សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC (Garment Manufacturers Association in Cambodia) បានជំរុញឲ្យសភាសហរដ្ឋអាមេរិកផ្តល់សុពលភាពលើប្រព័ន្ធអនុគ្រោះពន្ធ GSP (Generalized System of Preferences) ឲ្យបានឆាប់ ដើម្បីកុំឲ្យប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជា។
នៅក្នុងសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ សមាគមរោងចក្រកាត់ដេរបានលើកឡើងថា កម្មវិធីអនុគ្រោះពន្ធរបស់អាមេរិក (GSP) បានផុតសុពលភាព កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយសារការយឺតយ៉ាវក្នុងការអនុម័តច្បាប់ដោយសភាអាមេរិក ក្នុងការផ្តល់សុពលភាពឡើងវិញ។ សមាគមលើកឡើងបែបនេះជាការជូនដំណឹងដល់សមាជិករបស់ខ្លួន ដែលផលិតសម្ភារៈធ្វើដំណើរទាំងអស់ក្នុងប្រទេសកម្ពុជា។
GMAC បញ្ជាក់ថា ការយឺតយ៉ាវនេះប៉ះពាល់ផ្ទាល់លើអ្នកបញ្ជាទិញ ឬអ្នកនាំចូលដែលនឹងតម្រូវឲ្យបង់ពន្ធរហូតដល់កម្មវិធីនេះ ត្រូវបានផ្តល់សុពលភាពឡើងវិញ។
GMAC ឲ្យដឹងទៀតថា ក្នុងរយៈពេលនៃការផុតសុពលភាពនេះ ទំនិញដែលនាំចូលទៅក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នឹងជាប់អត្រាពន្ធនៃប្រទេសដែលទទួលបានការអនុគ្រោះបំផុត (MFN)។ GMAC បញ្ជាក់ថា ប្រាក់បង់ពន្ធនេះ អាចទាមទារមកវិញបាន ក្រោយសភាអាមេរិកសម្រេចបន្តសុពលភាពនៃប្រព័ន្ធអនុគ្រោះពន្ធនេះ។
នៅក្នុងសេចក្តីជូនដំណឹងនោះ សមាគម GMAC សង្ឃឹមថា ការផ្តល់ឡើងវិញនូវកម្មវិធីអនុគ្រោះពន្ធនេះនឹងកើតឡើងនាពេលខាងមុខឆាប់ៗ។
អគ្គលេខាធិការរបស់សមាគម GMAC លោក ខេន លូ មានប្រសាសន៍ថា លោកនៅក្រៅប្រទេស ដូច្នេះមិនអាចអត្ថាធិប្បាយបាន។ VOA មិនអាចសុំការអធិប្បាយពីលោក កាំង ម៉ូនីកា អគ្គលេខាធិការរងរបស់ GMAC បានទេ។
លោក អេរិន ស្វាតជេស (Arend Zwartjes) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ប្រាប់ VOA តាមសារអ៊ីមែលនៅថ្ងៃពុធថា សភាអាមេរិកមិនបានផ្តល់សុពលភាពឡើងវិញចំពោះប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ ដែលលោកថា នេះជាការសម្រេចរបស់កិច្ចប្រជុំសភាលើកទី ១១៧ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។
លោកថា ការណ៍នេះតម្រូវឲ្យបង់ពន្ធធម្មតាដូចមានការកំណត់សម្រាប់ទំនិញនាំចេញទៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យរូបនោះបន្តថា សភាអាមេរិកនឹងសម្រេចថា តើនឹងផ្តល់សុពលភាពឬយ៉ាងណា នៅពេលណាមួយ តែលោកមិនអាចបញ្ជាក់កាលបរិច្ឆេទជាក់លាក់នោះទេ។
អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ប្រាប់ VOA នៅថ្ងៃពុធនេះថា ការមិនទាន់ផ្តល់សុពលភាព GSP នេះ មិនមែនសម្រាប់តែកម្ពុជានោះទេ គឺសម្រាប់ប្រទេសទាំងអស់ដែលសហរដ្ឋអាមេរិកផ្តល់ការអនុគ្រោះពន្ធលើទំនិញនាំចូលទីផ្សារសហរដ្ឋអាមេរិក។ លោកបន្តថា «បញ្ហាបណ្តោះអាសន្ន»នេះ មិនទាន់ផ្តល់ផលអវិជ្ជមានណាមួយដល់អ្នកផលិតផលិតផលកាបូបធ្វើដំណើរនៅកម្ពុជានោះទេ។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ មានប្រសាសន៍ថា អ្នកវិនិយោគទុនផ្សេងៗមករកស៊ីនៅកម្ពុជាក្នុងវិស័យផលិតសម្ភារៈធ្វើដំណើរនេះ ដោយសារកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហអាមេរិក។ ដូច្នេះលោកស្រីថា ប្រសិនបើកម្ពុជាបាត់បង់ នោះកម្ពុជានឹងខាតប្រយោជន៍ពីផលចំណេញនេះ។
លោកស្រីប្រាប់ VOA ថា៖ «អ្នកទិញទាំងអស់នឹងពិចារណា។ ពិចារណាថា មិនទិញពីកម្ពុជាទេដោយសារគេអាចទៅទិញនៅប្រទេសផ្សេងៗទៀត ព្រោះគេមើលឃើញតម្លៃវាមិនខុសគ្នាប៉ុន្មានណា»។
បើតាមលោកស្រី យ៉ាង សុភ័ណ្ឌ មានកំណើនរោងចក្រផលិតផលិតផលធ្វើដំណើរជាងមុន ខណៈផលិតផលសម្លៀកបំពាក់របស់កម្ពុជារងទណ្ឌកម្មមួយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
