ក្រុមមន្ត្រីរដ្ឋាភិបាលបានបន្តបញ្ចេញប្រតិកម្មតបទៅនឹងចំណាត់ការរបស់សហភាពអឺរ៉ុប ជុំវិញគម្រោងដកឋានៈអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជា តាមកម្មវិធី«គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» (EBA)។
សហភាពអឺរ៉ុបបានទុកពេលឲ្យរដ្ឋាភិបាលកម្ពុជារយៈពេលមួយឆ្នាំ ដើម្បីស្តារឡើងវិញនូវស្ថានភាពនៃការគោរពសិទ្ធិមនុស្សនិងដំណើរការប្រព័ន្ធប្រជាធិយតេយ្យសេរីពហុបក្ស និងការចងក្រងព័ត៌មានចាំបាច់នានានៅមុនពេលខ្លួនសម្រេចដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ។ នេះបើតាមសេចក្តីជូនដំណឹងនានារបស់សហភាពអឺរ៉ុប និងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានអំពាវនាវដល់សាធារណជនកុំឲ្យមានការបារម្ភ ចំពោះសេចក្តីថ្លែងការណ៍នានារបស់សហគមន៍អឺរ៉ុប ទាក់ទិននឹងការព្យួរទុកប្រព័ន្ធអនុគ្រោះពន្ធ EBA។ លោកថា ការព្យួរទុកប្រព័ន្ធអនុគ្រោះពន្ធ EBA នេះ នឹងត្រូវចំណាយពេលវែងឆ្ងាយទៅមុខទៀត។ នេះបើយោងតាម សេចក្តីថ្លែងការណ៍មួយដែលលោកបានផ្សាយតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីសប្តាហ៍មុន។
លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងថា សហភាពអឺរ៉ុបដែលបានចេញសេចក្តីថ្លែងការណ៍ទាក់ទងទៅនឹងកម្មវិធីអនុគ្រោះពន្ធពាណិជ្ជកម្មសម្រាប់កម្ពុជាគឺមិនបានធ្វើឱ្យកម្ពុជាមានការព្រួយបារម្ភហួសហេតុ ឬបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចនោះឡើយ៖
«កម្ពុជាក៏បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងល្អនិងជិតស្និទ្ធជាមួយសហភាពអឺរ៉ុប ទាំងផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងផ្នែកផ្សេងៗទៀត ដើម្បីផលប្រយោជន៍រួមគ្នាទៅវិញទៅមក។ នៅក្នុងស្ថានភាពនេះ សហភាពអឺរ៉ុបនិងកម្ពុជា នៅតែបន្តរក្សាភាពជាដៃគូ ក្នុងកិច្ចសន្ទនា ដើម្បីថែរក្សាផលប្រយោជន៍រួម ដែលកើតចេញពីការអនុគ្រោះពន្ធ (EBA) ជាមួយនឹងកិច្ចធានានូវអធិបតេយ្យភាពនិងឯករាជ្យភាពរៀងៗខ្លួន។ សម្រាប់កម្ពុជាគឺនៅតែគោរពនិងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធិជាមួយអង្គការពលកម្មអន្តរជាតិ (ILO) ក៏ដូចជាអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងកិច្ចរួមគ្នា ដើម្បីសិទ្ធិសេរីភាពនិងជីវភាពថ្លៃថ្នូររបស់កម្មករ កម្មការិនី ដែលជាបុព្វហេតុ និងឧត្តមប្រយោជន៍របស់កម្ពុជា និង សហភាពអឺរ៉ុប ដែលបានប្តេជ្ញាអភិវឌ្ឍ និងការពាររហូតដល់ទទួលបានជោគជ័យជាប្រយោជន៍រួមនាពេលបច្ចុប្បន្ននេះ»។
កាលពីដើមខែតុលា ឆ្នាំ២០១៨នេះ សហគមន៍អឺរ៉ុបបានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុបដែលជាទីផ្សារដ៏ធំជាងគេបំផុតនៅលើពិភពលោក ដោយសារតែការរំលោភសិទ្ធិមនុស្ស។
