បទសម្ភាសន៍៖ ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​សាកលលោក​ត្រូវ​ការ​សកម្មភាព​បន្ថែម​ទៀត

អ្នកស្រី Delia Ferreira Rubio ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ ពេលផ្តល់បទសម្ភាសន៍ឲ្យវីអូអេ។

កំណត់​និពន្ធ៖ ក្នុង​សប្តាហ៍​ទី​២​នៃ​ខែ​ធ្នូ​នេះ អង្គការ​តម្លាភាព​អន្តរជាតិ​បាន​ប្រារព្ធ​សន្និសីទ​អន្តរជាតិ​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​មាន​ការ​ចូលរួម​ពី​អ្នក​តំណាង​មក​ពី​ ១៤០ ប្រទេស​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ជា​សាកល​លើ​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ និង​ស្វែងរក​វិធី​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​អនុវត្ត និង​បុគ្គល​ពុករលួយ។​ លោក Akmal Dawi នៃ​វីអូអេ បាន​សម្ភាសន៍​អ្នកស្រី Delia Ferreira Rubio ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ នៅឯ​សន្និសីទ​អន្តរជាតិនោះ។ តទៅនេះ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​បទសម្ភាសន៍​នេះ​ជា​ខេមរភាសា។

VOA:​ សូម​ជម្រាបសួរ អ្នកស្រី Delia Ferreira Rubio។ តើ​អ្នក​ស្រី​អាច​ជម្រាប​បាន​ទេ​ថាតើ​សន្នីសិទ​រយៈពេល ៥ ​ថ្ងៃនេះ សម្រេច​បាន​លទ្ធផល​អ្វី​ខ្លះ?

អ្នកស្រី Rubio:​ ខ្ញុំ​គិត​ថា យើង​ទទួល​បាន​អ្នក​ចូលរួម ២.០០០ នាក់​ មក​ពី​ជុំវិញ​ពិភពលោក មិន​មែន​ត្រឹមតែ​អ្នក​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​មក​ពី​អង្គការ​តម្លាភាព​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​មាន​អង្គការ​ និង​បុគ្គល​ជាច្រើន​ផ្សេង​ទៀត ហើយ​វា​ច្បាស់​ណាស់​ថា នេះ​ជា​កិច្ចប្រឹងប្រែង​រួម​គ្នា។ វិធី​តែ​មួយគត់​ក្នុង​ការ​យក​ឈ្នះ​អំពើ​ពុករលួយ​គឺ​ការ​ធ្វើ​ការ​រួម​គ្នា រួម​ទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ពលរដ្ឋ​ផង​ដែរ។

VOA: តើ​អ្នកស្រី​ឮ​អ្វី​ខ្លះ​ពី​អ្នក​តំណាង និង​រដ្ឋាភិបាល​ទាំង​នោះ? តើ​អ្នកស្រី​ឮ​ការ​ធានា​យ៉ាង​ម៉ឺងម៉ាត់​ថា ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​នឹង​បន្ត ហើយ​ថា នឹង​មាន​វិធានការ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ពុករលួយ​ដែរ​ឬ​ទេ?

អ្នកស្រី Rubio:​ ចាស យើង​បាន​ឮ​ការ​ប្រកាស​ក្នុង​សន្និសីទ​នេះ​ពី​មុន ហើយ​អ្វី​ដែល​យើង​ចង់​មើល​ឃើញ​គឺ​សកម្មភាព។ ជា​ឧទាហរណ៍ បេក្ខជន (នយោបាយ) និយាយ​ថា «ខ្ញុំ​នឹង​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ» ហើយ​ក្រោយ​មក​ពួកគេ​ភ្លេច​ពី​ការ​សន្យា​នោះ និង​ចាប់ផ្តើម​ធ្វើ​អ្វី​ផ្សេង។ ដូច្នេះ យើង​ត្រូវ​ការ​សកម្មភាព​នៅ​ពេល​នេះ។ ក្នុង​នាម​សង្គម​ស៊ីវិល យើងមិន​ពេញ​ចិត្ត​នឹង​ការ​សន្យា និង​ការ​ប្រកាស​នេះ​ទេ។ យើង​ត្រូវ​ការ​សកម្មភាព។ យើង​ត្រូវ​ការ​ពួកគេ​ការពារ​សុចរិតភាព ត្រូវ​ការ​ពួកគេ​ឆ្លើយតប​នៅ​ពេល​មាន​បុគ្គល​ខ្លះ​ប្រើប្រាស់​អំណាច (និង) ប្រើ​ឥទ្ធិពល​ដើម្បី​គេច​ពី​ទណ្ឌកម្ម ឬ​អ្វី​មួយ​ស្រដៀង​នេះ។ ខ្ញុំ​តែងតែ​និយាយ​ថា យើង​ត្រូវ​ប្រយុទ្ធប្រឆាំង​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម សុចរិតភាព​ជាង​មុន មាន​និទណ្ឌភាព​តិច​ជាង​មុន និង​ភាព​ខុស​គ្នា​តិច​ជាង​មុន។ កត្តា​និទណ្ឌភាព​នេះ​មាន​ន័យ​ថា រដ្ឋាភិបាល និង​តុលាការ​គួរ​អនុវត្ត​ច្បាប់ និង​កាត់ទោស និង​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​មិន​ថា​ពួកគេ​មាន​អំណាច​កម្រិត​ណា​នោះ​ទេ។​

VOA: អ្នកស្រី​និយាយ​អំពី​ទណ្ឌកម្ម។ សម្រាប់​មនុស្ស​មួយ​ចំនួន អំពើ​ពុករលួយ​គឺ​ដូចជា​ភេរវកម្ម​អ៊ីចឹង។ ដូច្នេះ​មាន​មនុស្ស​ដែល​រដ្ឋាភិបាល​នឹង​ចាត់​ទុក​ជា​ភេរវជន ប៉ុន្តែ​សម្រាប់​មនុស្ស​ផ្សេង​ទៀត ពួកគេ​គឺ​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព។ ប្រទេស​មួយ​ចំនួន​ពុករលួយ​ជាង​ប្រទេស​ផ្សេង ហើយ​មាន​ទណ្ឌកម្ម​ដាក់​លើ​ប្រទេស​ជាក់លាក់​មួយ​ចំនួន​ដែរ។ មាន​ការ​លើក​ហេតុផល​ថា អំពើ​ពុករលួយ​ជា​បញ្ហា​ក្នុង​ស្រុក​ដែល​រដ្ឋាភិបាល​គួរ​ប្រយុទ្ធប្រឆាំង​តាមរយៈ​យន្តការ​សង្គម​ស៊ីវិល​របស់​ពួកគេ​ជាជាង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ។ តើ​អ្នកស្រី​ឆ្លើយតប​យ៉ាង​ដូចម្តេច?

អ្នកស្រី Rubio: អំពើ​ពុករលួយ​ជា​បញ្ហា​សាកល។ ប្រទេស​ទាំង​នោះ​ដែល​ជា​ប្រទេស​មាន​តម្លាភាព​យោង​តាម​សន្ទស្សន៍​ពុករលួយ​របស់​យើង មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ឈប់​អំពើ​ពុករលួយ​ជា​សាកល​នេះ ដោយសារ​នេះ​ជា​បណ្តាញ​មួយ។ នេះ​ជា​បណ្តាញ​អ្នក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដែល​ប្រព្រឹត្ត​ដើម្បី​ប្រាក់​ចំណេញ​ផ្ទាល់​ខ្លួន និង​កេងចំណេញ​ពី​ចន្លោះ​ប្រហោង​ច្បាប់​ទាំង​អស់។ យើង​ត្រូវ​តែ​ឱ្យ​ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​មាន​តម្លាភាព​ឱ្យ​ចូលរួម​ដើរ​តួ​ក្នុង​នាម​ជា​អ្នក​ទប់ស្កាត់​ដើម្បី​បញ្ឈប់​សកម្មភាព​នេះ។

VOA: អ្នកស្រី​បាន​ឮ​លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋអាមេរិក​នៅ​ពេល​ចាប់​ផ្តើម​សន្និសីទ​នេះ​និយាយ​ថា ទ្រព្យ​សម្បត្តិ​ជាង ៣០ ពាន់​លាន​ដុល្លារ​អាមេរិក​របស់​ក្រុម​អភិជន​រុស្ស៊ី​ត្រូវ​បាន​បង្កក​នៅ​ប្រទេស​លោក​ខាង​លិច។ តើ​នេះ​ជា​សកម្មភាព​ដែល​អ្នកស្រី​ចង់​ឃើញ​មែន​ទេ?

អ្នកស្រី Rubio: ចាស ប៉ុន្តែ​មិន​ត្រឹម​តែ​បង្កក​ទេ។ ពួកគេ​ត្រូវ​រឹបអូស ហើយ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​លួចនេះ​គួរ​ប្រគល់​ត្រឡប់​ទៅ​ពលរដ្ឋ​ក្រីក្រ​ក្នុង​ប្រទេស​នោះ​វិញ​ជាមួយ​នឹង​ការ​ធានា។ នេះ​ជា​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​មក​វិញ។ តើ​អ្នក​ណា​ទទួល​ខុស​ត្រូវ​លើ​ការ​ប្រើប្រាស់​មូលនិធិ​ទាំង​នោះ? ទ្រព្យ​សម្បត្តិ​ទាំង​នេះ​ត្រូវ​ប្រគល់​ត្រឡប់​ទៅ​ប្រទេស​នោះ​វិញ ប៉ុន្តែ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ជា​រឿង​ដ៏​សំខាន់​មួយ។

VOA: ដោយសារ​ឥឡូវ​នេះ​អ្នកស្រី​បាន​នាំ​យក​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មក​លើ​ឆាក​អន្តរជាតិ​ ដែល​មាន​តួអង្គ​អន្តរជាតិ​ផ្សេងៗ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​កន្លែង​ដែល​មាន​អំពើ​ពុករលួយ តើ​អ្នកស្រី​មាន​ឧបករណ៍​ស្ថាប័ន​អន្តរជាតិ និង​ភាព​ស្រប​ច្បាប់​ចាំបាច់​ដែល​អ្នកស្រី​អាច​ប្រើប្រាស់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

អ្នកស្រី Rubio: មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ធ្វើ និង​មាន​ដំណើរការ​ជាច្រើន និង​ប្រហែល​ត្រូវ​ការ​ច្បាប់​ដែល​ត្រូវ​អនុម័ត​ដើម្បី​ធានា​ដល់​ដំណើរការ​ផ្សេង​ទៀត​ ពាក់ព័ន្ធ​នឹង​ការ​បង្កក​ទ្រព្យ​សម្បត្តិ​ទាំង​នេះ។ ឥឡូវ​នេះ​យើង​អាច​បន្ត​ការងារ​ទៅ​មុខ​ទៀត។ ក្នុង​ពេល​នេះ យើង​មាន​អនុសញ្ញា​ច្រើន​ដែល​ចុះ​ហត្ថលេខា​ដោយ​ប្រទេស​ស្ទើរ​តែ​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​ដូចជា អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ប្រឆាំង​អំពើ​ពុករលួយ (UNCAC)។ យើង​មាន​អនុសញ្ញា​ប្រឆាំង​អំពើ​ពុករលួយ​ថ្នាក់​តំបន់។ យើង​មាន​អនុសញ្ញា​ប្រឆាំង​នឹង​ការ​សូកប៉ាន់​បរទេស។ ​យើង​មាន​ទីភ្នាក់ងារ​ប្រឆាំង​អំពើ​ពុករលួយ។ យើង​មាន​តុលាការ​ឯករាជ្យ​នៅ​ក្នុង​ប្រទេស​ជាច្រើន។ ហើយ​នេះ​ជា​ចំណុច​គន្លឹះ​នៅ​ក្នុង​ដំណើរការ​នេះ​ដោយសារ​តុលាការ​ជាតិ​សម្រេច​ប្រើប្រាស់​ច្បាប់​ក្នុង​ស្រុក និង​ក្រោម​ឆ័ត្រ​អនុសញ្ញា​អន្តរជាតិ​ទាំង​នេះ។ ការងារ​នេះ​មិន​ទាន់​បញ្ចប់​ទេ។ នេះ​ជា​ការងារ​ស្ថិត​ក្នុង​ដំណើរការ ដូច​ស្ថាប័ន​ច្បាប់​ទាំង​អស់​ដែរ។ ច្បាប់​កំពុង​បង្កើត​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​ដើម្បី​ធ្វើ​ឱ្យ​ស្ថានភាព​ល្អ​ប្រសើរ​ជាង​មុន។ ខ្ញុំ​គិត​ថា មាន​ការងារ​ជាច្រើន​ត្រូវ​ធ្វើ​ រួម​ទាំង​ការ​ពិភាក្សា​លើ​តុលាការ​ប្រឆាំង​អំពើ​ពុករលួយ​អន្តរជាតិ។ យើង​នៅ​អង្គការ​តម្លាភាព​អន្តរជាតិ​កំពុង​ស្រាវជ្រាវ​លើ​លទ្ធភាព​នេះ ប៉ុន្តែ​យើង​ក៏​បង្កើន​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ស្ថាប័ន​ថ្នាក់​តំបន់​ដើម្បី​ធានា​ដល់​ការ​អនុវត្ត​អនុសញ្ញា​ទាំង​នេះ​ផង​ដែរ។

VOA: អ្នកស្រី​ច្បាស់​ជា​កំពុង​ស្វែងរក​មតិ​រួម​ជា​សាកល​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​អំពើ​ពុករលួយ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ជាង​នេះ។ នៅ​ក្នុង​សន្និសីទ​នេះ​ មិន​មាន​អ្នក​តំណាង​មក​ពី​រដ្ឋាភិបាល ឬ​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​ដូចជា​រុស្ស៊ី ចិន និង​អ៊ីរ៉ង់​នោះ​ទេ។

អ្នកស្រី Rubio: យើង​មាន​សង្គម​ស៊ីវិល​មក​ពី​រុស្ស៊ី។ យើង​មាន​ស្ត្រី​ម្នាក់​ដែល​ទទួល​ខុសត្រូវ​លើ​ការ​ស៊ើបអង្កេត​នៅ​ក្នុង​មូលនិធិ Navalny ហើយ​គាត់​កំពុង​ធ្វើ​ការ​ជាមួយ​យើង។

VOA: ចុះ​ប្រទេស​អ៊ីរ៉ង់ ចិន អាហ្វហ្គានីស្ថាន? យើង​ជារឿយៗ​ដឹង​ឮ​ថា​ ប្រទេស​ទាំង​នេះ​មាន​អំពើ​ពុករលួយខ្លាំង។ តើ​អ្នកស្រី​បាន​ជួប​នរណា​ម្នាក់​មក​ពី​ប្រទេស​ទាំង​នោះ​ដែរ​ឬ​ទេ?

អ្នកស្រី Rubio: ខ្ញុំ​មិន​ច្បាស់​ថា ពួកគេ​មក​ចូលរួម​ក្នុង​សន្និសីទ​នេះ​ឬ​អត់​នោះ​ទេ។ យើង​មាន​សាខា​មួយ​ដែល​ឥឡូវ​នេះ​ត្រូវ​បាន​បិទ​ទៅ​វិញ​នៅ​ក្នុង​ប្រទេស​ចិន។ យើង​បាន​ធ្វើ​ការ​ជាមួយ​ពួកគេ​ច្រើន​ឆ្នាំ​ហើយ។ យើង​ត្រូវ​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ឯករាជ្យ ហើយ​នៅ​ពេល​យើង​ឃើញ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​អង្គការ​ដោយ​រដ្ឋាភិបាល​ពុករលួយ ឬ​របប​ផ្តាច់​ការ នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​ធ្វើ​ការ​ជាមួយ​នោះ​ទេ។ ប៉ុន្តែ​សន្និសីទ​នេះ​បើក​ទ្វារ​សម្រាប់​គ្រប់​គ្នា​ដែល​ចង់​ចុះ​ឈ្មោះ និង​មក​ទីនេះ និង​និយាយ​ជាមួយ​យើង។ អ្វី​ដែល​យើង​ចង់​បាន​ច្បាស់​ណាស់​គឺជា​គុណតម្លៃ​ប្រជាធិបតេយ្យ តម្លាភាព និង​សុចរិត។ យើង​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ដោយសារ​មូលហេតុ​សាមញ្ញ​មួយ ដោយសារ​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​មាន​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ សេរីភាព​ប្រមូលផ្តុំ ការ​ធ្វើ​ការ​ដោយ​សេរី​ក្នុង​សង្គម​ទាំង​មូល។ យើង​មិន​អាច​ទទួល​យក​របប​នេះ​ទេ។ យើង​ធ្វើ​ការ​ដើម្បី​គុណ​តម្លៃ​ប្រជាធិបតេយ្យ ហើយ​ខ្ញុំ​នៅ​តែ​អះអាង​អំពី​គុណ​តម្លៃ​នេះ ហើយ​យើង​ប្រកាន់​ខ្ជាប់គុណ​តម្លៃ​នេះ​ខ្លាំង​ណាស់។