លោកស្រីបញ្ជាក់ថា៖ «វាអាចថារោងចក្រមួយចំនួនដែលគាត់ធ្វើនៅក្នុងវិស័យសម្លៀកបំពាក់និងស្បែកជើងហ្នឹង ហើយរោងចក្ររបស់គាត់មានបញ្ហាពាក់ព័ន្ធនឹងការបិទ ឬក៏មិនមាន order កម្មង់ទិញអីជាដើម គាត់ផ្លាស់មុខរបរគាត់ ទៅធ្វើកាបូបអីវិញអីអញ្ចឹងទៅ»។
ប្រធានសហភាពចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា មានប្រសាសន៍ថា លោកក៏ឃើញមានកំណើននៃការផលិតផលិតផលធ្វើដំណើរផងដែរ ដោយមានអ្នកវិនិយោគថ្មី មិនមែនម្ចាស់ដែលបិទរោងចក្រ ដោយសាររងគ្រោះពីការដកដោយផ្នែកនៃប្រព័ន្ធអនុគ្រោះពន្ធ EBA (Everything But Arms) នោះទេ។
លោក ប៉ាវ ស៊ីណា អំពាវនាវឲ្យរដ្ឋាភិបាលបន្តរក្សាប្រព័ន្ធអនុគ្រោះពន្ធ GSP នេះ ដោយសារវាប៉ះពាល់ដល់អ្នករកស៊ីនៅកម្ពុជា ដែលបារម្ភអំពីការបង់ពន្ធ ពេលនាំចូលទីផ្សារអាមេរិក។
កាលពីខែសីហា ឆ្នាំមុន សហភាពអឺរ៉ុបបានបន្ថយការអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ដោយចាប់ផ្ដើមយកពន្ធចំនួន ២០ ភាគរយលើទំនិញកម្ពុជា ជាការឆ្លើយតបនឹង «ការរំលោភបំពានជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» លើសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ក្រោយការចាប់ខ្លួនលោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ មានប្រសាសន៍ថា «វាមានភាពផុយស្រួយ» ដោយសារសមាជិកសភាអាមេរិកធ្លាប់ស្នើឲ្យពិចារណាលើការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះមកកម្ពុជា។
ដូច្នេះលោកថា ពិបាកក្នុងការព្យាករទុកជាមុនថា អាមេរិកនឹងសម្រេចយ៉ាងណា។ លោកបន្តថាអនាគតរដ្ឋបាលអាមេរិកថ្មីដែលមានលោក Joe Biden ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សប្រជាធិបតេយ្យ នឹងផ្តោតលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យខ្លាំងជាងរដ្ឋបាលរបស់លោកDonald Trump។
លោកមានប្រសាសន៍ថា៖ «ខ្ញុំគិតថា រឿងដែលកម្ពុជាគួរតែធ្វើហ្នឹង គឺត្រូវធានាឲ្យបាននូវការលើកកម្ពស់សិទ្ធិការងារ ហើយនិងលក្ខខណ្ឌការងារសម្រាប់កម្មករនយោជិតនៅក្នុងវិស័យហ្នឹង…តែខ្ញុំគិតថាសហរដ្ឋអាមេរិកគួរតែមានការពិនិត្យឡើងវិញឲ្យបានល្អិតល្អន់ សម្រាប់ដំណើរការនៅក្នុងការអនុម័ត ក៏ដូចជាសម្រេចណាមួយនៅក្នុងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធហ្នឹងសាជាថ្មី»។
កាលពីឆ្នាំ ២០១៩ តំណាងរាស្ត្រសហរដ្ឋអាមេរិកពីររូបគឺលោក Alan Lowenthal និងលោក Steve Chabot បានស្នើច្បាប់ថ្មីមួយដែលទាមទារឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ថ្លឹងថ្លែងរវាងការខូចខាតលទ្ធិប្រជាធិបតេយ្យ និងការណ៍ដែលកម្ពុជាបន្តទទួលបានឋានៈអនុគ្រោះពន្ធ GSP នៅចំពេលមានការបន្តរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
កាលពីខែកញ្ញា ឆ្នាំមុន លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានប្រាប់ VOA ថា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះនេះ ប្រទេសនីមួយៗត្រូវគោរពស្តង់ដារខ្ពស់សម្រាប់ការងារ ដូចជាលក្ខខណ្ឌការងារ និងការគោរពសិទ្ធិក្នុងការបង្កើតសហជីព និងការចូលរួមជាមួយសហជីពជាដើម។
បើតាមស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា អាមេរិកបានផ្តល់ឲ្យកម្ពុជានូវការអនុគ្រោះផ្នែកពាណិជ្ជកម្មនៅក្រោមកម្មវិធីនៃប្រព័ន្ធអនុគ្រោះទូទៅ GSP ដែលជាការធ្វើឲ្យកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដោយមិនបង់ពន្ធគយនូវទំនិញជាង ៥ ពាន់មុខ។ នៅក្រោម GSP នេះ កម្ពុជាបាននាំទំនិញសម្រាប់ការធ្វើដំណើរដែលមានតម្លៃជិត ១ ពាន់លានដុល្លារ ទៅកាន់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៩៕