ប្រធាន​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​មិន​ចង់​ឃើញ​រដ្ឋសភា​ដឹកនាំ​ដោយ​ឯក​បក្ស

លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថ្លែង​សារ​នយោបាយ​មុន​ដង្ហែ​ក្បួន​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន (Grassroots Democratic Party​ ឬ​ GDP) នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ចាប់​ផ្តើម​យុទ្ធ​នា​ការ​ឃោ​ស​នា​រក​សំឡេង​ឆ្នោត​សម្រា​ប់​ការ​បោះ​ឆ្នោ​ត​ជ្រើស​តាំង​តំ​ណាង​រាស្ត្រ នា​ថ្ងៃ​ទី​២៣ ខែ​កក្កដា​ខាង​មុខ អម​ដោយ​សារ​ន​យោ​បាយ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​គោល​នយោ​បាយ​ក្នុង​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ផង​ដែរ។

បន្ថែម​ពី​នេះ មេដឹកនាំ​របស់​គណ​បក្ស​មួយ​ក៏​លើក​ឡើង​ពី​សារៈ​សំខា​ន់​នៃ​ពហុ​បក្សនៅ​ក្នុង​រដ្ឋ​សភា។

មុន​ពេល​ចេញ​ក្បួន​ឃោសនា​តាម​ដង​ផ្លូវ លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន បាន​ថ្លែង​អំពាវ​នាវ​ទៅ​កាន់​ប្រជា​ពលរដ្ឋឱ្យ​ទៅ​បោះ​ឆ្នោត ហើយ​កុំ​បំផ្លាញ​សន្លឹក​ឆ្នោត​របស់​ខ្លួន បើ​ទោះ​មិន​មាន​គណបក្ស​ជំទាស់​ដ៏​ធំ គឺ​គណ​បក្ស​ភ្លើង​ទៀន។ លោក​បង្ហាញការ​ព្រួយ​បារម្ភ​អំពី​រដ្ឋសភា​ឯកបក្ស ប្រសិន​បើ​គណបក្ស​ជំទាស់​មិន​ឈ្នះ​អាសនៈ​សូម្បី​តែ​មួយ​ក្នុង​ចំណោម​អាសនៈ​សរុប​ចំនួន​១២៥។

លោក​បញ្ជាក់​ថា៖ «ការ​ដឹកនាំ​ប្រទេស​យើង​នឹង​គឺ​ឱ្យ​មាន​ប្រជាធិប​តេយ្យ​សេរី​ពហុ​បក្ស​ ហើយ​ការ​ដឹកនាំ​ប្រទេ​សមាន​តែ​គណបក្ស​តែ​មួយ មិន​ល្អ​សម្រាប់ស្រុក​ទេស​ទេ​»។

លោក យ៉េង វីរៈ បន្ថែម​ថា​ គោល​នយោបាយ​របស់​គណបក្ស​លោក​មាន​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ត្រឹម​តែ​២អាណត្តិប៉ុណ្ណោះ។

លោក​ថ្លែង​ថា​៖ «អ៊ីចឹង​កាល​ណា​មនុស្ស​ម្នាក់​នៅ​ក្នុង​អំណាច​យូរ​ទៅ ចង់ឬ​មិន​ចង់​មាន​ការ​រំលោភ​អំណាច​ជាយ​ថា​ហេតុ។ ទោះ​ជា​ចង់​មិន​ចង់​នឹង​មាន​និន្នា​ការ​ទាញ​ទៅ​រក​ការ​រំ​លោភ​អំណាច បង្កើត​ឱ្យ​មាន​បក្ខ​ពួក​និយម​នៅ​ក្នុងស្ថាប័ន​ និង​ក្នុង​កិច្ច​ការ​របស់​ខ្លួន»។

លោក យ៉េង វីរៈ សម្តែង​ការ​សោក​ស្តាយ​ចំពោះ​អវត្តមាន​គណ​បក្សភ្លើង​ទៀន​នៅ​ក្នុងការ​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខដោយ​សារ​តែ​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​មិន​ចុះ​បញ្ជី​ឱ្យ​ក្រោម​ហេតុ​ផល​ថា«បាត់បង់​ឯកសារ​ដើម​»។

ទោះ​ជាយ៉ាងណា​ក៏​ដោយ លោក​អំពាវនាវ​ឱ្យប្រជាពល​រដ្ឋ​ទៅ​បោះ​ឆ្នោត​ និង​ថា​ គណ​បក្ស​របស់​លោក​ គឺ​ជា​ជម្រើស​របស់​ខ្លួន​ប្រជាពល​រដ្ឋ​ ដែល​អាច​ការពារ​ប្រយោជន៍​របស់​ពល​រដ្ឋ។

