ប្រទេស​ក្រិក​ត្រៀម​ខ្លួន​មិន​សង​បំណុល​ឲ្យ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ

មនុស្ស​ម្នា​ឈរ​តំរង់​ជួរ​គ្នា​ដើម្បី​ប្រើប្រាស់​ម៉ាស៊ីន​អេធីអឹម (ATM) នៅ​ខាង​ក្រៅ​ធនាគារ​ដែល​បិទ​ទ្វារ​ នៅ​ក្បែរ​ស្លាក​សញ្ញា​នៅ​លើ​ដើម​ឈើ​ ដែល​សរសេរ​ថា «ទេ» ក្នុង​ក្រុង​អាថែន (Athens) កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០១៥។

ធនាគារ​ក្នុង​ប្រទេស​ក្រិក​នៅ​តែ​បន្ត​បិទ​ទ្វារ​នៅ​ថ្ងៃ​អង្គារ​នេះ​ ក្នុង​ខណៈ​ដែល​ប្រទេស​នេះ​ហាក់​ដូចជា​រៀប​ចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ប្រកាស​ជា​ផ្លូវ​ការអំពី​ការ​មិន​សង​ប្រាក់​បំណុល​ចំនួន១​ពាន់​៨រយ​លាន​ដុល្លារ​ ដែល​ខ្លួន​ជំពាក់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ហៅជា​អង់គ្លេស​ថា International Monetary Fund (IMF)។

នៅ​ពេល​ដែល​អនាគត​សេដ្ឋកិច្ច​របស់​ក្រិក​នៅ​មិន​ដឹង​ច្បាស់លាស់​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រសួង​ហិរញ្ញវត្ថុ​ប្រទេស​ក្រិក​និយាយ​ថា​ ធនាគារ​ប្រមាណ​១​ពាន់​សាខា​នៅ​ទូទាំង​ប្រទេសនឹង​បើក​ទ្វារ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ទទួល​ប្រាក់​សោធននិវត្តន៍​ ដែល​ភាគ​ច្រើន​មិន​មាន​កាត​អេធីអឹម (ATM) អាច​បើក​លុយ​បាន​គ្រប់គ្រាន់​សម្រាប់​ចាយ​វាយ​ក្នុង​សប្តាហ៍​នេះ។

ប្រទេស​ក្រិក​នឹង​ធ្វើ​ប្រជាមតិ​នៅ​ថ្ងៃ​ទី​៥​ ខែ​កក្កដា​ លើ​វិធានការ​ត្បិត​ត្បៀត​ដ៏​តឹងរឹង​ថ្មី​របស់​ទ្វីប​អឺរ៉ុប ដែល​លោក​នាយក​រដ្ឋ​មន្រ្តី​ក្រិក Alexis Tsipras បាន​ប្រឆាំង​ជំទាស់។

លោក Tsipras​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​នឹង​គោរព​តាម​លទ្ធផល​នៃ​ការ​ប្រជាមតិ​ តែ​លោក​ព្រមាន​ថា​ រដ្ឋាភិបាល​និយម​ឆ្វេង​របស់​លោក​នឹង​មិន​ធ្វើ​តាម​កំណែ​ទម្រង់​ថ្មី​ទាំង​នោះ​ទេ។​ ម្ចាស់​ប្រាក់​បំណុល​នៃ​ទ្វីប​អឺរ៉ុប​ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ទាំង​នេះ​ ដើម្បី​ប្តូរ​នឹង​ការ​ផ្តល់ប្រាក់​សង្គ្រោះ​ថ្មី​ជា​ច្រើន​ពាន់​ដុល្លារបន្ថែម​ទៅ​ឲ្យ​ប្រទេស​ក្រិក៕