អ្នក​ជំនាញ៖​ កម្ពុជា​បាន​ប្រើប្រាស់​ពាក្យ​ព័ត៌មាន​ក្លែងក្លាយ​ដាក់​សម្ពាធ​លើ​ការ​ផ្សព្វផ្សាយ​ឯករាជ្យ

រូបឯកសារ៖ កាសែត​ភ្នំពេញ​ប៉ុស្ត​ ​ចាប់ដំណើរការ​តាំងពី​១៩៩២​ ជា​ប្រភព​ព័ត៌មាន​មួយ​ដែល​ប្រជាជនទូទៅចាត់ទុកថា​​​ជា​សារព័ត៌មាន​ឯករាជ្យមួយ, នៅរាជធានីភ្នំពេញ​, នៅថ្ងៃទី ២៣ ខែ​មីនា​ ឆ្នាំ២០១៨ ។ (ខាន់​ សុគុំមនោ/VOA)

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មួយ​ចំនួន​បារម្ភ​ថា ​រដ្ឋាភិបាល​កម្ពុជា​អាច​​ប្រើប្រាស់​លេស​ព័ត៌មាន​ក្លែង​ក្លាយ​ជា​អាវុធ​ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់។

នៅ​ពេល​ដែលអង្គការ​ការពារ​សិទ្ធិ​លីកាដូ​និងសមា​គម​ធាងត្នោត​ រួម​ទាំង​អង្គការ​តម្លា​ភាព​កម្ពុជា ចេញ​របាយការណ៍ដោយ​ឡែកៗ​ពី​គ្នា​ស្តី​ពី​កម្ចី​ពី​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុបណ្តាល​ឲ្យ​មាន​ការ​រំ​លោភ​សិទ្ធិ​មនុស្ស ​និង​បាត់​បង់​ដី​ធ្លី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ក្រីក្រ និង​របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា ​«ចំណុច​ស្តី​ពី​សេចក្តី​សម្រេច​ចិត្ត​ដ៏​សំខាន់​ដែល​ត្រូវ​ធ្វើ​សម្រាប់​កម្ពុជា ឬ Cambodia's crossroads» ​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​បាន​ហៅ​ការផ្សព្វ​ផ្សាយ​របាយការណ៍​នោះ​ថា «ប្រាស​ចាក​ពី​ការ​ពិត​និង​ជា​ព័ត៌មាន​ក្លែងក្លាយ​ (Fake News)​ និង​មាន​បំណង​ទុច្ចរិត....ដែល​អាច​ជា​មធ្យោបាយ​បំពេញ​បំណង​បរទេស​អមិត្ត»។

មុន​នេះ​ពីរខែ លោក​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ហ៊ុន សែន បាន​ហៅ​សេចក្តី​រាយការណ៍​របស់​កាសែត The Wall Street Journal ថា​គឺ​ជា​ផ្សាយ​«ព័ត៌មាន​ប្រឌិត​ដ៏​អាក្រក់​បំផុត»​ប្រឆាំង​កម្ពុជា។ ​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​ធ្វើឡើង​ក្រោយ​ពី​សារព័ត៌មានអាមេរិក​នេះ​សរសេរ​ថា «កម្ពុជា​បាន​ចុះ​ហត្ថ​លេខា​ដោយ​សម្ងាត់​ដែល​អនុញ្ញាត​ឲ្យ​កង​ទ័ព​ជើង​ទឹក​ចិន​តាំង​មូល​ដ្ឋាន​នៅ​ដែន​សមុទ្រ​រាម ក្នុង​ខេត្ត​ព្រះ​សីហនុ»។

លោក ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយ​មួយ​រូប​នៅ​កម្ពុជា​ មើល​ឃើញ​ថា ​រដ្ឋាភិបាល​ប្រើ​ពាក្យ «ព័ត៌មាន​ក្លែងក្លាយ» ​ដើម្បីដាក់​សម្ពាធ​ទៅ​លើ​ស្ថាប័ន​សារព័ត៌មាន។

«គេ​មិន​អាច​ប្រកែក​បាន​ក្នុង​បរិបទ​នយោបាយ​ដែល​មាន​ភាព​តានតឹង​នា​ពេល​បច្ចុប្បន្ន»។

លោក ណុប វី ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) រដ្ឋា​ភិបាល​មាន​និន្នាការ​ដាក់​ការ​គាប​សង្កត់​លើ​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ពាក្យព័ត៌មាន​ក្លែង​ក្លាយ​នេះ។

«ខ្ញុំ​គិត​ថា អា​ហ្នឹង​គ្រាន់​តែ​ជា​លេស​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​ចង់​គំរាម​កំហែង​ ឬ​ក៏​ជា​ទិសដៅ​មួយ​នៃ​ការ​រឹត​ត្បិត ឬ​មួយ​ជា​សារ​មួយ​ដែល​គំរាម​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ពិនិត្យ​មើល​នូវ​ចន្លោះ​ខ្វះខាត ឬ​ក៏​ចន្លោះ​ប្រហោង​ដែល​រដ្ឋាភិបាល​ធ្វើ​ទេ»។

