រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុងថ្មីមួយបន្ថែមទៀតគឺ «ក្រុងកំពង់សោម» នៅក្នុងខេត្តព្រះសីហនុ ដើម្បីទាក់ទាញការវិនិយោគ និងជំរុញសកម្មភាពសេដ្ឋកិច្ច ដែលស្ថិតក្នុង «ផែនការមេ» សម្រាប់ការអភិវឌ្ឍខេត្តនៅជាប់មាត់សមុទ្រមួយនេះ។
ក្រុងកំពង់សោមដែលត្រូវបានបង្កើតឡើងនេះ មានសង្កាត់ចំនួនប្រាំ គឺសង្កាត់រាម សង្កាត់បិតត្រាំង សង្កាត់អូរឧកញ៉ាហេង សង្កាត់បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ដែលកាត់ចេញពីឃុំចំនួនប្រាំរបស់ស្រុកព្រៃនប់។ នេះបើតាមអនុក្រឹតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលវីអូអេបានទទួលកាលពីថ្ងៃទី ២៨ ខែសីហា។
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ប្រាប់វីអូអេថា ការបង្កើតក្រុងកំពង់សោម គឺជាការមើលឃើញសក្តានុពលនៃទីតាំងភូមិសាស្ត្ររបស់ក្រុងថ្មីនេះ និងផ្អែកលើ «ផែនការមេ» ពាក់ព័ន្ធអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យក្លាយទៅជាមជ្ឈមណ្ឌលតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលរួមមានអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការវិនិយោគ ឧស្សាហកម្ម កសិឧស្សាហកម្ម អេកូទេសចរណ៍ ឬទេសចរណ៍ធម្មជាតិ សួនឧស្សាហកម្ម និងជាទីផ្សារហិរញ្ញវត្ថុអន្តរជាតិមួយ។
លោកថ្លែងថា៖ «តំបន់ក្រុងកំពង់សោមនេះនឹងក្លាយទៅជាមជ្ឈមណ្ឌលពហុបំណងមួយ ដែលមានទាំងផ្នែកខាងអេកូទេសចរណ៍ មានផ្នែកខាងទីតាំងឧស្សាហកម្ម សួនឧស្សាហកម្ម ហើយក្នុងនោះដែរ គឺនឹងក្លាយទៅជាមជ្ឈមណ្ឌលទីផ្សារហិរញ្ញវត្ថុអន្តរជាតិមួយដែលស្ថិតនៅក្នុងទីតាំងនោះតែម្តង»។
អ្នកសម្របសម្រួលខាងសិទ្ធិមនុស្សរបស់សមាគមអាដហុកប្រចាំខេត្តព្រះសីហនុអ្នកស្រី ជាប សុធារី សាទរចំពោះការបង្កើតក្រុងកំពង់សោម ដែលអាចជាចលករមួយក្នុងការជំរុញការអភិវឌ្ឍនខេត្តព្រះសីហនុ ប៉ុន្តែអ្នកស្រីថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវពិនិត្យបញ្ហាប្រឈមមួយចំនួនក្នុងក្រុងនោះ ដូចជាបញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ដើម្បីទាក់ទាញការបណ្តាក់ទុនបន្ថែមពីវិនិយោគិនទាំងក្នុង និងក្រៅប្រទេស។
អ្នកស្រីបន្ថែមថា អាជ្ញាធរក៏គួរបង្កើនការត្រួតពិនិត្យលើដំណើរការចុះបញ្ជីក្រុមហ៊ុនឱ្យបានហ្មត់ចត់ និងមានតម្លាភាព។
អ្នកស្រីបន្ថែមថា៖ «ការណ៍ដែលអ្នកមករកស៊ីហ្នឹងត្រូវហើយ វាមកទាំងល្អទាំងអាក្រក់។ ប៉ុន្តែនៅពេលដែលមានបញ្ហា ខ្ញុំជឿថានឹងមានវិធានការទប់ស្កាត់ ដូចជារាល់ថ្ងៃនេះ បើយើងមើលពីការចាត់វិធានការរបស់ខាងសមត្ថកិច្ច ស្នងការនគរបាលខេត្តក៏ដូចជាខាងប្រព័ន្ធតុលាការ [គឺ]យើងឃើញមានបញ្ហាច្រើនដែរ គឺគ្រឿងញៀននៅតែប្រមូលបាន ហើយជនដែលមានពាក់ព័ន្ធរឿងហ្នឹងគឺមាន» ។
គួរបញ្ជាក់ថា ខេត្តព្រះសីហនុដែលជាទិសដៅទេសចរណ៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់មួយរបស់កម្ពុជា មានក្រុងចំនួនពីរមុនការបង្កើតក្រុងកំពង់សោម គឺក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង។
មុនការបង្កើតក្រុងកំពង់សោម ខេត្តព្រះសីហនុបានប្រឈមនឹងវិបត្តិនៃសំណង់អគារខ្ពស់ៗរាប់រយខ្នងដែលមិនទាន់ត្រូវបានសង់រួចរាល់ ហើយអគារខ្លះ ត្រូវបានទុកចោលជាមួយគំនរសំរាម កាន់ស្លែ ប្រែជាអគារចាស់ៗ។ ប៉ុន្តែ អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ប្រាប់វីអូអេកន្លងមកថា រដ្ឋាភិបាលមានផែនការជាក់លាក់សម្រាប់ទាក់ទាញអ្នកវិនិយោគឱ្យមកបញ្ចប់ការសាងសង់អគារដែលទុកចោលទាំងនោះ។
នៅក្នុងផែនការនោះ គឺមានការផ្តល់កញ្ចប់លើកទឹកចិត្ត ទាក់ទងការលើកលែងពន្ធមួយចំនួនក្នុងដំណើរការបញ្ចប់ការសាងសង់អគារដែលភាគច្រើនជាការវិនិយោគដោយជនជាតិចិនទាំងនោះ ក៏ដូចជាការសម្រួលច្បាប់សាងសង់ និងការត្រួតពិនិត្យគុណភាពសំណង់ជាដើម៕