លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ បានបញ្ជាឲ្យលុបចោលបម្រាម មិនឱ្យលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង វិលចូលប្រទេសវិញ បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះចោទរដ្ឋាភិបាលលោក ហ៊ុន សែន ថាបានប្រើមធ្យោបាយអាក្រក់បង្អាក់ដំណើររបស់លោកមកកាន់កម្ពុជា។
លោក សម រង្ស៊ី បានអះអាងថា បើលោកបានវិលត្រឡប់មកប្រទេសកម្ពុជាមុនការបោះឆ្នោតឃុំសង្កាត់ គឺលទ្ធផលដែលគណបក្សសង្គ្រោះជាតិទទួលបានគឺច្រើនជាងពេលបច្ចុប្បន្ន។
នៅក្នុងបទសម្ភាសជាមួយវីអូអេ ផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន លោក សម រង្ស៊ី បានបញ្ជាក់ថា៖
«គេបានចេញបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយក្នុងពិភពលោកមិនឱ្យដឹកខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ បើគ្មានបញ្ជាបែបហ្នឹង ការរារាំងបែបហ្នឹងខ្ញុំមកដល់ស្រុកខ្មែរបាត់ហើយតាំងពីយូរយាម្ល៉េះ។ អីចឹងមានន័យថា គេខ្លាចខ្ញុំណាស់ គេខ្លាចរូបខ្ញុំ។ គេខ្លាចសំឡេងខ្ញុំ។ គេខ្លាចឈ្មោះខ្ញុំ។ គេខ្លាចស្រមោលខ្ញុំ។ អីចឹងយុត្តិធម៌កន្លែងណា? សមធម៌កន្លែងណា បើគូប្រកួតមួយខ្លាចគូប្រកួតមួយខ្លាចមិនឱ្យគេឡើងសង្វៀនវាយជាមួយខ្លួនលើសង្វៀនផង»។
Your browser doesn’t support HTML5
លោក សម រង្ស៊ី បានបន្តចោទថា ទង្វើនេះគឺខុសច្បាប់ដែលលោកជាពលរដ្ឋខ្មែរម្នាក់៖
«មិនឱ្យខ្ញុំវិលចូលប្រទេសកម្ពុជាវិញ ជាទង្វើខុសច្បាប់ ខុសរដ្ឋធម្មនុញ្ញ គ្មានរដ្ឋអំណាចណាអាចរារាំងមិនឱ្យពលរដ្ឋម្នាក់ចូលមករស់នៅលើប្រទេសខ្លួនឯងវិញ រារាំងមិនឱ្យយន្តហោះដឹកមកវិញ គំរាមកំហែងគេដូចកាលពីមុនៗ គឺគំរាមកំហែងរហូតដល់បាញ់ទម្លាក់យន្តហោះថា យន្តហោះណាដែលហ៊ានដឹកអ្នកដែលគេមិនពេញចិត្តឱ្យវិលត្រឡប់មកស្រុកខ្មែរវិញ គេគំរាមបាញ់ទម្លាក់យន្តហោះ។ បើទម្លាក់ស្លាប់តែអ្នកដែលគេមិនចូលចិត្តម្នាក់មិនអីទេ ប៉ុន្តែបើស្លាប់អ្នកដែលជិះក្នុងយន្តហោះគ្នាមានដឹងអីគ្នា គ្នាគ្រាន់តែជិះយន្តហោះជាមួយអ្នកដែលគេមិនពេញចិត្តមិនចង់ឱ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ដូច្នេះមានន័យថា ចិត្តគំនិតអ្នកដែលមិនចង់ឱ្យខ្ញុំវិលត្រឡប់មកវិញហ្នឹងគឺព្រៃផ្សៃមែនទែន»។
លោក សម រង្ស៊ី បានបន្តការអះអាងនេះនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាសេរី កាលពីថ្ងៃអង្គារសប្តាហ៍នេះទៀត ដែលក្នុងកម្មវិធីនោះ លោក សម រង្ស៊ី ត្រូវបានសួរដោយអ្នកស្តាប់របស់វិទ្យុនេះថា តើលោកនឹងវិលចូលប្រទេសវិញនៅមុន ឬក្រោយការបោះឆ្នោតឆ្នាំ ២០១៨ ហើយតើលោកហ៊ានប្រឈមនឹងការជាប់ពន្ធនាគារឬទេ។
លោក សម រង្ស៊ី បានឆ្លើយតបថា លោកសុខចិត្តជាប់គុក និងស្លាប់ ដើម្បីប្រទេសជាតិ ហើយបានចោទរដ្ឋាភិបាលលោក ហ៊ុន សែន ថាព្យាយាមរារាំងរូបលោក មិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។