កាល​ពី​ពាក់​កណ្តាល​ខែ​សីហា ​ក្រសួង​ព័ត៌មាន​បាន​ព្រមាន​ថា ខ្លួន​នឹង​ដក​អាជ្ញា​បណ្ណ​ពី​បណ្តាញ​សារព័ត៌មាន​បោះពុម្ព និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទាំងឡាយ​ណា​ ដែល​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ខៀវ កញារីទ្ធ ធ្លាប់​បាន​លើក​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​ នៅ​ឯ​ខេត្ត​សៀមរាប ​ថា ​«ព័ត៌មាន​ក្លែង​បន្លំ» ជា​ការ​ «បារម្ភ​សាកល» ដែល​លោក​ថា​ ប្រទេស​ទាំង​អស់​ត្រូវ​តែ​ចាត់​វិធានការ។ តំណាង​បណ្តា​ប្រទេសដែល​ចូល​រួម​បាន​ឯកភាព​គ្នា​បង្កើត​ផែនការ​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ថ្នាក់​តំបន់​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​បន្លំ (fake news) នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។ តំបន់​នេះ​ដែលមាន​រដ្ឋាភិបាល​ជា​ច្រើន​បាន​បង្ក្រាប​លើ​បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​ក្នុង​ប្រទេស​ខ្លួន ក្នុង​នោះ​ក៏​មានប្រទេស​កម្ពុជា​ផងដែរ។

ផែនការ​ស្រាវជ្រាវ​ថ្មីខាង​លើនេះ​បាន​នាំ​ឲ្យ​មាន​ក្តី​បារម្ភ​ពី​សំណាក់​ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន។

លោក ឡៅ ម៉ុងហៃ បន្ថែមទៀត​ថា ប្រទេស​ដែល​មាន​ការ​អនុវត្ត​ច្បាប់​រឹងមាំ​ ការ​ប្រឆាំង​នឹង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិតអាចធ្វើ​ឡើង​តាម​ផ្លូវ​តុលាការ។

«នៅ​ប្រទេស​ប្រជាធិបតេយ្យ ដែល​មាន​នីតិរដ្ឋ​គេ​រឹងមាំ ដែល​តុលាការ​គេ​ឯករាជ្យ​ឥត​លម្អៀង​ហ្នឹង អាហ្នឹង​បើ​មាន​ការ​ចោទប្រកាន់​អី​ទៅ អាហ្នឹង​គេ​ទៅ​តុលាការ​រក​ការពិត​រក​យុត្តិធម៌​ផង»។

ព័ត៌មាន​ក្លែងក្លាយ​ ឬFake news គឺជា​ព័ត៌មានដែល​ត្រូវ​គេ​បង្កើត​ឡើង​ដើម្បី​ឲ្យ​មហាជន​ជឿ​ថា ជា​ព័ត៌មាន​ពិត​មួយ​សម្រាប់បម្រើ​គោលដៅ​ជា​ច្រើន​ ដូចជា​ដើម្បី​ផល​ប្រយោជន៍នយោបាយ ​ពាណិជ្ជកម្ម ឬអាច​បង្ក​ភាព​ច្របូក​ច្របល់។

អ្នក​ជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយមួយ​ចំនួន​បារម្ភ​ថា ​រដ្ឋាភិបាល​កម្ពុជា​អាចប្រើប្រាស់​លេស​ព័ត៌មាន​ក្លែង​ក្លាយ​ជា​អាវុធ​ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់។

លោក មាស សុភ័ណ្ឌ អ្នក​នាំពាក្យ​ក្រសួងព័ត៌មាន​ បាន​លើកឡើង​ថា គេ​ត្រូវ​មាន​ការ​វែកញែក​ឲ្យ​ដាច់​គ្នា​រវាង​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​រិះគន់។

«ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​យើង​ត្រូវ​យល់ថា អ្វី​ទៅ​ជា​ព័ត៌មាន​ក្លែងក្លាយ ហើយ​អ្វី​ទៅ​ដែល​ជា​ព័ត៌មាន​រិះគន់​ដែល​យើង​ត្រូវ​ចែក​គ្នា​ឲ្យ​ដាច់។ យើង​មិន​អាច​ដាក់​ព័ត៌មាន​ពីរ​ហ្នឹង​ឲ្យ​ទៅ​ជា​ ព័ត៌មាន​តែ​មួយ​នោះ​ទេ»។

លោក មាស សុភ័ណ្ឌ ​បន្ត​ថា «វា​ជា​តួនាទី​របស់​អ្នកសារព័ត៌មាន» ​ក្នុង​ការបែងចែក​រវាង​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​បែប​រិះគន់​ស្ថាបនា។

