ជាងពីរទសវត្សរ៍មកហើយ កម្ពុជាប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ដោយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋចូលរួមក្នុងការប្រមូលផ្តុំ និងការដង្ហែក្បួន ដែលមានការ កាន់ស្លាកបដាផ្សេងៗ រួមទាំងការបង្ហោះប៉េងប៉ោងផងដែរ ដើម្បីបុព្វហេតុសិទ្ធិសេរីភាពនិងបង្ហាញពីកង្វល់របស់ពួកគេ។
កន្លងមកជារៀងរាល់ឆ្នាំនៅថ្ងៃនេះ ប្រជាពលរដ្ឋរាប់រយនាក់ចូលរួមប្រារព្ធពិធីនេះបានពេញមួយថ្ងៃដោយសារថ្ងៃទី១០ ខែធ្នូ គឺជាថ្ងៃឈប់សម្រាកជាតិ។
យ៉ាងណាក្តី ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៩នេះ នឹងជាថ្ងៃចុងក្រោយ ដែលទិវាសិទ្ធិមនុស្សអន្តរជាតិត្រូវបានចាត់ទុកជាថ្ងៃឈប់សម្រាកជាតិជាផ្លូវការនៅកម្ពុជា។
មុននឹងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំនេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស យល់ថា ការដកចេញថ្ងៃឈប់សម្រាកជាតិនេះនឹងនាំឲ្យប្រជាពលរដ្ឋពិបាកចូលរួមក្នុងការប្រារព្ធពិធី អាចភ្លេចពីនិយមន័យនៃសិទ្ធិសេរីភាព បាត់បង់ឱកាសក្នុងការលើកកម្ពស់សិទ្ធិមនុស្សក្នុងសង្គម និងធ្វើឲ្យមានការរិះគន់ពីសហគមន៍អន្តរជាតិ។
អង្គការសិទ្ធិមនុស្សអាដហុក គឺជាអង្គការមួយដែលបានធ្វើការនានាដើម្បីលើកកម្ពស់សិទ្ធិមនុស្សតាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ធ្នូ អង្គការនេះរៀបចំដង្ហែក្បួន ដើម្បីប្រារព្ធពិធីសិទ្ធិមនុស្សដែលមានការចូលរួមពីប្រជាជនមកពីគ្រប់ស្រទាប់និងតំបន់។
លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមគាំពារសិទ្ធិមនុស្សអាដហុក បានប្រាប់ VOA ថា ការដកទិវាសិទ្ធិមនុស្ស ១០ ធ្នូ ចេញនេះនឹងកាន់តែបង្កឲ្យមានការលំបាកដល់ជនរងគ្រោះពីការរំលោភបំពានសិទ្ធិក្នុងការអំពាវនាវស្វែងរកជំនួយពីរដ្ឋាភិបាល។
«ពួកគាត់ជាអ្នករងគ្រោះដោយសារដីធ្លី ដោយសារការបាត់បង់ធនធានធម្មជាតិ ដោយសារភាពអយុត្តិធម៌សង្គមដែលត្រូវបានរំលោភបំពានដោយជនមានអំណាចជាដើម។ គាត់យកឱកាសទិវានេះថ្លែងនូវទុក្ខលំបាកដែលត្រូវបានការរំលោភបំពានយាយីដោយជនមានអំណាចទឹកប្រាក់ ជនមានអំណាចតួនាទី ដើម្បីឲ្យរដ្ឋាភិបាលដឹងឮពីអ្វីដែលពួកគាត់ប្រឈមទាំងអស់ហ្នឹង»។
លោក សែនករុណា បានបន្ថែមថា៖
«ហើយរដ្ឋាភិបាលដឹងឮហ្នឹងជួយចាត់វិធានការទៅលើជនទាំងអស់ហ្នឹង ហើយរកយុត្តិធម៌ជូនពួកគាត់អីជាដើមអញ្ចឹងទៅ។ ប៉ុន្តែយើងឃើញថា កន្លងមកមិនត្រឹមតែមានបញ្ហាមិនទទួលព័ត៌មានគាត់ទេ ថែមទាំងមានការរឹតត្បិតមិនឲ្យគាត់ជួបជុំប្រមូលផ្តុំធ្វើទិវាសិទ្ធិមនុស្សនេះទៅទៀត»។
