អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានបញ្ចេញប្រតិកម្មខ្លាំងៗនៅថ្ងៃអង្គារនេះចំពោះការបដិសេធចូលជួបសន្ទនារបស់អង្គការក្រៅរដ្ឋាភិបាលចំនួនបីដោយចោទថា អង្គការទាំងនោះបានសាបព្រោះ«ព័ត៌មានមិនពិតដែលមានបរទេសស្ថិតនៅពីក្រោយខ្នង»។
អង្គភាពអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានកោះហៅអង្គការការពារសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោតដើម្បីពិភាក្សាឡើងវិញអំពីរបាយការណ៍របស់អង្គការទាំងពីរស្ដីពីផលប៉ះពាល់ជាអវិជ្ជមាននៃកម្ចីផ្នែកមីក្រូហិរញ្ញវត្ថុលើប្រជាពលរដ្ឋក្រីក្រនិងអង្គការតម្លាភាពកម្ពុជាដើម្បីពិភាក្សាលើរបាយការណ៍ដែលមានចំណងជើងថា «ចំណុចស្ដីពីសេចក្ដីសម្រេចចិត្តដ៏សំខាន់ដែលត្រូវធ្វើសម្រាប់កម្ពុជា ឬ Cambodia's crossroads»នៅថ្ងៃពុធស្អែកនេះ។ ក៏ប៉ុន្តែអង្គការទាំងបីបានបដិសេធចូលរួមតាមការកោះហៅរបស់អង្គភាពរបស់រដ្ឋាភិបាលនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលបានសម្ដែងការសោកស្ដាយចំពោះការបដិសេធពីសង្គមស៊ីវិលទាំងនេះដោយបន្ថែមការចោទប្រកាន់ថាអង្គការទាំងនេះបានផ្សព្វផ្សាយរបាយការណ៍ «ប្រាសចាកពីការពិតនិងជាព័ត៌មានក្លែងក្លាយ (Fake News) និងមានបំណងទុច្ចរិត....ដែលអាចជាមធ្យោបាយបំពេញបំណងបរទេសអមិត្ត»។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho)បានពន្យល់អំពីការបដិសេធការចូលរួមនេះថា អង្គការរបស់លោកបានពន្យល់រួចហើយ ហើយក៏គ្មានអ្វីដែលត្រូវបកស្រាយឬបំភ្លឺបន្ថែមទៀតទេ៕