អ្នកស្រី កុល សាត បានបាត់ប្តីរបស់អ្នកស្រី ឈ្មោះ គង់ ម៉ាស់ ពេញមួយថ្ងៃ។ អ្នកស្រីបានព្យាយាមហៅទូរស័ព្ទទៅអ្នកស្គាល់ប្តីរបស់អ្នកស្រី តែមិនដឹងដំណឹងនោះទេ។
អ្នកស្រី សាត អាយុ៣៥ឆ្នាំ ដែលជាកម្មការិនីរោងចក្រកាត់ដេរមួយនៅភ្នំពេញ បានថ្លែងប្រាប់ VOA នៅផ្ទះជួលថា ម្តាយក្មេករបស់អ្នកស្រីបានហៅទូរស័ព្ទមកប្រាប់នាពេលព្រឹកថ្ងៃបន្ទាប់ថា លោក គង់ ម៉ាស់ ត្រូវបានចាប់ខ្លួន ហើយកំពុងសួរចម្លើយនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកស្រីមានប្រសាសន៍ថា ប្តីអ្នកស្រីបានប្រាប់ថា មិត្តភ័ក្តិហៅទៅពិសារកាហ្វេនៅភោជនីយដ្ឋានមួយជិតទូតរុស្ស៊ី កន្លែងដែលលោក គង់ ម៉ាស់ ត្រូវបានចាប់ខ្លួន នៅម៉ោងប្រមាណ៩និង៣០នាទីព្រឹក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។
អ្នកស្រី កុល សាត បានថ្លែងប្រាប់ VOA ថា៖ «ពេលខ្ញុំទៅផ្សារ គាត់ថាមិត្តភ័ក្តិហៅញាំកាហ្វេនៅជិតអ៊ីអន។ ដល់ខ្ញុំទៅដល់ផ្ទះ ខ្ញុំតេមកគាត់ អត់ចូលរហូត។ ទាល់ស្អែកឡើង។ ហើយល្ងាចហ្នឹង យប់ហ្នឹង ខ្ញុំតេសួរមិត្តភ័ក្តិគាត់ទាំងអស់ អត់មាននរណាដឹងទេ»។
អ្នកស្រីបានបន្ថែមថា៖ «អញ្ចឹងខ្ញុំចេះតែបាត់គាត់ ទាល់តែស្អែកបានម្តាយខ្ញុំតេមកប្រាប់ខ្ញុំវិញ ហើយខ្ញុំអត់ដឹងទេ ទាល់តែម្តាយគាត់តេមកប្រាប់ខ្ញុំវិញ។ អញ្ចឹងបានខ្ញុំដឹងថាគេចាប់គាត់»។
បើតាមអ្នកស្រី សាត លោក ម៉ាស់ ត្រូវបានចាប់ខ្លួន ដោយសារការបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុកកាលពីកន្លងទៅ។ អ្នកស្រីបញ្ជាក់ថា ការរិះគន់នោះ គឺទាក់ទងនឹងបញ្ហាការព្រមានកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
អ្នកស្រីមានប្រសាសន៍ថា៖ «គាត់រិះគន់ពីរឿង EBA [Everything but Arms] គេផ្តាច់ពន្ធ ដូចថាគេផ្តាច់ពន្ធរឿងEBA។ ខ្ញុំដឹងតែប៉ុណ្ណឹង គេចាប់គាត់»។ រឿងផ្សេងទៀត ខ្ញុំអត់សូវដឹង ជារឿងរបស់គាត់»។
អ្នកស្រីចាត់ទុកថា ការចោទប្រកាន់ប្តីរបស់អ្នកស្រី គឺមិនត្រូវនោះទេ ហើយប៉ះពាល់សិទ្ធិរបស់លោក។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំគិតថា នេះគ្រាន់តែលក្ខណៈគាត់រិះគន់ ដើម្បីស្ថាបនា ទីមួយ។ ទីពីរដូចថាគាត់ជាប្រជាជនធម្មតាអញ្ចឹង គាត់មានសិទ្ធិបង្ហោះសារ ជាសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់គាត់ បញ្ចេញមតិរិះគន់ដើម្បីស្ថាបនា។ អញ្ចឹងខ្ញុំគិតថាប្រហែលជាមិនខុសទេ»។
ការចាប់ខ្លួនលោក គង់ ម៉ាស់ អាយុ៣៣ឆ្នាំ គឺជាករណីចុងក្រោយមួយនៃការបង្ហោះសារតាមហ្វេសប៊ុក។ កាលពីឆ្នាំ២០១៥ មានករណីមួយ ដែលនិស្សិតសាកលវិទ្យាល័យម្នាក់ ឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានចាប់ខ្លួន ទាក់ទងនឹងការបង្ហោះសារនៅលើហ្វេសប៊ុកអំពីបដិវត្តន៍ពណ៌។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១ឆ្នាំកន្លះ កាលនោះ។
