រដ្ឋាភិបាលកម្ពុជាបានសម្រេចទិញផ្លែមៀនពីកសិករនៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ដើម្បីបញ្ចៀសបញ្ហាប្រឈមក្នុងការនាំចេញទៅកាន់ប្រទេសថៃ ស្របពេលអ្នកជំនាញជំរុញឲ្យមានការពង្រឹងបន្ថែមឧស្សាហកម្មកែច្នៃ និងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
មន្រ្តីពាក់ព័ន្ធអះអាងថាការទិញនេះមិនមែនទុកសម្រាប់លក់នោះទេ គឺដើម្បីចែកឲ្យកងកម្លាំងប្រដាប់អាវុធ ទាហាន និងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កហូបតែប៉ុណ្ណោះ។
ចំណាត់ការខាងលើនេះធ្វើឡើងបន្ទាប់ពីផ្លែមៀនប៉ៃលិន ឬហៅថាតាង៉ែនរាប់សិបតោននៅខេត្តជាប់ព្រំដែនថៃ មិនអាចនាំចូលទៅប្រទេសថៃបាន ខណៈអាជ្ញាធរថៃបានប្រកាសបិទព្រំដែនដោយសារការព្រួយបារម្ភពាក់ព័ន្ធនឹងជំងឺកូវីដ១៩ និងការមិនអាចនាំបន្តទៅទីផ្សារប្រទេសចិន ក្រោយរកឃើញមានសមាសធាតុចង្រៃនៅលើផ្លែមៀន ដូចជាចៃម្សៅ ឬហៅថាក្រាម្សៅ។ កាលពីថ្ងៃទី១៣ ខែសីហា ប្រទេសចិនបានប្រកាសបិទដោយគ្មានកាលកំណត់នូវការនាំចូលផ្លែមៀនពីប្រទេសថៃ។
លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្សរបស់លោក ហ៊ុន សែន និងជានាយករដ្ឋខុទ្ទកាល័យនាយករដ្ឋមន្រ្តី ត្រូវបានលោក ហ៊ុន សែន ឲ្យទទួលបន្ទុកកិច្ចការទិញផ្លែមៀនទាំងនេះ។
លោក ហ៊ីង ប៊ុនហៀង បានប្រាប់VOAនៅថ្ងៃពុធនេះថាក្រុមការងាររបស់លោកកំពុងសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីជួយទិញផ្លែមៀនពីប្រជាពលរដ្ឋ ដែលមិនអាចនាំចេញទៅលក់នៅប្រទេសថៃបាន ដោយសារវិបត្តិជំងឺកូវីដ១៩។ លោកបន្តថាផ្លែមៀនដែលទិញបាន នឹងត្រូវចែកជូនដោយឥតគិតថ្លៃដល់កងកម្លាំងប្រដាប់អាវុធ នគរបាល កងកម្លាំងការពារព្រំដែន បុគ្គលិកសុខាភិបាល អ្នកកំពុងធ្វើចត្តាឡីស័ក និងអ្នកព្យាបាលរួចហើយនៅខេត្តបាត់ដំបង។
លោក ហ៊ីង ប៊ុនហៀង បានសង្កត់ធ្ងន់ថាផែនការទិញផ្លែមៀននេះ មិនមានកំណត់បរិមាណនោះទេ គឺមន្រ្តីពាក់ព័ន្ធចុះទៅទិញតាមចម្ការ ឬទីតាំងផ្ទាល់ ក្នុងតម្លៃស្របទៅតាមទីផ្សារដែលមានរវាង ១៥០០រៀលទៅជាង២០០០រៀលក្នុងគីឡូក្រាម។ លោកបន្ថែមថាការទិញផ្លែមៀននេះ គឺមិនទិញពីឈ្មួញកណ្តាលឡើយ។
លោកថ្លែងថា៖ «តម្លៃវាមានចំណុចខ្លះ១៥០០ ចំណុចខ្លះ១៨០០ ២០០០ ២២០០[រៀល]។ វាមានតាមហាងឆេងតាមអីអញ្ចឹង ព្រោះយើងអត់មានយកការវេចខ្ចប់ផ្លាស្ទិចដូចគាត់ ដូចធ្វើនាំចេញទេ ព្រោះបើគាត់ទុកចោលក៏វាស្អុយរលួយដែរ ទាំងតាង៉ែន ទាំងមៀន។ ប៉ុន្តែបើគាត់អាចលក់ក្នុងតម្លៃដែលយកទប់តម្លៃដើមដែលគាត់អាចធ្វើពូជបន្តទៀត អាហ្នឹងជាការល្អ»។
