រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​១២៨​ដុល្លារ​សម្រាប់​កម្មករ

លោកអាត់ ធន់ ប្រធាន​​​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (C-CAWDU)

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេចដំឡើង​ប្រាក់​ខែ​អប្បបរមា​ដល់​១២៨​ដុល្លារ​ស.រ.អា.ក្នុង​មួយ​ខែ​ជូនដល់​កម្មករ​ ក្នុង​ពេល​ដែលក្រុម​សហជីព​កម្មករ​ចង់​បាន​ពី​១៤០​ដុល្លារ​ដល់​១៧៧​ដុល្លារ។​ ការ​យល់ព្រម​ដំឡើង​ប្រាក់​ខែ​គោល​នេះ​គឺ​ធ្វើ​តាម​ការ​បោះឆ្នោត​ក្នុង​កិច្ច​ប្រជុំ​ត្រីភាគី។

​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បាន​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​អប្ប បរមា​ជូន​ដល់​កម្មករ​រោងចក្រ​ចំនួន​១២៨​ដុល្លារ​កាលពី​ថ្ងៃពុធ ​ទោះបី​ជាកម្មករ​និង ​សហជីព​នានា​ទាមទារ​ឲ្យមាន​ការ​ដំឡើង​ខ្ពស់ជាង​នេះ​ដើម្បីឲ្យ​កម្មករ​រស់នៅ​បាន ​ដោយ​ជីវភាព​សមរម្យ​ក្តី។​

សេចក្តី​ប្រកាស​របស់​លោក​រដ្ឋមន្ត្រី​អ៊ិត សំហេង​នៃ​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ ​កាត់ដេរ​ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៥​ ​ត្រូវ​បាន​កំណត់​ជាផ្លូវការ​នូវ​ទឹក​ប្រាក់​ចំនួន​១២៨​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ»។​

សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ ចំនួន​ទឹក​ប្រាក់នេះ​គឺឡើង​៥ដុល្លារ​ពី​ចំនួន​១២៣​ដុល្លារ​ ដែល​ត្រូវ​គណៈ​កម្មការ​ប្រឹក្សា​ការងារ​បាន​ស្នើ។​ ក្រៅពី​នេះ​ សេចក្តី ​ប្រកាស​នេះ​បាន​បញ្ជាក់​ថា​ កម្មករ​និយោជិត​សាកល្បង​ការងារ​គឺ​ត្រូវ​កំណត់​ប្រាក់​ខែ​ត្រឹម​ចំនួន​១២៣​ដុល្លារ​ស.រ.អា.​ ​ក្នុង​រយៈពេល​សាកល្បង​ មុន​ពេល​ទទួល​បាន​ ១២៨​ដុល្លារ​ជាប្រាក់​ខែ​ពេញ។​

ទោះ​ជា​យ៉ាងណា​ក៏ដោយ​ ការ​កំណត់​ប្រាក់ខែ​គោល​ ឬប្រាក់ខែ​អប្បបរមា​ជូន​ កម្មករ​រោងចក្រ​ប្រមាណ​៧០​ម៉ឺន​នាក់​ក្នុង​ប្រទេស​កម្ពុជា​នេះ​ ត្រូវ​មេ​ដឹកនាំ​ សហជីព​ដែល​ធ្លាប់​ធ្វើ​បាតុកម្ម​តវ៉ា​ជាច្រើន​លើក​នោះ​ ចាត់​ទុក​ថា ​ជា​ចំនួន​ទាប​នៅ​ឡើយ​ ដែល​ពិបាក​នឹងទទួល​យកបាន​សម្រាប់​សហជីព​និង​កម្មករ។​

លោក​រ៉ុង ឈុន ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ បាន​អះអាង​ថា​ ការ​ដំឡើង​ ប្រាក់​ខែ​គោល​ត្រឹម​១២៨​ដុល្លារ​នេះ​ជា​ចំនួន​តិចតួច​ បើធៀប​នឹង​ការ​ទាមទារ​របស់​កម្មករ​ឲ្យ​មាន​ជីវភាព​សមរម្យ។​

