តុលាការ​បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី ចោទ​ថា​បំពាន​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ១៩

រូបឯកសារ៖ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ខាង​ក្រៅ​វិមាន​សភា​ម៉ាឡេស៊ី ទីក្រុង​គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​ចេញ​ដីកា​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​ ចំពោះ​ការ​អំពាវនាវ​របស់​លោក​ឲ្យ​ប្រជា​ពលរដ្ឋ​មិន​គោរព​តាម​វិធាន​ការ​រដ្ឋាភិបាល​ក្នុង​ការបិទ​ខ្ទប់​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ និង​ក្រុង​តាខ្មៅ​របស់​ខេត្ត​កណ្តាល​ ដែល​មាន​រយៈពេល​ពីរ​សប្តាហ៍​មក​ហើយ​គិតត្រឹម​ថ្ងៃ​ពុធ​នេះ។

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក​សម​ រង្ស៊ី​ ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​ភ្លាម​ៗ ក្រោយ​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិ​ធម៌​មួយ​រូប​បាន​ប្រាប់​អ្នកកាសែត​ក្នុង​សន្និសីទ​ព័ត៌មាន​មួយថា តុលាការ​កំពុង​ចាត់​ការ​បណ្តឹង​មួយ​ប្រឆាំង​លោក​ សម​ រង្ស៊ី​ ពី​បទ​រារាំង​ដល់​ការ​អនុវត្ត​វិធាន​ការ​របស់​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩។

ក្នុង​សន្និសីទ​ព័ត៌មាន​ស្តីពី​វិធាន​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​និង​ក្រុង​តាខ្មៅ​នៅ​ទីស្តីការ​ក្រសួង​យុត្តិធ​ម៌​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​លោក គឹម​ សន្តិភាព​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​ថ្លែង​ថា​មាន​មនុស្ស​នៅ​ក្រៅ​ប្រទេស​ដែល​លោក​សំដៅ​លើ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ក្រៅ​ផ្ទះ​ខណៈ​រដ្ឋាភិបាល​បាន​បន្ត​ការ​រាំង​ខ្ទប់​រាជធានី​ភ្នំពេញ​រហូត​ដល់​ថ្ងៃ​ទី​៥ ខែ​ឧសភា។

លោក​មាន​ប្រសាសន៍​ថា​៖ «ថ្មីៗ​នេះ​ឧក្រិដ្ឋជន​ឧទ្ទាម​នៅ​ក្រៅ​ប្រទេស​ ក៏​បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រឆាំង​ជាមួយ​នឹង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក​នេះ ​ញុះញង់​ឲ្យ​បងប្អូន​ចេញ​ពី​ផ្ទះ​ ញុះញង់​ឲ្យ​បងប្អូន​ប្រឆាំង​រាល់​វិធានការ​ទាំង​អស់។ ដូច្នេះ​ហើយ​ ទង្វើ​នេះ​គឺជា​ទង្វើ​ដែល​ប្រឆាំង​ជាមួយ​ច្បាប់​កម្ពុជា​ ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​ចាត់​វិធានការ​ដែល​ធ្វើ​ការ​ចោទ​ប្រកាន់ ឧក្រិដ្ឋជន​សម​ រង្ស៊ី​ នេះ​ កាល​ពី​ម្សិលមិញ​ ក្នុង​បទ​រារាំង​វិធានការ​រដ្ឋបាល​ និង​ញុះញង់ បង្ក​ឲ្យ​មាន​អសន្តិសុខ​ក្នុង​សង្គម»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​រូប​នេះ​ ស្នើ​ឲ្យ​សាធារណ​ជន​កុំ​ជ្រួល​ច្របល់​ជឿ​តាម​ការ​ញុះញង់​លោក សម រង្ស៊ី​ ហើយបន្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ដោយ​គោរព​នូវ​វិធានការ​ដែល​បាន​ចេញ​កន្លង​មក។ ​

អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ មិន​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក​វីអូអេ​ដែល​ផ្ញើ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេឡេក្រាម។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ចុះថ្ងៃ​ទី​២៦ ខែ​មេសា ​លោក ពេជ្រ វិជ្ជាធរ ចៅក្រម​ស៊ើប​សួរ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​លោក សម រង្ស៊ី ត្រូវ​បាន​ចោទ​ប្រកាន់​ចំនួន​ពីរ​បទ​ល្មើស ​គឺ​រារាំង​ដល់​ការ​អនុវត្ត​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩ តាម​មាត្រា​១១​នៃ​ច្បាប់​ស្តី​ពី​ជំងឺ​កូវីដ​១៩ និង​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ឆ្នាំ​២០២១។

ដីកា​បញ្ជាក់​ថា៖ «បញ្ជា​ដល់​កម្លាំង​សាធារណៈ​ឲ្យ​ស្រាវ​ជ្រាវ​រក​ចាប់​និង​នាំ​ខ្លួន​ឈ្មោះ​ខាង​លើ​មក​ប្រគល់​ជូន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់»។

មាត្រា​១១​នៃ​ច្បាប់​ស្តីពី​កូវីដ​ដែល​ចែង​ថា​អំពើ​រារាំង ​ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ​ដែល​បាន​ដាក់​ចេញ​ស្រប​តាម​ច្បាប់​នេះ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​៣​ឆ្នាំ។

បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិជា​អ្នក​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​លោក សម​ រង្ស៊ី​ ចំពោះ​ការ​បង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក ដោយ​បាន​ចោទ​ថា​ញុះញង់​ឲ្យ​ប្រជា​ពលរដ្ឋ​ងើប​បះបោរ​ប្រឆាំង​នឹង​វិធាន​ការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹមខឿន​ អ្នក​នាំ​ពាក្យ​របស់​អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ទេ​នៅ​ថ្ងៃ​ពុធ​នេះ។ ​

ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោក សម រង្ស៊ី ធ្វើ​ឡើង​បន្ទាប់​ពី​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ប្រកាស​តាម​ប្រព័ន្ធ​សង្គម​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​សៅរិ៍ ​ស្នើ​ឲ្យ​អាជ្ញាធរ​បើក​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ឡើង​វិញ​ក្រោយ​ការ​បិទ​ខ្ទប់​ជិត​ពីរ​សប្តាហ៍​មក​នោះ។

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​រួតរឹត​ដោយ​ពាក្យ​បណ្តឹង​នៅ​តុលាការ និង​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ជាង​២០​ឆ្នាំ បាន​រិះគន់​វិធានការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ថា​ជា​ការ​ផ្តាច់​ដង្ហើម​សេដ្ឋកិច្ច​និង​បង្អត់ ស្បៀង​ពលរដ្ឋ​ដែល​ត្រូវ​ឲ្យ​នៅ​តែ​ក្នុង​ផ្ទះ។ លោក​អធិប្បាយ​ថា​បើ​រដ្ឋ​អំណាច​លោក​ ហ៊ុន សែន​ មិន​ព្រម​បើក​ភូមិ​សាស្ត្រ​ទាំង​ពីរ​នេះ​ឡើង​វិញ​ទេ​ ប្រជាពល​រដ្ឋ​គួរ​ចេញ​ពី​ផ្ទះ​ទៅ​រក​ទទួល​ទាន​ដូច​ធម្មតា​ ដើម្បី​ទ្រទ្រង់​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ។

«បួន​ ដប់​ថ្ងៃ​ទៀត​ បើ​អត់​បន្ធូរបន្ថយ​ទេ​ ចេញ​ទៅ​ ចេញ​ក្រៅ​ផ្ទះ​ហ្មង​ ធ្វើ​សកម្មភាព​ធម្មតា​ទៅ​ ទៅ​រក​ទទួល​ទាន​ធម្មតា​ទៅ​ ដើម្បី​រស់។ បើ​យើង​នៅ​ក្នុង​ផ្ទះ​ស្លាប់​ដដែល​ កុំ​នៅ ​ចេញទៅ ចេញ​ទាំង​អស់​គ្នា​ទៅ»។

ក៏​ប៉ុន្តែ​លោក ឯម សុវណ្ណារ៉ា​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រន​យោបាយ​នៅ​ប្រទេស​កម្ពុជា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​សម្តី​អំពាវនាវ​របស់​មេ​បក្ស​ប្រឆាំង​រូបនេះ​ មិន​មាន​សម្ពាធ​លើ​ប្រជា​ពលរដ្ឋ​ឲ្យ​ធ្វើ​តាម​ទេ​ គ្រា​លោក​មិន​ស្ថិត​ក្នុង​ប្រទេស​ ហើយ​ប្រជាពលរដ្ឋកំពុង​ស្ថិត​ក្នុង​ស្ថានភាព​បិទ​ខ្ទប់ និង​មិន​មាន​សេចក្តី​ក្លាហាន​ក្រោក​តវ៉ា​ប្រឆាំង​អាជ្ញាធរ​នោះ​ដែរ។

«ប៉ុន្តែ​បើ​សិន​បើ​ការ​បិទ​ខ្ទប់​នោះ ពុំ​មាន​យន្តការ​ជួយ​សម្រាល​ ឬ​ក៏​ដោះ​បន្ទុក​ប្រជា​ពលរដ្ឋ​ទេ​ ការ​ទាមទារ​របស់​លោក​ សម​ រង្ស៊ី​ អាច​មាន​ឥទ្ធិពល​ទៅ​លើ​ប្រជា​ពលរដ្ឋ​ដែរ»។

ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ក្រសួង​យុត្តិធម៌​ នា​ព្រឹក​ថ្ងៃ​ពុធ​ដដែល​នេះ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ការពារ​វិធានការ​បិទ​ខ្ទប់​របស់​រដ្ឋាភិបាល ដែល​បាន​ជួយ​បន្ថយ​ល្បឿន​នៃ​ការ​ចម្លង​ជំងឺ​កូវីដ​១៩​ ក្នុង​អំឡុងពេល​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ និង​ក្រុង​តា​ខ្មៅ​របស់​ខេត្ត​កណ្តាល​ពីរ​សប្តាហ៍​មក​នេះ។

ពួកគេ​និយាយ​ថា​ការ​បិទ​ខ្ទប់​កន្លង​មក​នេះ បាន​បើក​ឲ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​កំណត់​តំបន់​មាន​ឆ្លង​ជំងឺ​នេះ​បី​សំខាន់ៗ​ គឺ​តំបន់​ក្រហម សំដៅ​ដល់​ទី​ដែល​មាន​កម្រិត​ឆ្លង​ធ្ងន់ធ្ងរ តំបន់​លឿង​ទុំ សំដៅ​ដល់​ទី​ដែល​មាន​កម្រិត​ឆ្លង​មធ្យម និង​តំបន់​លឿង​ សំដៅ​ដល់​ទី​ដែល​មាន​កម្រិត​ឆ្លង​ស្រាល។ ក្រុម​មន្ត្រី​បន្ថែម​ថា​ប្រសិន​បើ​ស្ថាន​ភាព​ឆ្លង​មិន​ថម​ថយ​ក្នុង​ពេល​មួយ​សប្តាហ៍​ទៀត​ទេ​ វិធាន​ការ​បិទ​ខ្ទប់​នឹង​អាច​មាន​បន្ត​ទៀត៕