កាលពីថ្ងៃទី៥ ខែកុម្ភៈ យុវជនម្នាក់ ឈ្មោះ យិន ហេង ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ«ញុះញង់ឲ្យមានការរើសអើង» ក្រោយបង្ហោះវីដេអូតាមហ្វេសប៊ុក ដោយបានប្រើសារជេរប្រមាថជាតិសាសន៍ខ្មែរ។
ចំណែកកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ស្រ្តីម្នាក់ ឈ្មោះ សំ សុខា ត្រូវបានចាប់ខ្លួនផងដែរ ដោយសារការបង្ហោះវីដេអូមួយបង្ហាញអ្នកស្រីបានចោលស្បែកជើងទៅលើបដាមួយនៅតាមផ្លូវ ដែលមានរូបនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ហេង សំរិន ប្រធានរដ្ឋសភា។ អ្នកស្រីត្រូវបានចោទពីបទ «ប្រមាថ និងញុះញង់ឲ្យមានការរើសអើង»។ អ្នកស្រីក៏បានប្រើសារថា«អានេះវាតាមបំផ្លាញជាតិដល់ហ្នឹងទៀតអាហ្នឹង»។
ចំណែកកាលពីខែកក្កដា ឆ្នាំ២០១៧ បុរសម្នាក់ ឈ្មោះ រុំ ចំរើន ត្រូវបានចាប់ខ្លួនផងដែរ ដោយសារការប្រើសារគំរាមសម្លាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ចោទប្រកាន់ពីបទប្រមាថ និងការញុះញង់
អ្នកប្រើហ្វេសប៊ុកជាច្រើន ត្រូវបានចោទប្រកាន់ពីបទប្រមាថ និងញុះញង់ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ។
មេធាវីរបស់លោក គង់ ម៉ាស់ គឺលោក សំ សុគង់ មានប្រសាសន៍ថា ការចាប់ខ្លួនកូនក្តីរបស់លោក គឺពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ ពីព្រោះភស្តុតាងដែលមាន គឺជាសារដែលបង្ហោះរិះគន់រដ្ឋាភិបាល គាំទ្រយុទ្ធនាការមិនចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៨ និងការបង្ហាញជំហរគាំទ្រលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្រ្គោះជាតិ ឲ្យចូលស្រុកវិញ។ លោកមេធាវីបញ្ជាក់ថា ជនរងគ្រោះ គឺជាសកម្មជនរបស់គណបក្សសង្រ្គោះជាតិម្នាក់នៅក្នុងខេត្តស្វាយរៀង។
លោក សំ សុគង់ មានប្រសាសន៍ថា៖ «តុលាការបានប្រើសិទ្ធិក្នុងការចោទប្រកាន់ គឺពាក់ព័ន្ធនឹងការញុះញង់ ហើយនិងបទប្រមាថហ្នឹង ជាពិសេសពាក់ព័ន្ធនឹងព័ត៌មានបង្ហោះតាមហ្វេសប៊ុក។ ខ្ញុំគិតថា ការដែលចោទប្រកាន់ពីបទញុះញង់ ក៏ដូចជាការប្រមាថតាមរយៈប្រព័ន្ធហ្វេសប៊ុកហ្នឹង នោះជាការចោទប្រកាន់មិនមានលក្ខណៈត្រឹមត្រូវទេ គឺការធ្វើនេះវាប៉ះពាល់ទៅដល់សិទ្ធិរបស់ប្រជាពលរដ្ឋហ្នឹង»។
បើតាមសារនៅលើហ្វេសប៊ុក ដែលត្រូវបានត្រួតពិនិត្យដោយ VOA លោក គង់ ម៉ាស់ បានបង្ហោះសាររិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ថា តែងតែគិតពីអំណាច ហើយពីមួយថ្ងៃទៅមួយថ្ងៃ រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាដែលកសិករបានជួបប្រទះ ដូចជាការធ្លាក់ចុះតម្លៃទីផ្សាររបស់ផលិតផលកសិកម្ម។
លោកមេធាវីបញ្ជាក់ថា តុលាការតែងតែសម្រេចតាមសំណុំរឿងរបស់អាជ្ញាធរ និងចោទប្រកាន់លើអ្នកប្រើប្រាស់ហ្វេសប៊ុកដែលត្រូវបានចាប់ខ្លួន។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលអាជ្ញាធរឬក៏រដ្ឋាភិបាល គាត់ខឹង ហើយគាត់កសាងសំណុំរឿងមកតុលាការ។ មួយរយភាគរយ គឺតុលាការត្រូវតែចាត់ការតាមបណ្តឹងរបស់អាជ្ញាធរ គ្មានអីច្បាប់ជាសំអាងទេ»។
