារ​ស៊ើប​ការណ៍​សម្ងាត់​(CIA)​ របស់​សហ​រដ្ឋ​អាមេរិក​ បាន​ប៉ាន់​ប្រមាណ​ថា​ រហូត​មក​ដល់​ឆ្នំា​២០០៩ ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​បរទេស​ជាង​៤០០០​លាន​ដុល្លារ​ ឬ​ស្មើ​នឹង​ប្រមាណ​ជា​ ៤០%​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក។ ​បំណុល​នេះ​ បាន​កើន​ឡើងជិត​ពីរ​ដង​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៤​ដែល​មាន​ចំនួន​២៤០០​លាន​ដុល្លារ។ ​អ្នក​សេដ្ឋ​កិច្ច​មួយ​ចំនួន​ព្រួយ​ថា​ ប្រាក់​បំណុល​នេះ​អាច​នឹង​បន្ត​កើន​ឡើងនៅ​ពេល​ដែល​ម្ចាស់​ជំនួយ​កាត់​បន្ថយ​ជំនួយ ​ហើយ​វា​នឹង​ងាយធ្វើ​ឲ្យ​កម្ពុជា​រង​គ្រោះដូច​ប្រទេស​ហ្គ្រិកដែរ។

លោក​ ឆេង​ គឹមឡុង ​សាស្ត្រា​ចារ្យ​សេដ្ឋ​កិច្ច​នៃ​សាកល​វិទ្យា​ល័យ​កម្ពុជាបាន​ព្យាករណ៍​ថា​ ប្រទេស​កម្ពុជា​ក៏​អាច​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញ​វត្ថុ​ដែរ​ ប្រសិន​បើ​ប្រទេស​នេះ​មាន​បំណុល​កាន់​តែ​ច្រើន​ឡើង។

«ខឿន​សេដ្ឋ​កិច្ច​យើង​ពឹង​ផ្អែក​លើ​វិស័យ​បួន ​ហើយ​បួន​ហ្នឹង​ទៀត​ទន់​ជ្រាយ​ណាស់​ ដូច​ជា​ វាយ​នភណ្ឌ​ ទេសចរណ៍​ housing។ អត់​សូវ​ប៉ះ​ពាល់តែ​កសិកម្ម​មួយ​ទេ។​ កាល​ណា​យើង​ប៉ះ​ពាល់​អាហ្នឹង​ ចំណូល​របស់​រដ្ឋា​ភិបាល​ក៏​តិច​ទន្ទឹម​នឹង​យើង​ខ្ចី​លុយ​គេ​ច្រើន​ ហើយ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ គេ​ហៅ​ថា​ រយៈ​ពេល​អនុគ្រោះ ​គឺ​យើង​អត់​ត្រូវ​សង ​ប៉ុន្តែ​បន្ទាប់​ពី​ពេល​ហ្នឹង​មក ​យើង​ត្រូវ​សង​គេ ​ចាប់​ផ្តើម​សង​ គឺ​ការ​ប្រាក់​កើន​រហូត។ ​ទន្ទឹម​នឹង​ពេល​យើង​មាន​លទ្ធ​ភាព​បង្កើន​ចំណូល​តិច​ផង​ គឺ​យើង​ចំា​បាច់​ត្រូវ​តែ​ខ្ចី​គេ​បន្ថែម ហើយ​អញ្ចឹង​បំណុល​កាន់​តែ​ច្រើន​ហើយ​ ​ហើយ​នឹង​មាន​ឱន​ភាព​ដូច​ហ្គ្រិក»។

លោក​ ឆេង​ គឹម​ឡុង​ បន្ថែម​ថា ​ប្រសិន​បើ​កម្ពុជា​មិន​អាច​រក្សា​លំនឹង​សេដ្ឋ​កិច្ច​ អ្នក​វិនិយោគ​ក៏​នឹង​ដក​ទុន​ចេញ​ដូច​ប្រទេស​ហ្គ្រិក​ដែរ។ ​ការ​វិនិយោគ​បរទេស​នៅ​កម្ពុជាស្ថិត​ក្នុង​ស្ថាន​ភាព​ទន់​ខ្សោយ​នៅ​ឡើយ ​បើ​ធៀប​ជា​មួយ​ប្រទេស​ជិត​ខាង។

លោក​ ឌិន​ វីរៈ ​សាស្ត្រា​ចារ្យ​សេដ្ឋ​កិច្ច ​និង​ជា​សមាជិក​សមាគម​សេដ្ឋ​កិច្ច​កម្ពុជា​ ក៏​យល់​ឃើញស្រដៀង​គ្នា​ដែរ​ថា​ ប្រទេស​កម្ពុជា​អាច​ជួប​បញ្ហា​ហិរញ្ញ​វត្ថុ​ ប្រសិន​បើ​មាន​ការ​ធ្លាក់​ចុះ​ខ្លំាង​នូវ​ថវិកា​ឧបត្ថម្ភ​ដោយ​ម្ចាស់​ជំនួយ។ ​ប៉ុន្តែ​លោក​សាស្ត្រារ្យ​ ឌិន​ វីរៈ ​ជឿ​ជាក់​ថា​ រដ្ឋាភិបាល​ទំនង​ជា​បាន​ត្រៀម​ចំណូល​ពី​ប្រេង​ និង​ឧស្ម័ន​ដែល​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​នៅ​ដំណាច់​ឆ្នាំ​២០១២​ ដើម្បី​ជំនួស​ថវិកា​ដែល​ធ្លាប់​ទទួល​បាន​ពី​ម្ចាស់​ជំនួយ។