«ខ្ញុំបេក្ខជនជានាយករដ្ឋមន្ត្រី តតាំងជាមួយ ហ៊ុន សែន តែបើ ហ៊ុន សែន កំសាក ហ៊ុន សែន ប្រើតុលាការអាយ៉ង ដើម្បីរារាំង មិនឲ្យខ្ញុំវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ហើយប្រើមធ្យោបាយថោកទាបមួយទៀត គឺហ៊ុន សែន រដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក កុំឲ្យដឹកខ្ញុំមកប្រទេសកម្ពុជា គឺបដិសេធរូបខ្ញុំមិនឲ្យឡើងយន្តហោះណា ដែលត្រូវហោះហើរមកប្រទេសកម្ពុជា»។
លោក សម រង្ស៊ី ចោទសួរថា បើលោក ហ៊ុន សែន ខ្លាចលោកយ៉ាងនេះ តើគណបក្សប្រជាជនទទួលជ័យជម្នះមានតម្លៃអ្វី៖
«មានន័យថា ហ៊ុន សែន ខ្លាចខ្ញុំ ខ្លាចរូបខ្ញុំ ខ្លាចឈ្មោះខ្ញុំ ខ្លាចសំឡេងខ្ញុំ ខ្លាចស្រមោលខ្ញុំ កុំឲ្យខ្ញុំមកប្រកួតប្រជែងជាមួយគាត់ ហើយគាត់អះអាងថា គាត់ប្រកួតប្រជែងតែម្នាក់គាត់ គាត់យល់ថា គាត់នឹងឈ្នះ ប៉ុន្តែជ័យជម្នះហ្នឹងមានតម្លៃអីទេ»។
នៅថ្ងៃនេះលោក ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋាភិបាលបើផ្លូវឱ្យលោក សម រង្ស៊ី ក្នុងការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។
លិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះហត្ថលេខា ដោយលោក តិករ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមិថុនានេះ បានជូនដំណឹងដល់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តាមបទបញ្ជារបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន។
លិខិតដដែលបានសរសេរក្នុងន័យដើមថា៖
«រាជរដ្ឋាភិបាលបានសម្រេចលុបចោលនូវលិខិតលេខ ១៥១របក ចុះថ្ងៃទី១២ ខែ តុលា ឆ្នាំ២០១៦ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីបុគ្គល សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ»។
តាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចុះហត្ថលេខាដោយលោក តឹករ៉េត សំរេច ចុះថ្ងៃទី១២ ខែតុលា ដែលVOA បានទទួលឱ្យដឹងថា វិធានការបួនសំខាន់ៗនៃការរារាំងមិនឲ្យលោក សម រង្ស៊ី ដែលចាត់ទុកថា ជាបុគ្គលម្នាក់មិនឲ្យវិលចូលក្នុងទឹកដីកម្ពុជា។ វិធានការចម្បងមួយ គឺគ្រប់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលធ្វើប្រតិបត្តិការហោះហើរមកកម្ពុជា មិនត្រូវអនុញ្ញាតឲ្យបុគ្គល [លោក សម រង្ស៊ី] នេះឡើងយន្តហោះមកកម្ពុជាទេ ហើយត្រូវផ្តល់របាយការណ៍ទៀងទាត់ក្នុងករណីបុគ្គលនេះទិញសំបុត្រយន្តហោះធ្វើដំណើរមកកម្ពុជា។
VOA ព្យាយាមសុំសេចក្តីអធិប្បាយពីលោក តឹករ៉េត សំរេច នៅថ្ងៃពុធនេះ តែមិនទាន់អាចទាក់ទងបាន។ លោក តឹករ៉េត សំរេច ធ្លាប់បានប្រាប់ VOA កាលពីខែតុលា កន្លងមកនេះ ថា ការណ៍មិនអនុញ្ញាតឲ្យលោក សម រង្ស៊ី វិលចូលប្រទេសកំណើតលោកវិញ ដោយសារតែអតីតមេបក្សប្រឆាំងរូបអាចបង្កបញ្ហាធំ ដែលអាចបណ្តាលឲ្យឆេះព្រលានយន្តហោះ ឬក៏ខូចខាតយន្តហោះ តម្លៃពី១០០ ទៅ២០០លានដុល្លារក្នុងមួយគ្រឿង ហើយថាអតីតមេបក្សប្រឆាំងរូបនេះអាចបង្កចលាចលផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា រដ្ឋាភិបាលលែងហាមប្រាមមិនឲ្យលោក សម រង្ស៊ី វិលចូលស្រុកវិញហើយ ក្រោយពីអតីតមេបក្សប្រឆាំងរូបនេះ បញ្ចេញប្រតិកម្មលើការហាមប្រាមនេះតាមវិទ្យុអាស៊ីសេរី។ តែលោកថា លោក សម រង្ស៊ី ជាបុគ្គលកំសាក ដូច្នេះលោកមិនវិលមកវិញទេ ហើយប្រសិនបើវិលមកវិញ លោកនឹងត្រូវអាជ្ញាធរចាប់ខ្លួន។
