ជំងឺ​ផ្សិត​​កំពុង​គំរាមកំហែង​​ដំណាំ​ចេក​នៅ​​ម៉ូសំប៊ិក

ផែនទី​នៃ​ប្រទេសម៉ូសំប៊ិក (Mozambique)។

ជំងឺ​ផ្សិត​មួយ​ប្រភេទ​បាន​វាយប្រហារ​លើ​ដំណាំ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​ដំណាំ​សំខាន់ៗ​ទាំង​អស់​របស់​ប្រទេស​ម៉ូសំប៊ិក។ រដ្ឋាភិបាល​បាន​ព្យាយាម​អនុវត្ត​វិធានការ​ការពារ​កុំ​ឲ្យ​ឆ្លងជំងឺ​ផ្សិត​​ Panama Disease។

ដំណាំ​ចេក​នៅ​ទូទាំង​ពិភពលោក​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ ខណៈ​ដែល​ជំងឺ​ផ្សិត​ដ៏​ប្រល័យ​មួយ​ប្រភេទ​បាន​បង្ក​ឲ្យ​ចំការ​ចេក​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​បាន​រាលដាល​ទៅ​ដល់​អាហ្រ្វិកនា​ពេល​ថ្មីៗ​នេះ។

ក្រុម​មន្រ្តី​នៅ​ក្នុង​ប្រទេស​ម៉ូសំប៊ិក​ (Mozambique) ដែល​ថ្មីៗ​នេះ​បាន​រាយការណ៍​ពី​ការ​រីក​រាលដាល​នៃ​វីរុស​ជំងឺ​ផ្សិត​ដ៏​ប្រល័យ​ឈ្មោះ TR4 នៃ​ជំងឺ​ Panama Disease បាន​ចេញ​បទ​បញ្ញត្តិ​មួយ​ដើម្បី​ព្យាយាម​ការពារ​ការ​រីក​រាលដាល​នេះ។

ក្រុម​មន្រ្តី​នៅ​ក្នុង​ប្រទេស​ម៉ូសំប៊ិក​និយាយ​ថា ដំណាំ​ចេក​ជួយ​រក​ចំណូល​បាន​ច្រើន​ជាង​៧០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក​ Eldad Karamura ជា​អ្នក​វិទ្យាសាស្ត្រ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្រាវជ្រាវ​ដំណាំ​ចេក​ក្នុង​តំបន់​នៃ​វិទ្យាស្ថាន​ជីវ​ចម្រុះ​អន្តរជាតិ (Biodiversity International)។ លោក​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA តាម​រយៈ​ប្រព័ន្ធ Skype ពី​ក្រុង​កំប៉ាឡា (Kampala) ប្រទេស​អ៊ូហ្គង់ដា (Uganda)។

លោក​និយាយ​ថា៖ «មាន​ចំការ​២​ដែល​រង​ផល​ប៉ះពាល់​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ម៉ូសំប៊ិក។ គំនិត​របស់​យើង​គឺ​ថា​ យើង​ត្រូវ​ព្យាយាម​ទប់ស្កាត់​ជំងឺ​ផ្សិត​នេះ​ដែល​បាន​កើត​ឡើង​លើ​ចំការ​ទាំង​២ និង​ត្រូវ​បញ្ឈប់​ការ​នាំ​ចេញ​ចេក ឬ​ផលិតផល​ចេកពី​ចំការ​ទាំង​នោះ​ទៅ​កាន់​តំបន់​ដទៃ​ទៀត។ យើង​ត្រូវ​ព្យាយាម​ការពារ​តំបន់​ដទៃ​ទៀត​ពី​ការ​ឆ្លង​ជំងឺ​នេះ»។

ចេក​ដែល​មាន​នៅ​លើ​ទីផ្សារ​ភាគ​ច្រើន​ជា​ចេក​ពណ៌​លឿង​ប្រភេទ Cavendish ។ ចេក​ប្រភេទ​នេះ​ត្រូវ​បាន​គេ​យក​ទៅ​បរិភោគ​ជា​អាហារ​ប៊ូហ្វេ​ពេល​ព្រឹក និង​ដាក់​លក់​នៅ​ក្នុង​ផ្សារ​ទំនើប​នៅ​ជុំវិញ​ពិភពលោក។

ចេក​ប្រភេទ​ Cavendish ត្រូវ​បាន​ដាក់​បញ្ចេញ​នៅ​ទីផ្សារ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៥០ បន្ទាប់​ពី​ចេក​ប្រភេទ​ Gros Michel ដែល​ជា​ចេក​ប្រភេទ​ដ៏​ល្បី​មុន​នេះ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ជំងឺ​ផ្សិត Panama Disease។

ប៉ុន្តែ​ចាប់​តាំង​ពី​ប្រភេទ​ចេក​សម្រាប់​ធ្វើ​ពាណិជ្ជកម្ម​ ត្រូវ​បាន​គេ​ដាំ​ដោយ​បច្ចេកទេស​ផ្ស៉ាំ​មក​ ចេក​ប្រភេទ Cavendish នីមួយៗ​ត្រូវ​បាន​គេ​ផ្ស៉ាំ​ចេញ​ពី​ចេក​ប្រភេទ Cavendish ដទៃ​ទៀត។ នេះ​មាន​ន័យ​ថា​ ចេក​ប្រភេទ​នេះមិន​អាច​វិវត្ត​ឲ្យ​គេច​ផុត​ពី​ការ​ឆ្លង​ជំងឺ​បាន​ទេ។ ហើយជាមួយ​នឹង​វីរុស​ TR4 ដែល​មិន​មាន​ថ្នាំ​ព្យាបាល​នោះ​ ជំងឺ​ផ្សិត​នោះ​បាន​រក​ឃើញ​នូវ​សារពាង្គកាយ​មួយ​ដែល​ល្អ​ប្រសើរ​បំផុត​សម្រាប់​ខ្លួន​វា។​

លោកKaramura និយាយ​ថា មិន​មាន​ប្រភេទ​ថ្មី​ណា​សម្រាប់​ជំនួស​ចេក​ប្រភេទ​ Cavendish នោះ​ទេ។ លោក​បន្ថែម​ថា នេះ​មិន​មែន​មក​ពី​កង្វះ​ការ​ព្យាយាម​នោះ​ទេ។ អ្នក​វិទ្យាសាស្ត្រលើ​ដំណាំ​ចេក​មិន​ទាន់​រក​ឃើញ​នូវ​ប្រភេទ​ដែល​ត្រឹមត្រូវ​មួយ​នៅ​ឡើយ។

លោក Gert Kema ជា​អ្នក​ជំនាញ​ផ្នែក​ដំណាំ​ចេក​នៅ​សាកលវិទ្យាល័យ Wageningen ក្នុង​ប្រទេស​ហូឡង់​គឺ។ លោក​និយាយ​ប្រាប់​ VOA ប្រទេស​ហ្វីលីពីន។

លោក​និយាយ​ថា ជាមួយ​នឹង​ការ​រីករាលដាល​ចុង​ក្រោយ​នេះ លោក​មិន​ត្រឹម​តែ​បារម្ភ​ចំពោះ​ចេក​ប្រភេទ​ Cavendish តែ​ប៉ុណ្ណោះ​ទេ។ ចេក​ប្រភេទ​ផ្សេងៗ​នៅ​ក្នុង​ស្រុក​នឹង​ប្រឈម​នឹងហានិភ័យ​ផង​ដែរ។

លោក​និយាយ​ថា៖ «នេះ​ជា​មូលហេតុ​ដែល​ការ​រីករាលដាល​នៃ​ជំងឺ​នៅ​ក្នុង​ប្រទេស​ម៉ូសំប៊ិក​មាន​ល្បឿន​លឿន។ ​ពីព្រោះ​នេះ​មិនមែន​ត្រឹម​តែ​ជា​ការ​លេច​ឡើង​ដំបូង​នៃ​វីរុស TR4 នៅ​អាហ្រ្វិកប៉ុណ្ណោះ​ទេ ដែលនេះពិត​ជា​អាក្រក់​រួច​ទៅ​ហើយ។​ ហើយ​និយាយ​ឲ្យ​អស់​ពី​ចិត្ត ខ្ញុំ​បន្ទោស​ទៅ​លើ​ឧស្សាហកម្ម​ចំពោះ​រឿង​នេះ។ ពួកគេ​គួរ​តែ​ដឹង​ថា រឿង​នេះ​មាន​ប្រកប​ដោយ​គ្រោះថ្នាក់​ខ្លាំង​ណាស់ ប៉ុន្តែ​ពួកគេ​ហ្នឹង​ហើយ​ជា​អ្នក​នាំ​បញ្ហា​ហ្នឹង​ចូល​មក​ទ្វីប​នេះ»។

លោក Karamura និយាយ​ថា ​ចេក​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​សង្គម​អាហ្វ្រិក។ ពលរដ្ឋ​អ៊ូហ្គង់ដា​ញ៉ាំ​ចេក​ច្រើន​ជាង​ពលរដ្ឋ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ពិភពលោក រហូត​ដល់​ទៅ​៤០០គីឡូក្រាម​ជា​រៀងរាល់​ឆ្នាំ។

លោក​ Karamura ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​ញ៉ាំ​ចេក​ទាំង​នោះ​ផង​ដែរ។​

លោក​និយាយ​ថា៖ «ខ្ញុំ​បាន​កើត​ និង​រស់​ដោយ​សារ​ចេក។ ខ្ញុំ​ដាំ​ចេក​ដោយ​ខ្លួន​ឯង។ គ្រួសារ​នីមួយៗនៅ​អាហ្វ្រិកត្រូវ​តែ​មាន​ចេក​មួយ​ដើម​។ នៅ​ក្នុង​ប្រទេស​ខ្ញុំ​ គេ​និយាយ​ថា​ បុរស​ម្នាក់​គួរ​តែ​មាន​ផ្ទះ​មួយ​ខ្នង​ និង​ចំការ​ចេក​មួយ។ ដូច្នេះ វា​ជា​ផ្នែក​មួយ​នៃ​ការ​ធំធាត់​។ ប្រសិន​បើ​អ្នក​មិន​មាន​ចេក​ទេ អ្នក​ប្រហែល​ជា​មិន​អាច​រៀបការ​នៅ​វ័យ​ក្មេង​បាន​ទេ ពីព្រោះ​ថា​វា​ជា​ផ្នែក​មួយ​នៃ​ថ្លៃ​បណ្ណាការ។ វា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌»។

ប៉ុន្តែ​អ្នក​វិទ្យាសាស្រ្ត​និយាយថា​ ចេក​អាច​នឹង​ត្រូវ​ផុត​ពូជ ប្រសិន​បើ​ការ​រីករាលដាល​ឆ្លង​នេះមិន​ត្រូវ​បាន​ទប់​ស្កាត់៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