ផ្ទាំង​ប៉ាណូ របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រៀម​ធ្វើការ​ឃោសនា​រក​សំឡេង​ឆ្នោត ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

លោក ស៊ាង ម៉េងសាង អាយុ​២៨ឆ្នាំ​ ជា​អ្នក​គាំទ្រ​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន​ដែល​បាន​ចូលរួម​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​គណបក្សមួយ​នេះ​ថ្លែង​ថា ​លោក​គាំទ្រ​គណបក្ស​មួយ​នេះ​ដោ​យ​សារ​តែ​គោល​នយោបាយ​ជា​ច្រើន​បម្រើ​ប្រយោ​ជន៍​ប្រជាពលរដ្ឋ​ ជាពិសេស​គោល​នយោបាយ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី។

លោក​បន្ថែម​ថា ​ការ​កំណត់​អា​ណត្តិ​នាយក​រដ្ឋ​មន្ត្រី​ជា​ការ​សំខាន់ ​ដើម្បី​កុំឱ្យ​មាន​អំពើ​ពុករលួយ​និង​ខ្សែ​បណ្តាញ​បក្ខពួក​និយម​នៅ​ក្នុងស្ថាប័ន​រដ្ឋ​។

លោក​បញ្ជាក់ថា​៖ «​នៅ​ពេល​ដែល​យើង​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ គឺ​យើង​ធានា​បាន​នូវ​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​តាម​រយៈ​ការ​មិន​ឱ្យ​កើត​មាន​ច្រើន​នូវ​បក្ខ​ពួក​និយម​នៅ​ក្នុង​ស្ថាប័ន ក៏​ដូច​ជា​កន្លែង​ដែល​ជា​ក្បាល​ម៉ាស៊ីន​របស់​រដ្ឋ»។

បើ​តាម​អ្នក​គាំទ្រ​រូប​នេះ បើ​សិន​ជា​នៅ​តែ​គ្រប់​គ្រង​ដោយ​ឯក​បក្ស​ នោះ​បញ្ហា​ដដែល​នៅ​តែ​កើត​មាន​ ដោយ​គ្មាន​ដំណោះ​ស្រាយ​សមរម្យ។

លោក​បញ្ជាក់​ថា​៖ «​ដូច្នេះ​ការ​ដែល​មាន​គណបក្ស​ច្រើន​នៅ​ក្នុង​សភាគឺជា​កិច្ចការ​មួយ​ដ៏​ល្អ​មែន​ទែន​សម្រាប់​គណបក្ស​ទាំង​អស់​គាត់​អាច​បម្រើ​ប្រជាពល​រដ្ឋ​តាម​រយៈ​គោល​ន​យោបាយ​របស់​គាត់។ ជាក់​ស្តែង​គណបក្ស​ប្រជាធិប​តេយ្យ​មូល​ដ្ឋាន​ គឺ​យើង​មាន​១១​ចំណុច​ដែល​ជា​គោល​នយោ​បាយ​អាទិភាព​សម្រាប់​យក​ទៅ​ប​ម្រើ​ប្រជា​ពល​រដ្ឋ​នៅក្នុង​អាណត្តិ​ថ្មី​នេះ​»។

នៅ​ពេល​សួរ​ថា​តើ​លោក​យល់​យ៉ាង​ណា​ដែរ​ចំពោះ​លទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា លោក ស៊ាង ម៉េង​សាង​ អះអាង​ថា ​វា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ដែល​«ពិបាក​ទទួល​យក​មែន​ទែន​»។

លោក នី ឈិន បេក្ខជន តំណាងរាស្ត្រ​មកពី​ខេត្តកំពង់ចាម​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ចូលរួម​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​លោក​ នី​ ឈិន អាយុ​៦៨ឆ្នាំ​ ជាបេក្ខជន​តំណា​ងរាស្ត្រ​របស់​គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន មក​ពី​ខេត្ត​កំពង់​ចាម​ ប្រាប់​វីអូអេ​ថា ​លោក​មក​ចូលរួម​ជាមួយ​គណបក្ស ដោយ​សារ​តែ​គណបក្ស​ជំទាស់​មួយ​នេះ​មិន​ធ្វើ​នយោបាយ​លាប​ពណ៌ ប៉ុន្តែ​ប្រកួត​គ្នា ដើម្បី​ធ្វើ​អំពើ​ល្អ។

