រដ្ឋាភិបាល​បន្ត​វាយប្រហារ​លើក្រុម​សមាជិក​សភា​អាស៊ាន​អំពី​បញ្ហា​សិទ្ធិមនុស្ស

លោក​ កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​រាជធានី​ភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​ កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ថ្លែង​ការពារ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ​ក្នុង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ បាន​រិៈគន់​ខ្លាំងៗ​ ទៅលើ​របាយ​ការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ ដោយ​បាន​ហៅ​របាយការណ៍​នោះ​ថា ​ជា​របាយការណ៍​ដែល​មើល​រំលង​ដល់​កិច្ច​ខិត​ខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ ដែល​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ី​អាគេ្នយ៍​ ហៅកាត់​ថា​ ASEAN​ ធ្វើមិនបាន​នោះ។

លោក​ កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ​ បាន​ថ្លែង​ការពារ​កិច្ចខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន ​ក្នុង​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ ហើយ​បាន​បដិសេធ​ចោល​របាយការណ៍​របស់​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ ដែល​បាន​បញ្ជាក់​ថា​ កម្ពុជា​កំពុង​ប្រឈម​នឹង​វិបត្តិ​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស​ នៅមុន​ការ​រៀប​ចំ​បោះឆ្នោត​ឃុំ​-សង្កាត់​ និង​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​ ២០១៧​ និង​ឆ្នាំ​២០១៨។

លោក​កែវ​ រ៉េមី​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់​របស់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ថា​ លោក​ នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​ធ្វើ​កិច្ចការ​ពីរ​សំខាន់ៗ​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស គឺ​ការ​រំដោះ​ពលរដ្ឋ​ខ្មែរ​ពី​របប​ប៉ុល ពត​ និង​ការ​កសាង​សន្តិភាព​ពេញលេញ​នៅក្នុងប្រទេស។

ជាមួយ​គុណសម្បត្តិ​ពីរ​នេះ​ លោក​ កែវ រ៉េមី​ ថ្លែងថា​ លោក ហ៊ុន សែន​ គួរ​ទទួល​បាន​ពាន​រង្វាន់​សន្តិភាព​ ឬ Nobel Peace Prize។

«ចំណុច​ពីរនេះ​ គឺល្មម​ដល់ពេល​ដែល​ទាក់ទង​វិស័យ​សិទ្ធិមនុស្ស​ ផ្តល់​ឲ្យ​គាត់​នូវ​ គេហៅថា​ Nobel Peace Prize ពានរង្វាន់​សន្តិភាព​ជូន​គាត់ ឬ​ក៏ពាន​រង្វាន់​ផ្នែក​វិស័យ​សិទ្ធិមនុស្ស។ ក៏ប៉ុន្តែ​ ផ្ទុយទៅវិញ ចំណុច​ពីរ​សំខាន់​នេះ​ត្រូវបាន​គេ​បំភ្លេច ហើយ​មួល​បង្កាច់​ បង្អាប់​ បន្ទោស​ធ្វើ​ឲ្យ​អាដេញ​គេ​ហៅ​មនុស្ស​ ដែល​មាន​គុណសម្បត្តិ​ស្មើ​មហាមេឃ នៅ​ទទួល​គេ​ហៅថា​ ខ្ញុំ​មិន​ដឹង​ថា​តើ​និយាយ​របៀប​ម៉េច»។

សន្និសីទសារព័ត៌មាន​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ត្រូវបាន​រៀបចំ​ឡើង​ដោយគណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។ (ហ៊ុល រស្មី/VOA)

