ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីការកើនឡើងករណីឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃដ៏ច្រើនបំផុតក្នុងរយៈពេល៧០ថ្ងៃ ខណៈរដ្ឋាភិបាលនិយាយថា ខ្លួននឹងធ្វើការពិន័យចំពោះមនុស្សដែលមិនពាក់ម៉ាស់នៅទីសាធារណៈ។
ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺរបស់កូរ៉េបានរាយការណ៍ថា មាន១៩១ករណីទៀតបន្ថែមលើករណីឆ្លងសរុបរបស់ប្រទេសនៅថ្ងៃសុក្រ ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុតចាប់តាំងពីថ្ងៃទី៤ ខែកញ្ញាមក។
រដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងចាប់ផ្តើមផាកពិន័យដល់៩០ដុល្លារ ប្រសិនបើប្រជាពលរដ្ឋមិនពាក់ម៉ាស់នៅកន្លែងធ្វើដំណើរសាធារណៈ នៅពេលធ្វើបាតុកម្ម និងនៅតាមមន្ទីរពេទ្យ កន្លែងសាសនា និងកន្លែងថែទាំសុខភាព។ អ្នកគ្រប់គ្រងអគារ និងអាជីវកម្មដែលមិនពង្រឹងការពាក់ម៉ាស់ នឹងត្រូវពិន័យរហូតដល់២.៧០០ដុល្លារ។
ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺរបស់កូរ៉េនេះបានកំណត់ថា ការកើនឡើងនៃការឆ្លងវីរុសនេះ គឺមកពីការជួបជុំគ្នាក្រៅផ្លូវការនៅទូទាំងប្រទេស។
នៅទូទាំងពិភពលោកគិតត្រឹមថ្ងៃសុក្រ មានអ្នកឆ្លងជំងឺកូវីដ១៩ ជិត៥៣លាននាក់និងអ្នកស្លាប់ដោយសារជំងឺនេះ ជាង១,២៩ លាននាក់ ហើយសហរដ្ឋអាមេរិក បន្តមានអ្នកឆ្លង និងអ្នកស្លាប់ច្រើនជាងគេ៕