រដ្ឋាភិបាល​កម្ពុជា​​បង្ហាញ​ថា​កម្ពុជា​​​សព្វថ្ងៃ​​មាន​សន្តិភាព​តាម​រយៈ​ការ​ប្រារព្ធពិធី​សាសនា​ក្នុង​ក្រុង​អង្គរ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ , នៅទីក្រុង​សៀមរាប​, នៅថ្ងៃទី២ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)

រដ្ឋាភិបាល​កម្ពុជា​ ​បង្ហាញ​ថា​កម្ពុជា​កំពុង​មាន​សុខ​សន្តិភាព​​ តាម​រយៈការ​ប្រារព្ធ​ពិធី​បួងសួង​ «ចម្រើន​សេចក្តី​សុខ»​ ​នៅ​ចុង​សប្តាហ៍​នេះ​​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ​នៃ​ខេត្ត​សៀម​រាប​ ​ដោយ​មាន​ការ​រាប់​បាត​ចំពោះ​ព្រះ​សង្ឃ​សរុប​ប្រមាណ​៥០០០​ អង្គ។​ ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ថ្លែង​ថា​ ការ​បួង​សួង​សុំ​សេចក្តីសុខ​ ​នេះ​បង្ហាញថា​កម្ពុជា​​ «មាន​សន្តិភាព»​ ​បើទោះ​​មជ្ឈដ្ឋាន​អន្តរជាតិ​ ​និង​ជាតិ​មួយ​ចំនួន​ ​យល់​ថា​ស្ថានភាព​​នយោបាយ​នៅ​កម្ពុជា​​ស្ថិតក្នុងសភា​ព​យ៉ាប់យឺន។

ខណៈ​ដែល​កម្ពុជា​កំពុង​រង​ការ​រិះគន់​ផ្ទួនៗ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​នយោបាយ​ពី​សំណាក់​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរ​ជាតិ​ពិសេស​ប្រទេស​លោក​ខាង​លិច​ដែល​ប្រកាន់​របប​ប្រជាធិប​តេយ្យ​នោះ រដ្ឋាភិបាល​កម្ពុជា​បន្ត​បង្ហាញ​ថា​ ប្រទេស​ខ្លួនសព្វថ្ងៃ​ជា​ប្រទេស​ដែល​មានសន្តិភាព​ ដោយ​ការ​ប្រារព្វ​ពិធី​សាសនា​ដ៏​អធិក​អធម​មួយ​នៅ​មុខ​អង្គរវត្ត។​

ថ្លែង​ទៅ​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ក្រោ​យ​ពិធី​បួង​សួង​«ចម្រើន​សេចក្តី​សុខ»នៅ​មុខ​ក្រុង​បុរាណ​ត្រូវ​បាន​បញ្ចប់​ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌​ដែល​ទទួល​បន្ទុក​រៀប​ចំ​ពិធី​សាសនា​នេះ​គឺ​លោក​ស្រី ភឿង សកុណា​បាន​បញ្ជាក់​ថា​ កម្មវិធី​រយៈ​ពេល​ពីរ​ថ្ងៃ​ដែល​មាន​មនុស្ស​រាប់​ម៉ឺន​នាក់​ចូលរួម​ អាច​ធ្វើ​ឡើង​ដោយ​ជោគជ័យ​ដោយ​សារ​តែ​កម្ពុជា​មាន​សុខ​«សន្តិភាព»​ពេញ​លេញ។​

«ដូច្នេះ (ពិធី​នេះ)​បាន​ន័យ​ថា​ នៅ​ពេល​ណា​យើង​បាន​សេចក្តី​សុខ ក៏​យើង​ត្រូវ​រំលឹក​ដល់​គុណ​របស់​បុព្វ​បុរស​ខ្មែរ ដែល​បាន​បូជា​ញើស​ឈាម​ទុក​កេរមត៌ក​ឲ្យ​ពួក​យើង​នៅ​លើ​ទឹកដី​ហ្នឹង ដូច្នេះ​ជា​ការ​គោរព​ដឹង​គុណ​របស់​ខ្មែរ​យើង​ទាំង​អស់​ចំពោះ​វិញ្ញាណក្ខន្ធ​បុព្វបុរស»។

លោកស្រី​បន្តថា​ការ​ជ្រើសរើស​ពេល​វេលា​ក្នុង​ការ​ប្រារព្ធពិធី​នេះ​មិន​មាន​ពាក់ព័ន្ធ​នឹង​រឿង​ស្ថាន​ភាពនយោបាយ​នោះ​ទេ។​

