រដ្ឋាភិបាលប្រកាសផ្ដល់ឱកាសការងារជាង ២.៥០០ កន្លែង ដល់កម្មករនិយោជិតក្រុមហ៊ុនវ៉ាយ&ដាប់បែលយូហ្គាមេន (Y&W Garment Co. Ltd) ដើម្បីទទួលបានការងារថ្មី ខណៈកម្មករកំពុងរង់ចាំនីតិវិធីដោះស្រាយបញ្ហាប្រាក់ឈ្នួល ក្រោយពេលថៅកែរត់ចោល។
អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គិតត្រឹមសប្តាហ៍នេះ សហគ្រាសប្រមាណ ២០ ដែលមានទីតាំងនៅតំបន់វេងស្រេង ខណ្ឌដង្កោក្នុងទីក្រុងភ្នំពេញ និងតំបន់មួយចំនួននៅខេត្តកណ្តាល និងខេត្តតាកែវ បានផ្ដល់ឱកាសការងារទាក់ទងនឹងជំនាញផ្នែកកាត់ដេរ ផ្នែកផលិតស្បែកជើង ផ្នែកវេចខ្ចប់ និងផ្នែកអេឡិចត្រូនិកជាដើម ដែលស្រដៀងគ្នានឹងការងារនៅរោងចក្រវ៉ាយ&ដាប់បែលយូ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារដែលចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រសួងបានរៀបចំផ្ដល់ឱកាសការងារដល់កម្មករនិយោជិតក្រុមហ៊ុនវ៉ាយ&ដាប់បែលយូហ្គាមេន ចំនួន ២.៥៤៧ កន្លែង នៅតាមរោងចក្រ និងសហគ្រាសជាច្រើនទីតាំង។ ក្នុងសេចក្ដីជូនដំណឹងនោះ ក្រសួងការងារក៏អំពាវនាវដល់កម្មករនិយោជិតមកទទួលសេវាជួយរកការងារធ្វើពីទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដែលកំពុងដាក់ការិយាល័យចល័តនៅពីមុខក្រុមហ៊ុនវ៉ាយ&ដាប់បែលយូហ្គាមេន ដែលបានបិទទ្វារឈប់ដំណើរការតាំងពីមុនចូលឆ្នាំប្រពៃណីចិន។
អ្នកស្រីទូច ស្រីញឹប អតីតអ្នកគ្រប់គ្រងម្នាក់ក្នុងរោងចក្រវ៉ាយ&ដាប់បែលយូហ្គាមេន យល់ថា នេះជាដំណោះស្រាយល្អសម្រាប់កម្មករនិយោជិត។ អ្នកស្រីបន្ថែមថា កម្មករមួយចំនួនបានស្វែងរកការងារតាមរយៈទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) និងមួយចំនួនទៀតបន្ដរង់ចាំដំណោះស្រាយពាក់ព័ន្ធនឹងសំណងប្រាក់ឈ្នួលដែលក្រុមហ៊ុនត្រូវទូទាត់ជូនកម្មករ។
គួរបញ្ជាក់ថា កម្មករនិយោជិតនៅក្រុមហ៊ុនវ៉ាយ&ដាប់បែលយូ ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញបានចេញតវ៉ាទាមទាររកដំណោះស្រាយ ក្រោយថៅកែជនជាតិចិនមិនបានបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករជាង ៤ ពាន់នាក់ ខណៈថៅកែរត់ចោលរោងចក្រ ដោយមិនបានជូនដំណឹង៕