លោក​បាន​បន្ថែម​ថា​ លោក​ Charlse Santiago ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ ជា​បុគ្គល​គឃ្លើន​ ដែល​ហ៊ាន​អះអាង​ថា​ ការណ៍​ដែល​រដ្ឋាភិបាលប្រតិកម្ម​ចំពោះ​របាយ​ការណ៍​របស់​ក្រុម​ខ្លួន​ បាន​បញ្ជាក់​ថា​អ្វី​ដែល​រៀបរាប់​ក្នុង​របាយការណ៍​នោះ​គឺ​ជា​ការពិត។ លោក​មាន​ប្រសាសន៍​ថា​ ប្រទេស​កម្ពុជា​មានការ​បើក​ទូលាយ​ជាង​បណ្តា​ប្រទេស​មួយ​នៅ​ក្នុង​អាស៊ាន​ ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​ក្រុម​សង្គមស៊ីវិល​ សេរីភាព​សារព័ត៌មាន​ និង​កិច្ច​ការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ជាដើម។

របាយកាណ៍​មាន​ចំណង​ជើង​ថា៖ «ជួង​មរណៈ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ៖ ការ​វាយ​ប្រហារ​តំណាងរាស្ត្រ ​និង​ការ​គំរាម​កំហែង​ស្ថាប័ន​នៅ​កម្ពុជា» ឬ «​Death Knell for Democracy: Attacks on Lawmakers and the Threat to Cambodia's Institutions» បាន​ឲ្យ​ដឹង​ថា​ បី​ឆ្នាំ​កន្លង​មក​នេះ​ មាន​តំណាងរាស្ត្រ​ចំនួន​ ១៥​រូប​ ត្រូវ​បាន​រក​ឃើញ​ថា ជា​ជន​រងគ្រោះ​នៃ​បទ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ និង​នីតិវិធី​របស់​តុលាការ​ ដែល​ជា​ការ​វាយប្រហារ​ដោយ​តុលាការ​ទៅ​លើ​ក្រុម​ អ្នក​ប្រឆាំង​នៅ​កម្ពុជា។

របាយការណ៍​ក៏​បាន​បញ្ជាក់​ថា​ ការ​វាយដំ​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​រូប​ដោយ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ បាន​បង្កើត​បរិយាកាស​ភ័យ​ខ្លាច​នៅ​កម្ពុជា។​

របាយការណ៍​បន្តថា ការណ៍​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កិច្ចខិត​ខំ​នានា​របស់​គណបក្ស​កាន់​អំណាច​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ជំទាស់​ចុះ​ខ្សោយ​នៅ​មុន​ការ​បោះឆ្នោត​ឃុំ ​សង្កាត់​នៅ​ឆ្នាំ​២០១៧​ និង​បោះឆ្នោត​ជាតិ​ដ៏​សំខាន់​នៅ​ឆ្នាំ​២០១៨​ កំពុង​ធ្វើ​ឲ្យ​ខូច​មុខងារ​ និង​ស្ថាប័ន​គ្រឹះ​នៃ​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ។

ពាក់​ព័ន្ធ​នឹង​ការ​វាយដំ​លើ​តំណាង​រាស្ត្រ​ លោក​ កែវ​ រ៉េមី​ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ សកម្ម​ភាពបែបនេះ​ក៏បាន​កើត​មាន​នៅ​ប្រទេស​ផ្សេងទៀត​ក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ។​ តែ​លោក​សុំមិន​បញ្ចេញ​ឲ្យ​ចំ​ឈ្មោះ​ប្រទេស​ ហើយ​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ធ្វើការ​ស្រាវជ្រាវ​រក​ព័ត៌មាន​នោះ​ដោយ​ខ្លួនឯង។​

លោក​ កែវ រ៉េមី​ ថ្លែង​ថា​ លោក​ធ្លាប់​ជា​អតីត​តំណាងរាស្ត្រ​ផងដែរ។​ នៅពេល​ VOA សួរ​លោក​ថា​ តើ​លោក​យល់​ឃើញ​យ៉ាង​ដូចម្តេច​ ប្រសិន​បើ​លោក​ត្រូវ​បាន​គេ​វាយដំ​ ក្នុង​នាម​ជា​តំណាង​រាស្ត្រនោះ​ លោក​មាន​ប្រសាសន៍​ថា៖​