ថ្មី​ៗនេះ​ ​កាល​ពី​ជាង​២សប្តាហ៍​មុន​តុលា​ការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក្រោម​បទ​ចោទពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​ក្នុង​ប្រទេស​ ដើម្បី​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន។​ ​លោក កឹម សុខា ដែល​ជា​អតីត​ប្រធាន​គណបក្ស​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ជាប់ពន្ធនា​គារ​ពី​បទ «ក្បត់​ជាតិ»។ ការ​រំលាយ​និង​បង្រ្កាប​ទៅ​លើ​ក្រុម​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​ រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធរ​ពី​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ដែល​យល់​ឃើញ​ថា​ស្ថាន​នយោ​បាយ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​បញ្ហា​យ៉ាប់យឺន​ដែល​ត្រូវ​ដោះស្រាយ​ឲ្យ​បាន​មុន​ការបោះ​ឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​ក្រោយ។​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ភរិយា​ គ្រួសារ​ ​មន្ត្រី​ជាន់​នៃ​រដ្ឋាភិបាល និង​តំណាង​រាស្ត្រ​គណបក្សកាន់អំណាច​ នៅក្នុងពិធីបួងសួង«សុំសេចក្តីសុខ» ​នៅមុខ​ប្រាសាទអង្គរ​វត្ត​ , នៅទីក្រុង​សៀមរាប​, នៅថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA) ​

​ពិធី​បួង​សួង​បែប​សាសនា​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​នឹងអាទិត្យ​នេះ មាន​ការ​ចូល​រួម​ពី​មន្ត្រី​សំខាន់​នៃ​គណបក្ស​កាន់​អំណាច​ជា​ច្រើន។​ នាយក​រដ្ឋមន្ត្រី​ខ្មែរ​លោក​ហ៊ុន សែន​ ​ដែល​មកដល់ខេត្តសៀម​រាប​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ ក្រោយ​ដំណើរ​ទស្សនកិច្ច​ពី​ទីក្រុង​ប៉េកាំងជាមួយ​ដំណឹងវិនិយោគ​បន្ថែម​ចំនួន​៧​ពាន់​លាន​ដុល្លារ​ពី​ក្រុម​ហ៊ុនចិន​ក៏​បានចូល​រួម​កម្មវិធី​បួង​សួង​ទាំង​២ថ្ងៃ​នេះ​ផង​ដែរ​ ​ជា​មួយ​លោក ស ខេង​ ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ។ ស្រប​ពេល​ក្រុង​ពាលី​ដំណើរការ លោក​ ​ហ៊ុន សែន​ ​ពន្លយ​ព័ត៌មាន​វិជ្ជមាន​មួយ​ថា​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ​CCHR​ ​ដែល​ស្ទើរតែ​ត្រូវ​បាន​បិទ​ដំណើរ​ការ​ក្រោយ​លោក​ ​ហ៊ុន សែន​ប្រកាស​ឲ្យ​ស៊ើប​អង្កេត​ទៅ​លើ​បេសកកម្ម​ការពារ​សិទ្ធិ​មនុស្ស។ លោក ហ៊ុន​ សែន និយាយ​ឆ្លើយ​ឆ្លង​នឹង​សារព័ត៌មាន​ Freshnews​ ​ថា រដ្ឋាភិបាល​កម្ពុជា​អនុញ្ញត​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្សកម្ពុជា​ ​ CCHR​ ​បន្ត​បេសកកម្ម​ការពារ​សិទ្ធិ​មនុស្ស​ដោយយោង​ថា​ការ​ស៊ើប​អង្កេត​ពី​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា អង្គការ​សង្គម​ស៊ីវិល​មួយ​នេះ​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ឡើយ។​

ទិដ្ឋភាព​របាំជូនពរ​តាម​ប្រពៃណី​ នៅក្នុងពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរ​វត្ត​ , នៅទីក្រុង​សៀមរាប​, នៅថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)

