មាន​សារ​ជូនពរ​ដ៏​ច្រើន បន្ទាប់ពី​ព្រះមហាក្សត្រីយានី Elizabeth របស់​អង់គ្លេស​ឆ្លង​ជំងឺ​កូវីដ១៩

  • ​Reuters

មនុស្សម្នា​ប្រមូលផ្តុំគ្នា​នៅ​ខាងក្រៅ​វិមាន Buckingham បន្ទាប់ពី​មាន​ប្រកាស​ថា ព្រះមហាក្សត្រីយានី Elizabeth របស់​ចក្រភព​អង់គ្លេស​ បាន​ធ្វើ​តេស្ត​វិជ្ជមាន​មាន​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ព័ត៌មាន​ដែលថា ព្រះមហាក្សត្រីយានី Elizabeth បាន​ធ្វើ​តេស្ត​វិជ្ជមាន​មាន​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឲ្យ​មាន​ការ​តក់ស្លុត ការព្រួយបារម្ភ​ និង​សារ​ជូនពរ​មក​ពី​គ្រប់​ទិសទី​ទូទាំង​ប្រទេស​អង់គ្លេសកាល​ពី​ថ្ងៃ​អាទិត្យ ដោយ​មាន​អ្នក​នយោបាយ ​និង​សាធារណជន​ បាន​ជូនពរ​សព្វសាធុការ​ឲ្យ​ព្រះ​មហា​ក្សត្រីយានី​ដែល​មាន​ព្រះជន្ម​៩៥ ព្រះវស្សា​ឆាប់​ជា​សះស្បើយ​ឡើង​វិញ។ នេះ ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ​សំណើម ​និង​ខ្យល់ អ្នក​ដើរលេង​កម្សាន្តមួយ​ក្រុម បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ច្រកចេញចូល​នៃព្រះរាជដំណាក់​ Windsor ជា​ទីកន្លែង​ដែល​ព្រះមហាក្រត្រីយានី កំពុង​ទទួល​ការព្យាបាល​ដោយ​មានរោគសញ្ញា​ជំងឺ​កូវី១៩ ​ស្រាល។ មនុស្ស​ផ្សេង​ទៀត បាន​សម្តែង​នូវ​ការគាំទ្រតាម​អនឡាញ​ និងមាន​សារ​សរសេរ​នៅ​តាម​ស្ថានីយ​រថភ្លើង​ក្រោម​ដីទីក្រុង​ឡុងដ៍​ (London Underground) សូម​ឲ្យ​ព្រះ​មហា​ក្សត្រីយានី​«ថែទាំ​ព្រះកាយ»។

រូបឯកសារ៖ ព្រះមហាក្សត្រីយានី Elizabeth របស់​ចក្រភព​អង់គ្លេស ក្នុង​អំឡុង​ពេល​ដែល​ព្រះអង្គ​គង់​នៅ​វិមាន Windsor Castle ក្នុង​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២។

ក្រុមអ្នក​ជូនពរ​សពសាធុការ​ជា​ច្រើនថា ពួកគេ​មាន​ការពិបាក​ចិត្តអំពី​ព័ត៌មាន​នេះ បន្ទាប់ពី​ព្រះមហាក្សត្រីយានី​ដែល​សោយរាជ្យ​យូរ​ជាង​គេ​បង្អស់​នៅ​លើ​ពិភពលោក​នេះ បាន​លុបចោលការ​ចូលរួម​ក្នុង​កម្មវិធី​ធំៗ និង​យាង​ចូលសម្រាក​ក្នុង​មន្ទីរពេទ្យ​អស់​មួយ​យប់​កាលពី​ខែ​តុលា​ឆ្នាំ​ទៅ​ ដែល​បណ្តាល​ឲ្យមាន​ការភ័យ​ខ្លាច​អំពី​សុខភាព​របស់​ព្រះអង្គ។

នាយក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​លោក Boris Johnson បាន​ដឹកនាំ​ការឆ្លើយតប​ជា​ផ្លូវការ​ដោយ​លោក​បាន​និយាយ​តាង​នាម​ឲ្យ​ប្រទេស​ជាតិ​ នៅ​ពេល​ដែល​លោក​ជូនពរ​សពសារធុការ​ដល់​ព្រះមហាក្សត្រីយានី​ឲ្យ​បាន​ជា​សះស្បើយ ​និង​មាន​ព្រះ​សុខភាព​ល្អ​ឡើង​វិញ​នៅ​ពេល​ឆាប់ៗ​នេះ។

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក Keir Starmer បាន​បញ្ជាក់​ថា៖ «សូម​ឲ្យ​ព្រះមហាក្សត្រីយានី ​បាន​ឆាប់​ជា​សះស្បើយ»។ អ្នក​នយោបាយ​ជា​ច្រើន​ទៀត បាន​ផ្ញើ​សារ​តាម Twitter ថា៖ «សូម​ឲ្យ​ព្រះ​ជាម្ចាស់​ជួយ​ព្រះមហាក្ស​ត្រីយានី» ឬ​ជា​ភាសា​អង់គ្លេស​ថា​ «God Save The Queen»។

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ទីក្រុង​ឡុងដ៍ បាន​ផ្ញើ​ការជូនពរ​សពសាធុការ​ដល់​ព្រះមហាក្សត្រីយានី។ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ដែនដី Gibraltar លោក Fabian Picardo បាន​ពណ៌នា​ព្រះមហាក្សត្រីយានី​ថា​ជា «ដុំ​ថ្ម​ដ៏​រឹងមាំ»​ ដែល​សំដៅ​ដល់​ទេសភាព​របស់​ដែន​ដីនោះ។

ការគាំទ្រ​យ៉ាង​ខ្លាំង​ក្លា​ដល់​ព្រះមហាក្សត្រីយានី​ បាន​កើត​មាន​ឡើង​បន្ទាប់​ពីព្រះមហាក្សត្រីយានី បាន​ប្រារព្ធដោយ​ស្ងប់​ស្ងាត់នូវ​ខួប​ទី៧០នៃ​ការ​ឡើង​សោយរាជ្យ ដែលនេះ​ជាលើក​ដំបូង​ ដែល​មហាក្សត្រ​អង់គ្លេស​ឈាន​ដល់​ខួប​ទី​៧០ដូច្នេះ៕