ចំណែកឯ​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លើក​ឡើង​ថា ​អង្គភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រ័ពន្ធ​អ៊ីនធឺណិត និង​អង្គភាព​អ្នកនាំពាក្យ​នៅ​កម្ពុជា មាន​តួនាទី​ពិនិត្យ​មើល និង​ចាត់​ចំណាត់​ការ​ នៅ​ពេល​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ដែល​អាច​បង្ក​ការ​ប៉ះពាល់​ណា​មួយ។​

«នៅ​ក្នុង​សាច់រឿង​ហ្នឹង​គ្មាន​អ្វី​ក្រៅ​តែ​ពី​ផ្តល់​នូវ​ព័ត៌មាន​ពិតប្រាកដ ជូន​ដល់​មហាជន​ ដើម្បី​ការ​ដឹង​ការ​យល់។ នៅ​ក្នុង​ការ​វិភាគ​មើល​ថា​តើ​ព័ត៌មាន​ហ្នឹង​ក្លែងក្លាយ ឬ​មិន​ក្លែងក្លាយ​ ទៅ​តាម​ទិដ្ឋភាព​នៃ​ព័ត៌មាន​ តើ​មាន​មូលដ្ឋាន​ពិតប្រាកដ​ ដែល​ជា​ប្រភព​គេ​យក​មក​ប្រើប្រាស់​ ឬ​អត់»។

ទោះជា​យ៉ាង​ណា​ មិន​ទាន់​មានអ្នក​សារព័ត៌មាន​ណា​ម្នាក់ ឬស្ថាប័ន​ណាមួយ​ទទួល​រង​បណ្តឹង​តាម​ផ្លូវ​តុលាកា​រពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី «ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬfake news នោះ​ទេ»។​ ប៉ុន្តែអ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន​ដែលបាន​រិះគន់រដ្ឋា​ភិបាល​ ឬ​សរសេរ ឬធ្វើ​សកម្មភាព​រសើប​ដែល​អាជ្ញា​យល់​ថា​ធ្វើ​ឲ្យ​ប៉ះពាល់ដល់​សង្គម​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដូច​ករណី​លោក គង់ រ៉ៃយ៉ា ជាដើម។

លោក​គង់ រ៉ៃយ៉ា ដែល​បាន​បង្ហោះ​លក់​អាវ​យឺត​ដែល​មាន​សំណេរ​របស់​លោក​បណ្ឌិត កែម ឡី ចំ​ថ្ងៃ​ខួប​បី​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​រូប​លោក ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញោះញុង​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។

លោក​ឧត្តម​សេនីយ៍ ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​មាន​ប្រសាសន៍​ថា ការ​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយដើម្បី​បង្ក​ការ​ញុះញង់​ឲ្យ​មាន​អំពី​ហិង្សា​គឺ​ជា​អំពើ​ខុស​ច្បាប់។

«សារ​ព័ត៌មាន​វា​ផ្សេង។ សារព័ត៌មាន​ដែល​សរសេរ​ហ្នឹង​ អត់​មាន​ជាប់​គុក​ទេ។ ប៉ុន្តែ​តាម​ច្បាប់​ព្រហ្ម​ទណ្ឌ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ក្លែងក្លាយ​ គឺ​គេ​មាន​ទោស​របស់​គេ​ហើយ។ គេ​ប្រើច្បាប់​ហ្នឹង»។

លោក ប៉ែន បូណា ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​អ្នក​សារព័ត៌មាន​ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ ដោយ​ធ្វើ​ផ្ទៀងផ្ទាត់​មុន​នឹង​ផ្សព្វផ្សាយ ក៏ដូចជា មិន​ចែក​ចាយ​ព័ត៌មាន​ក្លែងក្លាយ។ លើស​ពី​នេះ លោក​ ប៉ែន បូណា ក៏​ស្នើ​ឲ្យ​ពលរដ្ឋមាន​យល់ដឹង​ជា​មូលដ្ឋាន​ខ្លះៗ​ក្នុង​ការ​ថ្លឹងថ្លែង​ទៅ​លើ​ព័ត៌មាន​ជា​ទូទៅ​ផង​ដែរ។

ជាមួយ​គ្នា​នេះ លោក មាស សុភ័ណ្ឌ​ អ្នក​នាំ​ពាក្យ​ក្រសួងព័ត៌មាន គូស​បញ្ជាក់ថា ក្រសួង​ក៏​លើក​ទឹក​ចិត្ត​ឲ្យ​គ្រប់​សា្ថប័ន​ព័ត៌មាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​តាម​តថភាព​ពិតប្រាកដ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ។ លោក​បាន​បន្ថែម​ថា ក្រសួង​ព័ត៌មាន​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​ដើម្បី​អប់រំ​ដល់​ពលរដ្ឋ​ដើម្បី​ស្វែង​កាន់​តែ​ច្រើន​អំពី​ព័ត៌មាន​ក្លែងក្លាយ៕