«គាត់មិនទាន់រួចខ្លួន អារឿងឃុបឃិត ជាមួយ ហុង សុខហួរ គាត់បរិហាកេរ្តិ៍រាជរដ្ឋាភិបាល រៀបចំផែនការសម្លាប់ កែម ឡី អីអាហ្នឹង វានៅត្រង់ហ្នឹងទាំងអស់ មានរួចទៅណា គាត់ចោទសម្តេច ហេង សំរិន ថាកាត់ទោស សម្តេចសីហនុអី យើងដឹងអស់ហើយតើ ចេះតែផ្ទួនៗ ចេះតែផ្គុំ ចេះតែប្រមូលមកហើយ អាទោសទណ្ឌហ្នឹង ហើយមានអ្នកណាធ្វើបាបគាត់ មកពីខ្លួនឯង បើខ្លួនឯងអត់និយាយខុសហ្នឹង វាមានអ្នកណាទៅធ្វើអីគាត់»។
លោក សុខ ឥសាន បានបញ្ជាក់បន្ថែមទៀតថា វត្តមានលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងមិនបង្កក្តីបារម្ភដល់គណបក្សកាន់អំណាច ទាក់ទិនការកើនឡើងប្រជាប្រិយភាពរបស់បក្សប្រឆាំងផងដែរ។
លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងមិនស្នើឲ្យព្រះមហាក្សត្រខ្មែរ ប្រោសព្រះរាជទានទោស លោក សម រង្ស៊ី ដូចកាលមុនពេលរៀបចំការបោះឆ្នោតជាតិឆ្នាំ ២០១៣។ នៅពេល VOA សួរបន្ថែមថា ហេតុអ្វី លោកនាយករដ្ឋមន្ត្រី អាចស្នើលើកលែងទោសលោក កឹម សុខា បាន តែមិនអាចធ្វើបានសម្រាប់លោក សម រង្ស៊ី លោក សុខ ឥសាន ថ្លែងយ៉ាងដូច្នេះ៖
«អាហ្នឹងរឿងមួយដោយឡែក ពីព្រោះទោសទណ្ឌឯកឧត្តម កឹម សុខា វាមានប៉ុន្មាន មួយខែ ពីរខែតែប៉ុណ្ណឹងទេ អាទោសដែលប្រឆាំងនឹងដីការបស់ព្រះរាជអាជ្ញាហ្នឹងមានទោសអីប៉ុន្មាន»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា គណបក្សសាទរចំពោះការចេញលិខិតបើកផ្លូវឲ្យលោក សម រង្ស៊ី វិលមកប្រទេសកម្ពុជា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ។
«ឥឡូវយើងអបអរសាទរចំពោះលិខិតហ្នឹង ពីព្រោះឯកឧត្តម សម រង្ស៊ី ជាប្រជាពលរដ្ឋខ្មែរ គាត់មានសិទ្ធិ គាត់មានអំណាច គាត់មានតួនាទី ភារកិច្ចក្នុងការបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ ដូច្នេះ ខ្ញុំយល់ឃើញថា លិខិតនេះក៏ជាសញ្ញាណវិជ្ជមានមួយ»។
លោក យឹម សុវណ្ណ មិនទាន់អាចបញ្ជាក់បានថា តើលោក សម រង្ស៊ី មានផែនការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅពេលណានោះឡើយ។
អ្នកវិភាគនយោបាយបានបញ្ជាក់កាលពីពេលកន្លងមកថា រដ្ឋាភិបាលមិនមានចេតនាអនុញ្ញាតឲ្យលោក សម រង្ស៊ី មានវត្តមានក្នុងប្រទេសកម្ពុជានោះទេ ព្រោះថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំរដ្ឋាភិបាលកំពុងភ័យខ្លាចពីការកើនឡើងខ្លាំងនៃប្រជាប្រិយភាពរបស់លោក សម រង្ស៊ី។ លោកថា រដ្ឋាភិបាលក៏មិនអាចចាប់លោក សម រង្ស៊ី បញ្ជូនទៅឃុំនៅពន្ធនាគារផងដែរ ព្រោះបារម្ភក្រែងមានចលនាតស៊ូណាមួយកើតឡើងប្រឆាំងនឹងរដ្ឋាភិបាល៕