លោក​ថ្លែង​ថា៖ «យើង​ធ្វើ​នយោ​បាយ​គឺ​ប្រកួត​គ្នា​ធ្វើ​អំពើ​ល្អ​ មិន​ប្រកួត​គ្នា​បង្អាប់​បន្ទោស​គេ​ទេ។ យើង​ត្រូ​វ​និយា​យ​ពី​ខ្លួន​យើង​ថា ​យើង​ធ្វើ​ល្អអី ដើម្បី​ប្រា​ប់​ប្រជា​ពល​រដ្ឋ​ឱ្យ​ប្រជា​ពល​រដ្ឋ​ដឹង​ថា​ យើង​នេះ​ធ្វើ​អី​ ប្រឆាំង​ដែរ​ ប៉ុន្តែ​យើង​ប្រឆាំង​ដោយ​សន្តិ​វិធី ​គឺ​មិន​ប្រឆាំង​ ដើម្បីកាច់​កុង​ និង​បង្ខូច​បង្កាច់​គេ​ទេ​»។

នៅ​ពេល​និយាយ​ពាក់ព័ន្ធ​ជាមួយ​ការ​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី លោក​អះអាង​ថា ​បើ​មិន​កំណត់​រយៈ​ពេល​នៃ​ការ​ដឹកនាំ​របស់​អ្នក​នយោបាយ​ទេ នោះ​បុគ្គល​ដែល​ស្ថិត​ក្នុង​អំណាច​យូរ នឹង​ធ្វើ​អ្វី ដើម្បី​ប្រយោជន៍​ខ្លួន​និង​ក្រុម​គ្រួសារ​ខ្លួន​តែ​ប៉ុណ្ណោះ។

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន​ ថ្លែង​ថា​ ការ​លើក​ឡើង​នានាអំពី​សភា​ឯក​បក្ស គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។ លោក​ការពារ​ថា ​រដ្ឋ​សភា​ឯក​បក្ស​មែន ប៉ុន្តែ​ការ​ដឹកនាំ​មិន​ផ្តាច់​ការ​នោះ​ទេ ​ហើយ​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ចេញ​ពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​ដែល​សភា​មាន​គណ​បក្ស​តែ​មួយ​ មាន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​តែ​មួយ​នេះ ​គឺ​ថា​មិន​មែន​មាន​ន័យថា​ដឹកនាំ​បែប​ផ្តាច់​ការ ឯកបក្ស​ដូច​ដែល​អ្នក​សារ​ព័ត៌មាន​មួយ​ចំនួន​យល់​ទៅ​តាម​អ្នក​វិភាគ​នយោ​បាយ ឬ​មួយ​ក៏​សង្គម​ទេ ​ពី​ព្រោះ​សភា​ ទោះ​បី​មាន​គណបក្ស​ប៉ុន្មាន​នៅ​ក្នុង​រដ្ឋ​សភា​ក៏​ដោយ ​ក៏​វា​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ហ្នឹង​ឯង»។

មុន​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ខ្លួន​ឃោសនា​រក​សំឡេង​ឆ្នោត​របស់​ខ្លួន​ សមាជិក​គណបក្ស​បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​របស់​លោក កែម ឡី ដែល​ត្រូ​វបាន​ធ្វើឃាត​កាល​ពី​ថ្ងៃទី​១០ ខែកក្ក​ដា ឆ្នាំ​២០១៦ ពោលគឺ​កាល​ពី​៧​ឆ្នាំ​មុន។

លោក កែម ឡី ត្រូ​វបាន​ចាត់​ទុក​ថា ​ជា​បិតា​ស្ថាប​និក​នៃ​គណ​បក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន។

គួរបញ្ជាក់ថា​ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៥​ ដោយ​អតីត​មេដឹក​នាំ​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន។ ប៉ុន្តែថ្នាក់​ដឹកនាំ​សំខាន់​ៗ​របស់​គណបក្ស ដែល​ជាស្ថាបនិក​មួយ​រូប ដូច​ជា​លោក យ៉ង សាំងកុមារ និងលោក សាម​ អ៊ីន បាន​ចាក​ចេញ​ពី​គណបក្ស​មួយនេះ​ ហើយ​ចុះ​ចូលជាមួយ​គណ​បក្សប្រ​ជាជន​កម្ពុជា​៕