រដ្ឋាភិបាល​កាត់​បន្ថយ​ដី​សម្បទាន​សេដ្ឋកិច្ច​មក​នៅ​ត្រឹម​៥០ឆ្នាំ

រូបភាពឯកសារ៖ ក្រុម​និស្សិត​​​និង​ប្រជាពលរដ្ឋ​ប្រមាណ​៤០០​នាក់​ បាន​មក​ជួបជុំ​គ្នា​នៅ​ឯ​ទី​​​លាន​​​​ប្រជាធិបតេយ្យ​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ទី​​​​​​១៣ ខែ​​​កញ្ញា ឆ្នាំ​​​២០១៥ ដើម្បី​ធ្វើ​​​ការ​តវ៉ា​ស្នើ​សុំ​ឲ្យ​លោក​នាយរដ្ឋមន្ត្រី ​ហ៊ុន សែន​ ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​កំពត​អនុវត្ត​អនុក្រឹត្យ​មួយ​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​កាល​ពី​៣​​​ឆ្នាំ​មុន​សម្រាប់​ការ​បែងចែក​ដីធ្លី​មួយ​កន្លែង​ក្នុង​ស្រុក​ឈូក​ខេត្ត​កំពត។​ (រូបថត​​​ផ្តល់​​​ឲ្យ)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​រយៈពេល​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​មក​នៅ​ត្រឹម​៥០ឆ្នាំ​វិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​រយៈពេល​វិនិយោគ​លើដី​សម្បទាន​សេដ្ឋកិច្ច​មក​នៅ​ត្រឹម​៥០ឆ្នាំ​វិញ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ។

លោក​ ស្រ៊ុន ដារិទ្ធិ ​នាយ​ខុទ្ទកាល័យ​ក្រសួង​បរិស្ថាន​ឱ្យ​ដឹង​ថា ការ​កាត់​បន្ថយ​កិច្ច​សន្យា​មក​ត្រឹម​៥០ឆ្នាំ​នេះ​នឹង​មាន​ភាព​ងាយ​ស្រួល​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់ ឬ​អភិវឌ្ឍ​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំង​នោះ​នៅ​ពេល​ដែល​ត្រូវការ។

«នៅ​ក្នុង​ច្បាប់​គេ​ចែង​មក​ថា​អីចឹង កិច្ច​សន្យា​ដែល​ពីមុន​លើស​ហ្នឹង​ត្រូវ​កាត់​មក​សល់​ត្រឹម​ប៉ុណ្ណឹង។ ច្បាប់​គេ​ឱ្យ​ធ្វើ​អីចឹង។ យើង​មិន​ដឹង​ថា​តើ​៥ឆ្នាំ ១០ឆ្នាំ ២០ឆ្នាំ​ទៀត​ តម្លៃ​វា​ត្រូវ​ឡើង ឬ​ក៏​ដី​ហ្នឹង​យើង​អាច​យក​ទៅ​ប្រើប្រាស់​យ៉ាង​ម៉េច វា​អាច​មាន​តម្លៃ​សេដ្ឋកិច្ច​ច្រើន​ជាង​ហ្នឹង។ ចឹង​បើ​យើង​ដាក់​ដល់​៩០ឆ្នាំ ៧០​ឆ្នាំ វា​យូរ​ បើ​យើង​ចង់​យក​ទៅ​ធ្វើ​អ្វី​ផ្សេង ឬ​ចង់​ជួល​ឱ្យ​ថ្លៃ​ជាង​ហ្នឹង​យើង​ធ្វើ​អត់​បាន»។

លោក​ តិក​ វណ្ណារ៉ា​ នាយក​ប្រតិបត្តិ​នៃ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​បាន​បញ្ជាក់​ថា ការ​កាត់​បន្ថយ​រយៈពេល​វិនិយោគ​មក​ត្រឹម​៥០ឆ្នាំ ដែល​រដ្ឋាភិបាល​កំពុង​តែ​ធ្វើ​នេះ​ជា​ការ​វិវត្តន៍​វិជ្ជមាន​មួយ​ក្នុង​ការ​ត្រួត​ពិនិត្យ​ការ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​កម្ពុជា។

ក៏ប៉ុន្តែ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​កិច្ច​សន្យា​ដី​សម្បទាន​សេដ្ឋកិច្ច វា​ទាមទារ​ឱ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរឹង ការ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ប្រជាជន​នៅ​មូលដ្ឋាន ដែល​រង​ប៉ះពាល់​ដោយសារ​សម្បទាន​សេដ្ឋកិច្ច និង​ការ​ថ្លឹងថ្លែង​តុល្យភាព​រវាង​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច។

«តែ​អ្វី​ដែល​ជា​កិច្ចការ​សំខាន់​ ហើយ​ត្រូវ​ធ្វើ​ជា​ប្រចាំ​នោះ​គឺ​ជា​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​កំពុង​តែ​ធ្វើ​ការ​អនុវត្ត​នៅក្នុង​ប្រទស​កម្ពុជា​យើង​ឱ្យ​បាន​ទៀងទាត់ ហើយ​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ល្អ​ប្រសើរ»។

លោក​បាន​បន្ថែម​ទៀត​ថា៖

«ទី១​នៅ​មាន​គឺ​ការ​ខ្វះខាត​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ទីតាំង​ជាក់​ស្តែង​នៅ​ក្រុម​ហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ទី២​នៅ​ខ្វះខាត​ការ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​នូវ​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ដី​សម្បទាន។ មួយទៀត​ដីសម្បទាន​មួយ​ចំនួន​គាត់​បាន​ទទួល​លិខិត​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក៏ប៉ុន្តែ​ពុំបាន​ធ្វើការ​អភិវឌ្ឍ​ឱ្យ​ទាន់ពេល»។

ក្រសួង​បរិស្ថាន​ឱ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មាន​គម្រោង​វិនិយោគ​អភិវឌ្ឍន៍​ចំនួន​១១៣ ត្រូវ​បាន​រាជរដ្ឋាភិបាល​ពិនិត្យ និង​វាយតម្លៃ។ ហើយ​ក្នុង​នោះ មាន​គម្រោង​វិនិយោគ​ចំនួន​៣៧ ដែល​រដ្ឋាភិបាល​សម្រេច​កាត់​បន្ថយ​រយៈពេល​នៃ​កិច្ច​សន្យា​មក​ត្រឹម​៥០ឆ្នាំ គម្រោង​វិនិយោគ​ចំនួន​២៣ ត្រូវ​បាន​ដកហូត ហើយ​មាន​គម្រោង​វិនិយោគ​ចំនួន​៤ ដែល​ក្រុមហ៊ុន​ស្ម័គ្រចិត្ត​ប្រគល់​មក​ឱ្យ​រាជរដ្ឋាភិបាល​វិញ និង​មាន​គម្រោង​ចំនួន​៤ ដែល​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ទំហំ​ផ្ទៃដី​វិនិយោគ​ ព្រមទាំង​មាន​គម្រោង​ចំនួន​២០ទៀត ដែល​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​របស់​រាជ​រដ្ឋាភិបាល៕