អ្នកនាំពាក្យសមាគមអាដហុករូបនេះបានបន្តថា សមាគមអាដហុកមានការសោកស្តាយចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងការដកទិវាសិទ្ធិមនុស្ស ១០ ធ្នូចេញពីថ្ងៃសម្រាកជាផ្លូវការ។
ចំពោះមុខឲ្យសមាគមអាដហុក លោក សឹង សែនករុណា ស្នើដល់រដ្ឋាភិបាលកម្ពុជាឲ្យពិចារណាឡើងវិញចំពោះការលុបចោលថ្ងៃឈប់សម្រាកផ្លូវការនៅទិវាសិទ្ធិមនុស្ស ១០ ធ្នូ ព្រោះលោកគិតថា ទិវានេះជាថ្ងៃសំខាន់នៅក្នុងការរំឭកដល់សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ១៩៤៨។
ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ជាថ្ងៃមួយក្នុងចំណោមថ្ងៃឈប់សម្រាកផ្លូវការចំនួនប្រាំមួយទៀតដែលនឹងត្រូវដកចេញពីប្រតិទិនថ្ងៃឈប់សម្រាកជាតិ។
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូ បានថ្លែងប្រាប់ VOA ថា ការលុបចេញទិវាសិទ្ធិមនុស្ស១០ ធ្នូ ដែលជាថ្ងៃឈប់សម្រាកផ្លូវការ គឺកាន់តែជំរុញឲ្យមានការរិះគន់ពីសំណាក់សហគមន៍អន្តរជាតិបន្ថែមទៀត ខណៈដែលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែធ្លាក់ចុះ។
«យើងឃើញថា បច្ចុប្បន្ននេះ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា គឺមានការរិះគន់ពីសហគមន៍ជាតិនិងអន្តរជាតិថា មានការរឹតត្បិតសេរីភាព ឬក៏សិទ្ធិមនុស្សនៅកម្ពុជាហ្នឹង មានការធ្លាក់ចុះ។ អញ្ចឹងគឺ រដ្ឋាភិបាលឆ្នាំក្រោយដកចេញពីប្រតិទិននៃការឈប់សម្រាកនៅថ្ងៃ ១០ធ្នូនេះទៀត វាកាន់តែធ្វើឲ្យមានការរិះគន់កាន់តែធ្ងន់ធ្ងរទៀត»។
លោក អំ សំអាត នៃអង្គការលីកាដូបានលើកឡើងថា ជាធម្មតា នៅទិវាសិទ្ធិមនុស្ស ១០ធ្នូ មានពលរដ្ឋចូលរួមប្រារព្ធពី ៦ពាន់ ទៅ ៧ពាន់នាក់តាមបណ្តាខេត្ត និងក្រុងនានា។ លោកបានបន្តថា ការដកចេញទិវាសិទ្ធិមនុស្សពីប្រតិទិនថ្ងៃឈប់សម្រាកនឹងធ្វើឲ្យពលរដ្ឋមានការលំបាកនៅក្នុងការចូលរួម ប្រសិនបើទិវាសិទ្ធិមនុស្ស ១០ធ្នូ ត្រូវចំថ្ងៃដែលពលរដ្ឋត្រូវបំពេញការងារ។
លោក Phil Robertson អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលជាអង្គការដែលតាមដានពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងពិភពលោក បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីម៉ែលតាមសំណេរដើមជុំវិញការដកចេញនូវទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ហើយត្រូវបានប្រែសម្រួលក្នុងន័យដើមថា៖
«តាមរយៈការលុបចោលទិវាសិទ្ធិមនុស្សអន្តរជាតិចេញពីប្រតិទិនថ្ងៃឈប់សម្រាកជាតិ រដ្ឋាភិបាលកម្ពុជាកំពុងតែបង្ហាញការមិនគោរពទៅលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងសន្ធិសញ្ញាដែលខ្លួនបានផ្តល់សច្ចាប័ននិងស្មារតីគោលនៃសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ដែលចែងថា កម្ពុជាត្រូវជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងគោរពសិទ្ធិ»។