«អាហ្នឹង​វា​ទាក់​ទង​រឿង​ប្រថុយ​ប្រថាន​ដែរ​ អញ្ចឹង​ការងារ​សំខាន់​បំផុត​អញ្ចេះ​ ជា​ទម្លាប់​ប្អូនឯង​សួរ​ល្អ។​ ជា​បទពិសោធន៍​ កាលណា​យើង​ចុះ​អន្តរាគមន៍​ស្អី​មួយ​ យើង​ត្រូវ​និយាយ​ពី title [​មុខងារ​] ហ្មង។​ អាហ្នឹង​ជា​បទពិសោធន៍​បង។​ ពេល​បង​ចុះ​ទៅ ខ្ញុំ​ប្រាប់​ថា​ ខ្ញុំ កែវ រ៉េមី តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​ ដល់​អញ្ចឹង​ទៅ​ យើង​ប្រកាស​ឲ្យ​ដឹង​ឲ្យ​ហើយ​ហ្មង។ ​ពេល​ដែល​យើង​ចុះ​ទៅ​ក្នុង​តំបន់​ស្អី​មួយ​ កន្លែងស្អីមួយ​កំពុង​ចម្រូង​ចម្រាស​ ទាស់​ទែង​គ្នា​ ចូល​ទៅ​ភ្លាម​ប្រកាស​ភ្លាម​ហ្មង​ ខ្ញុំ​ឈ្មោះអី​ តំណាង​រាស្ត្រមណ្ឌល​ស្អី​ នៅក្នុង​អាដេញ​ អញ្ចឹង​គេយល់​ គេមិន​ប៉ះពាល់ទេ»។

ក៏ប៉ុន្តែ​ អ្នក​តំណាងរាស្ត្រ​ពីររូប​នៃ​គណបក្ស​សង្គ្រោះជាតិ​ ត្រូវបាន​វាយដំ​នៅ​ក្រៅ​រដ្ឋសភាជាតិ​ ដោយ​ក្រុម​បាតុករ​ដែល​គាំទ្រ​គណបក្ស​កាន់​អំណាច​ នៅពេល​ពួកគេ​ចាកចេញ​ពី​សភា។

បើតាម​វីឌីអូ​ឃ្លីបដែល​គេ​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ តំណាងរាស្ត្រ​មួយរូប គឺ​លោក ​គង់​ សភា ​ត្រូវ​បាន​គេ​អូសចេញ​ពី​ក្នុង​រថយន្ត​របស់​លោក។​ តំណាងរាស្ត្រ​រូបនោះ​ត្រូវ​បាន​គេ​វាយ​ទាត់ធាក់​យ៉ាង​ដំណំ។ រីឯ​តំណាងរាស្ត្រ​មួយ​រូប​ទៀត​ គឺលោក​ ញ៉យ ចំរើន​ ត្រូវបាន​គេ​វាយ​ឲ្យ​ដួល​នៅ​មុខ​រថយន្ត​នៅក្រៅ​រដ្ឋសភា​ផង​ដែរ។

លោក​ Charlse Santiago ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ បាន​បញ្ជាក់​ប្រាប់​ VOA តាម​សារ​អេឡិចត្រូនិក​ ឬ email ថា​ ជា​រឿង​ល្អ​មួយ​ ដែល​រដ្ឋាភិបាល​កម្ពុជា​ជឿថា​ ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ ជា​បញ្ហា​របស់​តំបន់​ដែល​ត្រូវដោះស្រាយ​ជារួម។​ លោក​ឲ្យ​ដឹង​ថា​ ការ​វាយ​ប្រហារ​លើ​តំណាងរាស្ត្រ​មិន​បាន​កើតឡើង​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ តែ​ក៏មាន​ការ​ចាប់​ចង និង​ការ​ឃុំ​ខ្លួន​តំណាង​រាស្ត្រ​នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​ហ្វីលីពីន​កាលពី​ពេល​ថ្មីៗ​នេះដែរ។

​យ៉ាង​ណា​ក៏ដោយ លោក​និយាយថា​ មិន​មាន​ទីណា​ផ្សេង​ទៀត​ ដែល​តំណាងរាស្ត្រ​ត្រូវបាន​គេ​វាយ​ដំ​យ៉ាង​ឃោឃៅ​ដូច​នៅ​ប្រទេស​កម្ពុជា​នោះ​ឡើយ។ ​ លោក​ថ្លែងក្នុង​ន័យដើម​ថា៖