អ្នកស្រី Cecilia Malmstrom រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងគេហទំព័រប្លុកថា ស្ថានភាពកម្ពុជា«គួរឱ្យរំខានយ៉ាងខ្លាំង»ដោយឃើញយ៉ាងច្បាស់ពីស្ថានភាពកាន់តែអាក្រក់ខាងផ្នែកសិទ្ធិមនុស្សនិងសិទ្ធិការងារហើយគ្មានអ្វីដែលអាចធ្វើឱ្យសហភាពអឺរ៉ុបជឿជាក់បានថានឹងមានការប្រសើរឡើងឡើយ។
អ្នកស្រី Malmstrom បានបន្ថែមថា បេសកកម្មថ្មីៗមួយរបស់សហភាពអឺរ៉ុបទៅប្រទេសកម្ពុជា «បង្ហាញថាមានការរំលោភជាប្រព័ន្ធលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិពលកម្ម និងសេរីភាពនៃការជួបជុំ។ បញ្ហានេះបន្ថែមទៅនឹងបញ្ហាធំៗជាច្រើនដូចជាការរំលោភសិទ្ធិកម្មករ និងការរឹបអូសដីធ្លី»។
បន្ថែមលើការអធិប្បាយរបស់អ្នកស្រី Malmstrom ស្ថានបេសកកម្មការទូតនៃសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់បន្ថែមពីដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធនេះជាបណ្តោះអាសន្នដែលនឹងធ្វើឡើងជាពីរដំណាក់កាល។
បើតាមនីតិវិធីគឺក្រោយពេលដែលគណៈកម្មការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបធ្វើការសម្រេចចិត្តនោះ ដំណើរការនៃការដកឋានៈអនុគ្រោះពន្ធនឹងចាប់ផ្តើមដោយមានការតាមដានរយៈពេល៦ខែដំបូងសិន។ នៅក្នុងអំឡុងពេលនេះ គណៈកម្មការដដែលនឹងទុកពេលឱ្យប្រទេសកម្ពុជាសហការនិងប្រមូលរាល់ព័ត៌មានចាំបាច់។ បន្ទាប់ពីនេះ គឺនឹងមានរយៈពេល៦ខែទៀតដើម្បីសរសេររបាយការណ៍ស្តីពីការរកឃើញនានាដើម្បីបញ្ចប់ដំណើរការ ដែលគណៈកម្មការនឹងត្រូវធ្វើការសម្រេចចិត្តជាថ្មីថាត្រូវដកឋានៈអនុគ្រោះពន្ធ EBA ឬយ៉ាងណា។
លោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់តាមអង្គភាពព័ត៌មាន Fresh News ថា ប្រសិនបើមានការសម្រេចដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបសម្រាប់ទំនិញពីកម្ពុជាមែននោះ ក៏មិនធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាស្លាប់នោះឡើយ ពីព្រោះដោយស្វ័យប្រវត្តិកម្ពុជានឹងបាត់បង់ភាពអនុគ្រោះពន្ធ EBA នេះ នៅអំឡុងឆ្នាំ២០២១ ឬ២០២៣ ដោយសារកម្ពុជាបានក្លាយទៅជាប្រទេសដែលមានចំណូលមធ្យមហើយ។
លោកបានប្រាប់អង្គភាពព័ត៌មាននេះថាការអនុគ្រោះពន្ធរបស់សហគមន៍អឺរ៉ុប គឺផ្តល់ទៅដល់ បណ្តាប្រទេសដែលមានចំណូលទាបតែប៉ុណ្ណោះ។
លោក ហេង សួ បានបញ្ជាក់ថា៖
«ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប អាចនឹងធ្វើឱ្យតួនាទីអង្គការ ILO និងគម្រោងជាច្រើនរបស់ដៃគូនានាមកពីសហភាពអឺរ៉ុបពាក់ព័ន្ធនឹងវិស័យការងារធាក់ថយក្រោយ ហើយប្រទេសផ្សេងទៀតអាចនឹងងាកចេញពីការចូលរួមគម្រោងទាំងអស់នេះពីព្រោះសហគមន៍អឺរ៉ុបមិនយកលទ្ធផល និងភាពជាក់ស្តែងនៃការប្រសើរឡើងនៃលក្ខខណ្ឌការងារជាគោលនោះទេ គឺយកនយោបាយជ្រៀតជ្រែកអធិបតេយ្យភាពជាតិសាសន៍ដទៃជាធំវិញ»។
