កម្ពុជា​ត្រៀម​ថវិកា​៣០​លាន​ដុល្លារ​ប្រយុទ្ធប្រឆាំងជំងឺ​​កូវីដ​១៩និង​​ជំងឺ​ឆ្លងនានា​​រយៈពេល​៦ខែ

រូបឯកសារ៖ អ្នកស្រី​ ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​នៅក្នុងសន្និសីទ​សារព័ត៌មាន​ដើម្បី​បំភ្លឺសំណួរ​ពាក់ព័ន្ធ​នឹង​ជំងឺ និង​ការ​ធ្វើតេ​ស្តកូវីដ​១៩ (Covid-19)កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅ​ក្រសួង​សុខាភិបាល។(ទុំ ម្លិះ/VOA)

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ថវិកា​៣០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ការពារ​វីរុស​កូវីដ-១៩ ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​ ៣០០០នាក់​ ​និង​មេរោគ​ឆ្លង​នានា ក្នុង​រយៈពេល​៦ខែ​ខាង​មុខ​នេះ។

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ឲ្យ​ដឹង​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មានដែល ចេញ​នៅ​ថ្ងៃ​ទី​៤ ខែមីនាថា ​ក្រសួង​បាន​និង​កំពុង​សហការ​ជាមួយ​ក្រសួង​សុខាភិបាល និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ក្របខណ្ឌ​រួម ​ជា​វិធានការ និង​យន្តការ​ជា​កញ្ចប់​ ពាក់ព័ន្ធ​នឹង​ការការពារ​វីរុស កូវីដ-១៩ និង​មេរោគ​ឆ្លង​នានា​សម្រាប់​រយៈពេល​៦ខែ។

ក្រសួង​បានបញ្ជាក់​ថា ​ផ្នែក​ឯកជន​បាន​ស្នើ​សុំ​ការ​ផ្តល់​ព័ត៌មាន​ វិធានការ​របស់​រដ្ឋាភិបាល​លើ​ការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស កូវីដ-១៩ ​ដូចជា​ការ​រៀបចំ​ជាបទ​ប្បញ្ញត្តិ​ និង​គោល​នយោបាយ​សម្រាប់ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ ​ដើម្បី​ទប់​ស្កាត់​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា។​

សេចក្តី​ប្រកាស​របស់​ក្រសួង​បាន​ឲ្យ​បន្ថែម​ថា៖

«តាមរយៈ​ការរៀបចំ​បង្កើត​ប្រព័ន្ធ​ការពារ និង​ឧបករណ៍​តាមដាន រៀបចំ​ទី​កន្លែង​ដើម្បី​ទទួល​ដោះស្រាយ ​ក៏​ដូចជា​ស្វែងរក​អ្នក​ដែល​មាន​លទ្ធភាព​ឆ្លង​កុំ​ឱ្យ​មាន​ការរីករាល​ដាល សំដៅ​បង្កា ការពារ ​និង​ព្យាបាល​ក្នុង​ករណី​មាន​ការឆ្លង​វីរុស»។

អ្នកស្រី​ ឱ វ៉ាន់ឌីន ​អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល​ឆ្លើយ​នឹង​សំណួរ​របស់ VOA ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​ព្រសហ្បតិ៍​នេះ​ថា ក្រសួង​សុខាភិបាល​ដែល​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ប្រើប្រាស់​ថវិកានោះ​ក្នុង​ការ​ត្រៀម​គ្រូពេទ្យ​ប្រចាំ​ការ​តាម​បណ្តា​រាជធានី​ខេត្ត​មួយ​ចំនួន​ ការ​ត្រៀម​ឱសថ និង​ការ​ព្យាបាល និង​សម្ភារៈ​អប់រំ​ផ្សេងៗ។

អ្នកស្រី​វ៉ាន់ឌីន​បាន​បន្ថែម​ថា៖

«មាន​ទាំង​ការ​គិត​គូរ​ ប៉ាន់​ប្រមាណ​អំពី​តម្រូវ​ការ​នៃ​សម្ភារៈបរិក្ខារពេទ្យ។ ហើយ​ក៏​ដូចជា​ឱសថ​ចាំ​បាច់ៗ​សម្រាប់​ផ្គត់ផ្គង់​អ្នក​ជំងឺ​ ប្រសិន​បើ​យើង​រក​ឃើញ​ថាមាន​នរណា​ម្នាក់​មាន​វិជ្ជមាន​នូវ​វីរុស កូវីដ-១៩​ នេះ»។

អ្នកស្រី ម៉ាក ដាលីន​ អាជីវករ​លក់​សម្លៀក​បំពាក់​នៅ​រាជធានី​ភ្នំពេញ ​ប្រាប់ VOA ថា​ អ្នកស្រី​បាន​ឮ​ពី​មេរោគ ​កូវីដ-១៩ ​នេះ​តាម​បណ្តាញ​សង្គមហ្វេសប៊ុក​ប៉ុណ្ណោះ ​ប៉ុន្តែ​អ្នកស្រី​ថា​ អ្នកស្រី​មិន​ដឹង​ច្បាស់​អំពី​របៀប​នៃ​ការ​ការពារ​នោះ​ទេ។​ អ្នកស្រី​បន្ថែម​ថា អ្នកស្រី​ចង់​ឲ្យ​មន្រ្តី​ជំនាញ ឬ​អាជ្ញាធរ​ចុះ​ផ្សព្វផ្សាយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​អំពី​រោគ​សញ្ញា និង​ការ​ការពារ។