«ប៉ុន្តែ​ស្ថានភាព​នៅ​ប្រទេស​កម្ពុជា​ គឺជា​រឿង​មួយ​គួរឲ្យ​ព្រួយបារម្ភ​ ដោយសារ​ថា​តើ​ការ​វាយ​ប្រហារ​ដ៏​ធ្ងន់​ធ្ងរ​ និង​រីករាលដាល​នេះ​ វា​បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។​ គ្មានកន្លែង​ណាផ្សេង​ទៀត​ ដែលយើង​បាន​ឃើញ​ការ​វាយដំ​ដ៏​ឃោរឃៅ និង​ចំហរ​លើ​តំណាងរាស្ត្រ​ដូច​អ្វីដែល​បាន​កើត​ឡើងកាលពី​ខែតុលា ឆ្នាំ២០១៥​នោះទេ នៅ​រាជធានី​ភ្នំពេញ​»។

លោក ឆាល សាន់ទីអេហ្គោ (Charles Santiago) ​ប្រធានក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស។ (រូបថត​ដក​ស្រង់​ចេញ​ពី​ហេ្វសប៊ុក Charles Santiago)

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖

«ជារួម​មាន​ការ​ធ្លាក់​ចុះ​ដុនដាប​ទៅ​នៃ​ការ​ការពារ​សិទ្ធិ​មនុស្ស​សម្រាប់​សង្គម​ស៊ីវិល និង​សំឡេង​ជំទាស់ ហើយ​ការណ៍នេះ​បាន​គំរាម​កំហែង​ដល់​ភាព​ស្រប​ច្បាប់​នៃ​ប្រព័ន្ធ​នយោបាយ​កម្ពុជា​ និង​ការ​បោះឆ្នោត​ដែល​កំពុង​តែ​មក​ដល់»។

​លោក​ Charlse Santiago បាន​បន្ត​ថា​ ពានរងា្វន់​សន្តិភាព​ នឹង​ត្រូវផ្តល់​ជូន អ្នក​ដែល​មាន​ប្រវត្តិ​ក្នុង​ការ​លើក​កម្ពស់​ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅប្រទេស​របស់​ពួកគេ។

លោក​ថា​ ប្រសិនបើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដកចេញ​មក​វិញ​នូវ​ច្បាប់​តឹងរឹង​នានា​ ហើយ​ធានា​ការ​រីក​លូតលាស់​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ពិត​ប្រាកដ និង​ប្រកប​ដោយ​ចិរភាពនោះ​ លោក​នឹង​ក្លាយ​ជា​មេដឹកនាំ​គំរូ​របស់​អាស៊ាន ហើយ​អាច​ជា​បេក្ខជន​សម្រាប់​ពានរង្វាន់​សន្តិភាព​ ដែលអ្នក​ផ្សេង​ទៀត​ចង់បាន​ផង​ដែរ។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ និយាយ​ថា​ រដ្ឋាភិបាល​កម្ពុជា​ មិន​អាច​ធ្វើ​ការ​ប្រៀប​ស្ថានភាព​គោរព​សិទ្ធិមនុស្ស​របស់​ខ្លួន​ ទៅ​នឹង​បណ្តា​ប្រទេស​ដទៃទៀត​ ដែល​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​បាន​ទេ ដោយ​ហេតុ​កម្ពុជា​បាន​ចុះកិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣​ តុលា​ ឆ្នាំ១៩៩១​ ដែល​តម្រូវ​ឲ្យ​ប្រទេស​នេះ​ គោរព​សិទ្ធិមនុស្ស​ និង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ។ ពួកគេ​ថា​ រដ្ឋាភិបាល​កម្ពុជា​មិន​ដែល​ទទួល​ស្គាល់​របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​ជាតិ​ និង​អន្តរជាតិ​ ទាក់​ទិន​ការ​គោរព​សិទ្ធិមនុស្ស​នោះ​ទេ។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើបអង្កេត​របស់​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ មាន​ប្រសាសន៍​ថា៖

