លោកណី សំអុល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិ (អ.ស.ប.) នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស បានបង្ហាញការមិនសប្បាយចិត្តចំពោះការអធិប្បាយរបស់អ្នកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ទាក់ទិនការវិវត្តនានានៃស្ថានភាពសិទ្ធិមនុស្ស និងការអនុវត្តរបបនយោបាយប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាលកម្ពុជារូបនេះ ដែលចេញផ្សាយដោយអង្គភាពព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលនៅថ្ងៃព្រហស្បតិ៍នេះ។
កាលពីថ្ងៃច័ន្ទកន្លងទៅ គឺមួយថ្ងៃក្រោយការដោះលែងលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន អ្នកស្រី Michelle Bachelet ដែលជាអតីតប្រធានាធិបតីប្រទេសឈីលី បានថ្លែងក្នុងសុន្ទរកថាបើកសម័យប្រជុំលើកទី៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា ការធ្លាក់ចុះនៃការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយគឺជាការគំរាមកំហែងមួយដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសង្គមក្នុងប្រទេសកម្ពុជា។
អ្នកស្រីក៏បានស្វាគមន៍ផងដែរចំពោះការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គណបក្សប្រឆាំងធំបំផុតដែលត្រូវបានរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន រំលាយចោលកាលពីឆ្នាំមុន។
ក្នុងសេចក្តីថ្លែងការណ៍របស់លោកណី សំអុល ដែលបានវាយបកនឹងសម្តីរបស់អ្នកស្រី Michelle Bachelet អំពីស្ថានការណ៍នយោបាយនៅកម្ពុជានោះ មន្ត្រីរដ្ឋាភិបាលខ្មែរប្រចាំនៅអ.ស.ប.រូបនេះ បានផ្តើមដោយភាសាទន់ភ្លន់ ដោយប្រើពាក្យពេចន៍អបអរសាទរចំពោះការណ៍ដែលអ្នកស្រីត្រូវបានតែងតាំងជាឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស។
តមកទៀត លោកណី សំអុល បានថ្លែងបញ្ជាក់ក្នុងន័យដើមថា៖
«ប៉ុន្តែគណៈប្រតិភូយើងខ្ញុំក៏មានការខកចិត្តដែលលោកជំទាវឧត្តមស្នងការ និងគណៈប្រតិភូមួយចំនួន ដែលផ្អែកលើប្រភពព័ត៌មានដែលមានលក្ខណៈនយោបាយ បានលាបពណ៌ប្រទេសកម្ពុជាឲ្យខ្មៅងងឹតពាក់ព័ន្ធសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដោយការធ្វើព្រងើយកន្តើយចំពោះសេចក្តីត្រូវការជាមូលដ្ឋាន និងផ្លូវដ៏គ្រោះថ្នាក់ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ដែលទទួលបានដោយការពុះពារយ៉ាងលំបាក»។
លោកណី សំអុល បានលើកយកការបោះឆ្នោតកាលពីខែកក្កដា មកការពារដំណើរវិវត្តន៍សិទ្ធិនយោបាយរបស់ពលរដ្ឋខ្មែរ ដោយនិយាយថា វាជាអ្វីដែលកម្ពុជាមិនធ្លាប់ទទួលបានទេ។
លោកបានថ្លែងក្នុងន័យដើមថា៖
«ការបោះឆ្នោតកាលពីខែកក្កដាកន្លងទៅបានទទួលការសាទរថា ជាព្រឹត្តិការណ៍ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រទេសកម្ពុជា ដែលក្នុងនោះមានគណបក្សនយោបាយចំនួន២០ ដែលមាននិន្នាការនយោបាយផ្សេងៗគ្នា បានចូលរួមប្រកួតប្រជែង។ អ្នកសង្កេតការណ៍ជាតិចំនួន៨០.០០០នាក់ អ្នកសង្កេតការណ៍អន្តរជាតិប្រហែល៥០០នាក់ និងភ្នាក់ងារមកពីគណបក្សនយោបាយនានាចំនួន៩០.០០០នាក់ បានបង្ហាញថា ការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងតម្លាភាព»។
