​រដ្ឋាភិបាល​​បញ្ជា​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ដាក់​បម្រាម​​ជា​បន្ទាន់​លើ​ការ​វាយ​បំផ្លាញ​អគារ​បេតិកភណ្ឌ​​​​​​​​​​​​​​​​​​

រូប​ឯកសារ៖ សំណង់​ផ្ទះ​ប្រវត្តិសាស្រ្ត​នៅ​ក្នុង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង កាល​ពី​ឆ្នាំ​២០១៧ ដែល​បន្សល់​ទុក​តាំងពី​សម័យ​អាណានិគម​បារាំង ហើយ​ដែល​រដ្ឋាភិបាល​គ្រោង​នឹង​ស្នើ​សុំ​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ។ (ស៊ុន ណារិន/VOA)

រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ​រដ្ឋ​ឲ្យ​ហាម​ឃាត់​ការ​វាយ​បំផ្លាញ​សំណង់​អគារ​បេតិកភណ្ឌ សំណង់​វប្បធម៌​ប្រវត្តិសាស្ត្រ សំណង់​បុរាណ​ ដើម្បី​ធានា​ថា​អគារ​ទាំង​អស់​នោះ​ត្រូវ​បាន​អភិរក្ស​ឲ្យ​នៅ​គង់វង្ស។

បើ​តាម​សារាចរ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ចុះ​ថ្ងៃទី​១២ ខែតុលា​ ឆ្នាំ​២០២១​ រដ្ឋាភិបាល​ស្នើ​ឲ្យ​មាន​ការ​ហាម​ឃាត់​ចំពោះ​ការ​កែប្រែ​ការ​ប្តូរ​រូបរាង​ខាង​ក្រៅ​ឬ​ធ្វើ​ឲ្យ​ខូច​ខាត​សោភ័ណភាព​ចំពោះសំណង់​នៃ​តំបន់​បេតិ​ភណ្ឌ​ទីក្រុង​និង​ទប់​ស្កាត់​ការ​វាយ​កម្ទេច​និង​បំផ្លិច​បំផ្លាញ​សំណង់​វប្បធម៌​ប្រវត្តិសាស្ត្រ​ សំណង់បុរាណ​និង​សំណង់​អគារ​បេតិកភណ្ឌ​ដើម្បី​ការពារ​អគារ​ឬ​សំណង់​ទាំង​នោះឲ្យ​បាន​គង់វង្ស។

សារាចរ​លើក​ឡើង​ក្នុង​ន័យ​ដើម​បន្ថែម​ថា៖ «បញ្ឈប់​ជា​បន្ទាន់​ចំពោះ​ការ​បំផ្លាញ​អគារ​បេតិកភណ្ឌ​ក្នុង​តំបន់​ការ​ពារ​និង​ក្រៅ​តំបន់​ការពារ​ដោយ​ផ្តោត​លើ​យុទ្ធសាស្ត្រ​គោលនយោបាយ​ និង​ផែន​ទី​ចង្អុល​បង្ហាញ​ដើម្បី​ជំរុញ​ការ​អភិរក្ស​និង​ការ​អភិវឌ្ឍ​ទីក្រុង​បេតិកភណ្ឌ​ប្រកប​ដោយ​និរន្តភាព»។​

សារាចរ​ថ្មី​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សង្កេត​ឃើញថា​ សព្វថ្ងៃ​ដោយសារ​ទំនើប​កម្ម​បណ្តាល​ឲ្យ​មាន​ការ​បាត់​បង់​ការ​វាយ​បំផ្លិច​បំផ្លាញ​ការ​ធ្វើ​ឲ្យ​ខូច​ខាត​តាម​គ្រប់​រូបភាព​ជា​បន្ត​បន្ទាប់​ចំពោះ​សំណង់​អគារ​បេតិកភណ្ឌ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​បេតិកភណ្ឌ​ទីក្រុង​និង​តាម​បណ្តា​ខេត្ត​បាន​ប្រឈម​នឹង​ហានិភ័យ​និង​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​ខ្ពស់​ដោយ​ការ​អភិវឌ្ឍ។​ ការណ៍​នេះ​ទាម​ទារ​ឲ្យ​មាន​ការ​ថ្លែង​រវាង​ការ​អភិរក្ស​និង​ការ​អភិវឌ្ឍ​គឺ​ត្រូវ​តែ​មាន​តុល្យភាព៕