លោក ហេង សួ អះអាងថាកម្ពុជាឈានមុខគេក្នុងការផ្តល់ និងអនុវត្តអនុសញ្ញាអន្តរជាតិតាមកម្មវិធី គម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការ ILO និងគម្រោង គំនិតផ្តួចផ្តើមសកល (Global Deal Initiative) របស់ប្រទេស ស៊ុយអែត កម្មវិធីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈនៅកម្រិតរោងចក្រសហគ្រាស របស់អង្គការ GIZ ជាដើម។
ដោយឡែក ក្រុមមន្ត្រីអង្គការសង្គមស៊ីវិលដែលនិយមបញ្ចេញទស្សនៈអំពីស្ថានការណ៍សង្គម និងនយោបាយនៅកម្ពុជា បានផ្តល់ការអធិប្បាយផ្សេងៗគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុកជុំវិញលទ្ធភាពនៃការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប EBA នេះ។
លោក កន សាវាង្ស មន្ត្រីអង្កេតការបោះឆ្នោតរបស់អង្គការឃ្លាំមើលការបោះឆ្នោត (Comfrel) បានបង្ហាញពីការបារម្ភរបស់លោកចំពោះអនាគត ការងារកម្មករក្នុងឧស្សាហកម្មកាត់ដេរ ដែលក្រុមសហជីពបម្រើប្រយោជន៍កម្មករអះអាងថា បានពឹងផ្អែកខ្លាំងលើទីផ្សារសហភាពអឺរ៉ុប។
លោកបានសរសេរលើគណនីហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១១ ខែ តុលាថា៖
«ការលើកឡើងដោយការព្រួយបារម្ភពីដើមដល់ចប់គឺព្រោះតែមិនចង់ឃើញទិដ្ឋភាពនៃការដកការអនុគ្រោះពន្ធ ឥឡូវប្រែក្លាយជាការពិត តើពួកគេក្លាយជាយ៉ាងណា? នរណាជាអ្នកទទួលខុសត្រូវពិតប្រាកដ។ តើលទ្ធផលវាបានប្រយោជន៍អ្វីសម្រាប់ប្រទេស? សង្ឃឹមថាអ្នកនយោបាយគ្រប់និន្នាការដោះស្រាយគ្នា តម្កល់ប្រយោជន៍ជាតិជាធំ និងគិតដល់កម្មករផងទាន»។
ចំណែកលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ហៅកាត់ថា (CCFC) បានលើកឡើងអំពីចម្ងល់នៃផលិតផលនានា ដែលនឹងត្រូវរងការយកពន្ធពីសហភាពអឺរ៉ុប ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធ ត្រូវបានព្យួរទុកជាបណ្តោះអាសន្ននោះ។
លោកបានបន្ថែមថា៖
«វិស័យណាខ្លះប្រឈមពេល EBA ព្យួរ? ទីមួយគឺ វិស័យកសិកម្ម ឬកសិឧស្សាហកម្ម(អង្ករ និងស្កររបស់លោកឧកញ៉ាជាដើម។ ទីពីរគឺវិស័យកាត់ដេរ កម្មករ និងបងៗថៅកែចិន។ ទីបីគឺឧស្សាហកម្មមួយចំនួនធំដែលលោកឧកញ៉ាកំពុងរកស៊ី»។
មន្ត្រីសង្គមស៊ីវិលមួយចំនួនផ្សេងទៀតបានបញ្ចេញយោបល់ អំពីឥទ្ធិពលជាអវិជ្ជមាន ប្រសិនបើមានការព្យួរទុកប្រព័ន្ធអនុគ្រោះពន្ធដល់ទំនិញកម្ពុជាមែននោះ។ ផលប៉ះពាល់ទាំងនោះគឺអាចមានទៅលើទំនិញគ្រប់មុខ ក្នុងនោះមានផលិតកសិកម្ម ដូចជាអង្ករ ដែលមានទីផ្សារល្អនៅសហភាពអឺរ៉ុប ក៏ដូចជានៅសហរដ្ឋអាមេរិក។
កាលពីដើមខែ តុលា នេះ ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពរឹងប៉ឹងដដែលក្នុងឆ្នាំ២០១៨ ដោយកំណើនសេដ្ឋកិច្ចស្ថិតក្នុងកម្រិត៧ភាគរយ តែបានព្រមានថា សេដ្ឋកិច្ចកម្ពុជា ក៏នឹងត្រូវប្រឈមនឹងហានិភ័យផងដែរ ក្នុងករណីមានការសើរើឡើងវិញនៃការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា និងការធ្លាក់ស្រុតចុះរបស់សេដ្ឋកិច្ចប្រទេសចិន៕