រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចប់បម្រាមហាមឃាត់ការធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ ដែលជាការសម្រេចមួយ ត្រូវបានមើលឃើញថាដើម្បីជួយសម្រួលដល់ផ្នែកទេសចរណ៍ក្នុងស្រុក និងការធ្វើ ពាណិជ្ជកម្មតាមបណ្តាខេត្តនានា។ នេះបើយោងតាមសេចក្តីសម្រេចមួយចុះហត្ថលេខាដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែមេសា។
ការសម្រេចបញ្ចប់បម្រាមហាមឃាត់ការធ្វើដំណើរឆ្លងខេត្តដែលត្រូវបានកំហិតតាំងពីថ្ងៃទី៦ ខែមេសា មុនចូលឆ្នាំខ្មែរនេះ កើតឡើង បើទោះជំងឺកូវីដ១៩នៅបន្តឆ្លងច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញដែលកំពុងត្រូវបានបិទខ្ទប់។
សេចក្តីសម្រេចរបស់រដ្ឋាភិបាលបញ្ជាក់ថាបញ្ចប់ការហាមឃាត់ធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានដាក់ចេញកាលពីថ្ងៃទី៦ ខែមេសា ហើយពីដើមឡើយ គ្រោងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា។ សេចក្តីសម្រេចបន្ថែមថាសម្រាប់ការធ្វើដំណើរចេញចូលនិងឆ្លងកាត់ភូមិសាស្រ្តនានាដែលត្រូវបានបិទខ្ទប់ ត្រូវអនុវត្តតាមសេចក្តីសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ដែលមានជាធរមាន។
អភិបាលរងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ លោក លី សំរិទ្ធ មានប្រសាសន៍ថាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍បានរងគ្រោះ ដោយសារមិនមានទេសចរបរទេស និងទេសចរក្នុងស្រុកចូលមកលេងកម្សាន្តក្នុងខេត្តនេះ។ លោកបន្តថាការបិទឆ្លងខេត្តរបស់រដ្ឋាភិបាលកាលពីកន្លងទៅ ជាវិធានការចាំបាច់មួយ ដើម្បីទប់ស្កាត់កុំឲ្យមាន«មហន្តរាយធំជាងនេះ»។
លោក លី សំរិទ្ធ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា៖ «ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ជាពិសេសមួយខែចុងក្រោយនេះ គឺវាមិនស្រួលទេ ចង់និយាយទាំងអស់គ្នា។ កុំថាតែយើងនៅណា ក៏វាមិនស្រួលដែរ»។
លោកអភិបាលរងខេត្តរូបនោះបានឲ្យដឹងថាអាជ្ញាធរខេត្តសៀមរាបរង់ចាំការធ្វើដំណើររបស់ប្រជាពលរដ្ឋចូលមកខេត្តសៀមរាប ដោយមានការប្រុងប្រយ័ត្នជាមួយវិធានការសុខាភិបាល ខណៈសង្កាត់មួយចំនួនក្នុងក្រុងសៀមរាបត្រូវបានរាំងខ្ទប់ ប៉ុន្តែក៏ត្រៀមបើកឡើងវិញនាពេលខាងមុខដែរ។
លោក លី សំរិទ្ធ បន្ថែមថា៖ «យ៉ាងណាក៏ដោយ ប្រហែលជាបងប្អូនមិនទាន់មានមោទនភាពនិងមានសេចក្តីសោមនស្សរីករាយនៅក្នុងការដើរកម្សាន្តនៅឡើយទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងនៅមានសុទិដ្ឋិនិយមថាស្អីៗវានឹងល្អប្រសើរបន្តិចជាងនេះ»។
នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយនិងជាអ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ចមួយរូប លោក ចាន់ សុផល មានប្រសាសន៍ថាការបិទធ្វើដំណើរឆ្លងពីខេត្តមួយទៅខេត្តមួយ បានប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងស្រុក ដូចជាប៉ះពាល់ចំណូលរបស់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាននិងអ្នករកស៊ីរបរផ្សេងៗ។ លោកបន្តថាសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២១ នឹងមានកំណើនយឺត ខុសពីការរំពឹងទុក កាលពីចុងឆ្នាំ២០២០ ដោយសារបិទការធ្វើដំណើរឆ្លងខេត្តនិងការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល។ លោកបញ្ជាក់ថាការឆ្លងជំងឺកូវីដ១៩ មិនទាន់ថមថយនៅឡើយ ដូច្នេះលោកមិនរំពឹងថានឹងមានការបើកឲ្យធ្វើដំណើរឡើងវិញនៅរាជធានីភ្នំពេញ ឆាប់ៗនោះទេ។
