អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្រមានកាសែត The Cambodia Daily (ឌឹ ខេមបូឌា ដេលី) ខ្លាំងៗឲ្យឈប់យកការគេចវេះមិនបង់ពន្ធជូនរដ្ឋមកធ្វើជារឿងនយោបាយ និងក្រើនរំឭកកាសែតនេះ ឲ្យបង់ពន្ធ បើមិនដូច្នេះទេត្រូវប្រឈមនឹងការអនុវត្តច្បាប់ ដែលមានជាធរមាន។ នេះបើយោងតាមសេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារដែល VOA ទទួលបានកាលពីល្ងាចថ្ងៃអង្គារកន្លងទៅ។
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារនេះ កើតមានឡើងក្រោយព្រឹត្តិបត្រសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ដែលបានលើកឡើងថា សេរីភាពសារព័ត៌មាន កំពុងស្ថិតក្រោមការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាលដែលកំពុងសំដៅមកបិទកាសែត ឌឹ ខេមបូឌា ដេលី។
សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះថ្ងៃទី ២៩ ខែសីហា បានសរសេរថា ក្រោយពីមានការបំភ្លឺជាច្រើនលើកច្រើនសា និងមានការជួបពិភាក្សាដោយផ្ទាល់រវាងអគ្គនាយកដ្ឋានពន្ធដារ និងតំណាងសារព័ត៌មាន ឌឹ ខេមបូឌា ដេលី នាពេលថ្មីៗនេះ អគ្គនាយកដ្ឋានពន្ធដារពិនិត្យឃើញថា សារព័ត៌មានមួយនេះ នៅតែមិនព្រមទទួលយកការណ៍ពិត ដែលថា ខ្លួនមិនបានបំពេញកាតព្វកិច្ចសារពើពន្ធបានត្រឹមត្រូវ ហើយនៅតែព្យាយាមទាញភ្ជាប់ការមិនបំពេញកាតព្វកិច្ចពន្ធដារទៅជាចេតនានយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប៉ុនប៉ងបិទកាសែតរបស់ខ្លួនទៅវិញ។
អគ្គនាយកដ្ឋានពន្ធដារក៏បានអះអាងថា ខ្លួនក៏បានរកឃើញថា កាសែត ឌឹ ខេមបូឌាដេលី ដែលបាននិងកំពុងដំណើរការអាជីវកម្មរហូតមក មិនបានគោរពកាតព្វកិច្ចស្របតាមបទប្បញ្ញត្តិច្បាប់ស្តីពីពន្ធដារ និងបានប្រព្រឹត្តអំពើគេចវេះពន្ធរាប់ឆ្នាំ ដោយមិនប្រកាសបង់ពន្ធ សូម្បីតែមួយរៀលណាសោះ។ មិនតែប៉ុណ្ណោះ ថែមទាំងប្រមូលអាករលើតម្លៃបន្ថែម ដែលជាថវិកាត្រូវបង់ជូនរដ្ឋដោយអ្នកប្រើប្រាស់ ហើយយកទៅដាក់ហោប៉ៅផ្ទាល់ខ្លួន ហើយបែរជាចោទប្រកាន់មកលើរាជរដ្ឋាភិបាលខុសពីការណ៍ពិតទៅវិញ។
សេចក្តីបំភ្លឺនោះបានចោទសួរក្នុងន័យដើមថា៖
«តើករណីនេះគឺជាបញ្ហានយោបាយដែលរាជរដ្ឋាភិបាលគំរាមទៅលើសេរីភាពសារព័ត៌មាន ឬយ៉ាងណា? តើសារព័ត៌មានដទៃទៀតដែលបានប្រកាសបង់ពន្ធត្រឹមត្រូវមានអារម្មណ៍យ៉ាងណាដែរ នៅពេលដែលគេឃើញកាសែត ឌឹ ខេមបូឌា ដេលី មិនប្រកាសបង់ពន្ធបែបនេះ? តើនេះឬជាការប្រកួតប្រជែងស្មើភាពគ្នា ដែលមជ្ឈដ្ឋានអ្នកជាប់ពន្ធគ្រប់រូបប្រាថ្នាចង់បាន ឬជាបញ្ហានយោបាយ ដើម្បីប៉ុនប៉ងបិទកាសែតមួយនេះ?»