មន្ត្រីកម្ពុជារូបនេះបានអះអាងថា ចំនួនអ្នកបោះឆ្នោតខ្ពស់រហូតដល់៨៣,០២ភាគរយនៃចំនួនប្រជាជនចុះឈ្មោះបោះឆ្នោត បង្ហាញឲ្យឃើញថា «សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយត្រូវបានអនុវត្តដោយសេរី និងដោយល្អប្រសើរ»។
លោកណី សំអុល ចាត់ទុកថា ចំនួនភាគរយច្រើនលើសលុបនៃអ្នកបោះឆ្នោត ដែលបានបោះឆ្នោតជូនគណបក្សកាន់អំណាចឲ្យបន្តអាណត្តិថ្មីរបស់ខ្លួននោះ គឺដោយសារតែអ្នកបោះឆ្នោតប្រាថ្នាចង់បានការបន្តនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ក្នុងពេលថ្លែងសុន្ទរកថាបើកសម័យប្រជុំលើកទី៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសកន្លងទៅនោះ អ្នកស្រី Michelle Bachelet បានគូសបញ្ជាក់ពីការដោះលែងលោកកឹម សុខា និងសកម្មជនសិទ្ធិមនុស្សផ្សេងទៀត រួមទាំងអ្នកកាសែត ដោយអ្នកស្រីលើកឡើងថា រដ្ឋាភិបាលគួរតែដោះលែង និងទម្លាក់ចោលការចោទប្រកាន់លើអ្នកនយោបាយទាំងអស់ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសាមញ្ញ ដែលត្រូវបានចាប់ខ្លួន ឬផ្ដន្ទាទោស ដោយសារតែពួកគេអនុវត្តសិទ្ធិរបស់ខ្លួន។
ក៏ប៉ុន្តែលោកណី សំអុល ឯកអគ្គរាជទូត តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណេវ ប្រទេសស្វីស បានឆ្លើយតបថា ជនល្មើសដែលត្រូវផ្តន្ទាទោសដោយអំណាចតុលាការ មិនមែនដោយសារពួកគេជានរណានោះទេ ប៉ុន្តែដោយសារបទលើ្មស ដែលពួកគេបានប្រព្រឹត្ត។ រាជរដ្ឋាភិបាលមិនមានតួនាទីអ្វីនៅក្នុងដំណើរការនីតិវិធីតុលាការ ដែលជាស្ថាប័នដាច់ដោយឡែក និងឯករាជ្យនោះទេ។
លោកបានបញ្ជាក់តាមន័យដើមថា៖
«ហេតុដូច្នេះហើយ ការដោះលែងលោកកឹម សុខា [...] ក្រោមលក្ខខណ្ឌតុលាការគឺធ្វើឡើង ដោយផ្អែកលើមនុស្សធម៌ ដោយស្របតាមអំណាចឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ហើយការដោះលែងអ្នកជាប់ឃុំ និងអ្នកទោសថ្មីៗនេះគឺជាការអនុវត្តនីតិរដ្ឋ ដែលជាកាតព្វកិច្ចនៃការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងរដ្ឋទាំងអស់ដែលមានមោទនភាពថា ខ្លួនជាអ្នកប្រកាន់នីតិរដ្ឋ dignes de ce nom (ឌីញើដេ សឺណុម)»។
ក្រុមអ្នកឃ្លាំមើលដំណើរវិវត្តន៍សង្គម និងនយោបាយនៅកម្ពុជាយល់ថា វាជាប្រពៃណីរបស់មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅអង្គការសហប្រជាជាតិ ក្នុងការតបតនឹងការនិយាយអាក្រក់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោកមាស នី អ្នកសិក្សាស្រាវជ្រាវខាងការអភិវឌ្ឍសង្គមមានប្រសាសន៍បញ្ជាក់ប្រាប់ VOA ថា ជានិច្ចកាល រដ្ឋាភិបាលខ្មែរកម្រទទួលយកការរិះគន់បែបស្ថាបនា និងតែងតែបានថ្លែងលើកសរសើរតែពីភាពត្រឹមត្រូវរបស់ខ្លួន។
