កម្ពុជានឹងស្នើសុំអង្គការយូណេស្កូ(UNESCO)ឲ្យដាក់បញ្ចូលនំបញ្ចុករបស់កម្ពុជា ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ ដើម្បីថែរក្សាសម្បត្តិនេះឲ្យបានយូរអង្វែងតទៅមុខទៀត។
នំបញ្ចុកសម្លខ្មែរជាអាហារដែលប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈចូលចិត្តទទួលទានជាប្រចាំ។
ប្រជាពលរដ្ឋដែលចូលចិត្តពិសារអាហារប្រពៃណីនៃនេះបាននិយាយថា ពួកគេមាន«មោទនាភាព»និង«សប្បាយចិត្ត» ប្រសិនបើអាហារនេះត្រូវបានអង្គការយូណេស្កូ(UNESCO)ដាក់បញ្ចូល ជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិនោះ។
អ្នកស្រី ដួងធីតា មានវ័យ ២៥ ឆ្នាំ។ អ្នកស្រីកំពុងពិសារនំបញ្ចុកនៅហាងនំបញ្ចុកមួយ ជាមួយគ្រួសាររបស់អ្នកស្រីនៅជិតវត្តបទុមវត្តីក្នុងរាជធានីភ្នំពេញ។ អ្នកស្រីនិយាយថា នំបញ្ចុកគឺជាអាហារដែលអ្នកស្រី មិត្តរបស់អ្នកស្រី និងគ្រួសាររបស់អ្នកស្រីចូលចិត្តពិសារ។ អ្នកស្រីថា អ្នកស្រីហូបនំបញ្ចុកមួយអាទិត្យយ៉ាងហោចណាស់ពីរដង ហើយអ្នកស្រីក៏ហូបនំបញ្ចុកនៅពេលជួបជុំមិត្តភក្តិនិងក្រុមគ្រួសារផងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖
«មិត្តភ័ក្តិកន្លែងធ្វើការនិងម៉ាក់ខ្ញុំពេលនៅផ្ទះជុំគ្នាស្លនំបញ្ចុកហូបជុំគ្នា»។
នៅពេលដឹងពីគម្រោងរបស់រដ្ឋាភិបាលក្នុងការស្នើឲ្យដាក់នំបញ្ចុកចូលជាជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិ អ្នកស្រីបង្ហាញការសាទរនិងភាពសប្បាយរីករាយ។ អ្នកស្រីថា អង្គការនេះគួរដាក់នំបញ្ចុកជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិដោយសារតែនំបញ្ចុកជាអាហារដែលពលរដ្ឋខ្មែរទូទៅហូបតៗគ្នាយូរណាស់មកហើយ។
«វាជាអាហារមួយជាអរិយធម៌របស់ខ្មែរជាម្ហូបដែលមានតាំងពីបុរាណ»។
លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រាប់វីអូអេថា ក្រសួងកំពុងរៀបចំឯកសារ ដើម្បីដាក់ទៅអង្គការយូណេស្កូចុងខែមីនានេះ ដើម្បីដាក់ជាសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ។
លោកស្រីមានប្រសាសន៍ថា មានសម្លខ្មែរជាច្រើនមុខទៀតដែលអាចដាក់បាន ប៉ុន្តែនំបញ្ជុកត្រូវបានសហគមន៍ជាច្រើនចូលចិត្តធ្វើហើយនំបញ្ចុក មានការទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃនិងជំនឿរបស់ពួកគាត់។
«ប្រជាជនយើងនៅតាមខេត្តខ្លះនៅតាមតំបន់ខ្លះគាត់ចេះធ្វើអាហ្នឹងហើយសហគមន៍គាត់សន្យាថានឹងថែរក្សាចំណេះដឹងនេះសម្រាប់តកូនតចៅ។ ហើយសហគមន៍ខ្លះគាត់ភ្ជាប់នំបញ្ចុកនេះជាមួយនឹងជំនឿជាមួយនឹងទំនៀមទំលាប់ជាមួយនឹងពិធីបុណ្យផ្សេងៗរបស់គាត់ចា៎»។
អ្នកស្រីបន្ថែមថា ក្រសួងជ្រើសរើសយកនំបញ្ចុកដោយសារតែវាមានចំណុចត្រូវតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ(UNESCO)។
រដ្ឋមន្ត្រីរូបនេះនិយាយថា៖ «នៅក្នងបញ្ជីបេតិកភ័ណ្ឌអរូបីកាលណាដាក់គឺយើងត្រូវបង្ហាញថាប្រជាជនរបស់យើងប្រជាជនខ្មែរយើងនៅក្នុងប្រទេសបានចាត់ទុកជាម្ហូបអារហារមួយរបស់ប្រជាជនយើង។ អាហ្នឹងទីមួយ។ គេទទួលស្គាល់ទូលាយ»។
អ្នកស្រីបន្ថែមថា៖
«ហើយយើងក៏ត្រូវបង្ហាញទៅយូណេស្កូថានែ៎ចំណេះដឹងនៃការធ្វើនំបញ្ចុកហ្នឹងក្រៅពីការធ្វើជាម្ហូបអាហារតំបន់នេះនែ៎គេមានធ្វើនំបញ្ចុកហ្នឹងជាភូមិរួមគ្នាហ្មង។ មួយភូមិគេធ្វើនំបញ្ចុកលក់ហ្នឹងហ្មងឧទាហរណ៍ចា៎។ ដូចនៅពោធិ៍សាត់នៅបាត់ដំបងគេមានភូមិមួយហៅភូមិនំបញ្ចុកហ្មងចា៎»។
កាលពីឆ្នាំមុននំបញ្ចុកបានក្លាយជាអាហារដែលគណបក្សប្រឆាំងនិងគណបក្សកាន់អំណាចបានយកមកប្រើប្រាស់ដើម្បីបង្ហាញពីកម្លាំងគាំទ្ររបស់ខ្លួន។ ទោះបីជាយ៉ាងណាក៏ដោយលោកស្រីថា ការដាក់នំបញ្ចុកចូលជា សម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិមិនពាក់ព័ន្ធជាមួយនឹងនយោបាយនោះទេ។ ដោយលោកស្រីថាវាជាការងារបស់«ជាតិ»។
លោក សូ ផេង មានវ័យ៥០ ឆ្នាំ កំពុងពិសារនំបញ្ចុកនៅជិតវត្តបទុមវត្តី។ លោកជា អ្នករស់នៅក្នុងទីក្រុងភ្នំពេញ។ លោកថាលោកពិសារនំបញ្ចុកតាំងពីលោកដឹងក្តីមក។ លោកបានប្រាប់វីអូអេថា លោកក៏ចង់ឲ្យ អង្គការយូណេស្កូ(UNESCO) ជាសម្បត្តិវប្បធម៌អរូបី នៃមនុស្សជាតិដែរ។
«វាជាមោទនភាពមួយរបស់ជាតិសាសន៍ដែលថាយើងមានម្ហូបអាហារដ៏បរមបុរាណមួយដែលធ្វើឲ្យពិភពលោកទទួលស្គាល់។ វាល្អសម្រាប់យើងទាំងអស់គ្នា»។
អង្គការយូណេស្កូនឹងឲ្យ ដំណឹងថាតើនឹងទទួលស្គាល់នំបញ្ចុកកម្ពុជា ជាសម្បត្តិវប្បធម៌អរូបីឬយ៉ាងណា នៅរយៈពេលប្រហែលពីរឆ្នាំ បន្ទាប់ពីការដាក់ពាក្យ ស្នើសុំពីកម្ពុជា៕