«យើង​ឃើញ​ថា​ ច្រើន​តែ​មាន​ការ​ច្រានចោល​ និង​មាន​ការ​បដិសេធ​ ថា​របាយការណ៍​នឹង​មិន​អាច​ទទូល​យក​បាន​ មិន​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​របស់​សង្គម។ ប៉ុន្តែ​បើ​យើង​ជា​សង្គម​ស៊ីវិល​ យើង​គិត​ថា​បើសិន​ជា​រដ្ឋាភិបាល​លោក​ពិនិត្យ​មើល​ថា​ តើ​វា​នៅ​មាន​ចំណុច​ណា​ដែល​យើង​នៅ​ខ្វះខាត​ ហើយ​យើង​យក​មក​ធ្វើការ​ កែលម្អ​ ធ្វើការ​អភិវឌ្ឍ​ទៅ​ វា​ជាជាង​ដែល​យើង​ប្រតិកម្ម​បដិសេធ​ចោល​ទាំង​ស្រុងៗ​នោះ»។

របាយការណ៍​របស់​ក្រុម​សមាជិក​សភាអាស៊ាន​ ដើម្បី​សិទ្ធិមនុស្ស​ស្តីពី​ការ​វាយ​ប្រហារ​តំណាង​រាស្ត្រ ​និង​ការ​គំរាមកំហែង​ស្ថាប័ន​នៅ​កម្ពុជា ត្រូវបាន​ចេញ​ផ្សាយ​ នៅចំ​ពេល​ដែល​មាន​ការ​ឃុំ​ខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ការពារ​ដីធ្លី​ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ក៏ដូច​ជា​ក្រុម​មន្រ្តី​ សកម្មជន​ និង​តំណាង​រាស្ត្រ​នៃ​គណបក្ស​ប្រឆាំង។

របាយការណ៍​ក៏​បាន​លើក​ជា​អនុសាសន៍​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​ការ​គំរាម​កំហែង​នានា​លើ​ក្រុម​អ្នក​ប្រឆាំង ការ​ពិនិត្យ​ឡើង​វិញ​ និង​ការ​ធ្វើ​សេចក្ដី​បញ្ជាក់​ទៅ​លើ​រាល់​លក្ខន្តិក​ពាក់​ព័ន្ធ និង​កិច្ច​ខិត​ខំ​នានា​ក្នុង​កិច្ចការ​សិទ្ធិមនុស្ស​ ​ត្រូវតែ​ជា​កិច្ចការ​អាទិភាព​ ដើម្បី​ធានា​ឲ្យ​បាន​ថា​គ្រប់​ភាគី​ទាំង​អស់​ដែល​យកចិត្ត​ទុកដាក់​នៅ​ក្នុង​ស្ថិរភាព​ ភាព​ចម្រុង​ចម្រើន​ និង​ការ​ទទួល​ខុស​ត្រូវ​នៅ​កម្ពុជា ធ្វើ​អ្វីៗ​ឲ្យ​ស្រប​ទៅ​តាម​ច្បាប់។

ទោះបី​ជា​យ៉ាងណា​ក៏ដោយ​ ក្រសួង​ការបរទេស​កម្ពុជា​ កាលពី​សប្តាហ៍មុន​ បាន​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​ស្នើ​ក្រុម​សមាជិក​សភា​អាស៊ាន​ ដើម្បី​សិទ្ធិ​មនុស្ស​ គោរព​គោលការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​សមាជិក​អាស៊ាន​ ហើយ​បាន​ចាត់ទុក​ថា​ ក្រុម​នេះ​ជា​ក្រុម​តូច​មួយ​នៃ​អតីត​ និង​ជា​សមាជិក​សភា​បច្ចុប្បន្ន​របស់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ និង​ពុំ​ត្រូវ​បាន​ទទួល​ស្គាល់​ ជា​អង្គភាព​របស់​អាស៊ាន​នោះ​ទេ៕