ក្រុមហ៊ុនលំដាប់ពិភពលោកធំៗជាច្រើនទៀត ដូចជា ក្រុមហ៊ុន Coca-Cola និង Nike កំពុងសន្យាចាត់វិធានការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុល និងបង្កើនការប្រើប្រាស់ថាមពលស្អាតដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
រដ្ឋាភិបាលអាមេរិកបានប្រកាសកាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុនចំនួន ៦៨ បន្ថែមទៀត បានចុះហត្ថលេខាព្រមព្រៀងអនុវត្តច្បាប់ធុរកិច្ចអាមេរិកកាំងស្តីពីកិច្ចសន្យាទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដែលមកទល់នឹងពេលនេះ មានក្រុមហ៊ុនចំនួន៨១ហើយបានចូលរួម ចាប់តាំងពីកិច្ចសន្យានេះត្រូវបានដាក់ឲ្យដំណើរការកាលពីខែកក្កដាកន្លងមក។
ក្រុមហ៊ុន Nike បានសន្យាថា នឹងសម្រេចឲ្យបាន ១០០ភាគរយ នូវការប្រើថាមពលកើតឡើងវិញ នៅក្នុងរោងចក្រផលិតឬប្រតិបត្តិការរបស់ខ្លួន ត្រឹមឆ្នាំ ២០២៥។ ក្រុមហ៊ុនផ្សេងៗទៀត ដូចជា ក្រុមហ៊ុន Sony បានឲ្យដឹងថា ក្រុមហ៊ុននេះនឹងកាត់បន្ថយការប្រើប្រាស់ថាមពលប្រចាំឆ្នាំនៃផលិតផលរបស់ខ្លួន។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកអាកាសធាតុរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា គឺលោក Brian Deese បាននិយាយថា ក្រុមហ៊ុននានាបានពង្រឹងការបេ្តជ្ញារបស់ខ្លួន ខណៈពេលដែលទទួលបានលទ្ធផលល្អ ក្នុងអំឡុងពេលនៃសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីសកាលពីខែធ្នូ។
លោក Deese បាននិយាយថា «ការប្តេជ្ញានេះបង្ហាញពីសកម្មភាពជាអន្តរជាតិមួយស្តីពីការប្រែប្រួលអាកាសធាតុ ដែលមិនត្រឹមតែល្អសម្រាប់ភពផែនដីរបស់យើងប៉ុណ្ណោះទេ តែជាការល្អមួយសម្រាប់គ្រប់ភាគីពាក់ព័ន្ធ» ។
លោកបានបន្ថែមថា «វាថែមទាំងបង្ហាញថា នៅពេលដែលសហរដ្ឋអាមេរិកដឹកនាំដោះស្រាយបញ្ហាអាកាសធាតុ វាមិនត្រឹមតែធ្វើឲ្យបណ្តាប្រទេសដទៃទៀតចូលរួមអនុវត្តនិងធ្វើឲ្យមានដំណើរការវិវឌ្ឍទៅមុខប៉ុណ្ណោះទេ តែយើងក៏ឃើញមានក្រុមហ៊ុនឯកជន និងភាគីពាក់ព័ន្ធផ្សេងៗទៀត បានរួមគ្នាជាសកលក្នុងការដោះស្រាយបញ្ហានេះផងដែរ»។
សេតវិមាន បានឲ្យដឹងថា ក្រុមហ៊ុនទាំង ៨១ នោះ មានបុគ្គលិកជាង៩លាននាក់ និងបង្កើតប្រាក់ចំណូលប្រចាំឆ្នាំជាង ៣លាន-លានដុល្លារអាមេរិក។
ក្នុងអំឡុងពេលសន្និសីទកាសែតមួយកាលពីថ្ងៃច័ន្ទ នាយកផ្នែកបរិស្ថានពិភពលោករបស់ក្រុមហ៊ុន Intel Corporation លោក Todd Brady បានហៅ ការប្រែប្រួលអាកាសធាតុ ថាជាបញ្ហាប្រឈមដ៏ខ្លាំងផ្នែកបរិស្ថាន និងសេដ្ឋកិច្ច ដែលទាមទារឲ្យមានការឆ្លើយតបយ៉ាងយកចិត្តទុកដាក់ដូចគ្នា។
ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកមួយនេះបានសន្យាថា នឹងបន្តប្រើប្រាស់ថាមពលកើតឡើងវិញ ១០០ភាគរយ ក្នុងដំណើរប្រតិបត្តិការរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងបង្កើនការប្រើថាមពលកើតឡើងវិញនៅក្នុងប្រតិបត្តិការអន្តរជាតិ។ ក្រុមហ៊ុន Intel បានឲ្យដឹងផងដែរថា ខ្លួននឹងបង្កើនការដំឡើង និងការប្រើប្រាស់ថាមពលកើតឡើងវិញនៅនឹងកន្លែង ដើម្បីបង្កើនថាមពលនាពេលបច្ចុប្បន្នឲ្យបានបីដង។
លោក Brady នៃក្រុមហ៊ុន Intel បានកោតសរសើរ ដល់ការដឹកនាំរបស់រដ្ឋាភិបាល លើការដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះ។ លោកបានថ្លែងថា កិច្ចសន្យានេះបានផ្តល់ឲ្យក្រុមហ៊ុននានានូវទំនុកចិត្ត និងភាពច្បាស់លាស់ ដើម្បីឆ្ពោះទៅអនុវត្តផែនការវិនិយោគទុននិងផែនការកំណើនចំណូល ស្របពេលថ្លឹងថ្លែងផែនការរបស់ខ្លួនទៅលើការប្រែប្រួលអាកាសធាតុ។
លោក Brady បាននិយាយថា «យើងកាន់តែក្លាយជាសេដ្ឋកិច្ចសកលមួយ ដូច្នេះក្នុងការធានាឲ្យមានការចូលរួមជាលក្ខណៈអន្តរជាតិ ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុគឺជារឿងសំខាន់មួយ ហើយក៏ជាលទ្ធផលដ៏សំខាន់នៃកិច្ចព្រមព្រៀងអន្តរជាតិណាមួយផងដែរ»។
សេចក្តីប្រកាសរបស់សេតវិមានអំពីការប្តេជ្ញាថ្មីរបស់ក្រុមហ៊ុនឯកជន កើតមានឡើង នៅពេលដែលមដឹកនាំពិភពលោករៀបចំបង្កើតឲ្យមានកិច្ចព្រមព្រៀងមួយនៅទីក្រុងប៉ារីស។
កាលពីដើមឆ្នាំនេះ លោកប្រធានាធិបតីអូបាម៉ាបានបង្ហាញពីផែនការថាមពលស្អាតរបស់លោក ក្នុងគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនពីវិស័យថាមពលឲ្យបានជាងមួយភាគបីត្រឹមឆ្នាំ ២០៣០។
លោក Deese ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់លោកអូបាម៉ា បាននិយាយកាលពីថ្ងៃច័ន្ទថា សកម្មភាពរបស់អាមេរិកគួបផ្សំជាមួយនឹងការសន្យាពីសហគមន៍ធុរកិច្ចសាកលលោក បានជំរុញឲ្យប្រទេសផ្សេងទៀតប្រកាសអំពីគោលដៅរបស់ខ្លួនក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុល។
លោក Deese បានថ្លែងថា៖ «ឥឡូវនេះយើងមានបណ្តាប្រទេសចំនួន ១៥០ ដែលបានបញ្ចេញឧស្ម័នជាង ៨៥ ភាគរយនៃការបញ្ចេញឧស្ម័ននៅទូទាំងពិភពលោក ដែលពេលនេះបានដាក់គម្រោងផែនការជាតិរបស់ខ្លួនរួចរាល់ហើយ។ នេះជាការបង្ហាញមួយមិនធ្លាប់មានពីមុនមកនៅទូទាំងសហគមន៍របស់ពិភពលោក។ ការណ៍នេះ បានជួយជំរុញសន្ទុះនៃដំណើរទៅមុខ ខណៈពេលដែលយើងឈានចូលទៅដំណាក់កាលចុងក្រោយបង្អស់»៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា