ក្រុមអ្នកជំនាញរបស់ក្រុមហ៊ុនហ្គូហ្គល (Google) ដែលជាក្រុមហ៊ុនបម្រើសេវាកម្មទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណេតដ៏ធំមួយរបស់សហរដ្ឋអាមេរិកនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបើកវគ្គបណ្ដុះបណ្ដាលមួយដល់អ្នកយកព័ត៌មាន អ្នកសរសេរប្លក់និងនិស្សិតកម្ពុជាប្រមាណជាង១០០នាក់។
វគ្គសិក្សារយៈពេលមួយកំណាត់ថ្ងៃនេះផ្តោតលើរបៀបប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីអ៊ីធឺណេតដោយប្រើប្រាស់ឧបករណ៍ស្វែងរកទិន្នន័យរបស់ហ្គូហ្គល (Google)។
អ្នកចូលរួមភាគច្រើនគឺជាអ្នកយកព័ត៌មានមកពីស្ថាប័នវិទ្យុ កាសែតនិងទូរទស្សន៍។
អ្នកស្រី អេមី គុនរ៉ូចប៉ាន់នីយ៉ា (Amy Kunrojpanya) គឺជាប្រធានផ្នែកទំនាក់ទំនងនិងកិច្ចការសាធារណៈរបស់ Google ប្រចាំប្រទេសឥណ្ឌូនេស៊ីមហាតំបន់ទន្លេមេគង្គ និងអាស៊ីប៉ាស៊ីហ្វិក។
អ្នកស្រីបញ្ជាក់ថាក្រុមការងាររបស់ហ្គូហ្គលចង់ឃើញអ្នកយកព័ត៌មានមកពីស្ថាប័ននានាក្នុងប្រទេសកម្ពុជា និងអ្នកដែលធ្វើការពាក់ព័ន្ធលើប្រព័ន្ធផ្សព្វផ្សាយយល់ដឹងពីរបៀបប្រើប្រាស់ឧបករណ៍ស្រាវជ្រាវរកព័ត៌មានលើហ្គូហ្គលដោយមានប្រសិទ្ធភាព។
«យើងធ្វើការបង្រៀនពីរបៀបប្រើប្រាស់ហ្គូហ្គលនៅជុំវិញពិភពលោក។ វាជាការបង្រៀនសាកល វាត្រូវបានបង្កើតឡើងក្នុងគោលដៅធានាក្រុមអ្នកយកព័ត៌មាន ឬអ្នកដែលធ្វើការលើប្រព័ន្ធផ្សព្វផ្សាយអាចរៀននិងយល់ដឹងពីការប្រើប្រាស់ឧបករណ៍ស្វែងរកព័ត៌មាននៅលើហ្គូហ្គលឲ្យមានប្រសិទ្ធភាព។ ខ្ញុំសង្ឃឹមថាពួកគេអាចយកអ្វីៗទៅអនុវត្តនៅកន្លែងធ្វើការរបស់ពួកគេ»។
ក្នុងរយៈពេលជាង៤ម៉ោងនៃវគ្គបណ្ដុះបណ្ដាលនេះក្នុងអ្នកជំនាញរបស់ហ្គូហ្គលបានបង្រៀនអ្នកចូលរួមពីចំនុចសំខាន់ៗដូចជារបៀបនៃការស្វែងរកព័ត៌មានតាមហ្គូហ្គលដោយពាក្យគន្លឹះ និងពាក្យបញ្ជាមួយចំនួនដែលធ្វើឲ្យអ្នកប្រើប្រាស់អាចរកឃើញព័ត៌មានរហ័ស និងជាក់លាក់ជាងការស្វែងរកតាមធម្មតា។
ការស្វែងរកព័ត៌មានជារូបភាព ការប្រើប្រាស់ Google Map សម្រាប់បង្ហាញពីទីតាំង ឬសម្រាប់អ្នកសារព័ត៌មានបង្ហាញហេតុការណ៍អ្វីមួយកំពុងកើតឡើងដោយរូបភាព ការទាញយកអតិថិជនលើYouTube ជាដើម។ ក្រៅពីនេះក៏មានការបង្ហាញពីរបៀបនៃការរក្សាសុវត្ថិភាពនៅលើបណ្ដាញអ៊ីនធឺណេត។
លោកតាំង វីតាអ្នកយកព័ត៌មាននៃកាសែតភ្នំពេញប៉ុស្តិ៍ដែលបានចូលរួមក្នុងវគ្គបណ្ដុះបណ្តាលនេះនិយាយថា លោកបានយល់ដឹងពីគន្លឹះនិងវិធីសាស្រ្តងាយស្រួល ក្នុងការស្វែងរកព័ត៌មាននៅលើហ្គូហ្គលរហ័សនិងមានប្រសិទ្ធភាពជាងមុន។
«ខ្ញុំគិតថាខ្ញុំនឹងយកវាទៅអនុវត្តមួយចំនួនក្នុងការងាររបស់ខ្ញុំ ហើយវាអាចជួយឲ្យការងាររបស់យើងងាយស្រួល និងមានប្រសិទ្ធភាពជាងមុន»។
លោកហុង ម៉េងជំនួយការអ្នកគ្រប់គ្រងព័ត៌មានតាម Online នៃវិទ្យុសំឡេងប្រជាធិបតេយ្យនិយាយថាលោកបានយល់ដឹងបន្ថែមឧបករណ៍ថ្មីមួយចំនួនរបស់ហ្គូហ្គលដែលពីមុនមកលោកមិនធ្លាប់បានដឹង ក៏ដូចជារបៀបរក្សាសុវត្ថិភាពនៅលើប្រព័ន្ធអ៊ីនធឺណិត។
«ហ្គូហ្គលគេបានដាក់ឧបករណ៍មួយចំនួនឲ្យយើងប្រើប្រាស់ក៏ប៉ុន្តែយើងអត់ដឹងឥឡូវយើងបានដឹងហើយដូចជាការស្វែងរកព័ត៌មានឲ្យមានប្រសិទ្ធភាព និងការរក្សាសុវត្ថិភាពរបស់យើងជាដើម»។
សេង វណ្ណៈនិស្សិតឆ្នាំទី២ផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ បានទទួលស្គាល់ថាលោកបានរៀនសូត្រពីរៀបស្វែងរករូបភាព និងទិន្នន័យឯកសារដែលមានប្រយោជន៍សម្រាប់ការសិក្សារបស់លោក៕