ការប្រមូលពន្ធដារក្នុងប្រទេសកម្ពុជាមានតម្លាភាពច្រើនជាងមុននិងមានប្រសិទ្ធភាពកាន់តែខ្ពស់ជាពិសេសទៅលើពលរដ្ឋទូទៅ ប៉ុន្តែការយកពន្ធពីក្រុមហ៊ុនធំៗនិងឧកញ៉ានៅមានលក្ខណៈ«ងងឹត»នៅឡើយ។ នេះបើតាមការបញ្ជាក់ពីអ្នកជំនាញ។
លោក ឱក សេរីសុភក្តិ៍ អ្នកឯកទេសអភិបាលកិច្ចល្អថ្លែងក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទថា កម្រិតនៃការចំណាយបង់ប្រាក់បន្ថែមក្រៅផ្លូវការពីអ្នកបង់ពន្ធទៅឱ្យមន្ត្រីពន្ធដារក៏មានការថយចុះដែរ។
Your browser doesn’t support HTML5
លោកបានបន្ថែមថា៖ «និន្នាការទៅថ្ងៃមុខ ដរាបណាយើងកាត់បន្ថយការជួបគ្នាផ្ទាល់រវាងអ្នកបង់និងអ្នកទទួលហ្នឹង នោះអំពើពុករលួយកាន់តែចុះហើយអ្វីដែលជាតម្លាភាពគឺនឹងកាន់តែមានប្រសិទ្ធភាពហើយអត់មានខាតពេលរបស់ប្រជាពលរដ្ឋដែលគាត់អត់មានខាតពេលនឹងរកស៊ីទៅទៀត។ ខ្ញុំគិតថានេះជារឿងមួយដែលល្អណាស់ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបង់តាមរយៈសេវាក្រៅឬមួយទៅមុខទៀតអាចអនឡាញក៏បាន បង់តាមអ៊ីនធឺណិត»។
យ៉ាងណាក៏ដោយ ឯកសារប្រភពចំណូលនិងចំណាយក៏នៅតែពិបាករក ជាពិសេសទាក់ទងនឹងក្រុមហ៊ុនធំៗ ហើយលោកសុភក្តិ៍សង្ឃឹមថា យុវជននិងពលរដ្ឋម្ចាស់ឆ្នោតនឹងប្រើប្រាស់សិទ្ធិរបស់ពួកគេទាមទារឱ្យមានតម្លាភាពបន្ថែមទៀតក្នុងពេលខាងមុខ។
«តាមដែលខ្ញុំដឹងគាត់បង់ពន្ធប៉ុន្តែមានខ្លះ យឺតមែនទែន គឺយឺតដល់ប៉ុន្មានឆ្នាំឯណោះហើយគាត់បង់ពន្ធច្រើនផងសុទ្ធតែរាប់លានមិនមែន១០០ឬ២០០(ដុល្លារ) ដូចយើងទេ។ ប៉ុន្តែក្នុងរឿងហ្នឹងគឺងងឹតដូចយប់អញ្ចឹងអត់មានតម្លាភាពទេ... ហើយប្រាក់ចំណូលបានប៉ុន្មានចែកទៅណាខ្លះ? ឯកសារហ្នឹងគឺមិនមានតម្លាភាពទេ»។
លោកសុភក្តិ៍ក៏បានបញ្ជាក់ដែរថា ការបន្លំពន្ធនៅតែមានទាំងនៅក្នុងប្រទេសនិងតាមច្រកនាំចូល។
រដ្ឋាភិបាលកម្ពុជាក៏បានប្ដេជ្ញាពង្រឹងការប្រមូលពន្ធឱ្យកាន់តែមានប្រសិទ្ធភាពជាបន្តបន្ទាប់និងផ្តល់សេវាសាធារណៈកាន់តែប្រសើរជាងមុនដល់អ្នកបង់ពន្ធ។
យោងតាមសេចក្តីរាយការណ៍នានាឱ្យដឹងថារយៈពេលដូចគ្នាក្នុងត្រីមាសទីមួយឆ្នាំ២០១៥និងឆ្នាំ២០១៤គឺកម្រិតនៃការប្រមូលពន្ធមានការកើនឡើង។ អគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា មានការកើនឡើងរហូតដល់៤៨,៥៣ភាគរយ៕