VOA: អ៊ីចឹង តើ​មាន​ប្រទេស​ដែល​មិន​មាន​អំពើ​ពុករលួយ​នៅ​ក្នុង​ផ្នែក​ណា​មួយ​ក្នុង​ពិភពលោក​នេះ​ដែរ​ឬ​ទេ?

អ្នកស្រី Rubio: អត់​ទេ ច្បាស់​ណាស់​មិន​មាន​ទេ។ សន្ទស្សន៍​អំពើ​ពុករលួយ​របស់​យើង​ដាក់​ចំណាត់​ថ្នាក់​ប្រទេស​ពី​ ១០០ ដែល​អាច​ចាត់​ទុក​ថា​ជា​មាន​តម្លាភាព​បំផុត​រហូត​ដល់ ០ ដែល​អាច​ចាត់​ទុក​ថា​ជា​ប្រទេស​ពុករលួយ​នៅ​ក្នុង​វិស័យ​សាធារណៈ។ វា​ជា​សន្ទស្សន៍​ពុករលួយ​ក្នុង​វិស័យ​សាធារណៈ។ ហើយ​ច្បាស់​ណាស់ មិន​មាន​ប្រទេស​ណា​ទទួល​បាន​ពិន្ទុ ១០០ នោះ​ទេ។ ដូច្នេះ​ វា​មិន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ អំពើ​ពុករលួយ​អាច​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ទាំង​អស់​នៅ​ជុំវិញ​ពិភពលោក​ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច​ដែល​មាន​ប្រជាធិបតេយ្យ​ខ្លាំង ប្រទេស​អភិវឌ្ឍន៍ និង​សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ដូច​ដែល​ខ្ញុំ​បាន​លើក​ឡើង​ ក៏​អាច​មាន​ករណី​អំពើ​ពុករលួយ​ដូច​គ្នា។ មាន​ភាព​ខុស​គ្នា​រវាង​ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​តម្លាភាព​ទាំង​នោះ និង​ប្រទេស​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​មាន​អំពើ​ពុករលួយ ហើយ​ភាព​ខុស​គ្នា​ស្ថិត​នៅ​ត្រង់​ថា​ ពួកគេ​ឆ្លើយតប​ដូចម្តេច ​នៅ​ពេល​មាន​ករណី​អំពើ​ពុករលួយ។

នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ពួកគេ​អនុវត្ត​ច្បាប់ តុលាការ​ចេញ​សេចក្តី​សម្រេច ប្រសិនបើ​ពួកគេ (តួអង្គ​ពុករលួយ) ត្រូវ​ជាប់​ពន្ធនាគារ ពួកគេ​ត្រូវ [ចាប់​បញ្ជូន] ទៅ​ពន្ធនាគារ។ ប្រសិនបើ​ពួកគេ​ត្រូវ​បង់​ប្រាក់​ពិន័យ ពួកគេ​ត្រូវ​តែ​បង់​ប្រាក់​ពិន័យ។ នៅ​ក្នុង​ប្រទេស​ផ្សេង​ទៀត មិន​មាន​ការ​ឆ្លើយតប​ពី​ស្ថាប័ន​នោះ​ទេ ឬ​ជួនកាល​ត្រូវ​ការ​ពេល​ ២០ ឆ្នាំ​ ដើម្បី​ទទួល​បាន​សេចក្តីសម្រេច​របស់​តុលាការ [ខណៈ] ដែល​មិន​មាន​អ្នក​ណា​ម្នាក់​ចាំ​អ្វី​ដែល​យើង​កំពុង​និយាយ​ក្នុង​ករណី​នេះ ឬ​រឿង​ផ្សេង​ទៀត​នៅ​ក្នុង​សង្គម​នេះ​នោះ​ទេ។ អ្វី​ដែលយើង​និយាយ​នោះ​គឺ​ ថា​តើ​សង្គម​នេះ​ឆ្លើយតប​ដោយ​របៀប​ណា​ចំពោះ​ប្រតិកម្ម​ស្ថាប័ន ប្រតិកម្ម​សង្គម​នៅ​ពេល​មាន​អំពើ​ពុករលួយ។ នៅ​ក្នុង​ករណី​មួយ​ចំនួន ក្នុង​ប្រទេស​មួយ​ចំនួន មិន​មាន​ការ​អត់ឱន​ឱ្យ​អំពើ​ពុករលួយ​នោះ​ទេ។ នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ទៀត ពួកគេ​ពុករលួយ ប៉ុន្តែ​ពួកគេ​កំពុង​ធ្វើ​រឿង​ (ល្អ) ខ្លះ ដូច្នេះ​យើង​នៅ​បន្ត​ពឹង​ផ្អែក​លើ​អ្នក​ទាំង​នោះ។ នេះ​មិន​មែន​ជា​ការ​ឆ្លើយតប​ត្រឹមត្រូវ​នោះ​ទេ។ ប្រសិន​បើ​យើង​ចង់​បញ្ជូន​សារ​ត្រឹមត្រូវ សារ​នោះ​គឺ​ថា យើង​មិន​ទទួល​យក​អំពើ​ពុករលួយ​ទេ។

VOA: យើង​ស្ថិត​ក្នុង​ពេល​បែងចែក​គ្នា​មួយ។ មាន​សង្គ្រាម​កំពុង​កើត​ឡើង​នៅ​អ៊ុយក្រែន។ មាន​ការ​ខ្វែង​គំនិត​គ្នា​ជា​សាកល​ជាមួយ​នឹង​អ្វី​ដែល​ចិន​បាន​ធ្វើ​ចំពោះ​អ្វី​ដែល​កំពុងកើត​ឡើង​នៅ​អ៊ីរ៉ង់។ តើ​យើង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ​ឆ្ពោះ​ទៅ​រក​ពិភពលោក​មួយ​ដែល​មាន​អំពើ​ពុករលួយ​តិច​ជាង​កាល​ពី​មួយ​ឆ្នាំ​មុន​ទេ?

