អភិបាល​រដ្ឋ អភិបាល​ក្រុង ជំរុញ​ពួក​បាតុករ​គាំទ្រ​លោក George Floyd ធ្វើ​តេស្ត​ជំងឺ​កូវីដ១៩

ក្រុម​បាតុករ​មួយ​ក្រុម​លុត​ជង្គង់​ នៅ​ពេល​ដើរ​ក្បួន​នៅ​ក្នុង​ផ្នែក​ខាង​ក្រោម​នៃ​សង្កាត់ Manhattan កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០។

ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​លើ​ពិភពលោក​បាន​កើន​ដល់​ជិត ៤ សែន ៣ ពាន់​នាក់ ហើយ​ចំនួន​អ្នក​ឆ្លង​មាន​ចំនួន​ជាង ៧ លាន​នាក់។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ដោយ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វីរុស​កូរ៉ូណា​នៃ​សាកល​វិទ្យាល័យ Johns Hopkins។

សហរដ្ឋ​អាមេរិក​នៅតែ​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​នេះ​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់មក​គឺ​ចក្រភព​អង់គ្លេស ប្រទេស​ប្រេស៊ីល និង​ប្រទេស​អ៊ីតាលី។

សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​ច្រើន​ជាង​គេ​បំផុត​ផង​ដែរ ដោយ​មាន​ចំនួន​អ្នក​ឆ្លង​ជិត ២ លាន​នាក់ បន្ទាប់មក​គឺ​ប្រទេស​ប្រេស៊ីល ប្រទេស​រុស្ស៊ី និង​ចក្រភព​អង់គ្លេស។

អាជ្ញាធរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​អ្នក​ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លោក George Floyd ឲ្យ​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ ក្រោយ​ពី​អ្នក​តវ៉ា​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជិតៗ​គ្នា​អស់​ពេល​ជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ។

លោក Andrew Cuomo អភិបាល​រដ្ឋ​ញូវយ៉ក​បាន​និយាយ​ថា «ចូរ​នាំ​គ្នា​ទៅ​ធ្វើ​តេស្ត។ ចូរ​នាំ​គ្នា​ទៅ​ធ្វើ​តេស្ត»។ លោក​បាន​និយាយ​បន្ត​ទៀត​ថា រដ្ឋ​ញូវយ៉ក​បាន​បើក​កន្លែង​ធ្វើ​តេស្ត​ថ្មី​ចំនួន​១៥ ហើយ​បាន​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ខកខាន​ឱកាស​នេះ។

ការ​អំពាវនាវ​ប្រហាក់​ប្រហែល​គ្នា​នេះ​បាន​កើត​មាន​ឡើង​មក​ពី​មេដឹកនាំ​រដ្ឋ និង​ទីក្រុង Atlanta ទីក្រុង San Francisco និង​ទីក្រុង Seattle។

មនុស្ស​៤សែន​នាក់​ត្រូវ​គេ​រំពឹង​នឹង​វិលត្រឡប់​ទៅ​ធ្វើ​ការងារ​របស់​ខ្លួន​វិញ​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃចន្ទ​នេះ នៅ​ពេល​ដែល​ទីក្រុង​ដ៏​ធំ​បង្អស់​នេះ​ចាប់ផ្តើម​បើក​ដំណាក់កាល​ដំបូង។ មនុស្ស​ជាច្រើន​នឹង​ធ្វើ​ដំណើរ​តាម​រទេះភ្លើង​ក្រោម​ដី​ជា​លើកទី១​នៅ​ក្នុង​រយៈពេល​ជិត​៣ខែ​នេះ។

កម្មករ​សំណង់ និង​អ្នក​ដែល​ធ្វើ​ការ​នៅ​រោងចក្រ ហាង​លក់​ទំនិញ​ដុំ និង​រាយ​ខ្លះ នឹង​វិល​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។ ហាង​លក់​ដូរ​ទាំង​នោះ គ្រាន់តែ​អនុញ្ញាត​ឲ្យ​យក​ទំនិញ​នៅ​ច្រក​ផ្លូវ​តែ​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ភោជនីយដ្ឋាន​រាប់ពាន់​នៅ​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​តែ​បិទ​ទ្វារ​យ៉ាងហោចណាស់​ក៏​មួយ​ខែ​នេះ​ទៀត​ដែរ។

ខណៈ​ដែល​ពួក​មន្រ្តី​ក្រុង​ញូវយ៉ក​បង្ហាញ​នូវ​ទំនុកចិត្ត​គ្រប់គ្រាន់​ដើម្បី​ចាប់ផ្តើម​ការ​ បើក​ទីក្រុង​ឡើងវិញ​ក៏​ដោយ​ក្រសួង​សុខាភិបាល​រដ្ឋ Florida បាន​ប្រកាស​ពី​ការ​ឆ្លង​១ពាន់​១រយ​៨០ករណី​ថ្មី​នៃ​មេរោគ​កូរ៉ូណា​កាលពី​ថ្ងៃអាទិត្យ​ដោយ​និយាយ​ថា នេះ​ជា​រយៈពេល​៥​ថ្ងៃ​ជាប់ៗ​គ្នា​ដែល​ចំនួន​ករណី​ឆ្លងថ្មី​មាន​លើសពី​១ពាន់​ករណី។

ពួក​អ្នក​ជំនាញ​នៅ​ក្នុង​រដ្ឋ Florida បាន​និយាយ​ថា ពលរដ្ឋ​កំពុង​ធ្វេសប្រហែស​អំពី​ការ​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា​ចាប់​តាំង​ពី​ការ​ដាក់​រដ្ឋ​ទាំង​មូល​ក្នុង​គ្រាអាសន្ន​បាន​បន្ធូរបន្ថយ

មក។ ពួកគេ​ក៏​បាន​និយាយ​ដែរ​ថា ចំនួន​ឆ្លង​បាន​ចាប់ផ្តើម​កើន​ឡើង នៅ​ពេល​ដែល​ការ​តវ៉ា​ប្រឆាំង​អំពី​ការ​ស្លាប់​លោក George Floyd ចាប់​ផ្តើម។

លោក Rick Scott សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​នៅ​រដ្ឋ Florida បាន​ចោទប្រកាន់​ចិន​ពី​ការ​ព្យាយាម​បំផ្លាញ​ការ​ខំប្រឹងប្រែង​របស់​សហរដ្ឋអាមេរិក​ដើម្បី​បង្កើត​ថ្នាំ​វ៉ាក់សាំង៕