លោក​ស្រី​ Astrid Norén-Nilsson អ្នក​ស្រាវជ្រាវ​អំពី​នយោបាយ​នៅ​កម្ពុជា​និង​និពន្ធ​សៀវភៅ​ Cambodia's Second Kingdom​ បាន​ប្រាប់ VOA តាម​រយៈ​ការឆ្លើយឆ្លង​សារ​អេឡិចត្រូនិច​ថា​ ពិធី​បន់ស្រន់​នេះ​ ក៏​ជាបង្វែរ​ការចាប់អារម្មណ៍​ពី​សាធារណៈ​ដោយ​ «ផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ជា​ថ្មី​ម្តង​ទៀត​លើ​សាមគ្គី​ភាពជាតិ​ ដែល​បង្ហាញ​ឡើង​តាម​រយៈ​និមិត្តរូប​របស់​ប្រាសាទអង្គរវត្ត​ ហើយ​វា​ក៏​បង្ហាញថា ​លោក ​ហ៊ុន​ សែន​ ​និង​រដ្ឋា​ភិបាល​របស់​លោក​ជាអ្នកធានាបានចំពោះសាមគ្គីភាព​នោះ»។

ក្នុង​ចំណោម​អ្នក​ចូលរួម​ជា​ច្រើន​ ​ដែល​មាន​ទាំង​រដ្ឋមន្ត្រី​ ​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​កាន់​អំណាច​ ​និង​ឥស្សរជន​នា​នា​ ​និង​ប្រជាពលរដ្ឋ​មក​ពី​តាមបណ្តា​ខេត្ត​ជិតៗ​ រាប់​ពាន់​នាក់​ អ្នកស្រី​ ​ឡុង ធួន ៥២ឆ្នាំ​ បាន​ធ្វើ​ដំណើរ​មក​ពី​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​ ​មក​កាន់​សៀមរាប​ដើម្បី​សម្រាក​រង់ចាំ​មុន​ ១យប់​មុននឹងចូលរួមកម្មវិធី​បួងសួង​ និង​រាប់​បាតព្រះ​សង្ឈ​ ជាង​៥០០០​ ​អង្គ​ នា​ថ្ងៃ​បន្ទាប់​។ អ្នក​ស្រី​ អង្គុយ​បត់​ជើង​នៅលើ​កំរាល​ដែលក្រាល​កៅស៊ូ នៅប៉ែក​ខាងក្រោយ។

«គ្មាន​ទេ​ មានតែ​ខ្លួន​និង​ភួយ១។ សម្រាក​កន្លែង​នេះ​ឯង​ មិន​ដឹង​ទីណា​ទេ។​ ​កន្លែង​ណា​គួរសម ​សម្រាក​ទីនោះ»។

យប់នោះ​អ្នក​ស្រី​ពុំមាន​លទ្ធភាព​ទៅ​រក​ផ្ទះសំណាក់​ក្នុង​ទី​ក្រុង​ទេ​ តែ​អ្នក​ស្រី​យល់​ថា​ វា​មាន​សារៈ​សំខាន់​ក្នុង​ការ​បន់ស្រន់​សុំ«សេចក្តីសុខ» ​និង​ «សន្តិភាព»។

អ្នកស្រី ឡុង ធួន​ ​បាន​និយាយ​ដូច្នេះថា៖​

«មាន​រឿង​ច្រើន​ដែរ​ [ស្ថានភាពនៅកម្ពុជា​] សុំឲ្យ​តែ​សុខ​សប្បាយ​ទៅ។​ មីងអត់​ចេះ​ដឹង​ច្រើន​ទេ មិន​ប្រាថ្នា​អី​ទេ​ ឲ្យ​ប្រទេស​ជាតិ​សុខ​សប្បាយ​ ទឹក​ដី​ខ្មែរ​ឲ្យ​តែ​ខ្មែរ​នៅទៅ​។ មីង​មិន​ប្រាថ្នា​អី​ទេ​រឿង​ចង់​បាន​គេ​ជួយ​នោះ។ ចង់​បាន​តែ​ហូប​ចុក​តែ​ខ្លួន​ឯង​ទៅ។ ឲ្យ​តែ​សុខ​សប្បាយ​ទៅ។ រឿង​ប្រទេស​ជាតិ​យើង​មិន​អាច​ដឹង​ គេ​ទៅ​យ៉ាង​ដូច​ម្តេច​ ក៏​ទៅ​តាម​គេ​ទៅ។ ធ្វើម្តេច​បើ​ចង្កឹះ​យើង​តែ​១ ធ្វើ​ម្តេច​កើត​»។

