រដ្ឋាភិបាល ប្រកាស​បិទ​សាលារៀន​នៅ​ភ្នំពេញ​និង​ខេត្ត​កណ្តាល​យ៉ាង​តិច​២សប្តាហ៍ ដើម្បី​បញ្ចៀស​ការឆ្លង​កូវីដ១៩

រូបឯកសារ៖ សិស្ស​មួយក្រុម ដើរ​ក្នុង​បរិវេណ​វិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ដំបូង​នៃ​បវេសនកាល​ឆ្នាំ​សិក្សា​២០២០-២០២១ កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ នៅ​យប់ថ្ងៃ​ចន្ទ​នេះ​ បាន​ចេញបញ្ជា​ឲ្យ​បិទ​សាលារៀន​ទាំង​រដ្ឋ ​និង​ឯកជនក្នុង​រាជធានី​និង​ខេត្ត​កណ្តាល​ជា​បណ្តោះអាសន្ន​ យ៉ាង​តិច​២សប្តាហ៍​ ចាប់​ពី​ថ្ងៃ​ចន្ទ​នេះ​ទៅ​ ដោយសារ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ក្នុង​សហគមន៍​ បន្ត​កើន​ឡើង។

លោក ហ៊ុន សែន​ បាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​សារ​ជាសំឡេង​បន្ទាន់​មួយ ដែលត្រូវ​បាន​បង្ហោះ​លើហ្វេសប៊ុក​របស់​នាយករដ្ឋមន្រ្តី។

លោក ហ៊ុន សែន ឲ្យ​ដឹង​ថា ​ក្រសួង​សុខាភិបាល​រក​ឃើញ​មនុស្ស​យ៉ាង​តិច​១៣​ទៀត​ឆ្លង​វីរុស​ជំងឺ​កូវីដ​១៩ ខណៈ​កំពុង​រង់ចាំ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​ជា​ច្រើន​ទៀត។

លោក ហ៊ុន សែន ​បញ្ជាក់​ថា៖ «ដូច្នេះ​ចំនួន​ឆ្លង​ក្នុង​រង្វង់​តែ​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចំនួន​ឆ្លង​ឡើង​ជិត​១០០​នាក់ ដែល​ជា​ចំនួន​ឆ្លង​ដែល​មិន​ធ្លាប់​មាន តាំង​ពី​ពេល​ដែល​មាន​ជំងឺ​កូវីដ​ចូល​មក​ក្នុង​ផ្ទៃ​ប្រទេស​របស់​យើង»។

ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍ ដែល​រដ្ឋាភិបាល​ប្រកាស​អំពី​ការ​ឆ្លង​ចូល​សហគមន៍​ទ្រង់ទ្រាយ​ធំ​លើក​ទី​៣​ ចំនួន​អ្នក​ឆ្លង​កូវីដ​១៩ ​បាន​កើន​ឡើង​ដល់​៧៦​នាក់​ ដែល​ភាគ​ច្រើន​លើ​ជនជាតិ​ចិន​ដែល​រស់​នៅ​ភ្នំពេញ។ ការ​ប្រកាស​ឆ្លង​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ដោយ​មិន​ទាន់​ដឹង​ប្រភព​ច្បាស់លាស់​នៃ​ការ​ឆ្លង​នៅ​ឡើយ​ទេ។

លោក ហ៊ុន សែន ក៏​បានអំពាវនាវ​ឲ្យ​ពលរដ្ឋ​ពន្យារ​ពេល​រៀបអាពាហ៍ពិពាហ៍ ឬ​ក៏កាត់​បន្ថយ​ចំនួន​មនុស្ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ប្រសិន​បើ​ចាំ​បាច់​រៀប​ចំ​ពិធី។ លោកក៏​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​មក​ភ្នំពេញពិចារណា​ពន្យារ​ពេល​ បើ​អាច ដើម្បី​បញ្ចៀស​ការ​ឆ្លង​បន្ត​នៃ​ជំងឺ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​នៅ​តាម​បណ្តា​ខេត្ត​ ប្រសិន​បើ​អាច​ពន្យារ​បាន​ក្នុង​ការ​ធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ ក៏​សូម​ពន្យារ​សិន​ ដើម្បី​ទុក​ឱកាស​ឲ្យ​រាជ​ធានី​ភ្នំពេញ​ដោះស្រាយ​បញ្ហា​នេះ ជៀសវាង​ការ​កកកុញ​ស្ទះ​ចរាចរណ៍​ ដែល​នោះ​ក៏​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​នៃ​ការចម្លង​ពីគ្នា​ទៅគ្នា​ផង​ដែរ»៕