លោក Phil Robertson បានបន្តថា៖
«សកម្មភាព[លុបចោលទិវាសិទ្ធិមនុស្សអន្តរជាតិ] គឺដូចជា ការប្រមាថចំពោះពលរដ្ឋកម្ពុជាដោយរដ្ឋាភិបាលមួយ ដែលមិនបានអើពើពីសិទ្ធិរបស់ពួកគេអស់រយៈពេល ៣៥ឆ្នាំមកហើយ»។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់ទាំងនេះ។
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បាននិយាយថាទោះបីជាមានការលុបចោលទិវាសិទ្ធិមនុស្សអន្តរជាតិចេញពីប្រតិទិនឈប់សម្រាកជាតិក៏ដោយ ក៏គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រារព្ធធ្វើទិវាសិទ្ធមនុស្សនេះដូចសព្វដង។
«មែនទែនទៅការគោរពសិទ្ធិមនុស្សនេះគឺ មិនទាក់ទងនឹងថ្ងៃ ១០ធ្នូ ហ្នឹងត្រូវឈប់ ឬមិនឈប់អីនោះទេ។ វាសំខាន់ទៅលើឆន្ទៈ និងការអនុវត្តនោះទេ ដែលសំខាន់»។
លោក ជិន ម៉ាលីន បន្ថែមថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានឹងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដោយសង្កត់ធ្ងន់លើការចូលរួមរបស់យុវជនក្នុងការថែរក្សាសន្តិភាពនិងការលើកកម្ពស់សិទ្ធិមនុស្ស។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានប្រាប់ VOA ថា ហេតុផលមួយនៅពីក្រោយការកាត់បន្ថយថ្ងៃឈប់សម្រាកនៅកម្ពុជា គឺដើម្បីជំរុញផ្នែកផលិតកម្មក្នុងសេដ្ឋកិច្ច។
«ចំណុចទីបីដែលយើងបានរៀបចំនោះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច ពីព្រោះខាងឯកជន លោកត្រូវការថ្ងៃដែលមានផលិតកម្មឲ្យបានច្រើន»។
សិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជា បានធ្លាក់ចុះដល់កម្រិតដុនដាបមួយ ដោយនៅឆ្នាំ២០១៩នេះ កម្ពុជាទទួលបានពិន្ទុត្រឹមតែ ២៦ពិន្ទុ ក្នុងការវាយតម្លៃរបស់អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលស្ថានភាពសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងសិទ្ធិជនស៊ីវិលជាលក្ខណៈសកល។
ប្រទេសដែលទទួលបានពិន្ទុ១០០ពីអង្គការ Freedom House ត្រូវចាត់ទុកថាជាប្រទេសដែលមានសេរីភាពជាទីបំផុត ហើយសូន្យគឺជាប្រទេសគ្មានសេរីភាព។
បន្ទាប់ពីស្ថានភាពសិទ្ធិមនុស្សបានធ្លាក់ចុះ ដោយមានការគាបសង្កត់ និងការរំលាយគណបក្សប្រឆាំង ការបង្ក្រាបទៅលើអង្គការនិងប្រព័ន្ធផ្សព្វផ្សាយដែលមិនមាននិន្នាការស្របតាមរដ្ឋាភិបាល បច្ចុប្បន្នកម្ពុជាកំពុងរងសម្ពាធពីសហភាពអឺរ៉ុប ដែលបានទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកែទម្រង់លិទ្ធិប្រជាធិបតេយ្យឡើងវិញ បើមិនដូច្នោះទេ កម្ពុជាអាចប្រឈមនឹងការខាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលផ្តល់ប្រាក់ចំណេញ ៧០០ លានដុល្លារក្នុងមួយឆ្នាំ៕