រដ្ឋាភិបាល​គ្រោង​​កោះ​ហៅ​អង្គការ​ក្នុង​ស្រុក​ពីរ​​ដើម្បី​សាកសួរ​អំពី​របាយការណ៍​មីក្រូហិរញ្ញវត្ថុ​

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុងសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយសន្តិសុខជាតិ» នៅទីស្តីការគណៈរដ្ឋមន្រ្តី រាជធានី​ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

គម្រោង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ​ទាំង​ពីរ​បាន​​ចេញ​របាយការណ៍​មួយ​ដែល​បង្ហាញ​ថា​ មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់​ដូចជា​រងគ្រោះ​ដោយសារ​កម្ចី​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

រដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​កោះហៅ​តំណាងអង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ​គឺអង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ (Licadho)​ និង​សមាគម​ធាង​ត្នោត​ ដើម្បី​មកពន្យល់អំពី​របាយការណ៍​ស្តីពី​ប្រាក់​កម្ចីពីគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។​របាយការណ៍​របស់​អង្គការ​ទាំង​ពីរ​បង្ហាញ​ពី​ជន​រងគ្រោះ​រហូត​ដល់បាត់បង់​ដីធ្លី​និង​ផ្ទះ​សម្បែងដោយ​សារ​ការ​ខ្ចី​បុល​នេះ។​

លោក ​ផៃ​ ស៊ីផាន ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​និង​ជា​អ្នក​នាំពាក្យ​រដ្ឋាភិបាល ​បាន​បង្ហើប​ឲ្យ​ដឹងថា លោក​គ្រោង​នឹង​កោះ​ហៅ​អង្គការ​ទាំង​ពីរ​នៅ​សប្តាហ៍​ក្រោយ​នេះ៖

«ខ្ញុំ​នឹង​ត្រៀម​លក្ខណៈ​នឹង​អញ្ជើញ​គាត់​មក​ចូលរួម​ ដើម្បី​ជជែក​គ្នា​ តើ​ការ​លើក​របស់​គាត់​ហ្នឹង​ វា​ត្រឹម​ត្រូវ​ដែរ​ឬទេ? គាត់​មាន​ទឡ្ហីករណ៍​អី​ខ្លះ​ ​ខ្ញុំ​នឹង​រៀប​ចំ​វេទិកាមួយ​បិទ​ទ្វារ​ សម្រាប់​អញ្ជើញ​ធនាគារ​ សម្រាប់​អញ្ជើញ​ខាង​ផ្នែក​ស្រាវជ្រាវ​ ទាំងអស់​គ្នា​ មក​អង្គុយ​ជជែក​គ្នា»។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក​ផៃ ស៊ីផាន​ អង្គុយ​នៅខាង​ស្តាំ​ដៃ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និង​ផល​ប៉ះពាល់រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​

លោក​ ផៃ​ ស៊ីផាន បញ្ជាក់​ដូច្នេះ​ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​ «ហិរញ្ញវត្ថុ និង​ផល​ប៉ះពាល់» នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្នុង​របាយការណ៍​របស់​ខ្លួនកាល​ពី​ដើម​ខែ​សី​ហា​នេះ ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ និង​សមាគម​ធាងត្នោត​ បាន​រក​ឃើញ​ថា​ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជាង​ ២​លាន​នាក់​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ ហើយ​«ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ កម្រិត​នៃ​បំណុល​របស់​ប្រជាពលរដ្ឋ​បាន​កើន​ឡើង​កាន់​តែខ្លាំង​ឡើងៗ​ ដែល​នេះ​បណ្តាល​ឱ្យអាច​កើត​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ជាច្រើន​ រួម​មាន​ការ​បង្ខំ​ឱ្យ​លក់​ដី ​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កុមារ ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សារបំណុល និង​ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះ​បំណុល»។​

របាយការណ៍ដដែល​បានធ្វើ​ឡើង​នៅឃុំ​ចំនួន​១០ ក្នុង​ខេត្ត​ចំនួន ៤ រួម​ទាំង​រាជ​ធានីភ្នំ​ពេញផងដែរ។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​រួម​បញ្ចូល​ទាំង​ ករណី​សិក្សា​លម្អិត​ចំនួន​៧ នៃការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស បន្ទាប់​ពី​អ្នក​ស្រាវជ្រាវ​បាន​សម្ភាស​អតិថិជន​ចំនួន២៨​នាក់​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

លោក​ ផៃ ស៊ីផាន បាន​លើក​ឡើង​ថា​របាយការណ៍​របស់​អង្គការលីកាដូ​និង​សមាគម​ធាងត្នោត​ គ្រាន់​តែ​«ជាការ​បញ្ចេញ​យោបល់តែ​ប៉ុណ្ណោះ»។​

