រដ្ឋាភិបាលកម្ពុជា បានផ្តល់ការពន្យល់ទៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សថា ការចាប់ខ្លួនលោក រ៉ុង ឈុន មេដឹកនាំសហជីពចំពោះការរិះគន់ការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាមនោះ គឺធ្វើឡើងស្របតាមច្បាប់ និងជាវិធានការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។ នេះបើតាមលិខិតរបស់ស្ថានបេសកកម្មអចិន្ទ្រៃយ៍កម្ពុជាប្រចាំទីក្រុងហ្សឺណែវ ដែលបានផ្សព្វផ្សាយជាសាធារណៈដោយការិយាល័យសិទ្ធិមនុស្សអង្គការប្រជាជាតិនៅក្នុងប្រទេសកម្ពុជា។
លោក រ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃ៣១ ខែកក្កដា ក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំ ហើយបានជួបប្រជាពលរដ្ឋនៅទីនោះ ដែលអះអាងថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។ មុនការចាប់ខ្លួនដែលក្រុមគ្រួសារថាពុំមានដីកា លោកបានផ្តល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរអំពីសេចក្តីថ្លែងការណ៍របស់លោក ស្តីពីបញ្ហាវិវាទដីធ្លីនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាមផងដែរ។
លិខិតចុះថ្ងៃទី៣០ ខែតុលា ស្ថានបេសកកម្មអចិន្ទ្រៃយ៍កម្ពុជាប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិឲ្យដឹងថា ក្រសួងសំខាន់ៗចំនួនពីររបស់រដ្ឋាភិបាលកម្ពុជា គឺក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ បានការពារថា ការចាប់ខ្លួនលោក រ៉ុង ឈុន គឺជាផ្នែកមួយនៃ«ការការពារវិបុលភាព និងសន្តិភាព»នៅក្នុងប្រទេស ហើយការចាប់ និងឃុំខ្លួនលោក រ៉ុង ឈុន ទៀតសោត ត្រូវបានធ្វើឡើងដោយយោងតាមភស្តុតាងដែលប្រមូលបាន និងតាមក្រមព្រហ្មទណ្ឌប្រទេសកម្ពុជា។
លិខិតបញ្ជាក់ថា៖ «នៅពេលដែលប្រជាជនកម្ពុជាកំពុងទទួលបានផ្លែផ្កាពីសន្តិភាព និងការអភិវឌ្ឍ នគរបាលជាតិកម្ពុជា មានកាតព្វកិច្ចរួមចំណែកដល់ការរក្សាសណ្តាប់សាធារណៈ និងសន្តិសុខសង្គមដើម្បីប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ប្រជាជន»។
លិខិតបន្ថែមថា៖ «យ៉ាងណាក៏ដោយ មានក្រុមមួយក្តាប់តូចរមែងប្រឹងរកលេសមកបង្កើតបញ្ហាផ្សេងៗ ជាពិសេសបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ជាមួយគោលបំណងញុះញង់ឲ្យមានសកម្មភាពខុសច្បាប់ ក្នុងការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់»។
បើតាមលិខិតនោះ ក្រសួងយុត្តិធម៌បានពណ៌នាថា រាល់នីតិវិធីនៃការចាប់ខ្លួន និងឃុំខ្លួនលោក រ៉ុង ឈុន ត្រូវបានធ្វើឡើងជាដំណាក់កាលចាប់តាំងមន្ត្រីនគរបាលយុត្តិធម៌ ព្រះរាជអាជ្ញា និងការស៊ើបសួររបស់ចៅក្រម ដោយផ្អែកលើការពិត និងភស្តុតាងចងក្រងដោយនគរបាលយុត្តិធម៌។
ក្រសួងយុត្តិធម៌ពន្យល់ថា៖ «ខ្លឹមសារនៃឯកសារផ្សេងៗដែលលោក រ៉ុង ឈុន បានផ្សព្វផ្សាយដោយទុច្ចរិតនោះ ប៉ុនប៉ងធ្វើឲ្យមតិសាធារណជាតិ និងអន្តរជាតិយល់ច្រឡំ ព្រមទាំងដើម្បីបង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។
ការផ្តល់សេចក្តីពន្យល់របស់ក្រសួងទាំងពីរពាក់ព័ន្ធនឹងការចាប់ខ្លួនលោក រ៉ុង ឈុន កើតមានឡើង ក្រោយអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងនោះរួមមានលោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាផង បានផ្ញើលិខិតរួមមួយច្បាប់ជូនរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន។