យុវជន ​ឈឿន គង់​ ​អាយុ​ ១៨​ ឆ្នាំ​ ជា​សិស្ស​ត្រៀមបញ្ចប់ថ្នាក់​វិទ្យា​ល័យ​នៅ​ខេត្ត​សៀមរាប។ ​លោក មក​ជាមួយ​ម្តាយ ក្នុង​គោល​បំណង​ធ្វើ​បុណ្យ​កុសល​ដល់​ព្រះសង្ឈ​ដើម្បី​បាន​បុណ្យ​កុសល​ត្រឡប់​ទៅ​វិញ។ លោក​បាន​ប្រាប់​VOA​ថា​ក្រុម​គ្រួសារ​លោក​បាន​ដឹង​អំពី​ការផ្សព្វ​ផ្សាយ​នូវ​អត្ថន័យ​នៃ​ពិធី​បួងសួង​តាម​រយៈវិទ្យុ​និង​ទូរទស្សន៍។ បើ​ទោះ​ជា​លោក​ ពុំ​សូវ​តាម​ដាន​ព័ត៌មាន​សង្គម ​ ញឹក​ញយ​ដោយសារ​តែលោក​រវល់​យក​ចិត្ត​ទុកដាក់​លើ​ការ​សិក្សា លោក​យល់​ថា ការ​បន់ស្រន់​សុំ​សេចក្តី​សុខ​និង​សន្តិភាព​គឺ​សំខាន់​សម្រាប់​កម្ពុជា។

«និយាយ​រួម​ទៅ​ មើល​ទៅ​ដូចជា​មិន​សូវ​មាន​សន្តិភាព​ ប៉ុន្មាន​ដែរ​ ព្រោះ​និយាយ​រួម​ទៅ​វា​ដូចជា​វ៉ល់ មាន​អារម្មណ៍​ថា​ដូចជា​វ៉ល់ ដូច​ថា​ភាគី[គណបក្សនយោបាយ]​ ម្ខាង​ៗ​អត់​សូវ​មាន​ខាង​ណា​ស៊ី​សង្វាក់​គ្នា។»​

លោក​ចង់​ឃើញ​អ្នកដឹកនាំគិតគូរ​អំពី​សុខទុក្ខ​ប្រជា​ពល​រដ្ឋ​បន្ថែម។

«មើល​លើ​សមត្ថភាព​របស់​គាត់​ដូច​ថា​ អាចជួយ​ប្រជា​ពលរដ្ឋ​ខាង​ផ្នែក​ឧស្សាហកម្ម។ ធ្វើ​ម៉េច​កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទទួល​នូវ​ការ​អន់​ថយ​ និងក្រី​ក្រ​ ឲ្យ​ប្រជា​ពលរដ្ឋ​កាន់​តែ​រីក​ចម្រើន»។​

ទិដ្ឋភាព​ទូទៅ​នៅមុខ​ប្រាសាទអង្គរ​វត្ត​ ដែលបង្ហាញអំពីការរៀបចំ​កម្មវិធី​បួងសួង​សុំសេចក្តី​សុខ​ដល់កម្ពុជា, នៅទីក្រុង​សៀមរាប​, នៅថ្ងៃទី៣ ខែធ្នូ​ ឆ្នាំ​២០១៧។ (ខាន់​ សុគុំមនោ/VOA)

​មុន​និង​ក្រោយ​ពី​ការ​រំលាយគណបក្ស​សង្គ្រោះជាតិពាក្យ​ «លទ្ធិប្រជាធិបតេយ្យ» និង «សន្តិភាព» នៅ​តែ​មានន័យ​ដដែល​ ព្រោះ​សន្តិភាព​ មិនមែន​ជា​ព្រឹត្តិការណ៍​ នេះ​ជា​ការ​លើក​ឡើង​របស់​លោកស្រី​ Astrid Norén-Nilsson។​ លោកស្រី​ សរសេរ​បន្ត​ទៀត​ថា៖

«ព្រឹត្តការណ៍​រញ្ជួយ​ដី​មួយ​ អាច​ពន្យល់ពី​ភាព​ខុសគ្នា​រវាង​អតីតកាល និង​បច្ចុប្បន្ន​កាល​ក្រោយ​ពេល​រញ្ជួយ ក៏ប៉ុន្តែរដ្ឋាភិបាល​នៅ​តែ​រក្សា​ភាសា​ដដែល។​ ប្រជាជន​កម្ពុជា​ត្រូវបាន​គេ​ទាញ​ឲ្យ​យល់​ថា​ «សន្តិភាព» ឥឡូវ​នេះ​គឺ​ស្មើ​នឹង​ការ​ទទួល​យក​ការ​រំលាយ​គណបក្ស​ប្រឆាំង»៕