រដ្ឋាភិបាលកម្ពុជានៅថ្ងៃសុក្រនេះ បានសម្រេចប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្មទៅជា «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដើម្បីជំរុញឲ្យកម្ពុជាដើរទាន់បដិវត្តន៍ឧស្សាហកម្មទី៤.០ និងពង្រីកសក្តានុពលរបស់ខ្លួន ក្នុងការបង្កើតថ្មី។
ការសម្រេចឈ្មោះប្តូរនេះ ធ្វើឡើង តាម«សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» ដែលទទួលបានការអនុម័តពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ដំណាលគ្នានោះ គណៈរដ្ឋមន្ត្រីរបស់លោក ហ៊ុន សែន ក៏បានផ្តល់សេចក្តីយល់ព្រមដល់សេចក្តីព្រាងអនុក្រឹតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។
យោងតាមសេចក្តីសង្ខេបព័ត៌មាន ដែលបានសរសេរលើគណនីហ្វេសប៊ុករបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលខ្មែរ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម ត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យប្តូរឈ្មោះទៅជាក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបកគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសាកល។
ការផ្លាស់ប្តូរនេះនឹង «ធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ ឬនវានុវត្តន៍ របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជំរុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជំរុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០»។
ឧស្សាហកម្មជំនាន់ទី៤.០ សំដៅទៅដល់ ការបង្កើតបញ្ញានិម្មិត ដែលបំពាក់នៅលើយានយន្ត និងឧបករណ៍ភ្ជាប់បណ្តាញអ៊ីនធឺណិត មកភ្ជាប់ជាមួយសកម្មភាពរស់នៅរបស់មនុស្ស ដូចជាការប្រើប្រាស់សំឡេង ដើម្បីបញ្ជាឲ្យមានចលនាណាមួយ ការកំណត់អត្តសញ្ញាណដោយផ្ទៃមុខ ឬក៏ឧបករណ៍ចាប់សញ្ញាក្នុងវិស័យសុខាភិបាលជាដើម។
VOA មិនទាន់អាចសុំការអធិប្បាយពីលោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលនិងលោកអ៊ុំ សុថា អ្នកនាំពាក្យក្រសួងឧស្សាហកម្ម និងសិប្បកម្មបានទេ។
ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានបំបែកចេញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ ដោយមានរដ្ឋមន្ត្រីលោក ចម ប្រសិទ្ធ ដែលជាអតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ ក្រោយការបំបែកក្រសួងនេះមក លោកស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលស្ថិតនៅតាមបណ្តាយផ្លូវប៉ាស្ទ័រ(៥១) ចំណែកលោកចម ប្រសិទ្ធ បានបន្តគ្រប់គ្រងក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម។
យោងតាមព័ត៌មានសង្ខេបដែលបានសរសេរលើគណនីហ្វេសប៊ុករបស់លោក ផៃ ស៊ីផាន មានការពិគ្រោះយោបល់ ពិភាក្សា លើការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងដែលទើបបានប្តូរឈ្មោះថ្មីនេះ ពីសំណាក់ក្រសួងពាក់ព័ន្ធចំនួន១៥។
រដ្ឋសភានឹងធ្វើសេចក្តីសម្រេចចិត្តថានឹងទទួលយកការប្តូរឈ្មោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានផ្តល់សេចក្តីយល់ព្រមដល់ឈ្មោះក្រសួងថ្មី។
ដោយឡែក កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រដដែលនេះ បានអនុម័តគម្រោងសាងសង់ទីកន្លែងផលិតថាមពលមួយចំនួន រួមមានគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម កម្លាំង២៦៥មេហ្គាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ គម្រោងអភិវឌ្ឍន៍បណ្ដាញបញ្ជូន២៣០គីឡូវ៉ុលពីរោងចក្រអគ្គិសនីធ្យូងថ្មខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាប និងគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មកម្លាំង៧០០មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុង និងការអនុវត្តបន្តទៀត៕