បើតាមលោក ហ៊ីង ប៊ុនហៀង ផែនការទិញផ្លែមៀននឹងចាប់ផ្តើមពីថ្ងៃទី១៨ ខែសីហានេះតទៅដោយផ្តោតចេញពីខេត្តបាត់ដំបងដំបូងគេ ខណៈលោកមិនទាន់អាចបញ្ជាក់ពីបរិមាណទិន្នផលផ្លែមៀនដែលកំពុងជួបបញ្ហានាំចេញទៅប្រទេសថៃនៅឡើយទេ។
លោក សឿម ប៊ុនរិទ្ធ អភិបាលរងនិងអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងប្រាប់វីអូអេនៅថ្ងៃពុធនេះថារដ្ឋបាលខេត្តបាត់ដំបងកំពុងរៀបចំផែនការជាមួយក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង មុនពេលចុះទៅផ្សព្វផ្សាយដំណឹងជូនពលរដ្ឋនៅស្រុកកំរៀងនៅរសៀលថ្ងៃពុធនេះ។
លោកបន្ថែមថាការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសថៃបានបង្កជាបញ្ហាចោទចំពោះការនាំចេញផ្លែមៀនពីកម្ពុជា ស្របពេលមិនមានកិច្ចសន្យាទិញដូរដែលត្រូវបានកំណត់ឡើងណាមួយ។
លោកថ្លែងថា៖ «យើងមិនទាន់បានចរចាជាមួយភាគីថៃឲ្យបានច្បាស់លាស់ពីរឿងថាថៃត្រូវតែទទួលទិញមៀនពីទល់ដែនយើង គឺអត់មានទេ ករណីហ្នឹង កន្លងមកការទិញចូលទៅជាមនោសញ្ចេតនារវាងអាជីវករទាំងសងខាង ហើយការសម្របសម្រួលរបស់អាជ្ញាធរទេ» ។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍សិកករកម្ពុជា គាំទ្រផែនការទិញផ្លែមៀនពីកសិករពីសំណាក់រដ្ឋាភិបាល លោកបានចាត់ទុកថាជាការសម្រាលបន្ទុកមួយដល់កសិករ។ លោកបានស្នើឲ្យមានការគាំទ្របន្ថែមលើការលក់ផ្លែមៀនដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងស្នើឲ្យមានការវិនិយោគលើកកម្ពស់វិស័យឧស្សាហកម្មកែច្នៃក្នុងស្រុក ដើម្បីបំពេញទីផ្សារ ក៏ដូចជាជំរុញសេដ្ឋកិច្ចជាតិ។
លោកថ្លែងថា៖ «ខ្ញុំគិតថាក្នុងរយៈពេលវែង រដ្ឋគួរតែលើកទឹកចិត្ត ក៏ដូចជាស្វះស្វែងរកដៃគូបន្ថែមទៀត ក្នុងការឲ្យសហគ្រាស ឬសិប្បកម្ម ធ្វើការកែច្នៃលើផលិតផលមៀនហ្នឹង ជាអាហារកំប៉ុង ដែលយើងអាចទុកបានយូរ ហើយអាចចែកចាយលក់ក្នុងស្រុកបានដោយសម្រាប់ការបង្អែម សម្រាប់ប្រជាពលរដ្ឋទទួលទាន។ នេះជាចំណុចមួយ ដែលយើងមិនចាំបាច់រវល់ក្នុងការនាំចេញទៅកាន់ប្រទេសទីបី ឬក៏ប្រទេសទីបួនបន្តទៀត»។
លោក ថេង សាវឿន បន្ថែមថានាពេលបច្ចុប្បន្ន ការសិក្សាស្វែងយល់ពីបច្ចេកទេស និងកង្វះធនធានមនុស្ស នៅតែជាបទចោទសម្រាប់ការវិវឌ្ឍន៍ទៅមុខចំពោះផ្នែកឧស្សាហកម្មកែច្នៃលើផលិតផលកសិកម្មនៅកម្ពុជា។ លោកបញ្ជាក់ថាការរៀបចំគោលនយោបាយផ្តល់ថវិកាជួយកសិករក្នុងករណីចាំបាច់ក៏ជាកត្តាសំខាន់មួយទៀតផងដែរ។
រដ្ឋាភិបាលកម្ពុជាក៏កំពុងរៀបចំនាំចេញផ្លែមៀនប៉ៃលិនទៅប្រទេសចិនផងដែរ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា កាលពីខែតុលា ឆ្នាំ២០២០។