អ្នកស្រី Rubio: ខ្ញុំ​គិត​ថា យើង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រឹមត្រូវ។ ខ្ញុំ​គិត​ថា វា​អាច​នឹង​ផ្លាស់ប្តូរ​ស្ថានភាព។ ប៉ុន្តែ​យើង​ត្រូវ​ការ​ធ្វើ​ការ​ជាមួយ​គ្នា។ មិន​មាន​អ្នក​ណា​ទំនេរ​ពី​ការ​ប្រយុទ្ធ​នេះ​ទេ។ យើង​គ្រប់​គ្នា​គួរ​ចូលរួម។ ប្រសិន​បើ​ខ្ញុំ​មិន​មែន​ជា​អ្នក​សុទិដ្ឋិនិយម​នោះ​ទេ ខ្ញុំ​នឹង​មិន​ធ្វើ​ការ​ជាង​ ៤០ ឆ្នាំ​នៅ​លើ​ផ្លូវ​នេះ​ទេ។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ ខ្ញុំ​និយាយ​ក្នុង​ន័យ​ប្រៀបធៀប ប្រសិន​បើ​តម្លាភាព​ជា​កម្រាល​ព្រំ​ដែល​យើង​រុំ អ្វី​ដែល​យើង​មើល​ឃើញ​ក្នុង​ពេល​ជាច្រើន​គឺ​ថា មនុស្ស​អាក្រក់​កំពុង​ដើរ​តាម​ពី​ក្រោយ​យើង​រុំ​កម្រាល​ព្រំ​នៃ​អំពើ​ពុករលួយ​ ដូច​អ្វី​ដែល​ពួកគេ​ចង់​បាន។ នៅ​ពេល​យើង​បោះ​ជំហាន​ទៅ​មុខ យើង​ត្រូវ​ដាក់​វិធានការ​ឱ្យ​ដំណើរការ​ និង​អនុវត្ត​វា​ឱ្យ​បាន​តឹងរ៉ឹង។ នេះ​មាន​ន័យ​ថា សង្គម​នេះ​ត្រូវ​ដឹង​ពី​សារៈសំខាន់​នៃ​តម្លាភាព​សម្រាប់​ជីវិត​របស់​យើង​ផ្ទាល់​ក្នុង​នាម​ជា​ពលរដ្ឋ។ ជន​រងគ្រោះ​នៃ​អំពើ​ពុករលួយ​គឺ​ពលរដ្ឋ​ទាំង​អស់​ជុំវិញ​ពិភពលោក​ដោយសារ​តែ​ប្រាក់​ដែល​បាត់បង់​ដោយសារ​អំពើ​ពុករលួយ​គឺ​ប្រាក់​ដែល​បាត់បង់​នៅ​ក្នុង​វិស័យ​អប់រំ សុខាភិបាល សន្តិសុខ និង​ឱកាស​ការងារ​នា​ពេល​អនាគត។ ដូច្នេះ​ យើង​ទាំង​អស់​គ្នា​ត្រូវ​ការពារ​វា។ ច្បាស់​ណាស់ តម្លាភាព​គឺ​មិន​ដូច​ការ​រត់​ម៉ារ៉ាតុង​ដែល​មនុស្ស​គ្រប់​គ្នា​រត់​នៅ​ក្នុង​ទិសដៅ​តែ​មួយ​នោះ​ទេ។ វា​មិន​ដូច​គ្នា​ទេ។

ការ​ប្រយុទ្ធ​របស់​យើង​គឺ​ដូច​លេង​អុក​អ៊ីចឹង។ វា​ជា​ល្បែង​យុទ្ធសាស្ត្រ។ យើង​មិន​នៅ​ម្នាក់​ឯង​នោះ​ទេ​នៅ​លើ​ក្តារ​អុក។ ដូច្នេះ​ យើង​ត្រូវ​តែ​ខ្លាំង យល់ដឹង បត់បែន និង​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ផ្លាស់ប្តូរ និង​បញ្ហា​ប្រឈម​ថ្មីៗ​ដែល​យើង​កំពុង​ប្រឈម​ដើម្បី​ឆ្លើយតប​ឱ្យ​ទាន់​ពេល​ដោយសារ​យើង​មិន​នៅ​ម្នាក់​ឯង។ មាន​តួអង្គ​អាក្រក់​ជាច្រើន មួយ​ប្រភេទ​គឺ​ក្រុម​ដែល​ព្យាយាម​បញ្ឈប់​យើង និង​ព្យាយាម​បំផ្លាញ​ការ​វិវឌ្ឍ​របស់​យើង​សម្រាប់​តម្លាភាព និង​សុចរិត។ ការ​វិវឌ្ឍ​របស់​យើង​មិន​ត្រឹម​តែ​មាន​លក្ខណៈ​អន្តរជាតិ​នោះ​ទេ។ មនុស្ស​ទាំង​អស់​ជុំវិញ​ពិភពលោក​ធ្វើ​ការ​ដើម្បី​តម្លាភាព និង​សុចរិត។ តួអង្គ​អាក្រក់កំពុង​ព្យាយាម​បញ្ឈប់​យើង ហើយ​ពួកគេ​នឹង​មិន​ទទួល​ជោគជ័យ​ទេ ដោយសារ​នៅ​ទីបញ្ចប់ យើង​នឹង​ឈ្នះ ប៉ុន្តែ​យើង​ត្រូវ​បន្ត​ប្រយុទ្ធ​ត​ទៅ​ទៀត៕