លោក​ Douglas ​Broaderick ​អ្នក​សម្រប​សម្រួល​អង្គការ​សហ​ប្រជា​ជាតិ​នៅ​កម្ពុជា ​បាន​ជួយ​បន្ថែម​ថា​ កំណើន​សេដ្ឋ​កិច្ច​ ដែល​ជួយ​បង្កើន​ចំណូល​សារពើ​ពន្ធ​ចូល​រដ្ឋ​នោះ​ ក៏​អាច​ឲ្យ​ប្រទេស​កម្ពុជា​កាត់​បន្ថយ​ការ​ខ្ចី​បុល​ពី​បរទេស​ដែរ។​ ដូច្នេះ​លោក​ជឿ​ថា​ កម្ពុជា​ស្ថិត​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​ជាង​ប្រទេស​ហ្គ្រិក។

ទោះ​យ៉ាង​ណា ​លោក​ស្រី ​Amy ​Wong ​មន្ត្រី​កិច្ច​ការ​សេដ្ឋ​កិច្ច​នៃគណៈ​កម្មការ​សង្គម​ និង​សេដ្ឋ​កិច្ច​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ ​ឬ​ UNESCAP ​បាន​ថ្លែង​ថា ស្ថាន​ភាព​របស់​ប្រទេស​ហ្គ្រិច​បាន​ឆ្លុះ​បញ្ចំាង​ឲ្យ​រដ្ឋា​ភិបាល​នៃ​ប្រទេស​នានា​តាម​ដាន​ពី​សភាព​ការណ៍ហិរញ្ញ​វត្ថុ​របស់​ខ្លួន​ ហើយ​ប្រទេស​កម្ពុជា​ដែល​មាន​សេដ្ឋ​កិច្ច​តូច​ចង្អៀត​ ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចំណាយ​ដែរ​ ជា​ពិសេស​ប្រុង​ប្រយ័ត្ន​លើ​ការ​រក្សា​លំនឹង​សេដ្ឋ​កិច្ច។

«វាគឺ​ជា​បញ្ហា​មួយ​នៅ​ក្នុង​ការ​តាម​ដាន​ ដែល​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន។​ ដូច្នេះ​ការ​រក្សា​បាន​នូវ​លំនឹង​មីក្រូ​សេដ្ឋកិច្ច​ ជា​រឿង​សំខាន់​តាម​រយៈ​ការ​បន្ទាប​ឱនភាព​ថវិកា​រដ្ឋា​ភិបាល​ ដែល​អាច​ធ្វើ​ឲ្យ​អត្រា​បំណុល​ធ្លាក់​ចុះ ​ហើយ​ត្រូវ​បិទ​គម្លាត​សង្គម​ ព្រោះ​ថាយើង​មិន​គួរ​ផ្តោត​តែ​ទៅ​លើ​កំណើន​សេដ្ឋ​កិច្ច​នោះ​ទេ ​ប៉ុន្តែ​ត្រូវ​ជួយ​អ្នក​ក្រ​និង​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​បរិស្ថាន»។

លោក ​ហង្ស ​ជួន​ណារ៉ុន ​អគ្គ​លេខាធិ​ការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ​មាន​ប្រសាសន៍​ថា ​ រដ្ឋា​ភិបាល​កម្ពុជា​បាន​ធ្វើ​ការ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រៀបចំ​ផែន​ការ​ចំណូលនិង​ចំណាយ​ ដែល​អាច​ធានា​បាន​ថា​ ប្រទេស​កម្ពុជា​នឹង​មិន​មាន​វិបត្តិ​ហិរញ្ញ​វត្ថុ​ដូច​ប្រទេស​ហ្គ្រិក​នោះ​ទេ។

ដោយ​ឡែក ​សម្រាប់​ការ​វិនិយោគ​វិញ ​ អ្នក​សេដ្ឋ​កិច្ច​និយាយ​ថា​ លំហូរ​ទុន​វិនិយោគ​ពី​បរទេស​ចូល​មក​ប្រទេស​កម្ពុជា​អាច​រង​ផល​ប៉ះពាល់​ដោយ​ប្រយោល ​និង​តិច​តួច​ ត្បិត​ប្រទេស​មួយ​ចំនួន​ដែល​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ទំនង​ជា​រង​ឥទ្ធិ​ពល​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​នៅ​ប្រទេស​ហ្គ្រិក ដែល​ធ្វើ​ឲ្យពួក​គេ​ដក​ថយ​ពី​ផែន​ការ​វិនិយោគ​មួយ​រយៈ៕

XS
SM
MD
LG