ប្រតិកម្មអន្តរជាតិដល់ការវាយប្រហារតាមអាកាសរួមគ្នារបស់សហរដ្ឋអាមេរិក បារាំងនិងចក្រភពអង់គ្លេសប្រឆាំងនឹងទីដៅនានាក្នុងប្រទេសស៊ីរីកាលពីព្រឹកថ្ងៃសៅរ៍មានចាប់តាំងពីការគាំទ្ររហូតដល់ការរិះគន់យ៉ាងខ្លាំង ដែលភាគច្រើនផ្អែកលើប្រទេសដែលមានប្រតិកម្មនោះមកពីណា។
ក្រសួងការពារប្រទេសសហរដ្ឋអាមេរិកបានប្រាប់ឲ្យដឹងថា ការវាយប្រហារបានត្រូវចំទីដៅ៣ដែលត្រូវបានគេជឿជាក់ថាមានជាប់ទាកទិននឹងការផលិតអាវុធគីមីនិងជីវសាស្រ្ត។ ការវាយប្រហារជាការសងសឹកចំពោះការវាយប្រហារដែលគេសង្ស័យថា ជាអាវុធគីមីនៅជិតទីក្រុងដាម៉ាសកាលពីចុងសប្តាហ៍មុនដែលបានសម្លាប់មនុស្សជាង៤០នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានសរសើរចក្រភពអង់គ្លេសនិងបារាំងចំពោះការចូលរួមការវាយប្រហារតាមអាកាសនេះ។
លោកប្រធានាធិបតីបានផ្ញើរសារតាមប្រព័ន្ធ Twitter ថា៖ «ការវាយប្រហារកាលពីយប់មិញបានត្រូវចំទីដៅដ៏ល្អឥតខ្ចោះ។ អរគុណដល់ប្រទេសបារាំងនិងចក្រភពអង់គ្លេសចំពោះគតិបណ្ឌិតរបស់ពួកគេនិងកម្លាំងយោធារបស់ពួកគេ។បេសកកម្មបានទទួលជោគជ័យ»។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Nikki Halley ប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍នៅឯជំនួបក្នុងគ្រាហ៍អាស័ន្នរបស់ក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិថាលោកប្រធានាធិបតីត្រាំបានជូនដំណឹងដល់លោក ស្រីថា «សហរដ្ឋអាមេរិកបានធ្វើការប្រុងប្រៀបវាយប្រហារដ៏ធំ ប្រសិនបើ ស៊ីរីប្រើអាវុធគីមីម្តងទៀត»។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសស៊ីរីបានប្រាប់ឲ្យដឹងថា «ខ្លួនថ្កោលទោសការវាយប្រហារដ៏ព្រៃផ្សៃរបស់អាមេរិក បារាំងនិងអង់គ្លេសប្រឆាំងនឹងប្រទេសស៊ីរីដែលរំលោភច្បាប់អន្តរជាតិ»៕