ក៏ប៉ុន្តែ អ្នកស្រី Deborah Krisher-Steele ចាងហ្វាងរងកាសែត ឌឹ ខេមបូឌា ដេលី បានបញ្ជាក់តាមសារអេឡិចត្រូនិក ឬ Email ថា កាសែត ឌឹ ខេមបូឌា ដេលី មិនដែលអាច ឬប្រមូលអាករលើតម្លៃបន្ថែម ហៅកាត់ថា VAT ដោយគ្មានលេខសម្គាល់ពន្ធដារនោះទេ ហើយរាល់លុយដុល្លារនៃ VAT ដែលបានប្រមូល ឬចំណូលពន្ធ ដែលបានដកទុក ត្រូវបានបង់។
អ្នកស្រីបានសរសេរតាមសារ អេឡិចត្រូនិក ឬ Email ក្នុងន័យដើមថា៖
«ប្រសិនបើពួកគេចង់បានភស្តុតាងនេះ ពួកគេអាចមើលទៅលើវិក្ក័យបត្រផ្ទាល់របស់ពួកគេ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មជាមួយពួកយើងរាប់ទសវត្សរ៍មកហើយ ដូច្នេះពួកគេបានដឹង ហើយចាំបាច់ត្រូវផ្តល់ការយល់ព្រម»។
អ្នកស្រី Deborah Krisher-Steele មិនបានឆ្លើយសំណួររបស់ VOA អំពីថា តើអ្នកស្រីនៅជឿថា ការចាប់បង្ខំឲ្យបង់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារនេះជារឿងនយោបាយ ឬយ៉ាងណានោះឡើយ មកដល់រសៀលថ្ងៃពុធនេះ។
ក្នុងកិច្ចខិតខំការពារប្រតិបត្តិការរបស់កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី Deborah បានថ្លែងនៅក្នុងសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដែល VOA ទទួលបានកាលពីថ្ងៃចន្ទថា កាសែត ឌឹ ខេមបូឌា ដេលី កំពុងស្ថិតក្រោមការឡោមព័ទ្ធ ហើយថា ចំនួនលុយដែលត្រូវបង់ដ៏ច្រើនដែលរដ្ឋាភិបាលកំណត់ឡើងសម្រាប់កាសែត ឌឹ ខេមបូឌា ដេលី គឺជា ការវាយប្រហារមួយមកលើសេរីភាពសារព័ត៌មាន ដែលគេក្លែងវាជារឿងជម្លោះពន្ធដារទៅវិញ។
អ្នកស្រី Deborah ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសព័ត៌មាននោះក្នុងខ្លឹមសារដើមថា៖
«រដ្ឋាភិបាលកម្ពុជាធ្វើផែនការរឹបអូសទ្រព្យសម្បត្តិរបស់ពួកយើងគឺជា ការបំពានទាំងស្រុងលើសន្ធិសញ្ញាវិនិយោគទ្វេភាគីនានា ដែលកម្ពុជាបានចុះហត្ថលេខា ដើម្បីផ្តល់ការការពារអ្នកវិនិយោគបរទេស ក៏ដូចជា កាតព្វកិច្ចជាច្រើននៃអង្គការពាណិជ្ជកម្មពិភពលោក»។
អ្នកស្រី Deborah ត្រូវបានដកស្រង់សម្តីក្នុងខ្លឹមសារដើមបន្ថែមថា៖
«រដ្ឋាភិបាលនានានៅជុំវិញពិភពលោកត្រូវចាត់វិធានការឥឡូវនេះ ដើម្បីជួយយើងវាយបំបែកកិច្ចខិតខំដែលមិនត្រឹមត្រូវ ដែលព្យាយាមបិទកាសែតពួកយើង»។
គ្រាដែលឱសានវាទនៃការបង់ពន្ធរបស់កាសែត ឌឹ ខេមបូឌា ដេលី កំពុងខិតជិតមកដល់ ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានធ្វើយុទ្ធនាការតាមបណ្តាញសង្គម ហ្វេសប៊ុក ដោយបានលើកឡើងពាក្យអំពាវនាវថា #Save The Daily , Save Free Media Cambodia ឬជាភាសារខ្មែរ #ជួយសង្គ្រោះ ខេមបូឌា ដេលី និងសេរីភាពសារព័ត៌មាននៅកម្ពុជា។
លោក យឿង សុធារ៉ា មន្ត្រីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល (Comfrel) យល់ថា រដ្ឋាភិបាលគួរមានការយោគយល់ដល់កិច្ចការឯករាជ្យរបស់ស្ថាប័នសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ដោយរកវិធីសាស្ត្រដែលអាចឲ្យកាសែតនេះបានទូទាត់ប្រាក់ពន្ធផង និងបានដំណើរការវិជ្ជាជីវៈរបស់ខ្លួនបន្តទៀតផង។ លោកបានប្រាប់ VOA បន្ថែមថា ការបិទកាសែតនេះអាចជាការបាត់បង់ប្រភពព័ត៌មានសំខាន់មួយសម្រាប់ដំណើរនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងកិច្ចអភិវឌ្ឍសង្គមនៅកម្ពុជា។
