ចលនា​សាកល​ធ្វើ​ការ​តាម​អ៊ីនធឺណិត​នៅ​ក្រៅ​ការិយាល័យ​បង្កើន​ការ​ប្រថុយ​ប្រថាន​ខាង​សន្តិសុខ

បុរស​ម្នាក់​បើក​ទំព័រ​ហ្វេសប៊ុក​នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន​ដើម្បី​មើល​ព័ត៌មាន​ពី​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ក្រុង Abuja ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

នៅ​ពេល​ដែល​ប្រទស​ជាច្រើន​ខិត​ខំប្រឹង​ប្រែង​គ្រប់គ្រង​ការ​រាតត្បាត​សាកល​នៃ​មេរោគ​កូរ៉ូណា​ដោយ​បញ្ជា​ឱ្យ​នៅ​ក្នុង​ផ្ទះ​នោះ​ មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​ពិភពលោក​បាន​ប្រើ​បណ្តាញ​អ៊ីនធឺណិត​ដើម្បី​ធ្វើការ​រៀនសូត្រ​ និង​ស្វែង​រក​ព័ត៌មាន។

បើ​តាម​ទិន្នន័យ​វិភាគ​ដោយ​ក្រុម​ហ៊ុន​ Ookla ​ដែល​ជា​ក្រុម​ហ៊ុនមួយ​វាស់វែង​និន្នាការ​ Online ​ថា​កាល​ពី​ថ្ងៃ​ចន្ទ ​ទី៦ ​ខែមេសា ​ចំនួន​នៃ​ការ​ប្រើ​អ៊ីនធឺណិត​សាកល​បាន​កើន​ឡើង​ជាង​៤០%​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក។​

នៅ​ពេល​ដែល​ក្រុម​អ្នក​ធ្វើការ​ងារ​ ពួក​និស្សិត​និងពួក​អ្នក​កាសែត​ប្រើ​អ៊ីនធឺណិត​ដើម្បី​ធ្វើការ​ប្រជុំ​គ្នា​ចូល​រួម​ក្នុង​ការ​បង្រៀន​និង​ផ្តល់​កិច្ចការ​នោះ​ លទ្ធភាព​ដែល​មាន​ការ​លួច​ចូល​ទៅ​ក្នុង​គណនី​តាម​អ៊ីនធឺណិត​ដើម្បី​មើល​ទិន្នន័យ​ក៏​មាន​ច្រើន​ជាង​មុន​ដែរ។​

របាយ​ការណ៍​មួយ​ដោយ​ Citizen Lab ​ដែល​ជា​ក្រុម​ស្រាវ​ជ្រាវ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កាណាដា​បាន​រក​ឃើញ​ថា ​សូម្បី​នៅ​មុន​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩​ក៏ដោយ​ ក៏​ពួក​អ្នក​លួច​ចូល​ទៅ​មើល​ទិន្នន័យ​តាម​បណ្តាញ​ អ៊ីនធឺណិត​បាន​យក​ពួក​សមាជិក​សង្គម​ស៊ីវិល​ដោយ​មាន​រួម​បញ្ចូល​ទាំង​ក្រុម​អ្នក​កាសែត​ផង​ជា​ទី​ដៅនៃ​ការ​វាយ​ប្រហារ។

នៅ​ក្នុង​ទ្វីប​ អាហ្វ្រិក ​រដ្ឋាភិបាល​នានា​បាន​ប្រើប្រាស់​គេហទំព័រ​មាន​ប្រជា​ប្រិយភាព​ដើម្បី​វាយ​ប្រហារ​ពួក​មេ​ដឹកនាំ​ក្រុម​ប្រឆាំង ​និង​កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ​ពួក​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ថា​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​នឹង​បន្ត​កើន​ច្រើន​ថែម​ទៀត​នៅ​ពេល​ទំនាក់​ទំនង​ប្តូរ​មក​ធ្វើ​តាម​អ៊ីនធឺណិត។​

លោក​ Mark Ostrowski ​ជា​ប្រធាន​ផ្នែក​វិស្វកម្ម​របស់​ស.រ.អា.​នៃ​ក្រុម​ហ៊ុន​សន្តិសុខ​ខាង​អ៊ីនធឺណិត​ឈ្មោះ​ Check Point Software Technologies។ ​លោក​បាន​និយាយ​ប្រាប់​ VOA ​ថា​គេ​រំពឹង​ថា​នឹង​មាន​កំណើន​ការ​លួច​ចូល​មើល​ទិន្នន័យ​ និង​ការ​បោក​បញ្ឆោត​តាម​អ៊ីនធឺណិត។​

ក្រុមហ៊ុន​របស់​លោក​ Ostrowski ​បាន​ស្រាវ​ជ្រាវ​អំពី​ភាពងាយ​រង​គ្រោះ​ខាង​សន្តិសុខ​និង​ជួយ​អង្គការ​នានា​ដោះស្រាយ​បញ្ហា​ទាំង​នេះ។​

លោក​ Ostrowski ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​សេវា​និង​ apps ​មាន​ប្រជាប្រិយភាព​កាន់​តែ​ច្រើន ​ពួក​អ្នក​ប្រើប្រាស់​ក៏​អាច​មាន​ការ​ប្រថុយ​ច្រើន​ដែរ​ដល់​ឯកជន​ភាព ​ហិរញ្ញវត្ថុ និង​សេរីភាព​ខាង​ការ​និយាយ​ស្តី​បញ្ចេញ​មតិ។​

ទុក​ចិត្ត​នរណា​ដែល​អ្នក​មិន​គួរ​ទុកចិត្ត​

ក្រុមហ៊ុន​របស់​លោក ​Ostrowski ធ្វើការ​ជាមួយ​អង្គការ​នានា​ដើម្បី​ប្រាប់​ពួកគេ​ឱ្យ​ដឹង​អំពី​ភាព​ចន្លោះ​ប្រហោង​នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ​របស់​ពួក​គេ។​ ឧបករណ៍​ដូចជា ​WhatsApp ​ជាដើម​អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ចែក​ចាយ​វីដេអូ។​ ក៏ប៉ុន្តែ​សំណុំ​ឯកសារ​អាច​មាន​លេខ​សម្ងាត់ដែល​គេអាច​លួច​មើល​និង​បញ្ជូន​ទិន្នន័យ។

ឧបករណ៍​ភាគ​ច្រើន​កែប្រែ​ព័ត៌មាន​ឬ​ទិន្នន័យ​ឱ្យ​ទៅ​ជា​លេខ​សម្ងាត់​ហៅ​ថា​ encryption ​ដែល​ជា​បច្ចេកវិទ្យា​មួយ​បែប​ដែល​ធ្វើ​ការ​ទាក់ទង​គ្នា​មាន​លក្ខណៈ​ឯកជន។ ​ការណ៍​នេះ​ធ្វើ​កុំ​ឱ្យ​ភាគី​ទីបី​ដោយ​មាន​រួម​បញ្ចូល​ទាំង​រដ្ឋាភិបាល​ផង​លប​ស្តាប់​ការ​សន្ទនា​គ្នា។​

លោក ​Ostrowski​ បាន​និយាយ​ប្រាប់​ VOA ​ថា​ បញ្ហា​ខាង​សន្តិសុខ​ជា​ច្រើន​កើត​មាន​ឡើង​ទាក់​ទង​នឹង​កម្មវិធី​កុំព្យូទ័រ ​មិន​មែន​ជាមួយ​ encryption​ ទេ។​

ការណ៍​នេះ​មាន​ន័យ​ថាពួក​អ្នក​លួច​ចូល​មើល​ទិន្នន័យ​តាម​អ៊ីនធឺណិត​មិន​ចាំបាច់​បំបែក​ encryption ​ដើម្បី​ធ្វើ​ការ​វាយ​ប្រហារ​ទេ។ ​ពួក​គេ​គ្រាន់តែ​បញ្ឆោត​មនុស្ស​ដែល​ពួក​គេ​ទាក់ទង​ជាមួយ។​

លោក​ Ostrowski ​បាន​និយាយ​ថា៖​ «ដោយ​សារ​ពួក​អ្នកលួច​ចូល​មើល​ទិន្នន័យ​តាម​អ៊ីនធឺណិត​បាន​បង្កើត​ encryption ​នៅ​មុន​ការ​បញ្ជូន​ទៅ​ឱ្យ​អ្នក​ម្ខាង​ទៀត​ អ្នក​ម្ខាង​ទៀត​នេះ​គ្រាន់​តែ​បើក​អ្វី​ដែល​បាន​ត្រូវ​បង្កើត​នៅ​ក្រោយ​វា​ឆ្លង​កាត់​ encryption ​រួច​ហើយ​នោះ​ នោះ​គេ​អាច​លួច​បាន»។​

លោក​បាន​និយាយ​បន្ថែម​ថា៖​ «គេ​បញ្ឆោត​ឲ្យ​លោក​អ្នក​ទុកចិត្ត​នរណា​ម្នាក់​ដែល​លោក​អ្នក​មិន​គួរ​ទុក​ចិត្ត»។​

លោក Ostrowski​ បាន​និយាយ​ថា​ការ​ធ្វើ​ឱ្យ​មាន​សុវត្ថិភាព​នៅ​ពេល​ប្រើ​អ៊ីនធឺណិត​គឺ​ត្រូវមាន​ការ​ប្រុង​ប្រយ័ត្ន​ជា​ពិសេស​នៅ​ពេលមាន​វិបត្តិ​បច្ចុប្បន្ន​នេះ​នៅ​ពេល​យើង​ប្រើ​អ៊ីនធឺណិត​ច្រើន​ជាង​មុន​ក្នុង​ជីវភាព​របស់​យើង។

ជា​កុសល​ល្អ​ ការ​ប្រុង​ប្រយ័ត្ន​អាច​ជួយ​ឱ្យ​យើង​មាន​សុវត្ថិភាព​ក្នុង​រយៈពេល​យូរ។

លោក​ Ostrowski ​បាន​និយាយ​ថា៖​ «និយាយ​ឲ្យ​ចំ​ អ្នក​មើល​ការ​ខុស​ត្រូវ​ដល់​ឯកជន​ភាព​របស់​យើង​គឺ​លោក​អ្នក​ និង​ខ្ញុំ»៕​

ប្រែសម្រួល​ដោយ​ ពិន ស៊ីសុវណ្ណ