លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York កាលពីថ្ងៃសុក្រពីវឌ្ឍនភាពរបស់កម្ពុជានិងការរក្សាសន្តិភាពដែលនាំឱ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតឃុំប្រឹក្សាឃុំសង្កាត់កាលពីខែមិថុនាដែលគ្មានគណបក្សសង្គ្រោះជាតិចូលរួម។ ស្របពេលគ្នានោះដែរ សហគមន៍ខ្មែរអាមេរិកាំងបានធ្វើបាតុកម្មទាមទារឱ្យគោរពលទ្ធិប្រជាធិបតេយ្យនិងគោរពសិទ្ធិមនុស្សប្រសើរឡើងវិញ និងដោះលែងអ្នកទោសនយោបាយ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ការកោតសរសើរនិងគាំទ្រយ៉ាងពេញទំហឹងរបស់ប្រជាជនកម្ពុជាលើកិច្ចខិតខំប្រឹងប្រែងឥតស្រាកស្រាន្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាសន្តិភាព ស្ថិរភាពនយោបាយ កិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ចនិងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ប្រកបដោយភាពជោគជ័យបានជំរុញឱ្យមានការបោះឆ្នោតទុកចិត្តជូនគណបក្សកាន់អំណាចយ៉ាងលើសលប់»។
គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចបានឈ្នះគ្រប់គ្រងលើឃុំសង្កាត់ចំនួន១.៦៤៨ក្នុងចំណោមឃុំសង្កាត់សរុប១.៦៥២ដោយគណបក្សភ្លើងទៀនទទួលបានតែ៤ឃុំប៉ុណ្ណោះ។ នេះបើតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក ហ៊ុន សែន បានបន្តប្រាប់ដល់មហាសន្និបាតថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នោះបានដំណើរការទៅដោយ «សេរី យុត្តិធម៌ សន្តិភាព និងតម្លាភាព»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងពីជោគជ័យជាច្រើនទៀតក្រោមការដឹកនាំរបស់លោកក្នុងនោះមានការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ទាក់ទងទៅនឹងបេសកកម្មរក្សាសន្តិភាពកម្ពុជាបានបញ្ជូនកងកម្លាំងរាប់ពាន់នាក់ដើម្បីបំពេញបេសកកម្មក្នុងបណ្តាប្រទេសដែលកំពុងជួបវិបត្តិ»។
ប៉ុន្តែនៅខាងមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិវិញ បាតុករខ្មែរអាមេរិកាំងប្រហែលជាង២០០នាក់បានទាមទារឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅប្រទេសកម្ពុជានិងដោះលែងអ្នកទោសនយោបាយក្នុងនោះមានកញ្ញា សេង ធារី ដែលជាអ្នកច្បាប់ខ្មែរអាមេរិកាំងផងដែរ។
អ្នកស្រី ធិត គឹមហ៊ុន អ្នករៀបចំបាតុកម្មបានថ្លែងថា៖ «រូបភាពចូលរួមនឹងអង្គការសហប្រជាជាតិជាការល្អដែលគាត់ចូលរួមជាមួយអ្នកប្រជាធិបតេយ្យប៉ុន្តែសូមកុំភ្លេចនូវការអនុវត្ត។ ពាក្យសម្តីយើងអាចនិយាយបានប៉ុន្តែការអនុវត្តលំបាកណាស់។ អ៊ីចឹងសូមឱ្យលោក ហ៊ុន សែន ដើម្បីឱ្យប្រជាពលរដ្ឋជឿជាក់ថា គាត់មានការផ្លាស់ប្តូរ មានភាពវិជ្ជមានក្នុងការលើកឡើងគាត់ត្រូវដោះលែងកញ្ញា សេង ធារី ដោះលែងអ្នកទោសមនសិការហើយ ឱ្យមានការបោះឆ្នោតត្រឹមត្រូវយ៉ាងយុត្តិធម៌មួយ»។
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ គណបក្សភ្លើងទៀនដែលបានប្តូរឈ្មោះមកពីគណបក្ស សម រង្ស៊ី បានទទួលសំឡេងគាំទ្រចំនួនជាង១,៦លានដែលត្រូវជា២២%នៃអ្នកដែលបានចេញទៅបោះឆ្នោត ក្រោយពីគណបក្សនេះធ្វើសកម្មភាពរយៈពេលតែ៣ខែប៉ុណ្ណោះមុនការបោះឆ្នោត។