សន្នសីទព័ត៌មានព័ត៌មាន​ស្តីពី​មីក្រូ​ហិរញ្ញវត្ថុ​ និងផលប៉ះពាល់​ រៀប​ចំ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រាជរដ្ឋាភិបាល​នៅ​ទីក្រុង​ភ្នំពេញ​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)​

លោក​ សឿង​ សារ៉ន នាយកប្រតិបត្តិ​នៃ​សមាគម​ធាងត្នោត​ ស្វាគមន៍​ការ​កោះ​អញ្ជើញ​របស់​មន្ត្រី​រដ្ឋាភិបាល។​លោក​បន្ថែម​ថា ​ជំនួប​ជា​យថាហេតុ​នៅ​សប្តាហ៍​ក្រោយ​នេះ​នឹងជួយ​ពន្យល់​ពី​ការយល់​ច្រឡំ​ដល់ភាគី​ពាក់ព័ន្ធ។

«យើង​ស្វាគមន៍​ឲ្យ​មាន​ជំនួប​ហ្នឹង​ ដើម្បី​បញ្ជាក់​បន្ថែម​អ្វី​ដែល​យើង​រក​ឃើញ​ហ្នឹង​ កុំ​ឲ្យ​ពេល​អាន​ទៅ​មាន​ការ​យល់​ច្រឡំ​អីចឹង​ទៅណា»។

ចំណែក​លោក ​អំ សំអាត​ នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ​(LICADHO)​ បានឲ្យ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​ ខាង​អង្គការ​លោក​មិន​ទាន់​ទទួល​បាន​ដំណឹង​នៃ​ការ​កោះ​អញ្ជើញ​ពី​ខាង​ភាគី​រដ្ឋាភិបាល​នោះទេ​។ ប៉ុន្តែ​អង្គការ​របស់លោក​ក៏​នឹង​មិន​រារែក​ក្នុង​ការចូល​ជជែក​ជាមួយ​ភាគី​រដ្ឋាភិបាល​ និងភាគី​ពាក់ព័ន្ធ​ទៀត​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​នេះដែរ។

លោក ​អំ សំអាត បញ្ជាក់​ថា៖ «បើ​ប្រជាពលរដ្ឋ​ជួប​ទុក្ខរដ្ឋាភិបាល​ត្រូវ​មាន​ការ​ដោះស្រាយ​ ហើយបើ​បញ្ហា​មិន​ល្អ​កើត​ឡើង អ៊ីចឹង​មីក្រូ​ហិរញ្ញវត្ថុ​ ក៏ត្រូវ​តែ​ដោះស្រាយ​ដែរ។ អ៊ីចឹង​ គិត​ទៅ លីកាដូ​ និង​សមាគម​ធាងត្នោត​ យើង​គ្រាន់​តែ​ចង់​បង្ហាញ​ ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​កម្ចី​ហ្នឹង​វា​ប្រកប​ដោយ​តម្លាភាព​ ដោយ​គុណធម៌​ និង​សីលធម៌​តែ​ប៉ុណ្ណោះ​បាទ»។​

របាយការណ៍​របស់​អង្គការ​លីកាដូ​និង​សមាគម​ធាងត្នោតបានរៀបរាប់​ពិស្តារ​ថា​ តុល្យភាព​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ​ផ្លូវការ​ កើន​ឡើង​ពី​ប្រមាណ​៣០០លាន​ដុល្លារ​ ក្នុង​ឆ្នាំ​២០០៨​ ដល់​ប្រមាណ​៥,៤​ពាន់​លាន​ដុល្លារ​នា​ចុង​ឆ្នាំ​២០១៨។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ថា​ ការ​កំណត់​ពិដាន​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​ ត្រឹម​១៨%​ ​របស់​រដ្ឋាភិបាល​មិន​បាន​ជួយ​បន្ធូរបន្ថយ​ដល់​បន្ទុក​របស់​ពលរដ្ឋ​កម្ពុជា​ទេ​ ក៏​ប៉ុន្តែ​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​ចំនួន​ ៧​នៅ​ក្នុង​ប្រទេស​កម្ពុជា​រកប្រាក់​ចំណូល​បាន​ច្រើន​ជាង​ ១៣០​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​មន្ត្រី​នៃ​មក​ពី​សមាគម​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​កណ្តាល​របស់​កម្ពុជា​ បានច្រានចោល​ការលើក​ឡើង​ថា​ អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​ត្រឹម​១៨%​នេះ​ ​បាន​ដាក់​បន្ទុក​ធ្ងន់​លើ​អ្នក​ខ្ចីប្រាក់។ ​ក្រុម​មន្ត្រី​ទាំង​នោះ​អះអាង​ថា​ អត្រា​ការ​បា្រក់ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ធ្លាក់​ចុះ​ពី​១៨ភាគ​រយក្នុង​ពេល​កន្លង​មក រហូត​ដល់​១៥​ភាគរយ​នៅ​ចុង​ឆ្នាំ​២០១៨៕​