អ្នកស្រី​ដាលីន​បន្ថែម​ថា៖«បើសិន​ពួក​គាត់​មក​ប្រាប់​យើង​អាច​ដឹង តែ​អត់​មាន​ពួក​គាត់​ចុះ​មក​ប្រាប់​ផង អត់​មាន​នរណា​ដែល​ឮ​និយាយ»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​ បាន​ថ្លែង​ជា​លើក​ដំបូង​អំពី​វិធាន​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​ ដោយ​ឲ្យមន្ត្រី​កម្ពុជា​ត្រូវ​រៀប​គម្រោង​ឲ្យ​ម៉ត់​ចត់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ​ប្រសិន​បើ​រក​ឃើញ​ថា​មាន​នៅ​កម្ពុជា។ លោក​ក៏​បាន​ប្រកាស​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់ ​កាត់​បន្ថយ​ចំណាយ​៥០​ភាគរយ ​ដើម្បី​ជួយ​សេដ្ឋកិច្ច​កម្ពុជា​ដែល​អាច​រង​ផល​ប៉ះពាល់។

លោក លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លើកឡើងថា ការត្រៀម​ថវិកា​ត្រឹម​៣០​លាន​ដុល្លារ​នេះ មិន​អាច​ឆ្លើយ​តប​នឹង​ស្ថានភាព​មេរោគ កូវីដ-១៩ ដែល​ពិភព​លោក​កំពុង​ព្រួយ​បារម្ភ​បាន​នោះទេ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​បន្ថែម​ចំនួនកញ្ចប់​ថវិកា​ឲ្យ​ច្រើន​ជាង​នេះ ដើម្បី​ធានា​ថា កម្ពុជា​មាន​អ្នក​ជំនាញ និង​សម្ភារៈ​គ្រប់គ្រាន់​ក្នុង​ការ​ការពារ និង​ដោះ​ស្រាយបញ្ហា។​

«ទំហំ​មួយ​នៃ​ការ​ត្រួត​ពិនិត្យ រួមផ្សំ​ទាំង​សម្ភារៈ​បច្ចេក​ទេស​ទៀត​ផង​ អាហ្នឹង​បើ​ប្រជា​ពលរដ្ឋ​មាន​អាការៈ​មិន​ស្រួល​ខ្លួន ឬ​ក៏​ពួកគេ​មាន​ការ​បារម្ភ​ច្រើន​ ពួកគេ​ត្រូវ​ទៅ​ពិនិត្យ​ទៅ​អី អាហ្នឹង​ត្រូវ​មាន​ប្រព័ន្ធ ឬ​មធ្យោបាយ​សម្រាប់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទាំងអស់​នោះ​។ ហើយ​ក្រៅ​ពី​នោះ ការ​ប្រើ​ប្រាស់​មធ្យោបាយ​ដើម្បី​បង្ការ​នៅ​តាម​សាលា​រៀន​រដ្ឋ ឯកជន តាម​សហគមន៍​ នៅ​តាម​តំបន់​ឧស្សាហកម្ម​មួយ​ចំនួន​ដូចជា​រោង​ចក្រ​កាត់​ដេរ​អីជាដើម»។

លោក សន ជ័យ បាន​បញ្ជាក់​អំពី​ករណី​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បាន​រក​ឃើញ​ថា​មាន​វីរុស កូវីដ-១៩ ក្រោយ​ចេញ​ពី​កម្ពុជា​ថា ជា​ការ​ធ្វេស​ប្រហែស ឬ​កម្សោយ​របស់​កម្ពុជា​ក្នុងការ​ត្រួត​ពិនិត្យ។ ​

កាលពី​ថ្ងៃអង្គារ ធនាគារ​ពិភពលោកបាន​បញ្ចេញ​កញ្ចប់ជំនួយ​ទំហំ​១២​ពាន់​លាន​ដុល្លារ ដើម្បី​ផ្តល់​ការជួយ​ជ្រោម​ជ្រែង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​យ៉ាង​ឆាប់​រហ័ស​ដល់​ប្រទេស​ដែល​ត្រូវ​ការចាំ​បាច់ ក្នុង​ការទប់​ទល់​ជំងឺ កូវីដ-១៩ ជាពិសេស​សម្រាប់​ប្រទេស​ក្រីក្រ ដែល​ខ្វះ​សមត្ថភាព​ក្នុង​ការទប់​ស្កាត់​ការរីក​រាល​ដាល​នៃ​ជំងឺ​នេះ។

វីរុស កូវីដ-១៩ ​បាន​ឆ្លង​រាល​ដាល​ដល់​ប្រទេស​ជិត​៨០​លើ​ពិភព​លោក​ ដែល​អ្នកឆ្លង​ជំងឺ​នេះ​សរុប​ដល់​ជាង​ ៩៦,០០០ នាក់​។​ ប្រទេស​កូរ៉េ​ខាងត្បូង​ អ៊ីតាលី​ និង​អ៊ីរ៉ង់​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន៕​