លោក ឬទ្ធី អ៊ុង ប្រធានគណបក្សសង្គ្រោះជាតិអាមេរិកបានថ្លែងថា៖ «ជាកត្តាមួយសឱ្យឃើញថាបងប្អូនខ្មែរនៅតែចង់ឃើញប្រទេសកម្ពុជាមានការកែប្រែវិជ្ជមានដោយសន្លឹកឆ្នោត។ បងប្អូនខ្មែររង់ចាំយូរហើយ»។
ក្រុមបាតុករទាមទារឱ្យអន្តរជាតិផ្អាកថវិកានិងកុំឱ្យទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតជាតិដែលគ្រោងធ្វើនៅខែកក្កដាឆ្នាំ ២០២៣ រហូតដល់មានបរិយាកាសបោះឆ្នោតដោយសេរី និងយុត្តិធម៌ពិតប្រាកដក្នុងនោះមានការចូលរួមសង្កេតការណ៍ពីអន្តរជាតិ។
លោក ឬទ្ធី អ៊ុង បានបន្ថែមថា៖ «យើងមិនសង្ឃឹមថាលោក ហ៊ុន សែន ផ្លាស់ប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេក៏ប៉ុន្តែយើងសំអាងទៅលើអន្តរជាតិជំរុញឱ្យមានអ្នកត្រួតពិនិត្យសន្លឹកឆ្នោតពីអន្តរជាតិ ឱ្យមានការតាមដានពីអន្តរជាតិហើយអនុញ្ញាតឱ្យបងប្អូនដែលជាបេក្ខជនធ្វើការឃោសនាបោះឆ្នោតដោយត្រឹមត្រូវដោយគ្មានការបង្ខិតបង្ខំ»។
បាតុកម្មនេះក៏មានការចូលរួមពីបាតុករជនជាតិមីយ៉ាន់ម៉ាផងដែរដែលប្រឆាំងនឹងការដឹកនាំនៃរបបយោធានៅក្នុងប្រទេសរបស់ពួកគេដែលបានឡើងកាន់អំណាចកាលពីខែកុម្ភៈឆ្នាំមុនដោយធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់អ្នកស្រី Aung San Suu Kyi (អោង សានស៊ូជី)។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បញ្ហាមីយ៉ាន់ម៉ាគឺជាវិបត្តិ«ស្មុគ្រស្មាញ» ប៉ុន្តែក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន កម្ពុជាប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការជួយមីយ៉ាន់ម៉ាដោះស្រាយវិបត្តិនេះ។
លោក ហ៊ុន សែន បានបន្ថែមថា៖ «ហើយកិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គឺសំដៅស្វែងរកការបញ្ចប់អំពើហិង្សា ការនាំមកនូវជំនួយមនុស្សធម៌ដល់ប្រជាជនខ្វះខាតនិងការស្វែងរកការកសាងទំនុកចិត្តក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធសំដៅបើកឱ្យមានការសន្ទនានយោបាយរួមមួយដូចដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុចរបស់អាស៊ាន»។
លោក កៅ គឹមហួន រដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីបានថ្លែងប្រាប់វីអូអេដែរថា៖ «ខ្ញុំថាលើពិភពលោកនេះប្រទេសណាក៏មានបញ្ហាសិទ្ធិមនុស្សដែរប៉ុន្តែអ្វីដែលសំខាន់គឺយើងធ្វើបានជោគជ័យជាច្រើនហើយការងារនេះគេហៅថាការងារវឌ្ឍនភាពដែលត្រូវធ្វើជាបន្តបន្ទាប់ទៅមុខទៀតដោយសារប្រទេសយើងជាប្រទេសត្រូវឆ្លងកាត់ការលំបាកជាច្រើនទាំងរបបប្រល័យពូជសាសន៍ខ្មែរក្រហម»។
លោក កៅ គឹមហួន បន្ថែមថា ការលើកកម្ពស់សិទ្ធិមនុស្សជាការងារដែលរដ្ឋាភិបាលបន្តធ្វើជាប្រចាំ៖ «ការងារប្រជាធិបតេយ្យ សិទ្ធិមនុស្សការងារសិទ្ធិរបស់យើងទាំងអស់គ្នានេះ។អ្វីដែលយើងកំពុងធ្វើនៅកម្ពុជាគឺយើងកំពុងជំរុញហើយ»។
បើទោះបីជារាជរដ្ឋាភិបាលកម្ពុជាថ្លែងពីជោគជ័យនិងវឌ្ឍនភាពក្នុងរយៈពេល៣០ឆ្នាំមកនេះដែលក្នុងពេលដែលកម្ពុជាធ្លាប់តែទទួលជំនួយពីអង្គការសហប្រជាជាតិ ហើយបែរមកចូលរួមចំណែកក្នុងបេសកកម្មរបស់អង្គការសហប្រជាជាតិ ក៏ប៉ុន្តែការបោះឆ្នោតជាតិនៅឆ្នាំ២០២៣ខាងមុខនេះគឺជាការបង្ហាញការអនុវត្តលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ជាពិសេសជោគជ័យដែលកម្ពុជាអះអាងថា ទទួលបានក្នុងនាមជាប្រទេសមួយនិងក្នុងនាមជាប្រធានរបស់សមាគមអាស៊ានផងដែរ៕