ប្រទេសកម្ពុជាបានធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដោយបញ្ចូលការដាក់ទោសទណ្ឌទៅលើអ្នករិះគន់ព្រះមហាក្សត្រ។ ក្រោយច្បាប់នេះត្រូវបានអនុម័តកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ពលរដ្ឋយ៉ាងតិច៣នាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ក្រោមច្បាប់មួយនេះ តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុក។
VOA មិនអាចសុំការឆ្លើយតបពីលោក លី សុផាណា អ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
បំបិទសំឡេងប្រឆាំងនៅកម្ពុជា
ការរឹតត្បិតទៅលើសេរីភាពអ៊ិនធឺណិត ក៏បានកើតឡើងស្របពេលដែលគណបក្សប្រឆាំងមានសំឡេងគាំទ្រកាន់តែច្រើននៅក្នុងប្រទេស ពោលគឺក្រោយការបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០១៣។
កាលពីខែកញ្ញា ឆ្នាំ២០១៧ មេដឹកនាំអតីតបក្សប្រឆាំង គឺលោក កឹម សុខា ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល តាមរយៈការសមគំនិតជាមួយសហរដ្ឋអាមេរិក។ នៅក្នុងខែកញ្ញា ដូចគ្នា កាសែតល្បីឈ្មោះ The Cambodia Daily ក៏ត្រូវបង្ខំឲ្យបិទ ដោយសារបញ្ហារឿងពន្ធដារ។ បន្ទាប់មក វិទ្យុអាស៊ីសេរី ក៏បានប្រកាសបិទការិយាល័យរបស់ខ្លួននៅភ្នំពេញផងដែរ ដោយសារបញ្ហាពន្ធដូចគ្នា។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ អ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី២នាក់ ក៏ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ថាផ្តល់ព័ត៌មានសម្ងាត់ឲ្យបរទេស។
បន្ទាប់មកនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិត្រូវបានរំលាយចោល។ បន្ទាប់ពីការរំលាយគណបក្សប្រឆាំង សកម្មភាព និងការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់អតីតមន្រ្តីបក្សប្រឆាំង ជាពិសេសអ្នកនៅក្នុងប្រទេស និងថ្នាក់ក្រោម ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានជំនាញ។
បន្ថែមពីនេះទៅទៀត គណបក្សប្រជាជនកម្ពុជា បានព្យាយាមគ្រប់គ្រងប្រព័ន្ធអ៊ិនធឺណិត ដែលគណបក្សប្រឆាំងធ្លាប់បានប្រើប្រាស់ ដើម្បីប្រយោជន៍អំឡុងពេលការបោះឆ្នោតកាលពីឆ្នាំ២០១៣ ដែលទាក់ទាញយុវជនជាច្រើននាក់។
លោក ហ៊ុន សែន បានក្លាយជាមេដឹកនាំមួយក្នុងចំណោមមេដឹកនាំក្នុងពិភពលោក ដែលបានប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកក្នុងការបង្ហោះសារនយោបាយ ឬសកម្មភាពរបស់លោក។ ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មានអ្នកចុច Likesរហូតទៅដល់ជាង១១លាននាក់ ខណៈដែលមានការចោទប្រកាន់ពីមេដឹកនាំបក្សប្រឆាំង គឺលោក សម រង្ស៊ី ថាបានប្រើប្រាស់លុយទិញចំនួនLikes។
កាលពីដើមខែមីនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកមិនមានបំណងបិទហ្វេសប៊ុកនៅកម្ពុជានោះទេ ហើយលោកនឹងប្រើប្រាស់វា ដើម្បីទាក់ទងជាមួយប្រជាជន។ លោកក៏បានបញ្ជាឲ្យធ្វើច្បាប់ឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ិនធឺណិតផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំជាអ្នកលេងហ្វេសប៊ុកម្នាក់ រឿងអីដែលខ្ញុំទៅបិទហ្វេសប៊ុក។ ហើយក្នុងប្រទេសមួយចំនួន កំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអ៊ិនធឺណិត»។
លោក មាស ប៉ូ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអ្នកនាំពាក្យរបស់ក្រសួង មានប្រសាសន៍ថា ក្រសួងកំពុងតែធ្វើសេចក្តីព្រាងច្បាប់នេះ តែមិនទាន់អាចកំណត់ពេលវេលាបញ្ចប់នៅឡើយទេ។ លោកបញ្ជាក់ថា ច្បាប់នេះនឹងមិនរឹតត្បិតសេរីភាពលើប្រព័ន្ធអ៊ិនធឺណិតនោះទេ។
លោកបានថ្លែងប្រាប់ VOA តាមទូរស័ព្ទថា៖ «អូនដឹងស្រាប់ហើយប្រទេសនេះមានច្បាប់ មានរដ្ឋធម្មនុញ្ញ មានចែងសិទ្ធិបញ្ចេញមតិ សិទ្ធិអីៗហ្នឹង។ មតិរបស់យើងយើងចេះតែបញ្ចេញប៉ះពាល់សិទ្ធិអ្នកដទៃ ក៏មិនអាចទៅរួចដែរ តែបើឲ្យយើងរឹតត្បិត គ្មានរឹតត្បិតអីទេ តែការប្រើប្រាស់សុំកុំឲ្យប៉ះពាល់អ្នកដទៃ»។
បើតាមលោក មាស ប៉ូ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា មានទៅដល់ជិត៧លាននាក់រហូតមកដល់ពេលនេះ។ ចំនួនអ្នកប្រើប្រាស់អ៊ិនធឺណិត មានទៅដល់១៣,៦លាននាក់ គឺស្មើប្រមាណ៨២ភាគរយនៃចំនួនប្រជាជនកម្ពុជាប្រមាណ១៦លាននាក់ នៅក្នុងប្រទេស។ នេះបើតាមលោក មាស ប៉ូ។
សេរីភាពបញ្ចេញមតិ និង ប្រមាថ ញុះញង់
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានស្នើឲ្យមានការបែងចែកឲ្យដាច់ពីគ្នារវាងសេរីភាពបញ្ចេញមតិ ការប្រមាថ និងការញុះញង់។
លោកបានថ្លែងប្រាប់ VOA ថា៖ «ខ្ញុំជឿថាអ្នកនិយាយថាសេរីភាពបញ្ចេញមតិ បើគេជេរម្រាយគាត់ គាត់ថាអាហ្នឹងសេរីភាពបញ្ចេញមតិដែរអត់ទេ។ បើគេចង់សម្លាប់គាត់អាហ្នឹងសេរីភាពបញ្ចេញមតិដែរទេ? ដូច្នេះយើងឈរនៅកណ្តាលជុំគ្នា មើលពីនិយមន័យនៅក្នុងច្បាប់ទៅ»។
លោកបញ្ជាក់បន្ថែមថា៖ «ដូច្នេះសេរីភាពនៃការបញ្ចេញយោបល់ វាខុសប្លែកពីការប្រមាថ ហើយនិងការញុះញង់ឲ្យទៅសម្លាប់នាយករដ្ឋមន្រ្តី អាហ្នឹងវាមិនអាចទទួលយកបានទេ»។
កាលពីខែកុម្ភៈ លោក ផៃ ស៊ីផាន ក៏បានស្នើឲ្យអាជ្ញាធរចាប់ខ្លួនបុរសម្នាក់ ដែលលោកថាបានបង្ហោះសារជាការផ្តល់យោបល់លើហ្វេសប៊ុករបស់លោក ដែលក្នុងសារនោះ មានការគំរាមសម្លាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្នុងពិធីសំណេះសំណាលជាមួយកម្មកររាប់ពាន់នាក់ នៅក្នុងខេត្តកោះកុង កាលពីថ្ងៃពុធ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកកំពុងឲ្យមេធាវីសិក្សាប្តឹងអ្នកប្រើប្រាស់ហ្វេសប៊ុកទាក់ទងនឹងការបង្ហោះសារដែលលោកថាបានប្រមាថជីវិតរបស់លោក។