«រដ្ឋាភិបាលម្នាក់ឯងគឺថា មិនអាចធ្វើទៅបានទេ វាទាល់តែមានអ្នកវិជ្ជាជីវៈឯករាជ្យណាមួយដែល ស្វែងរកនូវអង្គហេតុផ្សេងៗ ឬក៏ថា ជាព្រឹត្តិការណ៍ផ្សេងៗ ដើម្បីគាស់រំលើង យកមកបង្ហាញដើម្បីឲ្យរដ្ឋាភិបាលហ្នឹង មើលពីអាចំណុចខ្វះខាតនោះ ហើយធ្វើការកែប្រែ។ ដូច្នេះវាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងរបបប្រជាធិបតេយ្យយើង គឺវាចាំចាច់ខ្លាំងមែនទែន។ បើសិនជាមានការបិទបែបនោះ ខ្ញុំគិតថា វាជាការប៉ះពាល់ដ៏ធ្ងន់ធ្ងរសម្រាប់ដំណើរការលិទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»។
លោកបានថ្លែងបន្តថា៖
«វាប៉ះពាល់មួយទៀត គឺថា វាប៉ះពាល់ដំណើរការនៃការអភិវឌ្ឍស្រុកទេសរបស់យើង ពីព្រោះយើងត្រូវការសំឡេងគ្រប់មជ្ឈដ្ឋាន គ្រប់សំឡេងទាំងអស់ ទោះបីជាសំឡេងរិះគន់ក្តី ទោះបីជាសំឡេងឯករាជ្យក្តី សំឡេងមាននិន្នាការស្របជាមួយហ្នឹងរដ្ឋាភិបាលក្តី គឺថា យើងត្រូវការទាំងអស់ ហើយយកទស្សនៈទាំងអស់នោះមកពិចារណា»។
រដ្ឋាភិបាលបានដាក់ឱសានវាទឲ្យកាសែត The Cambodia Daily (ឌឹ ខេមបូឌា ដេលី) បង់ពន្ធឲ្យបានមុនថ្ងៃទី៤ ខែកញ្ញា។ បន្ថែមលើចំណាត់ការពន្ធដារដែលគេមើលឃើញថា ជារឿងគួរឲ្យភ្ញាក់ផ្អើលនោះ រដ្ឋាភិបាលកម្ពុជា កាលពីសប្តាហ៍មុន ក៏បានប្រកាសបិទការិយាល័យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI នៅរាជធានីភ្នំពេញ និងបណ្តេញបុគ្គលិកបរទេសរបស់អង្គការនេះចេញពីប្រទេស។
ទាំងអង្គការ NDI និងកាសែត ឌឹ ខេមបូឌា ដេលី បានដំណើរការនៅក្នុងប្រទេសកម្ពុជាអស់ជាង២០ឆ្នាំមកហើយ។ វិធានការទាំងនេះកើតមានឡើង នៅក្រោយការបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនា ដែលអ្នកសង្កេតការណ៍មួយចំនួនមើលឃើញថា មានលក្ខណៈមិនទាន់សេរី និងយុត្តិធម៌ពេញលេញនៅឡើយ។
បន្ទាប់ពីមានចំណាត់ការតឹងរ៉ឹងពីរដ្ឋាភិបាលរបស់លោកហ៊ុន សែនដែលសម្រេចចិត្តបណ្តេញស្ថាប័នគាំទ្រប្រជាធិបតេយ្យ និងយាយីដល់ដំណើរការផ្សព្វផ្សាយរបស់សារព័ត៌មានឯករាជ្យ សមាជិកសភាអាមេរិក គឺលោក Alan Lowenthal ប្តេជា្ញថា លោកនិងក្រុមរបស់លោកនឹងតស៊ូមតិក្នុងសភាសហរដ្ឋអាមេរិកទាំងមូល ដើម្បីជំរុញឲ្យមានសម្ពាធសេដ្ឋកិច្ចបន្ថែមលើកម្ពុជា។
លោក Alan Lowenthal នៃគណបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វ័ញ៉ា (California) និងជាសហប្រធានគណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Cambodia Caucus) ដែលយកចិត្តទុកដាក់ពីបញ្ហាកម្ពុជា បានថ្លែងប្រាប់ VOA ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃសុក្រកន្លងទៅថា សហគមន៍អន្តជាតិ រដ្ឋាភិបាលអាមេរិកាំង និងសភាអាមេរិកាំងទាំងមូលចាំបាច់ត្រូវមានវិធានការបន្ថែម និងថ្កោលទោសលើរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក្តី សេចក្តីបំភ្លឺរបស់អគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ប្រសិនបើសហគមន៍អន្តរជាតិណាមួយដែលមាននិន្នាការគំាទ្រកាសែត ឌឹ ខេមបូឌា ដេលី ហើយមានបំណងចង់ដឹងច្បាស់បន្ថែមអំពីការកំណត់ពន្ធឡើងវិញនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងស្វាគមន៍ និងធ្វើបទបង្ហាញជូនលម្អិតអំពីករណីនេះ។ អគ្គនាយកដ្ឋាននេះក៏បានអះអាងថា ខ្លួនបានចំណាយពេលរាប់ឆ្នាំ ក្នុងការស៊ើបអង្កេតប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធនឹងកាសែត ឌឹ ខេមបូឌា ដេលី សម្រាប់ធ្វើជាមូលដ្ឋានក្នុងការកំណត់ពន្ធឡើងវិញនេះ៕