លោកមានប្រសាសន៍ថា ការណ៍ដែលមិនទទួលយកមតិរិះគន់ អាចនឹងធ្វើប្រទេសមួយរងសម្ពាធជាអន្តរជាតិ ប្រសិនបើប្រទេសមួយនោះនៅទន់ខ្សោយមិនទាន់អាចធ្វើម្ចាស់ការលើខ្លួនឯងបាននោះ។
«អ៊ីចឹងបើសិនជា ប្រទេសយើងហ្នឹងវាជាប្រទេស ដែលមាំទាំ អាហ្នឹងវាអត់អីទេ ប៉ុន្តែបើប្រទេស[យើង]ខ្សោយដែរ អានោះគឺយើងនឹងវាអាចនឹងទទួលរងនូវឥទ្ធិពល វិធានការ ឬក៏រងនូវសម្ពាធ ឬក៏ទណ្ឌកម្មផ្សេងៗពីខាងក្រៅ បាទ»។
ដោយឡែក ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិអះអាងថា សុខភាពប្រជាធិបតេយ្យនៅកម្ពុជា នៅមិនទាន់មានភាពប្រសើរទេ បើទោះជាមានការដោះលែងអ្នកទោសមនសិកាជាច្រើននាក់ហើយក្តី ហើយកម្ពុជាបានស្ថិតក្នុងការតាមដានយ៉ាងដិតដល់ពីសហភាពអឺរ៉ុបផងដែរ។ សហភាពអឺរ៉ុបជាឆ្អឹងខ្នងទ្រទ្រង់ការនាំចេញទំនិញកម្ពុជា។ ក្នុងនោះមានផលិតផលកាត់ដេរ។
នៅថ្ងៃព្រហស្បតិ៍នេះ សភាសហគមន៍អឺរ៉ុបប្រជុំដើម្បីពិនិត្យមើលស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ជាពិសេសករណីឃុំឃាំងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
នៅមុនការកោះប្រជុំនេះ អ្នកតំណាងរាស្ត្រសហគមន៍អឺរ៉ុបមួយចំនួនបានដាក់ញត្តិរួមគ្នាមួយស្នើឱ្យមានការចេញសេចក្តីសម្រេចផ្លូវការមួយ ដែលស្នើឱ្យទម្លាក់ចោលការចោទប្រកាន់ ដែលមានលក្ខណៈនយោបាយប្រឆាំងលោកកឹម សុខា និងលោកសម រង្ស៊ី ហើយផ្តល់សិទ្ធិសេរីភាពពេញលេញដល់លោកកឹម សុខា ហើយស្នើឲ្យពិចារណាលើឋានៈអនុគ្រោះពន្ធ«រាល់មុខទំនិញលើកលែងតែអាវុធ» និងដាក់ឈ្មោះជនដែលរំលាយគណបក្សសង្គ្រោះជាតិ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងបញ្ជីខ្មៅមួយដែលនឹងត្រូវហាមឃាត់ទិដ្ឋាការ និងផ្អឹបទុកទ្រព្យសម្បត្តិរបស់ពួកគេ។
យ៉ាងណាមិញ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកដែលត្រូវបានរៀបចំនៅទីក្រុងហាណូយ ប្រទេសវៀតណាមឯណោះវិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា ប្រទេសដែលនៅក្រៅតំបន់ឥណ្ឌូចិន គួរកុំមកពាក់ព័ន្ធកិច្ចការនយោបាយនៅក្នុងតំបន់នេះ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកហ៊ុន សែន។
ក្នុងវីដេអូខ្លីមួយបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃពុធ លោកហ៊ុន សែន ថ្លែងថា៖
«នៅប្រទេសខាងក្រៅតំបន់របស់យើង គេតែងតែទះក្បាលយើងផង ឲ្យត្រូវធ្វើតាមគេ ត្រូវធ្វើតាមនេះ តាមនោះក្នុងពេលដែលលក្ខខណ្ឌ តាមប្រទេសនីមួយៗ មិនអាចធ្វើបានផង»។
លោកបានបន្ថែមថា៖
«ខ្ញុំលើកបញ្ហានេះមិនមែនចង់សំដៅជូនសារទៅប្រទេសណាទាំងអស់ ក៏ប៉ុន្តែខ្ញុំគិតថា ពួកមេគង្គនេះសុទ្ធតែជាពួករងគ្រោះខាងនយោបាយ ដូច្នេះសុំស្នើថា ពួកអ្នកក្រៅតំបន់ ដែលមិនដឹងរឿងរបស់យើង គួរទុកឲ្យយើងដោះស្រាយបញ្ហារបស់យើងបានឬទេ? សូមអរគុណ»
ការថ្លែងរបស់លោកកើតមានឡើង ក្នុងកិច្ចពិភាក្សាមួយធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ ២០១៨ ដែលមានការចូលរួមពីមេដឹកនាំមកពីប្រទេសម៉ីយ៉ាន់ម៉ា វៀតណាម និងឡាវ៕