លោក ចាន់ សុផល មានប្រសាសន៍ថា៖ «បើនិយាយពីវិធានការតឹងរ៉ឹងផ្នែកជំងឺឆ្លងនេះ គឺទាល់តែប្រាកដប្រជាពីរសប្តាហ៍ ក្រោយពីអត់មានភាពឆ្លង។ ដូចថាយើងរកមិនឃើញករណីឆ្លង ឬក៏ទាបខ្លាំង»។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងនិងជាអ្នកនាំពាក្យ មានប្រសាសន៍ថា អាជ្ញាធរបានដកបារ៉ាស់និងកម្លាំងយាមកាមចេញរួចរាល់ហើយ។ ប៉ុន្តែអាជ្ញាធរខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យកំពុងពិភាក្សាគ្នាអំពីការបិទឆ្លងខេត្តទាំងពីរនេះ ដោយសារទីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ កំពុងមានករណីផ្ទុះឆ្លងជំងឺកូវីដ១៩ខ្លាំង។
លោក សឿម ប៊ុនរិទ្ធិ ប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា៖ «អញ្ចឹងយើងកំពុងពិភាក្សាគ្នាជាមួយនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ តើយើងត្រូវធ្វើបែបម៉េច ដើម្បីរាំងខ្ទប់ពាក់ព័ន្ធនឹងបញ្ហាហ្នឹង ដើម្បីកុំឲ្យនាំជំងឺកូវីដ១៩ ដែលកំពុងតែផ្ទុះនៅទីក្រុងប៉ោយប៉ែតជាង១០០នាក់ហ្នឹង ចម្លងមកដល់សហគមន៍នៅក្នុងខេត្តបាត់ដំបង»។
លោកអភិបាលរងខេត្តបាត់ដំបងឲ្យដឹងថា កន្លងទៅការបិទឆ្លងខេត្តនេះ គឺមិនមែនបិទការដឹកទំនិញដែលជាគ្រឿងឧបភោគបរិភោគនោះទេ ដោយអាជ្ញាធរបានសម្រួលសម្រាប់ការដឹកជញ្ជូនទំនិញចាំបាច់។
លោក សឿម ប៊ុនរិទ្ធិ បញ្ជាក់ថា៖ «មិនមែនថាការបិទខ្ទប់ហ្នឹង មិនមានសកម្មភាពសេដ្ឋកិច្ចទេ បានន័យថាសកម្មភាពសេដ្ឋកិច្ចផ្តោតទៅលើការផ្គត់ផ្គង់ទៅលើគ្រឿងឧបភោគបរិភោគ ហើយក៏យើងជួយសម្រួលសម្រាប់អ្នកដែលមានជំងឺឬក៏អ្នកដែលត្រូវទៅពិនិត្យជំងឺតាមការណាត់របស់ពេទ្យជាដើម»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល មានប្រសាសន៍ថាការបើកឲ្យមានការធ្វើដំណើរឡើងវិញនេះ នឹងជួយឲ្យប្រជាជនដែលជាប់គាំងការធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ អាចត្រឡប់ទៅទីតាំងដើមរបស់ខ្លួនវិញ។ លោកបន្តថាបើទោះមានការបើកធ្វើដំណើរឆ្លងខេត្ត ប៉ុន្តែតំបន់ដែលមានហានិភ័យក្នុងក្រុងឬក្នុងខេត្ត នៅតែរាំងខ្ទប់ដដែល។
លោក ផៃ ស៊ីផាន មានប្រសាសន៍ថា៖ «រួចអ្នកខ្លះត្រូវទៅបកទៅធ្វើស្រែចម្ការ គេត្រូវធ្វើដំណើរទៅធ្វើស្រែទៅធ្វើចម្ការរបស់គេ ម្លោះហើយចរាចរណ៍មនុស្សដើម្បីទៅប្រកបការងារចាប់ផ្តើម។ ពាក់ព័ន្ធទីពីរ រឿងការជួញដូរ ឬគេនិយាយភាសាទំនើបហ្នឹង គេថាពាណិជ្ជកម្ម គេអាចដំណើរការឡើងវិញបាន»។
កាលពីថ្ងៃទី២៥ ខែមេសា អង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានលើកឡើងថា ជំងឺកូវីដ១៩ មិនមែនជាវិបត្តិសុខភាពតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែគឺជាវិបត្តិសេដ្ឋកិច្ចនិងសង្គមផងដែរ។
អង្គការនេះបញ្ជាក់ថា៖ «ហើយគោលដៅនៃវិធានការឆ្លើយតប គឺមិនត្រឹមតែដោះស្រាយបញ្ហាផ្នែកសុខភាពប៉ុណ្ណោះទេ តែត្រូវការពារអនាគតសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាផងដែរ។ ប្រសិនបើយើងគ្រប់គ្រងស្ថានភាពផ្ទុះឡើងនៃជំងឺនេះមិនបានទេ នោះវានឹងមានផលវិបាកផ្នែកសុខភាព ក៏ដូចជាផលប៉ះពាល់ដល់សេដ្ឋកិច្ចធ្ងន់ធ្ងរផងដែរ»។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អៃឡាន (Li Ailan) មានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «គ្រប់គ្នាត្រូវចូលរួមធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីចៀសវាងវិប្បដិសារីនៅថ្ងៃស្អែក»៕