«ក្នុង​នាម​យើងជា​សហភាព​សហជីព​ក៏ដូចជា​សហជីព​ យើង​មិន​អាច​ទទួល​យក​ បាន​ទេ​ក្នុង​ការ​ដំឡើង​ប៉ុណ្ណឹង។ យើង​ឃើញ​ថា ​នៅ​មាន​គម្លាត។​ ហើយ​មិន​មែន​ ត្រឹម​យើង​ជា​ថ្នាក់​ដឹកនាំ​សហភាព​សហជីព​ ឬ​មួយ​សហ​ព័ន្ធ​ទេ​ សូម្បី​តែ​សមាជិក​ សមាជិការ​កម្មករ​កម្មការិនី​នៅ​តាម​បណ្តា​រោងចក្រ​ហ្នឹង​ក៏គាត់​ឆ្លើយតប​មក​វិញ​ភ្លាមៗ។​ គាត់​បាន​ស្នើ​ឲ្យ​យើង​ ថ្នាក់ដឹក​នាំ​ថ្នាក់​ជាតិ​ហ្នឹង​ ​កោះ​ប្រជុំ​ជជែក​គ្នា​ក្នុង​ គម្រោងធ្វើការ​ទាមទារ​បន្តទៅ​ទៀត»។​

ក្រុម​មេដឹកនាំ​សហជីព​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​ និងសប្តាហ៍​ខាងមុខ​ ដើម្បី​កំណត់​ថា ​ត្រូវ​ទទួល​យក​ ឬ​ក៏រៀបចំ​ការ​តវ៉ា​យ៉ាង​ណា​ទៀត។​

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ (C-CAWDU) ​បាន​អះអាង​ថា​ ក្នុង​ចំណោម​កម្មករ​ ​ការ​ដំឡើង​ប្រាក់ខែ​គោល​នេះ​គឺ​មាន​ការ​គាំទ្រ​តិចតួច​ តែ​ភាគ​ច្រើន​មិន​គាំទ្រ​ទេ​ ដោយ​សារ​ការ​ដំឡើង​ប្រាក់ខែ​នេះ​មាន​ចំនួន​តិចតួច​ពេក​ ដែល​តម្រូវ​ឲ្យ​មានកិច្ច​ប្រជុំ​សហជីព។​

«សកម្ម​ជន​(សហជីព) ​ខ្ញុំ​ជាង​១០០​ក្រុមហ៊ុន​នឹង​ធ្វើការ​ប្រជុំ​នៅ​ចុង​សប្តាហ៍​នេះ​ ហើយ​យើង​នឹង​ប្រជុំ​ជាមួយ​នឹង​សហជីព​ផ្សេងៗ​ទៀត ​ក្នុង​ចំណោម​សហជីព​ ទាំង​៩​ក្នុង​កិច្ច​ចរចា​ហ្នឹង​ ដើម្បី​សម្រេចចុងក្រោយ ​ថា​តើ​ត្រូវ​ទទួល​យក​ឬ​ក៏​ត្រូវ​បន្ត​ធ្វើការ​តវ៉ា​ទៀត»។​

ក្រុម​មេដឹកនាំ​សហជីព​បាន​អះអាង​ថា ​ក្រុម​ហ៊ុន​គួរ​កាត់​បន្ថយ​ចំណាយ​ដល់​ ស្ថាប័ន​រដ្ឋ​ដែល​គ្មាន​តម្លាភាព​នោះ ​ហើយ​បង្វែលុយ​ទាំងនោះ​មក​ផ្តល់​ជូន​កម្មករ​វិញ។​ ហើយ​ក្រុម​សហជីព​ក្រៅ​ប្រទេស​ក៏​មាន​ក្តី​បារម្ភពី​ការ​ដំឡើង​ប្រាក់ខែ​គោល​ ដល់​កម្មករ​នេះ​ដែរ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​បាន​បញ្ជាក់​ថា ​ការ​សម្រេចដំឡើង​ប្រាក់ខែ​គោល​ដល់​១២៨​ដុល្លារ​ស.រ.អា.​នេះ​គឺធ្វើ​ តាម​រយៈ​ការ​បោះឆ្នោត​ ក្នុង​ចំណោម​ភាគី​និយោជក​ និង​តំណាង​កម្មករ​គឺ​សហ ជីព​ ហើយ​នឹង​តំណាង​រដ្ឋាភិបាល​ ដែល​សម្លេង​ច្រើន​លើស​លប់នោះ​គឺ​គាំទ្រ​ ប្រាក់​ឈ្នួល​កម្មករ​អប្បបរមា​ចំនួន​១២៨​ដុល្លារ​ ដែល​ក្រុម​សហជីព​ និង​កម្មករ​ អះអាង​ថា​ ជា​ប្រាក់​ឈ្នួល​ដែល​មិន​អាច​ធ្វើឲ្យ​កម្មករ​រស់នៅ​ក្នុង​ជីវភាព​សមរម្យ​ និង​មិន​សមាមាត្រ​ទៅ​នឹង​ទំនិញ​ទីផ្សារ៕​