រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យអុំទូក ដោយ​លើក​ហេតុ​ផល​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩

រូបឯកសារ៖ កីឡាករហាត់សមចែវទូកប្រណាំង នៅមុខព្រះបរមរាជវាំង​មួយថ្ងៃមុនពិធីព្រះរាជ​ពិធី​បុណ្យ​អុំទូក​ បណ្តែត​ប្រទីប និង​សំពះព្រះខែ​អកអំបុក ដែល​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ វិច្ឆិកា ឆ្នាំ ២០១៨។ (ខាន់ សុគុំមនោ/VOA)

រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក​ជាថ្មី​ម្តង​ទៀត​សម្រាប់​ឆ្នាំ​២០២១​នេះ ដោយ​បារម្ភ​អំពី​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩​ ដែល​មិន​ទាន់​មាន​ការ​ព្យាករណ៍​ណា​មួយ​ថា ​អាច​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។ នេះ​បើ​តាម​កា​រប្រកាស​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង។

ថ្លែង​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​អភិបាល​ខេត្ត​បាត់​ដំបង​ នៅ​ក្នុង​បរិវេណ​នៃ​សាលា​ខេត្ត​បាត់​ដំបង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ លោក​ ស ខេង​ ដែល​ជា​ឧបនាយករដ្ឋ​មន្ត្រី​មួយ​រូប​ផង​នោះ​បាន​ប្រាប់​ក្រុម​មន្ត្រីថា​ ស្ថានភាព​នៃ​ជំងឺ​ឆ្លង​កូវីដ​១៩ ដែល​មិន​ទាន់​ធូរស្រាល​នោះ មិន​អំណោយ​ផល​ដល់​ការ​ប្រារព្ធ​ពិធី​អុំទូក​ អក​អំបុក​ សំពះ​ព្រះ​ខែ​នៅ​ឆ្នាំ​នេះ​ទេ។

លោក​លើក​ឡើង​ថា៖ «​ឥឡូវ​នេះ​យើង​ចូល​ដល់​ ខែ​តុលា​ គឺ​ខែ​១០។​ តាម​ការ​សម្រេច​របស់​រាជ​រដ្ឋាភិបាល​ គឺ​ឆ្នាំ​នេះ​យើង​មិន​បាន​ធ្វើ​បុណ្យ​អុំ​ទូក​ អក​អំបុក​ ដូច​បណ្តា​ឆ្នាំ​មុន​ៗ​ទេ​ ដោយ​សារ​បញ្ហា​កូវីដ​នេះ​ឯង»។

នៅ​ឆ្នាំ​២០២១​នេះ​ ពិធី​បុណ្យ​អុំទូក​ គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា។

កាល​ពី​ឆ្នាំ​២០២០ នៅ​ចំពោះ​មុខ​ការ​គំរាម​កំហែង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ រដ្ឋាភិបាល​ក៏​បាន​ផ្អាក​ពិធី​បុណ្យ​ប្រពៃណីជាតិ​សំខាន់​មួយ​នេះ​ផងដែរ៕