រដ្ឋាភិបាល​កោះ​ហៅ​អង្គ​ទូត​បរទេស​មក​ស្តាប់​ការ​ពន្យល់​ពី​ការ​ចាប់​ខ្លួន​បក្ស​ប្រឆាំង

Your browser doesn’t support HTML5

មន្ត្រីទូត​និងមន្ត្រី​អ.ស.ប.​​ជំរុញ​​ឲ្យ​​ដោះលែង​​​តំណាងរាស្ត្រ​ប្រឆាំង​

ឯកអគ្គរដ្ឋទូត ​អង្គការ​សហ​ប្រជាជាតិ​និង​សហគមន៍​អឺរ៉ុប​នៅ​ថ្ងៃ​ពុ​ធ​នេះ​បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ចប់​ជម្លោះ​ហើយ​ទទូច​ឲ្យ​មាន​ការ​ដោះ​លែង​ក្រុម​តំណាង​រាស្ដ្រ​និង​មន្ត្រី​គណបក្ស​ជំទាស់​ទាំង​ប្រាំមួយ​រូប។

ជំហរ​បែប​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ក្រសួង​យុត្តិ​ធម៌​និង​ក្រសួង​មហាផ្ទៃ​នៅ​រសៀល​ថ្ងៃពុធ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ។

​ជំនួប​នេះ​ធ្វើ​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពីមាន​ការប៉ះទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​រវាង​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ក្រុម​អាជ្ញាធរ​ហើយ​បណ្តាល​ឲ្យ​មាន​មនុស្ស​យ៉ាង​តិច​៥០​នាក់​រងរបួស​ធ្ងន់​និង​ស្រាល។ ព្រម​ជាមួយ​គ្នា​នោះ​តំណាង​រាស្ដ្រ​ដែល​មិន​ទាន់​មាន​អភ័យ​ឯកសិទ្ធិរបស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ប្រាំរូប​និង​មន្ត្រី​របស់​គណបក្ស​នេះម្នាក់​ត្រូវ​បានចាប់ខ្លួន​និង​ឃុំឃាំង​នៅគុក​ព្រៃស ជា​បណ្តោះ​អាសន្ន។

ឯកអគ្គ​រដ្ឋ​ទូត ​តំណាង​អង្គការ​សហ​ប្រជាជាតិ​និង​សហគមន៍​អឺរ៉ុប​សរុប​ចំនួន​២៤​រូបបានមក​ចូល​រួម​ស្តាប់​ការ​ពន្យល់របស់​រដ្ឋា​ភិបាល​អំពី​អំពើ​ហិង្សា​នេះ។

​លោក​ព្រំ សុខា ​រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ​ មានប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ក្រោយ​ពី​ជំនួប​នោះ​ថា​ក្រុម​អង្គទូត​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​និង​ទាមទារ​ឲ្យ​ដោះ​លែង​ជន​ដែល​ត្រូវ​ចាប់​ខ្លួន។

«ទាំងអស់​គ្នា​សុទ្ធ​តែ​មាន​បំណង​ចង់​ឃើញ​ការ​ដោះ​ស្រាយ​បញ្ចប់បញ្ហា​រវាង​គណបក្ស​ទាំងពីរ​ហើយ​អ្នក​ខ្លះ​ក៏​លើក​ឡើង​ថាគួរ​តែ​ត្រូវ​សម្រួល​ឬ​ដោះ​លែង​អ្នក​ទាំង​ប្រាំ​នាក់។ យើង​អត់បាន​បដិសេធ​ទេ»។

​លោក​ព្រំ សុខា ​មិន​បាន​បញ្ជាក់​ថា​តើ​ឯកអគ្គ​រដ្ឋទូត​មួយ​ណា​ដែល​បាន​ធ្វើការ​ទាមទារ​ឲ្យមាន​ការ​ដោះ​លែង​នោះ​ទេ។​ក៏ប៉ុន្តែ​បើ​យោង​តាម​ប្រភព​ពី​អ្នក​ចូល​រួម​ស្តាប់​នៅ​ក្នុង​នោះ​បញ្ជាក់​ថា​ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក ​លោក​វីលៀម ថដ (William E. Todd)​ គឺជា​អ្នកដាក់​សំណើ​នេះ។

​លោក​ព្រំ សុខា​ បញ្ជាក់​បន្ថែម​ថា​ក្រុម​អ្នក​ការទូត​និង​តំណាង​អង្គការ​សហ​ប្រជាជាតិបាន​សួរ​ដេញ​ដោល​អំពីភស្តុតាង​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​ខ្លួន។ ​មួយ​វិញ​ទៀត​តំណាង​សហគមន៍​អន្តរជាតិ​ទាំង​នោះ​ក៏បាន​សង្កត់​ធ្ងន់​ថា​តើ​ការ​បង្រ្កាប​និង​ការ​ចាប់​ខ្លួន​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ជា​ចេតនា​របស់​រដ្ឋា​ភិបាល​ដើម្បី​ចាប់​បង្ខំ​ឲ្យ​ចូល​តុចរចា​ឬយ៉ាងណា​បន្ទាប់​ពី​បាន​ជាប់​គាំង​ជាច្រើន​ខែ​មក​ហើយ។​ ក៏ប៉ុន្តែ​លោក​ព្រំ សុខា​ បាន​បដិសេធ។

នៅ​ក្នុង​ការថ្លែង​បើក​កិច្ច​ជំនួប​ លោកអង្គ វង្សវឌ្ឍនា ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​លើក​ឡើងថាការ​ចាប់​ខ្លួន​និង​ការបង្រ្កាប​ទៅ​លើ​គណបក្ស​សង្គ្រោះជាតិ​គឺជា​កាតព្វកិច្ច​អនុវត្តន៍​ច្បាប់​របស់​ក្រុម​អាជ្ញាធរ​មាន​សមត្ថកិច្ច។

«ខ្ញុំ​សូម​អនុញ្ញាត​បញ្ជាក់​បន្ថែមថា​អាជ្ញាធរ​មាន​សមត្ថកិច្ច​មាន​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់​ដើម្បី​អនុវត្តន៍​ច្បាប់​ហើយ​ការប្រព្រឹត្តិបទល្មើស​ព្រហ្មទណ្ឌ​ត្រូវ​ទទួល​ការឆ្លើយតប​តាម​ច្បាប់។​ ហើយ​ជន​ដែល​ប្រព្រឹតិ្ត​បទ​ល្មើស​ត្រូវ​ទទួល​ទោស​តាម​ច្បាប់ដែរ»។

គ្មាន​ឯកអគ្គរដ្ឋទូត ​តំណាង​អង្គការ​សហប្រជាជាតិ​ឬ​សហគមន៍​អឺរ៉ុប​ណាម្នាក់​ផ្តល់កិច្ច​សម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​នោះ​ទេ៕