ប្រមុខរដ្ឋាភិបាលកម្ពុជាបានចេញសារាចរអំពីការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងកំណើនការងារ ស្របពេលដែលអ្នកជំនាញយល់ថា សារាចរនេះជារឿងចាំចាច់ក្នុងការកំណត់តួនាទី និងសមត្ថកិច្ចមន្ត្រីនៅក្នុងក្រសួង ស្ថាប័ន ចៀសវាងត្រួតឬជាន់រចនាសម្ព័ន្ធគ្នា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន មាណែត កាលពីព្រឹកថ្ងៃពុធបានចេញសារាចររៀបចំ និងការកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នដើម្បីពង្រឹងប្រសិទ្ធភាព ក្នុងន័យរៀបចំផ្ទះឱ្យមានរបៀបរៀបរយ។
តាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសារាចរអំពីការរៀបចំ និងកែសម្រួលរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្អែកលើស្នូល «យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១»។ យុទ្ធសាស្ត្រនេះមានគោលដៅពង្រឹងកំណើនការងារ ផ្តោតលើអភិបាលកិច្ច និងទំនើបកម្មស្ថាប័នសាធារណៈ។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា សារាចរនេះជាការរៀបចំរចនាសម្ព័ន្ធដែលមានស្រាប់ ពោលត្រូវពិនិត្យនិងរៀបចំរចនាសម្ព័ន្ធឱ្យបានរៀបរយ និងឱ្យអស់ពីលទ្ធភាព និងសមស្របទៅតាមការអនុវត្តមុខងារ ដោយមានការកំណត់គណនេយ្យភាព និងការទទួលខុសត្រូវ។ សេចក្តីប្រកាសបន្តថា អង្គភាពក្រសួង ស្ថាប័ន «មិនត្រូវនាំឱ្យមានការបង្កើតចំនួនអង្គភាព ទោះក្នុងកម្រិតណាមួយក៏ដោយ» ដើម្បីធ្វើការកែសម្រួល ឬច្របាច់បញ្ចូលគ្នា ឬលុបចោល។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វីអូអេថា ការរៀបចំនិងកែសម្រួលរចនាសម្ព័ន្ធក្រសួងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជារឿងចាំបាច់ ពីព្រោះស្ថានភាពសង្គមមានការប្រែប្រួលច្រើន ដែលទាមទារឱ្យមានការកែសម្រួលឡើងវិញទៅតាមស្ថានភាពសេដ្ឋកិច្ច សង្គម និងការវិវត្តរបស់ពិភពលោក។ លោកបន្ថែមថា ក្រសួងស្ថាប័នខ្លះអាចមានរចនាសម្ព័ន្ធ ឬសមត្ថកិច្ចជាន់គ្នាដែលចាំបាច់ទាមទារឱ្យមានការកែសម្រួល ទាំងគុណភាពក្រសួងស្ថាប័ន និងមន្ត្រីរាជការ។
លោក គិន ភា ថ្លែងថា៖ «អ្វីជាការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ បច្ចុប្បន្ននេះយើងមានក្រសួងស្ថាប័នច្រើន ហើយរចនាសម្ព័ន្ធក្រសួងស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ច្រើនដែរ។ កន្លែងខ្លះអាចហួសសមត្ថកិច្ចគ្នា ត្រួតរចនាសម្ព័ន្ធគ្នា»។
លោក គិន ភា បញ្ជាក់ថា កំណែទម្រង់នេះជាអភិបាលកិច្ចមួយដែលអាចឆ្លើយតបតម្រូវការសេដ្ឋកិច្ច សង្គម នយោបាយ និងតម្រូវការរបស់ប្រជាពលរដ្ឋ ដោយអនុវត្តការពង្រឹងសមត្ថភាពស្ថាប័ន និងមន្ត្រីរាជការសាធារណៈ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់វីអូអេថា ការដាក់ចេញសារាចរនេះជារឿងចាំបាច់ដែលត្រូវតែធ្វើ ដើម្បីធានារចនាសម្ព័ន្ធ និងធនធានមនុស្ស អ្នកដឹកនាំនៅក្នុងក្រសួង ស្ថាប័ន។ លោកបន្ថែមថា មន្រ្តីនៅក្នុងស្ថាប័នត្រូវមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងនយោបាយរបស់រដ្ឋាភិបាលថ្មី។
លោក ប៉ា ច័ន្ទរឿនថ្លែងថា៖ «ជាការពិត ដើម្បីឱ្យរដ្ឋាភិបាលថ្មីអាចអនុវត្តយុទ្ធសាស្ត្រថ្មី គោលនយោបាយថ្មីបាន ទាល់តែមានការកែទម្រង់រចនាសម្ព័ន្ធស្ថាប័នសាធារណៈ ក៏ដូចជាធនធានមនុស្សដើម្បីអនុវត្តយុទ្ធសាស្ត្រ ឬគោលនយោបាយឱ្យបានសម្រេចជោគជ័យ»។
លោក ប៉ា ច័ន្ទរឿន បន្ថែមថា ក្រសួង ស្ថាប័នគួរពិនិត្យឡើងវិញលើតួនាទី ឬសមត្ថកិច្ចដែលជាន់គ្នា ឬប្រហាក់ប្រហែលគ្នា ដើម្បីធានាថា ក្រសួងស្ថាប័នទាំងអស់ធ្វើកិច្ចការងារដោយមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា រចនាសម្ព័ន្ធថ្មីនេះត្រូវប្រើប្រាស់រចនាសម្ព័ន្ធដែលមានស្រាប់របស់ក្រសួង ស្ថាប័ន ដោយមិនត្រូវបង្កើតឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងអចិន្ត្រៃយ៍ឡើយ លើកលែងរចនាសម្ព័ន្ធដែលត្រូវបង្កើតអនុលោមបញ្ញតិដែលមានកំណត់ក្នុងច្បាប់៕