ក្រសួងព័ត៌មាន នៅថ្ងៃសុក្រនេះ បានប្រកាសច្រានចោលរបាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដែលបង្ហាញថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបានដួលរលំតាំងពីឆ្នាំ២០១៧។ ក្រសួងព័ត៌មានបានហៅរបាយការណ៍វាយតម្លៃនោះថា «គ្មានមូលដ្ឋាន» និងមានចេតនាទុច្ចរិតដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាល។
សេចក្តីថ្លែងការណ៍ចេញដោយអ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃសុក្រនេះបញ្ជាក់ថា ក្រសួងព័ត៌មានសម្ដែងការសោកស្ដាយចំពោះរបាយការណ៍មានចំណងជើងថា«ការប្រឈមរបស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឆ្នាំ២០១៧» ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដោយចោទថា រដ្ឋាភិបាលបានប្រើប្រាស់ហេតុផលនយោបាយដើម្បីបង្ក្រាប ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ព្រមទាំងបានវាយតម្លៃចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជាថា មានការធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំកន្លងមក។
សេចក្ដីថ្លែងការណ៍របស់ក្រសួងព័ត៌មានសរសេរក្នុងសម្រង់ន័យដើមថា៖
«ក្រសួងព័ត៌មានសូមបដិសេធទាំងស្រុងនូវការចោទប្រកាន់ខាងលើរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយចាត់ទុកថា នេះគ្រាន់តែជាការវាយតម្លៃគ្មានមូលដ្ឋាន ដោយធ្វើការស្ទង់មតិពីអ្នកសារព័ត៌មានជ្រុលនិយមមួយក្ដាប់តូច ដែលមានចេតនាទុច្ចរិតគេចវេសពីការទទួលខុសត្រូវខាងផ្លូវច្បាប់ ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាលកម្ពុជាតែប៉ុណ្ណោះ»។
លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ VOA បន្ថែមតាមទូរស័ព្ទថា៖
«យើងពុំមានវិធានការអីទេ គ្រាន់តែយើងបដិសេធលើរបាយការណ៍ដែលគាត់ធ្វើការផ្សព្វផ្សាយហ្នឹង។ ក្រៅពីហ្នឹង យើងរងចាំមើល ថាតើវាមានដំណើរការអីតទៅមុខទៀត។ ប៉ុន្តែពេលនេះគឺយើងគ្រាន់តែចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ប្រាប់ថា អ្វីដែលគាត់ធ្វើហ្នឹងគឺគាត់មិនដឹងជាមាន Method ណាខ្លះ? ទី១។ ទី២ គាត់អាចទៅជួបតែអ្នកកាសែតមួយចំនួនតូចណានោះ ដែលគាត់ស្ទង់មតិហ្នឹង ហើយយកមតិមកផ្សព្វផ្សាយជាសាធារណៈអីអីចឹង យើងមិនអាចទទួលយកបានទេ»។
បើតាមលោក អ៊ុក គឹមសេង រហូតមកដល់ពេលនេះ កម្ពុជាមានអ្នកសារព័ត៌មានប្រមាណជា៥ពាន់នាក់ ដែលទទួលបានបណ្ណពីក្រសួង សម្រាប់បម្រើឲ្យការចុះយកព័ត៌មាន។
ទោះយ៉ាងណា គេឃើញថា ស្ថាប័នព័ត៌មានមួយចំនួនដែលតែងផ្សាយពីភាពអវិជ្ជមានរបស់រដ្ឋាភិបាល ដូចជាសំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) ជាដើម មិនត្រូវបានក្រសួងចេញប័ណ្ណដើម្បីចុះយកព័ត៌មាននោះទេ ដោយក្រសួងបញ្ជាក់ថា ស្ថាប័នទាំងនោះមិនបានចុះបញ្ជីត្រឹមត្រូវ។
របាយការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចេញកាលពីថ្ងៃទី២១ ខែកុម្ភៈនេះ បង្ហាញថា សេរីភាពប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបាន«ដួលរលំ» ចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីស្ថាប័នព័ត៌មានមួយចំនួន ដែលផ្សាយចំណុចអវិជ្ជមាន និងរិះគន់រដ្ឋាភិបាល ត្រូវបង្ខំចិត្តបិទទ្វារនិងឈប់ផ្សាយ ហើយការគំរាមកំហែង និងការចាប់អ្នកសារព័ត៌មានដាក់ពន្ធនាគារនៅតែបន្តកើតមាន។
របាយការណ៍ ដែលស្ទង់មតិអ្នកធ្វើការផ្នែកប្រព័ន្ធផ្សព្វផ្សាយចំនួន៧៥នាក់នោះ បន្ថែមថា អ្នកសារព័ត៌មាន៦៧ភាគរយមានអារម្មណ៍ថា ពួកគេមិនមានសេរីភាពពេញលេញក្នុងការរាយការណ៍ដោយសេរីទេ ហើយថា ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជាកំពុងប្រឈមនឹងការគំរាមកំហែង ការចាប់ដាក់ពន្ធនាគារ ការបង្រ្កាប និងវិបត្តិផ្លូវចិត្ត ហើយថា ការបិទការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មានមួយចំនួន គឺបណ្តាលមកពីហេតុផលនយោបាយរបស់រដ្ឋាភិបាល។
លោកណុប វី នាយកប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានប្រាប់ VOA ថា របាយការណ៍ដែលចេញដោយ CCIM គឺបានមកពីការស្ទង់មតិរបស់អ្នកសារព័ត៌មាននៅកម្ពុជា ដែលបានបង្ហាញពីការយល់ឃើញរបស់ពួកគេ។ លោកបន្ថែមថា រដ្ឋាភិបាល ជាពិសេសក្រសួងព័ត៌មាន គួរតែសិក្សាអំពីបញ្ហាដែលពួកគេបានលើកឡើង ដើម្បីចូលរួមដោះស្រាយ ជាជាងបង្ហាញភាពមិនអើពើទាល់តែសោះនោះ។
លោកណុប វី បញ្ជាក់ថា៖
«ខ្ញុំយល់ថា គួរតែមានការយកចិត្តទុកដាក់អីចឹងវិញជាជាងយើងបដិសេធ ឬមួយក៏ប្រតិកម្មហើយមិនទទួលយក ពីព្រោះការទទួលយករបាយការណ៍យកទៅពិចារណាគឺថា វាអាចនឹងជួយឲ្យមានភាពប្រសើរឡើងច្រើននៅក្នុងផ្នែកសារព័ត៌មាន និងសេរីភាពសារព័ត៌មាននៅក្នុងប្រទេសយើង»។
កាលពីសប្តាហ៍មុន របាយការណ៍ថ្មីមួយរបស់អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានរិះគន់រដ្ឋាភិបាលកម្ពុជាថា បានបង្រ្កាបប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហើយព្យាយាមបិទសំឡេងប្រឆាំងទាំងអស់ ដោយធ្វើការយាយី និងធ្វើទុក្ខបុកម្នេញលើស្ថាប័ន និងអ្នកសារព័ត៌មានដែលហ៊ានរិះគន់ និងមិនព្រមដើរតាមបន្ទាត់នយោបាយដែលគេគូសឲ្យដើរ។
របាយការណ៍ដែលមានចំណងជើងថា «ប្រទេសកម្ពុជា៖ សារព័ត៌មានឯករាជ្យកំពុងស្ថិតនៅក្នុងភាពមហន្តរាយ»ដែលបានចេញផ្សាយកាលពីថ្ងៃពុធទី១៤ខែកុម្ភៈនេះ បានរៀបរាប់ថា រដ្ឋាភិបាលកម្ពុជាបានបង្ខំឲ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរួមមានកាសែតឌឹ ឃែមបូឌា ដេលី និងវិទ្យុអាស៊ីសេរីបិទទ្វារ លែងដំណើរការនៅកម្ពុជា ហើយក៏បង្ខំឲ្យស្ថានីយវិទ្យុក្នុងស្រុកជាច្រើនទៀតឈប់ផ្សាយបន្តកម្មវិធីព័ត៌មានជាភាសាខ្មែររបស់វិទ្យុ VOA អាស៊ីសេរី និង VOD។
របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែនបានបន្ថែមថា រដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក៏បានយាយី និងធ្វើទុក្ខបុកម្នេញលើអ្នកកាសែត ដោយការចាប់ខ្លួន ចោទប្រកាន់ និងដាក់សម្ពាធដោយមិនផ្តល់ប័ណ្ណសារព័ត៌មាន ដើម្បីធ្វើឲ្យពួកគេមិនអាច ឬពិបាកយកព័ត៌មានជាដើម។
ទោះយ៉ាងណា ការលើកឡើងទាំងនោះត្រូវបានរដ្ឋាភិបាលច្រានចោល និងថា រដ្ឋាភិបាលកំពុងអនុវត្តច្បាប់ទៅតាមប្រទេសនីតិរដ្ឋ៕