លិខិតរបស់អ្នកជំនាញអង្គការសហប្រជាជាតិបានពណ៌នាអំពីសេចក្តីរាយការណ៍ និងព័ត៌មានដែលប្រមូលបានទាក់ទងនឹងការចាប់ខ្លួនលោក រ៉ុង ឈុន ឈានដល់ការចោទប្រកាន់ និងឃុំខ្លួនលោក។ ក្រុមអ្នកជំនាញបានបង្ហាញពីភាពមិនប្រក្រតីនៃចាប់ខ្លួនលោក រ៉ុង ឈុន ដោយគ្មានដីកា និងបានសម្តែងការបារម្ភថា ការឃុំខ្លួនលោក រ៉ុង ឈុន គឺមិនមែនដោយសារតែលោកបានប្រព្រឹត្តកំហុសទេ ប៉ុន្តែ វាហាក់ដូចមានជាប់ពាក់ព័ន្ធ និងការប្រើប្រាស់សិទ្ធិសម្តែងមតិរបស់លោក។
ក្រុមអ្នកជំនាញបានលើកឡើងថា៖ «...យើងសូមសម្តែងការបារម្ភពាក់ព័ន្ធនឹងការឃុំខ្លួនលោក រ៉ុង ឈុន ដែលហាក់ដូចជាមានទំនាក់ទំនងនឹងការអនុវត្តសិទ្ធិសម្តែងមតិរបស់លោក»។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ការថ្លែងរបស់លោក រ៉ុង ឈុន គឺជា«ការមួលបង្កាច់» មិនមែនសេរីភាពនៃការបញ្ចេញមតិនោះទេ។ លោកបន្តថា បើសិនជាលោក រ៉ុង ឈុន ចោទសួរមករដ្ឋាភិបាលអំពីការបោះបង្គោលព្រំដែននេះ រដ្ឋាភិបាល«គ្មានហេតុផលចាប់ខ្លួន [លោក]រ៉ុង ឈុន ទេ»។
លោក រ៉ុង ឈុន ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់២ឆ្នាំ។ ក្រោយការចោទប្រកាន់នេះ ការតវ៉ាអហិង្សាបានកើតឡើងជាបន្តបន្ទាប់ ហើយសកម្មជនជាច្រើននាក់ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ផងដែរ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឲ្យវីអូអេដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ប្រហែលជាមិនបានយល់ស៊ីជម្រៅនៃការអនុវត្តនីតិវិធីច្បាប់នៅកម្ពុជា ឬក៏ទទួលព័ត៌មានដែលមិនអាចយកជាការបានពីភាគីណាមួយ។
«ក៏ប៉ុន្តែសម្រាប់សមត្ថកិច្ច គឺគេមានមូលដ្ឋានរបស់គេរឹងមាំច្បាស់លាស់ណាស់ក្នុងការចាត់វិធានការផ្លូវច្បាប់។ឥឡូវដំណាក់កាលនេះ គឺការសម្រេចនៅលើតុលាការ។ តុលាការ កំពុងតែធ្វើការវិនិច្ឆ័យទៅលើរឿងហ្នឹង។ អ៊ីចឹងទេ មធ្យោបាយដែលជួយដល់លោក រ៉ុង ឈុន បាន គឺមានតែការចូលរួមក្នុងដំណើរការនីតិវិធីតុលាការទេ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារសិទ្ធិមនុស្សលីកាដូយល់ថា ការចាប់ខ្លួនលោក រ៉ុង ឈុន មិនមែនដោយសារតែបញ្ហាព្រំដែនមួយប៉ុណ្ណោះទេ ប៉ុន្តែអាចជាប់ទាក់ទងនឹងការចេញមុខតវ៉ាទាមទារប្រយោជន៍កម្មករដែលប្រឈមមុខការបាត់បង់ការងារ នៅមុនពេលសហភាពអឺរ៉ុបសម្រេចដកការអនុគ្រោះពន្ធមួយផ្នែកសម្រាប់ការនាំចេញទំនិញរបស់កម្ពុជា។
«ហើយជាទិដ្ឋភាពមួយទៀត ខ្ញុំមើលទៅ ករណីលោក រ៉ុង ឈុននេះ គឺគេផ្តោតអារម្មណ៍ទៅលើបញ្ហារឿងនយោបាយ ច្រើនជាងរឿងការអនុវត្តច្បាប់»។
បញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមដែលមានប្រវែង១២៧០គីឡូម៉ែត្រ គឺជាចំណុចរសើបក្នុងនយោបាយរាប់ទសវត្សរ៍មកហើយ។ អ្នកតវ៉ា ឬរិះគន់អំពីបញ្ហាព្រំដែននេះ ជាញឹកញាប់តែងទទួលរងការព្រមាន ការគាបសង្កត់ ឬការចាប់ខ្លួន និងចោទប្រកាន់តាមផ្លូវតុលាការ។
កាលពីថ្ងៃចន្ទ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាទាំងស្រុង បានអនុម័តជាឯកច្ឆន្ទលើសេចក្ដីព្រាងច្បាប់ស្ដីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជានិងវៀតណាម។ ការអនុម័តនេះ ទទួលការរិះគន់ពីអ្នកឃ្លាំមើលបញ្ហាព្រំដែនកម្ពុជាថា ធ្វើឡើងដោយគ្មានតម្លាភាពនិងចំពេលដែលមិនមានតំណាងគណបក្សជំទាស់នៅក្នុងរដ្ឋសភា។ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការអនុម័តរបស់រដ្ឋសភាថា ជាការយល់ព្រមកាត់ទឹកដីខ្មែរទៅឲ្យប្រទេសវៀតណាម៕