លោក សាមុត សារុន កសិករដាំមៀនក្នុងភូមិកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានប្រាប់វីអូអេថាជាទូទៅ ផ្លែមៀនរបស់លោកផ្តល់ទិន្នផលប្រមាណ៦តោនរាល់រដូវប្រមូលផលម្តង ហើយឈ្មួញកណ្តាលបានមកទិញផ្លែមៀនដោយផ្ទាល់នៅចម្ការរបស់លោក។ កសិករដាំផ្លែមៀនអស់រយៈពេលជិត១០ឆ្នាំមកហើយ បានឲ្យដឹងទៀតថាទិន្នផលមៀន ដែលប្រមូលបាននៅឆ្នាំនេះ ត្រូវរងការខូចខាតក្នុងចំនួនជិត២តោន ដោយសារមិនមានឈ្មួញមកទិញ។
លោកបន្ថែមថាគិតមកត្រឹមថ្ងៃពុធនេះដែរ លោកមិនទាន់ទទួលដំណឹងពាក់ព័ន្ធនឹងផែនការជួយទិញផ្លែមៀនពីសំណាក់រដ្ឋាភិបាលនៅឡើយទេ។ លោកថាប្រសិនបើមានការជ្រោមជ្រែងណាមួយពីរដ្ឋាភិបាល នោះជារឿងល្អសម្រាប់កសិករខ្មែរ។
លោកថ្លែងថា៖ «ខ្ញុំចង់និយាយថាការដាំដុះនេះរដ្ឋាភិបាលយើង គាត់អត់បានប្រកាសឲ្យយើងដាំដែរ។ អញ្ចឹងចង់សំណូមពរហ្នឹង បើសិនជារដ្ឋាភិបាលឬក៏អាជ្ញាធរ គាត់អាចដោះស្រាយជួយឲ្យកសិករយើងដាំដំណាំហើយ គាត់អាចជួយដោះស្រាយឲ្យរកច្រកចេញ អាហ្នឹងខ្ញុំសំណូមពរសុំឲ្យគាត់ជួយអញ្ចឹងទៅ»។
កសិករដាំមៀនមួយរូបទៀតនៅឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង អ្នកស្រី ហួន ហៀង បានថ្លែងប្រាប់វីអូអេថាជាទូទៅ អ្នកស្រីដាំដំណាំមៀនប្រភេទផ្សេងៗ រួមមានប្រភេទតាង៉ែនផងដែរ ដែលផ្តល់ទិន្នផលពី៤ទៅ៥តោន រាល់រដូវប្រមូលផល។ តែឆ្នាំនេះ អ្នកស្រីលក់ផ្លែមៀនបានក្នុងតម្លៃថោកតែប៉ុណ្ណោះ ហើយផ្លែមៀនជិត៣តោន ត្រូវទុកចោល ដោយសារមិនមានឈ្មួញមកទិញ។
គិតមកត្រឹមរសៀលថ្ងៃពុធនេះ អ្នកស្រីមិនទាន់ទទួលបានដំណឹងពីផែនការទិញផ្លែមៀនពីរដ្ឋាភិបាលនៅឡើយទេ។
អ្នកស្រីថ្លែងថា៖ «ចា ខ្ញុំអំពាវនាវដែរ ព្រោះអីកសិករដាំឲ្យមានឈ្មួញទិញទៅ កសិករសង្ឃឹមថាជួយឲ្យពេលប្រេងថ្លៃ អីក៏ថ្លៃអញ្ចឹង នៅពេលដាំទៅ អត់មានឈ្មួញចុះទិញ អត់មានទឹកចិត្តធ្វើ អត់មានកម្លាំងចិត្តធ្វើអញ្ចឹងទៅ។ សុំអំពាវនាវដល់រដ្ឋាភិបាលទាំងអស់ហ្នឹងឲ្យចុះជួយមើលអ្នកកសិករឲ្យមានតម្លៃទីផ្សារស្រួលបួលទៅ អ្នកធ្វើនេះក៏មានកម្លាំងចិត្តធ្វើ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះកាលពីថ្ងៃទី១២ សីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹងថាដោយសារបញ្ហាក្នុងការនាំចេញទៅក្រៅប្រទេស ជាពិសេសប្រទេសថៃ សម្រាប់ផ្លែមៀនប៉ៃលិន ក្រសួងបានស្នើឲ្យអ្នកនាំចេញបង្វែរទិសដៅនាំចេញទៅកាន់ប្រទេសវៀតណាម។ ក្រសួងក៏បានអំពាវនាវឲ្យពលរដ្ឋ និងម្ចាស់ទីតាំងផ្សារទំនើប ក្រុមហ៊ុន ឬសិប្បកម្មកែច្នៃកសិផលក្នុងស្រុក ជួយទិញផ្លែមៀនរបស់កសិករ៕