លោកបានថ្លែងថា៖ «ខ្ញុំកំពុងឲ្យមេធាវីរបស់ខ្ញុំសិក្សា។ សិក្សាដាក់ពាក្យប្តឹងហើយ។ ក្នុងប្រទេស អញរឹបអូសយកទាំងអស់ហ្នឹង។ ឥឡូវហ្នឹង គឺថាមានជាង៣០ដែលអ្ហែងបង្ហោះប្រមាថជីវិតអញ»។
ការបារម្ភរបស់សង្គមស៊ីវិល
មន្រ្តីជាន់ខ្ពស់់នៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ត្រូវបានតាមដានយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរ។
លោកបានប្រាប់ VOAថា ៖ «បច្ចុប្បន្នយើងឃើញថាបញ្ហាការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តាមប្រព័ន្ធអនឡាញ អ៊ិនធឺណិត និងប្រព័ន្ធបណ្តាញសង្គមនេះ បើយើងមើលទៅមានការត្រួតពិនិត្យយ៉ាងដិតដល់ពីសំណាក់អាជ្ញាធរដែលមានជំនាញ»។ លោកបញ្ជាក់បន្ថែមថា៖ «យើងនិយាយអំពីសិទ្ធិសេរីភាព ខ្ញុំមិនជឿថាអាជ្ញាធរមិនយល់ទេអំពីសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិហ្នឹង ក៏ប៉ុន្តែយើងដឹងហើយថា វាអាស្រ័យទៅលើការបកស្រាយទៅវិញទេ!»។
លោក អំ សំអាត ក៏បានអំពាវនាវឲ្យបុគ្គលសាធារណៈ ថ្នាក់ដឹកនាំ គួរតែបើកចិត្តឲ្យទូលាយចំពោះការរិះគន់ណាមួយ ព្រោះថ្នាក់ដឹកនាំមិនប្រាកដថាមានមនុស្សទាំងអស់ស្រឡាញ់នោះទេ។
លោកមានប្រសាសន៍ថា៖ «អានេះវាស្រ័យទៅលើកម្រិតនៃការយល់ដឹង ហើយនិងកម្រិតនៃការបើកចិត្តឲ្យទូលាយរបស់អ្នកដឹកនាំមួយៗទេ»។
មន្រ្តីសិទ្ធិមនុស្ស លោក អំ សំអាត មានការព្រួយបារម្ភថា ច្បាប់ឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ិនធឺណិត នឹងអាចត្រូវបានប្រើប្រាស់ ដើម្បីបំបិទសេរីភាពនៃការបញ្ចេញមតិ។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានប្រាប់ VOA តាមសារអេឡិចត្រូនិកថា លោកស្រីកំពុងតាមដានករណីដែលពាក់ព័ន្ធនឹងការចាប់ខ្លួន និងចោទប្រកាន់ទៅលើការបង្ហោះតាមប្រព័ន្ធអ៊ិនធឺណិត។
លោកស្រីមានប្រសាសន៍ថា៖ «ការកម្រិតណាមួយត្រូវតែមានការកំណត់ត្រឹមត្រូវតាមច្បាប់ និងពិតជាចាំបាច់ ស្របតាមច្បាប់អន្តរជាតិ។ ខ្ញុំធ្លាប់បានបង្ហាញក្តីបារម្ភកាលពីមុនៗមកថា មាត្រាមួយចំនួននៃក្រមព្រហ្មទណ្ឌ ត្រូវបានប្រើប្រាស់ ដើម្បីកម្រិតសេរីភាពបញ្ចេញមតិនៅកម្ពុជា»។
លោកស្រី រ៉ូណា ស្មីត មានប្រសាសន៍ថា លោកស្រីសង្ឃឹមថា ច្បាប់មួយនេះ នឹងស្របតាមច្បាប់អន្តរជាតិ ហើយធានាសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ិនធឺណិត។
មេធាវីរបស់លោក គង់ ម៉ាស់ គឺលោក សំ សុគង់ មានប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីសុំឲ្យកូនក្តីរបស់លោកស្ថិតនៅក្រៅឃុំបណ្តោះអាសន្ន។
ភរិយារបស់លោក គង់ ម៉ាស់ គឺអ្នកស្រី កុល សាត ដែលបានទៅសួរសុខទុក្ខប្តីកាលពីថ្ងៃអង្គារ មានប្រសាសន៍ថា ប្តីរបស់អ្នកស្រីបានស្រកទម្ងន់ខ្លាំង ឡើងសម្ពាធឈាម និងស្លេកស្លាំង។
អ្នកស្រីបញ្ជាក់ថា៖ «គាត់គួរត្រូវបានដោះលែងឥឡូវនេះ»៕